រដ្ឋបាល​ជលផល​មិន​អនុញ្ញាត​ឱ្យ​នេសាទ​ត្រីកាម៉ុង​នា​រដូវ​ពងកូន

ត្រីកាម៉ុង ឬត្រីប្លាធូ។ (រដ្ឋបាលខេត្តកោះកុង)

រដ្ឋបាល​ជលផល ប្រាប់ទៅអ្នកនេសាទទាំងអស់ក្នុងតំបន់ឆ្នេរនៃខេត្តចំនួន៤នៅកម្ពុជា ឱ្យ​​ផ្អាកជា​បណ្ដោះអាសន្ន​នូវ​ការ​នេសាទ​ត្រី​កា​ម៉ុង​ ឬ​ត្រី​ប្លា​ធូ នា​រដូវ​ពង​កូន ដោយ​ចាប់ផ្ដើម​ពី​ពាក់កណ្ដាលខែមករា រហូត​ដល់ចុងខែមីនា ឆ្នាំ​២០២២។

ក្នុងសេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ជលផលនៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែលវីអូឌីទទួលបាននៅថ្ងៃពុធនេះ បានឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​១៥ ខែមករា រហូត​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ គឺជា​អំឡុង​ពេល​ដែល​ត្រី​កា​ម៉ុង​ ឬត្រី​ប្លាធូ​​​ បន្ត​ពូជ​និង​ពង​កូន។ ក្រសួងថា ដូច្នេះ​ដើម្បី​រួមចំណែក​ថែរក្សានិង​ការពារ​ធន​ធា​នជលផល​សមុទ្រឱ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត អ្នកនេសាទ​ទាំងអស់​ក្នុង​ដែនសមុទ្រ​កម្ពុជា រួមមាន ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កោះកុង ​ខេត្ត​កំពត ​និង​ខេត្ត​កែប ត្រូវ​​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ការ​នេសាទ​​ត្រី​ប្រភេទ​នេះ​។

រដ្ឋបាល​ជលផល​សង្ឃឹមថា ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ត្រី​កា​ម៉ុងទាំងអស់នឹង​ចូលរួម​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ ដើម្បី​រួមចំណែក​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឱ្យបាន​គង់វង្ស​ទៅ​អនាគត​។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២១ ផលនេសាទសមុទ្រមានចំនួន១២៥ ០០០តោន ស្មើនឹង​ ៩៦,១៥% នៃផែនការដែលមានចំនួន១៣០ ០០០តោន។ ផលនេសាទសមុទ្រកម្ពុជានៅឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ មានការកើនឡើង២ ៣០០តោន។

ប្រភពដដែលបញ្ជាក់ថា សម្រាប់បទល្មើសនេសាទកាលពីឆ្នាំ២០២១វិញ មានចំនួន២ ៩៩៩ករណី បើ​ធៀបឆ្នាំ២០២០ មានការថយចុះ១៦៣ករណី ក្នុងនោះ បទល្មើសនេសាទទឹកសាបមានចំនួន២ ៧៦០ករណី និងបទល្មើសនេសាទសមុទ្រមានចំនួន២៣៩ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ