រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន​ថា​លោកស្រី ស៊ូជី ជាប់​ពាក់ព័ន្ធ​នឹង​សន្តិភាព​នៅ​មីយ៉ាន់ម៉ា

លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ។ (UN Photo/Rick Bajornas)

រដ្ឋ​មន្រ្តី​ការបរទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញ​ថា អតីត​មេដឹកនាំដែលត្រូវបានទម្លាក់​ពី​តំណែង លោកស្រី អ៊ុងសាន ស៊ូជី គឺជាបុគ្គលមួយរូបដែលមិនអាចខ្វះបានក្នុងការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យរបស់​ប្រទេស​ដែលគ្រប់គ្រងដោយរបបយោធាមួយនេះឡើងវិញ។

ជាមួយគ្នានេះ លោក Teodoro Locsin ក៏បានថ្កោលទោសករណីកាត់ទោសម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ និងបានចោទប្រកាន់របបយោធាថាបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីកម្ចាត់គូ​ប្រជែង​របស់ខ្លួនផងដែរ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលបានឱ្យដឹងនៅក្នុង​សេចក្ដីថ្លែងការណ៍មួយថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការឈឺចាប់របស់ប្រជាជនស៊ីវិល។ យើងក៏សូមធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំរបបយោធាឱ្យចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយបរិយាបន្នមួយ និងបន្តដំណើរការផ្លាស់ប្ដូរឆ្ពោះទៅកាន់ប្រជាធិបតេយ្យឡើងវិញផងដែរ»។

ការថ្លែងរបស់លោក Teodoro Locsin ធ្វើឡើងស្របពេលដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)​ ក៏កំពុងតែដាក់សម្ពាធ​លើរបបយោធាមីយ៉ាន់ម៉ា ដែលក្នុងនោះ មេដឹកនាំ​យោធា​របស់ប្រទេស​មួយ​នេះ កាលពីពេលកន្លងទៅ ក៏ត្រូវបានសម្រេចដកវត្តមានមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានផងដែរ។

លោក Teodoro Locsin បានបន្ថែមថា រាល់កិច្ចសន្ទនាទាំងឡាយនឹងមិនមានប្រសិទ្ធភាពនោះទេ បើគ្មានវត្តមានលោកស្រី អ៊ុងសាន ស៊ូជី។

លោកបន្តថា៖ «លោកស្រី អ៊ុងសាន ស៊ូជី ត្រូវតែមានវត្តមាន។ របបយោធាមីយ៉ាន់ម៉ាមិនគួរមានការភ័យខ្លាចអ្វីនោះទេ ខណៈ​ដែលលោកស្រីគឺជាបុគ្គលមិនអាចខ្វះបានក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ»។

គួរ​បញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបាន​ដណ្ដើម​យកអំណាចមកគ្រប់គ្រងកាលពីថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ២០២១ និង​បាន​ផ្ដួល​រំលំរដ្ឋាភិបាល​ជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យ​មានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលជាង១ ០០០នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ