ពលរដ្ឋ​បារម្ភ​ពី​លំហូរទឹក​ទន្លេមេគង្គ​ធ្លាក់ចុះ ខណៈ​របាយការណ៍​បង្ហាញ​ថា​មាន​ការ​ធ្លាក់​ចុះ​៣ឆ្នាំ​ជាប់ៗ​គ្នា

ប្រជានេសាទម្នាក់នៅឃុំកំពង់ភ្លុក បង់សំណាញ់នេសាទត្រីនៅផ្នែកមួយតាមដងទន្លេមេគង្គ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

​ប្រជាសហគមន៍មូលដ្ឋាន និយាយ​ថា លំហូរ​ទឹក​ទន្លេ​មេគង្គ​ពិត​ជា​មាន​ការធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់​មុខ​របរ​​របស់​ពួកគាត់​ទាំងផ្នែក​កសិកម្មនិងការ​នេសាទ ស្រប​ពេល​របាយការណ៍​​របស់​​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ (MCR) ​បាន​លើកឡើង​ពី​លំហូរទឹកទន្លេធ្លាក់ចុះទាប​រយៈពេល៣ឆ្នាំជាប់ៗ​គ្នា​ ដែល​ជំរុញឱ្យ​ប្រទេស​​នៅតា​ម​ដង​ទន្លេមេគង្គទាំងអស់ត្រូវចេញវិធានការដោះស្រាយជាបន្ទាន់​។

របាយការណ៍ដែលចេញកាលពីថ្ងៃទី​​១៣ ខែ​មករា ដែល​វីអូឌីទើប​ទទួល​បាន ​រៀប​រាប់​ថា លំហូរ​ទឹក​ទន្លេ​​ពី​ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១​​ បានធ្លាក់ដល់កម្រិតមួយទាបបំផុតដែល​មិនធ្លាប់មានក្នុងរយៈពេល​៦០ឆ្នាំ​ចុង​ក្រោយ ដែល​បញ្ហានេះបណ្ដាលឱ្យប៉ះពាល់​ដល់​ជីវភាពកសិករ ការនេសាទ និងប្រព័ន្ធអេកូឡូស៊ី ជាដើម។ ហេតុដូច្នេះ​ គណៈកម្មាធិការ​ទន្លេមេគង្គបាន​​ជំរុញ​​​ឱ្យ​​ប្រទេស​នៅតាមដងទន្លេមេគង្គ​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​​លើលំហូរទឹក និង​គ្រោះរាំងស្ងួតក្នុងតំបន់​។

ប្រធានបណ្ដាញ​សហគមន៍នេសាទ​ នៅ​ស្រុកបុរីអូរស្វាយ​សែន​ជ័យ​ ​ខេត្ត​ស្ទឹង​ត្រែង​ លោក គង់ ចាន់ធី​ មាន​ប្រសាសន៍​នៅថ្ងៃទី១៧ ខែមករានេះ​ថា ​រយៈពេល៣​ឆ្នាំកន្លង​ម​ក​នេះ ​កម្រិតទឹកទន្លេមេគង្គពិតជាធ្លាក់ចុះមិន​ធ្លាប់​មាន​​​ប្រាកដមែន ពោល​គឺ​ល្បឿន​នៃលំហូរទឹក​​យឺត ​​ធ្វើ​ឱ្យ​កំណកដី​កើនឡើងតាម​អន្លង់មួយ​ចំនួន​។

លោកថា៖ «៣ឆ្នាំចុងក្រោយហ្នឹង ធ្វើឱ្យ​លំហូរទឹក​ធ្លាក់​ចុះគំហុក​​ ធ្លាក់​ខ្លាំង​ជាង​រាល់ៗឆ្នាំ​ ធ្វើឱ្យរបប​​ទឹក​ទន្លេមេគង្គ​តំបន់ខ្លះ វាអត់ទាំងហូរចូលព្រែក​ ចូលអាង​ផង​! យើងធ្លាប់​តែឃើញទឹកទន្លេមេគង្គ តែខែ៨ [ខែ]៩ [ខែ]១០ហ្នឹង ​​វាអាចហូរចូលតាមអាងតាមអី​ ដើម្បីស្តុកទឹកធ្វើកសិ​កម្ម​ ប៉ុន្តែរយៈពេល​ប៉ុន្មានឆ្នាំហ្នឹង​ ស្ទើរអត់មានហូរចូលអាងស្ដុកធំៗផង»។

លោក ចាន់ធី បន្ថែមថា​ ការថយចុះ​នៃលំហូរទឹកនេះបានជះផលប៉ះពាល់​ទៅ​ដល់​​ប្រភព​ទឹក​សម្រាប់​​ធ្វើកសិ​កម្ម​ មិន​មាន​​លំហូរនាំយកដីល្បាប់ដែលជាដីមានជីជាតិ​ទៅផ្នែកខាងក្រោម និង​ទិន្នផលត្រី​ធ្លាក់ចុះ ជាដើម។ លោកថា កត្តាទាំងនេះបាន​ធ្វើឱ្យប៉ះពាល់​ដល់ជីវភាពពលរដ្ឋមូលដ្ឋាន​ដែលរស់ពឹងអាស្រ័យលើទន្លេ ពិសេស​​កសិករនិងអ្នកនេសាទ​។​

ប្រធានសហគមន៍នេសាទរូបនេះស្នើឱ្យ​គណៈកម្មាធិការ​​ទន្លេមេគង្គ​ ជួយ​ជំរុញទៅ​រដ្ឋាភិបាលនៅបណ្ដា​ប្រទេស​ប៉ែកខាងលើ ឱ្យ​​​បញ្ឈប់​ការ​សាងសង់​ទំនប់វារីអគ្គិសនីបន្ថែមទៀត​។

លោកថា៖ «ខ្ញុំស្នើសុំគណៈកម្មាធិការទន្លេមេគង្គទៅជំរុញទៅរដ្ឋាភិបាលឡាវ និងប្រទេសដែលសាងសង់វារីអគ្គិសនី គួរតែឱ្យបញ្ឈប់សាងសង់វារីអគ្គិសនីនៅផ្នែកខាងលើ […] យើងឃើញហើយ​ការសាងសង់វារីអគ្គិសនី​ដើម្បីអភិវឌ្ឍ​ប្រទេស​ ប៉ុន្តែវាចំណេញតែប្រទេសមួយ​​ឬក្រុមហ៊ុនមួយ​ ចុះប្រជាពលរដ្ឋរាប់​លាននាក់​ដែលពឹងលើ​​របបទឹកទន្លេមេគង្គ អ្នកឯងដោះស្រាយយ៉ាងម៉េច?»

កសិករ​​ដាំបន្លែ​នៅភូមិទន្សោងធ្លាក់​ ស្រុកសំបូរ ខេត្តក្រចេះ​​ លោក វ៉ន ត្រៃ​ ​បញ្ជាក់​ថា ​​ដោយសារតែផ្ទះ​របស់​លោកនៅជាប់​​មាត់ទន្លេស្រាប់​ ហេតុនេះមិនចោទជាបញ្ហានោះទេ ប៉ុន្តែ​សម្រាប់ប្រជាពលរដ្ឋដែលនៅ​ឆ្ងាយពីមាត់ទន្លេ​ កំពុង​ជួបបញ្ហា​កង្វះទឹកប្រើប្រាស់​ចាប់ពីខែមករា​​ទៅ​ ដោយសារទឹកអណ្ដូង​មិនអាចផ្ដល់បាន​ដូចសព្វដង។​

លោកថា​៖ «ដល់ពេលទឹកស្រក ទឹកខះ​អ៊ីចឹងទៅ​ ខ្លះ​ក៏គាត់ព្យាយាមតាមបាតអូរ​នៅពេលណាដែលវាសើមៗ​ពេលណាជីក​ នៅពេលម៉ោង៤ នាំគ្នាដងហើយ​។ ការពិត ប្រើអណ្ដូងពីរបី តម្រូវការ​ប្រជាពលរដ្ឋ៣០ទៅ៤០គ្រួសារហ្នឹង អត់គ្រប់​»។

​លោកបន្ដថា ​ដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នេះ ​អាជ្ញាធរ​បានជួយជីកអណ្ដូងបន្ថែម ប៉ុន្តែប្រជាពលរដ្ឋនៅតែខ្វះទឹកប្រើប្រាស់ដដែល។

សម្រាប់ការធ្លាក់ចុះនៃកម្រិតទឹកទន្លេមេគង្គវិញ កសិកររូបនេះសម្ដែងក្ដីបារម្ភថា​ នៅពេលដែលទឹកទន្លេ​ចេះតែស្រកចុះ​ពីមួយ​ឆ្នាំទៅមួយ​​ឆ្នាំដូច្នេះ​ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ​នៅថ្ងៃ​អនាគតបន្ថែមទៀត​។

លោកថា៖ «ខ្ញុំមានតែសំណូមពរទៅរាជរដ្ឋាភិបាល ​ដើម្បី​ឱ្យគាត់សម្លឹងមើលទៅប្រជាកសិករ​ដែល​នៅតាមជនបទ​ ឬអ្នកដែលរស់នៅតាមដងទន្លេមេគង្គហ្នឹង​ ក្រែងមានអ្នកវិនិយោគដែលមកធ្វើទំនប់​។ អ៊ីចឹងទេ សូមមេត្តា​ជួយនិងអាណិតដល់ប្រជាពលរដ្ឋដែលពួកគាត់អាស្រ័យផល​តាមដងទន្លេហ្នឹង​ ជួយឱ្យគាត់អាស្រ័យផលបានស្រួលដូចកាលពីមុនអ៊ីចឹង»។

ប្រធានភូមិ​សំប៉ាន់​លើ​ ស្រុកស្អាង ខេត្តកណ្ដាល ​លោក​ ឃឹម ឡេង​ បានលើកឡើងថា ទឹកទន្លេមេគង្គផ្នែកខាងក្រោមមានការធ្លាក់​ចុះ​គួរឱ្យ​កត់សម្គាល់ ​ដោយសារ​មិន​មាន​​ទឹកហូរចូលព្រែកនោះទេ​។​ លោកបន្តថា ​ដើម្បី​ឱ្យ​កសិករអាច​យកទឹកពីទន្លេមក​ស្រោចស្រពដំណាំបាន​ ​​ពួក​គេ​ត្រូវកាយដី​​ប្រមាណ៥០ម៉ែត្រចុះទៅ​ខាង​ក្រោម​នៃ​ទន្លេប​ន្ថែម​ទៀត។ ចំណែក​​ឯទិន្នផលត្រី​របស់​ប្រជានេសាទវិញ ​លោកថា ក៏បានធ្លាក់​ចុះរហូតដល់ពាក់កណ្ដាល​បើធៀបទិន្នផលមុនឆ្នាំ២០១៩។

លោកថា៖ «ផលប៉ះពាល់ដល់​ពួកគាត់​ ដោយសារ​ត្រី​អត់សូវមានទេ!​ ពីមុន ផុតពីរដូវវស្សាមក​ដល់រដូវសម្រក យើងអាចបង់សំណាញ់​បាន។ឥលូវអត់ទេ​ អត់សូវមានហ្មង! ខុសត្រូវគ្នា៥០ភាគរយ​ ឬជាង៥០ភាគរយ ​ដោយសារ​ប្រជាជន​អត់អាចរកស៊ីបានដោយខ្លួនឯង ទាល់តែគេមានសម្ភារធំៗអ៊ីចឹង​ គេរកបាន តែបានក៏មិនបានច្រើនដែរ»។

​នាយកប្រតិបត្តិបណ្ដាញអង្គការទន្លេបី​ លោក លាង ប៊ុនលាភ មានប្រសាសន៍ថា ការធ្លាក់ចុះ​នៃលំហូរ​ទឹកទន្លេមេគង្គនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែលរស់នៅ​តាមបណ្ដោយដង​ទន្លេ​ ក្នុងនោះ រួមទាំង​​បឹងទន្លេ​សាប ដី​សណ្ដទន្លេមេគង្គនៅប្រទេសវៀតណាម និងការធ្លាក់ចុះនៃទិន្នផលត្រីផងដែរ​។

លោកបន្តទៀត​ថា ​ក្រៅពីបម្រែបម្រួលអាកាសធាតុ​ ការសាងសង់ទំនប់វារីអគ្គិសនី​ផ្នែក​ខាង​លើ ​​ក៏​ជាបញ្ហាចម្បង​ដែលធ្វើឱ្យ​មានការថយចុះនៃកម្រិតទឹកទន្លេមេគង្គ ខណៈដែលទំនប់វារីអគ្គិសនីនៅបណ្ដាប្រទេសមួយ​ចំនួន​កំពុងសាងសង់ ហើយខ្លះទៀតគ្រោងសាងសង់​បន្ថែមទៀត។

លោកថា៖ «​នេះជាហេតុផលមួយដែលនាំឱ្យយើងមានការព្រួយបារម្ភ​ថា ត​ទៅមុខទៀត ទន្លេមេគង្គ​អាចទឹកនឹងថយ​ ខណៈដែលយើងធ្វើទំនប់​ទៅលើទន្លេមេ ទៅលើដៃទន្លេជាដើមហ្នឹង។ ហើយទំនប់នៅឡាវ​ក៏មិនទាន់ធ្វើអស់នៅឡើយ​ នៅមានគម្រោងធ្វើបន្តទៅទៀត»។​

លោក លាង ប៊ុនលាភ បន្ថែមថា បញ្ហាប្រឈមក្នុងពិភពលោក​នោះ គឺ​ការបម្រែបម្រួលអាកាសធាតុ​ ហើយរឿង​ថាម​ពលអគ្គិសនី​ក៏​ជាតម្រូវការចាំបាច់​របស់បណ្ដាប្រទេសនីមួយៗ ប៉ុន្តែក៏បានផ្ដល់ផលអវិជ្ជមានខ្លាំង​ចំពោះ​​មនុស្ស​និងបរិស្ថានដែរ​។ ទោះជាយ៉ាងណា លោកថា ​ដើម្បី​អាចដោះស្រាយបញ្ហានេះ រដ្ឋាភិបាល​​គួរតែជ្រើសរើស​ការ​ប្រើប្រាស់ថាមពល​ដែលបានមកពីពន្លឺព្រះអាទិត្យ​ជំនួស​វិញ​។​

លោកថា៖ «​យើងអាចប្រើថាមពលសូឡាដែលមានសក្ដានុពលខ្លាំង ហើយផ្ទៃដីខ្មែរ​មានផ្ទៃដីទូលាយដែរ ​ដោយសារ​យើង​មានសម្ប​ទាន​​សេដ្ឋកិច្ច​​មាន​ទូលាយ​ជាងគេ ​គួរតែជ្រើសវាទុកធ្វើថាមពល​ដើម្បីដំណើរការ​សេដ្ឋកិច្ច​»។

វីអូឌី មិនអាចសុំការឆ្លើយ​តប​ពី​អ្នកនាំពាក្យក្រសួងធនធានទឹក និង​ឧតុនិយម​ លោក ចាន់ យុត្ថា​​ បាន​នៅឡើយ​ទេ​ កាលពីថ្ងៃទី១៧ ខែមករា។

បើយោងតាមគណៈកម្មាធិការទន្លេមេគង្គ (MRC) អាងទន្លេមួយនេះត្រូវបានលាតសន្ធឹងលើដែនដីយ៉ាងធំធេងដែលមានក្រឡាផ្ទៃ ៧៩៥ ០០០​គីឡូម៉ែត្រការ៉េ គិតចាប់ពីខ្ពង់រាប​ទី​បេប្រ​ទេសចិន រហូតដល់ដែនដី​សណ្ដទន្លេ​មេគង្គប្រទេស​វៀត​ណាម។ MRC បន្តថា ទន្លេ​មេគង្គ​មាន​ប្រវែង​ប្រមាណ៥ ០០០​គីឡូម៉ែត្រ ហើយ​ហូរកាត់ប្រទេសចំនួន​៦ រួមមាន ​ប្រទេស​ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម។

កាលពីខែតុលា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានលើកឡើងក្នុងវេទិកាមួយ​ដោយនិយាយថា ទន្លេមេគង្គនៅតែជាប្រភពដ៏សំខាន់ និងគ្មានអ្វីមកជំនួសបានឡើយក្នុងការផ្ដល់មុខរបរចិញ្ចឹមជីវិត អាហារូបត្ថម្ភ ត្រី ការដឹកជញ្ជូន ធារាសាស្រ្ត និងថាមពល។ សម្រាប់​នៅប្រទេសកម្ពុជា ទន្លេមេគង្គបានហូរចូលទៅបឹងទន្លេសាប ហើយមនុស្សរាប់លាននាក់រស់​ពឹងអាស្រ័យលើវា​។

យ៉ាងនេះក្ដី លោកថា ជាការពិតណាស់ ​ទន្លេមេគង្គ​បច្ចុប្បន្ន​កំពុងតែមានបញ្ហាជាច្រើន ដូចជា ការសាងសង់​ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ ការបូមខ្សាច់ ការបំពុល ការអភិវឌ្ឍដែលមិនធានានិរន្តរភាព និងការ​ប្រែប្រួលអាកាសធាតុ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ