កម្មកររោងចក្រសញ្ជាតិមីយ៉ាន់ម៉ាភាគច្រើនដែលធ្វើការនៅទីក្រុង Guangyuan ប្រទេសចិន ជាប់ព្រំដែនមីយ៉ាន់ម៉ា បានជួបប្រទះនូវលក្ខខណ្ឌការងារដ៏លំបាក និងអំពើអមនុស្សធម៌ជាច្រើនពីសំណាក់និយោជកជាជនជាតិចិន ខណៈដែលពួកគេមួយចំនួនក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារអស់រយៈពេលជាយូរ និងរារាំងមិនឱ្យជួបគ្រួសាររបស់ពួកគេផងដែរ។
ទាក់ទិននឹងករណីនេះ អ្នកដែលត្រូវបានដោះលែងមួយចំនួនបានបញ្ជាក់ថា ពួកគេបានរងការធ្វើបាបយ៉ាងខ្លាំងនៅក្នុងពន្ធនាគារ ហើយអាជ្ញាធរក៏បានដកហូតយករបស់របរផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
ថ្លែងប្រាប់សារព័ត៌មាន A24 News ជនរងគ្រោះមួយរូបដែលត្រូវបានស្គាល់ថាឈ្មោះ Ma Phyu បានឱ្យដឹងថា៖ «នៅពេលនោះ យើងទទួលបានថ្ងៃឈប់សម្រាកចំនួនពីរថ្ងៃ ហើយយើងក៏បានដើរលេងកម្សាន្តក្នុងទីក្រុង Guangyuan។ យើងត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរត្រលប់មកផ្ទះពីទីក្រុង Guangyuan វិញ។ យើងត្រូវបានឃុំខ្លួនអស់រយៈពេល៣ខែនៅក្នុងពន្ធនាគារ»។
ជនរងគ្រោះដដែលបន្តថា៖ «ពួកគេបានដកយករបស់របរយើងទាំងអស់ ដែលក្នុងនោះមានទាំងទូរសព្ទដៃ១គ្រឿងផងដែរ។ ហើយនៅពេលដែលខ្ញុំត្រូវបានដោះលែងពីទីតាំងឃុំឃាំង ពួកគេមិនបានប្រគល់របស់ទាំងអស់នោះត្រលប់មកវិញនោះទេ»។
កញ្ញា Ma Phyu បន្ថែមថា៖ «អ្វីដែលពួកគេប្រគល់ឱ្យវិញ គឺមានតែទូរសព្ទដៃមួយប៉ុណ្ណោះ។ ដូច្នេះហើយ ខ្ញុំត្រលប់មកកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ដោយគ្មានអ្វីជាប់ខ្លួនទាល់តែសោះក្រៅពីទូរសព្ទដៃមួយគ្រឿងរបស់ខ្ញុំ។ ពួកគេក៏បានមកតាមរកខ្ញុំនៅព្រំដែនផងដែរ»។
ជនរងគ្រោះមួយរូបទៀត អ្នកស្រី Ma Hla បានឱ្យដឹងផងដែរថា៖ «ពីដំបូងឡើយ ពួកគេបានប្រកាសពីដំណឹងជ្រើសរើសបុគ្គលិក ដែលយើងអាចទទួលបានការងារសមស្របនៅប្រទេសចិនក្នុងក្រុមហ៊ុនឬរោងចក្រ។ ប៉ុន្តែជាក់ស្ដែង វាមិនដូចអ្វីដែលពួកគេបានប្រកាសនោះទេ ដោយយើងបែរជាត្រូវធ្វើការក្នុងចម្ការនិងដាំដំណាំផ្សេងៗទៅវិញ»។
អ្នកស្រីបន្តថា៖ «សម្រាប់សិក្ខាសាលាដែលពួកយើងបានចូលរួម គឺទាក់ទងទៅនឹងការចិញ្ចឹមសត្វ។ ពួកគេបញ្ជូនយើងទៅកាន់សិក្ខាសាលាបែបនេះ ហើយប្រាប់យើងឱ្យចិញ្ចឹមសត្វរបស់ពួកគេ។ ហើយសម្រាប់ម៉ោងធ្វើការវិញ ក៏មិនដូចទៅនឹងការប្រកាសដំណឹងជ្រើសរើសបុគ្គលិករបស់ពួកគេផងដែរ»។
អ្នកស្រីបន្ថែមឱ្យដឹងទៀតថា៖ «ជាមួយគ្នានោះ ពួកគេក៏បានសន្យាថានឹងផ្ដល់កន្លែងស្នាក់នៅសម្រាប់យើងផងដែរ។ ប៉ុន្តែនៅពេលដែលយើងទៅដល់ទីនោះ ពួកគេបែរជាផ្ដល់ឱ្យយើងនូវអ្វីដែលមិនគោរពដល់មនុស្សធម៌ទាល់តែសោះ។ លើសពីនេះទៅទៀត ពួកគេមើលងាយយើង ដែលពួកគេចាត់ទុកយើងមិនដូចទៅនឹងប្រជាជនរបស់ពួកគេនោះទេ»៕












