អត្ថបទ​ទស្សនៈ​៖ សម្ព័ន្ធភាព​អូឃឹស៍ (AUKUS) និង​ផលបច្ច័យ​មក​លើ​តំបន់​អាស៊ាន

មន្ត្រីជាន់ខ្ពស់នៃសមាជិកអាស៊ាន ថតរូបជុំជាក្រុមក្នុងពេលប្រជុំនៅទីក្រុងញ៉ាត្រាង ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០២០។ (sean2020.vn)

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) បានជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន (Scott Morrison) និងនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន (Boris Johnson) ហើយបានប្រកាសពីការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រថ្មីមួយដែលគេហៅកាត់ថា អូឃឹស៍ (Australia, the United Kingdom, and the United States – AUKUS)។

អូឃឹស៍ បង្កើតឡើងនៅក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងគោលដៅទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសកលលោក។ សម្ព័ន្ធភាពនេះ​គ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងឧស្សាហកម្ម ព្រមទាំងកងកម្លាំងសន្តិសុខរួមគ្នា ដើម្បីនាំមកនូវសន្តិសុខសុវត្ថិភាពតំបន់ល្អជាងមុន និងនាំមកនូវអត្ថប្រយោជន៍រួមរវាងគ្នា។

តើអូឃឹស៍ (AUKUS) បង្កើតឡើងមានគោលដៅអ្វី? តើវាអាចជះឥទ្ធិពលមកលើតំបន់អាស៊ានដែរឬទេ?

សម្ព័ន្ធអូឃឹស៍ បង្កើតឡើងក្នុងគោលបំណងធ្វើការរួមគ្នាដើម្បីរក្សាសន្តិសុខនិងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក និងទប់ស្កាត់គោលនយោបាយបុរេសកម្មនិងគឃ្លើនរបស់ចិននៅក្នុងតំបន់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ សម្ព័ន្ធអូឃឹស៍ ប្ដេជ្ញាបង្កើតឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងចំណោមសម្ព័ន្ធមិត្តដែលឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏ស៊ីជម្រៅនៃមិត្តភាព និងការកសាងកម្លាំងដែលស្ថិតស្ថិរ ដើម្បីរក្សាគុណតម្លៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។

សម្ព័ន្ធអូឃឹស៍ ក៏រួមចំណែកដល់ការពង្រឹងនិងបំពេញបន្ថែមដល់បណ្ដាញភាពជាដៃគូដែលកំពុងរីកចម្រើនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលរួមមាន សន្ធិសញ្ញាសន្តិសុខអូស្ត្រាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិក ឬ «សន្ធិសញ្ញាអានហ្សឺស៍ (ANZUS)» ដែលជាកិច្ចព្រមព្រៀងបានចុះហត្ថលេខានៅឆ្នាំ១៩៥១ ដើម្បីការពារសន្តិសុខនៃមហាសមុទ្រប៉ាស៊ីហ្វិក និងកិច្ចសន្ទនាសន្តិសុខដែលជាកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ដែលហៅកាត់ថា «The Quad» ក្នុងការទប់ស្កាត់ការរះឡើងរបស់ចិនផងដែរ។

អូឃឹស៍ នឹងមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅចំពោះអនាគតនៃស្ថាបត្យកម្មសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសសំដៅទៅលើការរះឡើងរបស់ប្រទេសចិន។ ម្យ៉ាងវិញទៀត អូឃឹស៍ ក៏បានបញ្ជូនសញ្ញាដ៏ខ្លាំងក្លាមួយនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសទៅកាន់បណ្ដាប្រទេសតូចៗនៅអាស៊ី​អាគ្នេយ៍ ជាស្នូរជួងមួយប្រាប់ថាពេលវេលានៃការមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រឹតភាពទាក់ទងនឹងការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកនិងចិនបានដល់ទីអវសានហើយ។ មានន័យថា ពិភពលោកពហុប៉ូល ចាប់បង្ខំឱ្យមហាអំណាចធ្វើតុល្យភាពអំណាច ដើម្បីបង្កើតសម្ព័ន្ធមិត្តប្រឆាំងដៃគូប្រជែង (rivals) ដូចដែលអ្នកប្រាជ្ញនយោបាយនៃសាកលវិទ្យាល័យហាវើដ (Harvard University) ចូសេហ្វ ណាយ៍ (Joseph Nye) សន្និដ្ឋានថា ក្នុងការវាយតម្លៃអនាគតនៃតុល្យអំណាចរវាងសហរដ្ឋអាមេរិក និងចិន សម្ព័ន្ធមិត្តកាន់តែមានសារៈសំខាន់ជាងការធ្វើតុល្យភាពបច្ចេកវិទ្យាទៅទៀត។ យ៉ាងណាមិញ សម្ព័ន្ធភាពដូចបានរៀបរាប់ខាងលើនេះ បង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការរះឡើងរបស់ចិនក្នុងតំបន់ និងជាសញ្ញាមួយឆ្លើយតបទៅនឹងរបបដឹកនាំបែបយោធាផ្ដាច់ការនិយម ឱ្យងាកមកលើគន្លងប្រជាធិបតេយ្យវិញ។

ជាការកត់សម្គាល់ ការប្រជែងយុទ្ធសាស្ត្ររវាងមហាអំណាចអាមេរិកនិងចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងនាំឱ្យមានការបែងចែកនយោបាយការទូតក្នុងតំបន់ មានរដ្ឋខ្លះស្និទ្ធនឹងចិន ហើយរដ្ឋខ្លះស្និទ្ធនឹងអាមេរិក ដូចសម័យសង្គ្រាមត្រជាក់ផងដែរ។ ហេតុដូច្នេះ អាស៊ានស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រភូមិសាស្ត្រដ៏សំខាន់មួយដែលជាបេះដូងនៃ AUKUS, Quad ក៏ដូចជាយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។

ជាការពិត សម្រាប់ហេតុផលយុទ្ធសាស្ត្រ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ាន តំណាងឱ្យតំបន់ភូមិសាស្ត្រដ៏សំខាន់ ជាស្ពានតភ្ជាប់រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាចំណុចប្រសព្វនៃផ្លូវសមុទ្រដ៏សំខាន់។ ដូច្នេះ សន្តិសុខ សន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍មានសារៈសំខាន់បំផុតសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សមុទ្រចិនខាងត្បូងជាតំបន់ដែលមានជម្លោះដែនដីដ៏ស្មុគស្មាញ និងជាចំណុចក្ដៅដែលបង្កអស្ថិរភាពដល់តំបន់។ អាស៊ានក៏ជាកម្លាំងសេដ្ឋកិច្ចនិងនយោបាយក្នុងតំបន់ដែលគ្មានមហាអំណាចណាអាចព្រងើយកន្តើយបានឡើយ។

នយោបាយអាស៊ានដើរតួនាទីសំខាន់ក្នុងយន្តការនិងវេទិកាតំបន់ជាច្រើនដោយមានការចូលរួមពីប្រទេសធំៗទាំងអស់ និងមហាអំណាចសំខាន់ៗក្នុងពិភពលោក ដូចជា វេទិកាតំបន់អាស៊ាន និងវេទិកាសេដ្ឋកិច្ចអាស៊ាន រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ក្នុងអំឡុងសង្គ្រាមត្រជាក់ អាស៊ីអាគ្នេយ៍គឺជាចំណុចស្នូលនៃការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក ហើយការប្រកួតប្រជែងនេះបាននាំឱ្យមានសង្គ្រាមក្ដៅនៅលើឧបទ្វីបឥណ្ឌូចិន ដែលកម្ពុជាធ្លាប់ជាប្រទេសរងគ្រោះភូមិសាស្ត្រនយោបាយមួយផងដែរ។

រៀបរៀងដោយ៖ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
[email protected]

សូមជម្រាបថា រាល់ខ្លឹមសារអត្ថបទទាំងស្រុងជាទស្សនៈរបស់អ្នកនិពន្ធ ដោយមិនឆ្លុះបញ្ចាំងពីគោលជំហរឬទស្សនៈរបស់វីអូឌីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ