កូដករ​ណាហ្គាវើលដ៍​រក​អន្តរាគមន៍​ពី​ស្ថានទូត​នានា​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​វិវាទ​ការងារ

ក្រុមកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយការងារនៅក្រុមហ៊ុនល្បែងមួយនេះ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ក្រុមកូដករកាស៊ីណូណាហ្គាវើលដ៍ (Naga World) ចាប់ផ្ដើមធ្វើយុទ្ធនាការដាក់ញត្តិទៅកាន់ស្ថានទូតប្រទេសលោក​សេរី​ចំនួន​១៤​​ប្រចាំ​កម្ពុជា ដើម្បីជំរុញ​ឱ្យមានដំណោះស្រាយវិវាទការងារ​ក្នុងក្រុមហ៊ុនល្បែងមួយនេះ ​​និង​ទាម​ទារ​ដោះលែង​តំណាងសហជីព៨នាក់ដែលត្រូវបានចាប់ឃុំខ្លួន ដោយសារសកម្មភាពការពារសិទ្ធិកម្មករ និងសហជីព។

កូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍​ប្រមាណ៣០នាក់ នៅព្រឹកថ្ងៃទី​១៧ ខែម​ករា​នេះ បាននាំគ្នាដាក់ញត្តិនៅស្ថានទូតបារាំង អង់គ្លេស អាល្លឺម៉ង់ សិង្ហបុរី​ កាណាដា និង​សហភាព​អឺរ៉ុប ក្រោមការឃ្លាំមើលពីកម្លាំងអាជ្ញាធរ​ជាច្រើននាក់​​​ផងដែរ។ បើតាម​ខ្លឹមសារ​ញត្តិ ក្រុម​កូដករ​ស្នើដ​ល់​ស្ថានទូតជួយអន្តរាគមន៍ឱ្យមានការដោះលែងតំណាងសហជីព៨នាក់ ឃ្លាំមើលពួកគេធ្វើកូដកម្មអហិង្សាប្រចាំថ្ងៃ និងជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យពង្រឹងការគោរពសិទ្ធិមនុស្សនិងសិទ្ធិការងារ។

កូដករកាស៊ីណូណាហ្គាវើលដ៍ម្នាក់ កញ្ញា ឧក​សុភ័ក្រ មូលីកា អះអាងប្រាប់អ្នកសារព័ត៌មានថា ការឃុំខ្លួននិងការចោទប្រកាន់លើតំណាងសហជីពទាំង៨នាក់នោះជារឿងអយុត្តិធម៌។ កញ្ញា​បន្តថា ស្ថានទូតដែលពួកគេបាន​ដាក់ញត្តិនោះជាប្រទេសមានការគោរពសិទ្ធិមនុស្សនិង​សិទ្ធិការងារ ដែលពួកគេអាចជំរុញ​ទៅរដ្ឋាភិបាលកម្ពុជាឱ្យអន្តរាគមន៍បន្តទៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ជុំវិញសំណើរ​បស់​ពួកគាត់។

កញ្ញា ឧកសុភ័ក្រ មូលីកា ថ្លែងថា៖ «ទូតទាំងអស់ហ្នឹង គាត់ជាប្រទេសឱ្យតម្លៃខ្ពស់ទៅលើសិទ្ធិការងារ សិទ្ធិមនុស្ស។ អ៊ីចឹង​អ្វី​ដែលយើង​ទាម​ទារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គឺ​ទាមទារឱ្យមានសហជីពនៅក្នុងក្រុមហ៊ុន ដែលក្រុមហ៊ុនបានរំលោភលើសិទ្ធិការងាររបស់យើងជា​ខ្លាំង។ អ៊ីចឹង​ខ្ញុំគិត​ថា ស្ថាន​ទូត​ទាំងអស់ហ្នឹង​ គាត់មិនមើលរំលងលើរឿងរបស់ពួកយើងទេ។ ហើយយើងសង្ឃឹមថា ពួកយើង​នឹង​ទទួល​បានការ​អន្តរាគមន៍ពីអង្គទូតទាំងអស់ហ្នឹង ខណៈដែលតំណាងរបស់ពួកខ្ញុំ៨នាក់ហ្នឹង [ត្រូវបានសមត្ថកិច្ច]ឃាត់ទាំងមិនបានប្រព្រឹត្តកំហុសអីទេ»

បើតាមកញ្ញា ឧកសុភ័ក្រ មូលីកា គឺ​មន្ត្រីគ្រប់ស្ថានទូតបានទទួលយកញត្តិពីក្រុមកូដករ ហើយមន្ត្រីសហភាពអឺរ៉ុបក៏បានសន្យាថានឹងយកបញ្ហារបស់ពួកគាត់ប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថែមទៀតផង។

កូដករកាស៊ីណូណាហ្គាវើលដ៍ម្នាក់ទៀត កញ្ញា ជីម រដ្ឋា និយាយ​ថា ពួកគាត់នៅតែបន្តធ្វើកូដកម្មអហិង្សារហូតមានការដោះលែងតំណាងសហជីព​ និងមានដំណោះស្រាយវិវាទការងារ។ កញ្ញាបានទាមទារឱ្យក្រុមហ៊ុនបញ្ឈប់​ការ​រើស​អើង​សហជីព និងបញ្ឈប់ការលាបពណ៌លើក្រុមកូដករថាជាក្រុមបដិវត្តពណ៌បន្តទៀត ហើយ​ទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិក៣៦៥នាក់ចូលធ្វើការងារវិញ។

កញ្ញា​បន្ថែមថា៖ «យើងទាំងអស់គ្នាជាបុគ្គលិកណាហ្គាវើលដ៍ចេញមកកូដកម្មនេះ គ្រាន់តែទាមទារសិទ្ធិសេរីភាពកន្លែងការងារ ទាមទារឱ្យមានសហជីពនៅកន្លែងការងារ បែរជាមកលាបពណ៌ផ្សេងៗមកលើពួកយើងថា យើងបដិវត្តពណ៌ ថាយើងអញ្ចេះថាយើងអញ្ចុះ ទាំងដែលយើង​បាន​ដើរតាមនីតិវិធីច្បាប់រួចអស់ទៅហើយ បែរជានៅបន្តលាបពណ៌យើងឱ្យមហាជនយល់ច្រឡំថាយើងអាក្រក់ទៅវិញ»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជី​វៈ លោក ហេង សួរ មានប្រសាសន៍ថា ការដាក់ញត្តិរបស់ក្រុមកូដករនៅស្ថានទូត​ណា​មួយ​នោះ​ ជា​សិទ្ធិ​រប​​ស់​ពួកគេ​ដោយ​មិន​ពាក់​ព័ន្ធ​ជាមួយ​ច្បា​ប់ស្តីពីការងារឡើយ។ លោក​បន្ត​ថា រឿងណាត្រូវដោះស្រាយតាមផ្លូវតុលាការគួរ​តែ​ដោះ​​ស្រាយ​តាមផ្លូវតុលាការ ហើយ​រឿងណាពាក់ព័ន្ធផលប្រយោជន៍​ ត្រូវដោះស្រាយនៅក្រសួងការងារ ខណៈ​ក្រសួងនៅ​រងចាំ​និង​ស្វាគមន៍ជានិច្ច។

លោកបន្ថែមថា៖ «ប៉ុន្តែអ្វីដែល​ខ្ញុំដឹង​ គឺកម្ពុជា​គឺជាកម្ពុជា ហើយបរទេស​ក៏មិន​លូកដៃ​​ចូល​​កិច្ចការងារផ្ទៃក្នុង ដែល​ជា​អធិបតេយ្យភាព​កម្ពុជា​នោះ​ដែរ។ រាល់​វិវាទនៅប្រទេសណាក៏ដោយគឺតែងតែមានច្បាប់ និងនីតិវិធីដោះ​ស្រាយ​ករណី​វិវាទ​នោះ។ ប្រសិន​ជា​យើង​យល់​អំ​ពី​ច្បាប់ និង​នីតិវិធី​ ត្រូវដោះស្រាយករណីនីមួយៗនោះ យើង​ប្រហែល​ជាមិនពិបាកដើរវៀងផ្លូវនាំតែឆ្ងាយ ហើយអាចធ្វើឱ្យខូចប្រយោជន៍សមាជិកខ្លួននោះទេ»។

យ៉ាងណា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារផ្នែកសិទ្ធិមនុស្សនិង​សិទ្ធិការងារ​នៅ​កម្ពុជា បាន​នាំគ្នាធ្វើ​យុទ្ធនាការ​រាប់​ចំនួន​ថ្ងៃ​នៃការជាប់ឃុំរបស់ថ្នាក់ដឹកនាំសហជីព​ណាហ្គាវើលដ៍ចំនួន៨នាក់ ដើម្បីទាម​ទារ​ឱ្យមានការដោះលែងពួកគេមកវិញ។ ​

អង្គការទាំងនោះលើកឡើងថា ការឃុំខ្លួននិងការចោទប្រកាន់ទៅលើថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំងនោះ​ធ្វើឡើងមិនត្រឹមត្រូវនិងអយុត្តិធម៌​ ត្បិតសកម្មភាពពួកគេធ្វើស្របតាមច្បាប់ និងដើម្បីសារៈប្រយោជន៍ជូនកម្មករនិយោជិតតែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍​កាលពីថ្ងៃទី១៤ ខែមករា ថាប្រសិនបើរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបន្តធ្វើទុក្ខបុកម្នេញលើក្រុមកូដករទៀតនោះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ ពាក់ព័ន្ធការរំលោភសិទ្ធិការងារនិងសិទ្ធិមនុស្ស។

លោកបន្ថែមថា៖ «អ៊ីចឹងបើព្រឹត្តិកាណ៍និងចំណាត់ការអវិជ្ជមានទាំងឡាយណាទៅលើក្រុមពួកគាត់ហ្នឹង វានឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិ​យស​កេរ្តិ៍​ឈ្មោះ​កម្ពុជា។ ហើយបើបង្កឱ្យមានភាពរ៉ាំរ៉ៃ មានបញ្ហាកាន់តែធំទៀត នឹងធ្វើឱ្យសហគមន៍អន្តរជាតិគេមើលឃើញថា កម្ពុជាហ្នឹងនៅតែបន្តធ្វើទុក្ខបុកម្នេញទៅលើកម្មករ មានការរំលោភសិទ្ធិការងារ ស្ថានភាពសិទ្ធិមនុស្សនៅតែបន្តធ្លាក់ចុះ ដែលគេពិបាកក្នុងការធ្វើកិច្ចការ​ងារ​សហ​ប្រតិ​បត្តិការ និងជួយប្រទេសកម្ពុជានៅពេលខាងមុខ»

គិតមកដល់ថ្ងៃទី១៧​ ខែមករា​នេះ ថ្នាក់ដឹកនាំនិងសមាជិកសហជីព៨នាក់ត្រូវបានឃុំខ្លួនរយៈពេល១៨ថ្ងៃហើយ ខណៈ​ក្រុមកូដករជាង១ ០០០នាក់បានបន្តធ្វើកូដកម្មដដែល បើទោះបីជាចំណុចដែលពួកគេទាមទារនៅមិន​ទាន់​មាន​ការដោះស្រាយចំណុច​ណា​មួយ​ក៏ដោយ។ ​

កាលពីថ្ងៃទី៥ ខែមករានេះ ថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន៨នាក់ ក្នុងនោះ​មាន​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផង ត្រូវបានតុលាការសម្រេច​ឃុំខ្លួនបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា​​៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេធ្វើកូដកម្មអហិង្សាទាមទារសិទ្ធិនិងលក្ខខណ្ឌការ​ងារ​​ប្រសើរនៅក្នុងក្រុមហ៊ុនល្បែងមួយនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ