សហព័ន្ធសហជីពអន្តរជាតិ(ITUC) ដែលជាសហព័ន្ធសហជីពសកលតំណាងឱ្យកម្មករនៅទូទាំងពិភពលោក និងជាអង្គការគាំទ្រសហជីពផង បានផ្ញើលិខិតមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបង្ហាញការព្រួយបារម្ភចំពោះការចាប់ឃុំខ្លួនថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)ចំនួន ៨នាក់កាលពីពេលថ្មីៗនេះ។
សហព័ន្ធសហជីពអន្តរជាតិ បានផ្ញើលិខិតមួយកាលពីថ្ងៃទី១៨ ខែមករា ទៅកាន់ លោក ហ៊ុន សែន ដោយអះអាងថា វិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គឺកើតចេញពីការបរាជ័យជាយូរណាស់មកហើយនៃការគ្រប់គ្រងរបស់ក្រុមហ៊ុននេះ(NagaWorld Integrated Resort) ក្នុងការគោរពសិទ្ធិកម្មករ និងសហជីព ចំពោះកិច្ចចរចាដោយសមូហភាពដើម្បីទទួលបានប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែប្រសើរ។
តាមរយៈសារជាលិខិត ៣ទំព័រនេះ សហព័ន្ធសហជីពអន្តរជាតិថ្លែងថា ក្រុមហ៊ុនណាហ្គាវើលដ៍មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាលលើការងារ សុវត្ថិភាព និងការការពារសុខភាពក្នុងអំឡុងពេលមានជំងឺកូវីដ-១៩នោះទេ។
ផ្ទុយទៅវិញ បុគ្គលិកនិយោជិតចំនួន ១ ៣២៩ នាក់ត្រូវបានបញ្ឈប់ពីការងារ ដោយមិនបានពិគ្រោះយោបល់ក្រោមច្បាប់ការងារកម្ពុជា ខណៈក្នុងចំណោមនោះមានចំនួន ១ ១០០ នាក់គឺជាសមាជិកសហជីពផងដែរ។
ស្ថាប័នអន្តរជាតិដដែលបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងបរាជ័យក្នុងការអនុវត្តច្បាប់ការពារដល់កម្មករក្រុមហ៊ុនណាហ្គាវើលដ៍ទៀតផង។
សហព័ន្ធសហជីពអន្តរជាតិសរសេរដែលមានន័យជាភាសាខ្មែរថា៖ «យើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងទៅនឹងការដោះស្រាយរបស់អាជ្ញាធរចំពោះវិវាទការងារបច្ចុប្បន្ននៅក្រុមហ៊ុនណាហ្គាវើលដ៍។ ការចាប់ខ្លួន និងការជ្រៀតជ្រែកហួសដែនកំណត់របស់អាជ្ញាធរនៅក្នុងកូដកម្មស្របច្បាប់របស់សហជីព (LRSU) បានបង្កើតឱ្យមានជាឥទ្ធិពលដ៏ភ័យខ្លាចមួយក្នុងចំណោមសមាជិករបស់យើង និងកម្មករទាំងឡាយនៅក្នុងប្រទេសកម្ពុជា។ ថាតើសិទ្ធិរបស់ពួកគេដែលស្របច្បាប់ និងត្រូវបានគោរពដោយអន្តរជាតិចំពោះសេរីភាពក្នុងការបង្កើតសមាគម ការចរចាជាសមូហភាព និងការជួបប្រជុំដោយសន្តិវិធី អាចត្រូវបានការពារយ៉ាងពេញលេញដោយមិនប្រឈមនឹងទោសព្រហ្មទណ្ឌ ឬយ៉ាងណា»។
សហព័ន្ធសហជីពបន្តថា ការសម្រេចចិត្តរបស់សហជីព LRSU ក្នុងការធ្វើកូដកម្មនៅថ្ងៃទី ១៨ ខែធ្នូ ត្រូវបានយល់ស្របដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ចំនួន ៩៧ ភាគរយនៃសមាជិក ខណៈដែលការជូនដំណឹងនានាក៏ត្រូវបានផ្ញើទៅកាន់អ្នកគ្រប់គ្រង និងអាជ្ញាធរពាក់ព័ន្ធរួមទាំងក្រសួងការងារនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ផងដែរ។
សហព័ន្ធសហជីពថា កូដកម្ម និងការតវ៉ាទាក់ទិនវិវាទការងារ ដែលជាមធ្យោបាយសំខាន់មួយសម្រាប់កម្មករ និងសហជីព ដើម្បីការពារផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ពួកគេ គឺជាសិទ្ធិស្របច្បាប់ដែលត្រូវបានការពារក្រោមអនុសញ្ញា ILO លេខ៨៧ ស្ដីពីសេរីភាពនៃសមាគម និងសិទ្ធិនៃការបង្កើតសមាគម។
សហព័ន្ធសហជីពសរសេរថា៖ «យើងសូមការថ្កោលទោសចំពោះការឆ្មក់ចូលរបស់សមត្ថកិច្ចទៅកាន់ការិយាល័យរបស់សហជីព LRSU និងការរឹបអូសឯកសារនានារបស់សហជីព កុំព្យូទ័រ ទូរស័ព្ទដៃរបស់មេដឹកនាំនៅថ្ងៃទី ៣១ ខែធ្នូ និងការចាប់ខ្លួនសមាជិកសហជីពដែលធ្វើកូដកម្មចំនួន ២៩ នាក់គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ»។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ សុំមិនធ្វើអត្ថាធិប្បាយលើលិខិតរបស់សហព័ន្ធសហជីពអន្តរជាតិ ដែលផ្ញើសារទៅលោក ហ៊ុន សែន នោះទេ។
លោកថា៖ «លិខិតគ្រាន់តែជាលិខិត។ ខ្ញុំមិនអត្ថាធិប្បាយលើលិខិតគេទេ។ ក្រសួង ក៏ដូចជាភាគីពាក់ព័ន្ធនឹងផ្តល់ព័ត៌មានតបទៅគេវិញ»។
សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ លោក ប៉េង សោភា លើកឡើងថា គិតមកទល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ ក្រុមកូដករនៅតែបន្តធ្វើកូដកម្ម ទាមទាររហូតមានដំណោះស្រាយការងារ និងទាមទារដោះលែងថ្នាក់ដឹកនាំសហជីពទាំង៨នាក់ផងដែរ។
លោក ប៉េង សោភា ថា៖ «ចំពោះការលើកឡើងរបស់សហព័ន្ធសហជីពអន្តរជាតិទៅកាន់នាយករដ្ឋមន្ត្រី ដោយសារតែមើលឃើញថា មានការរំលោភសិទ្ធិសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ពីសំណាក់ថៅកែ ហើយនឹងមើលឃើញថាភាពកម្សោយរបស់រដ្ឋមន្ត្រីក្រសួងការងារក្នុងការដោះស្រាយវិវាទនេះ មិនមានសុឆន្ទៈដោះស្រាយវិវាទការងារ បែរឈានដល់ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព ដោយមានការចោទប្រកាន់ថាញុះញង់ធ្វើកូដកម្មខុសច្បាប់»។
កាលពីថ្ងៃទី៥ ខែមករា ថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន ៨នាក់ ក្នុងនោះមានប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ផង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេធ្វើកូដកម្មអហិង្សាទាមទារគោរពសិទ្ធិសហជីពនិងលក្ខខណ្ឌការងារប្រសើរនៅក្នុងក្រុមហ៊ុនល្បែងមួយនេះ។
យ៉ាងនេះក្តី ក្នុងលិខិតដដែល សហព័ន្ធសហជីពអន្តរជាតិអះអាងថា មិនមាននរណាម្នាក់គួរតែត្រូវបានពិន័យដោយគ្រាន់តែរៀបចំធ្វើកូដកម្មស្របច្បាប់នោះទេ ហើយកម្មករគួរតែទទួលបានសិទ្ធិធ្វើសកម្មភាពនេះដោយសន្តិវិធី ដើម្បីការពារផលប្រយោជន៍ការងាររបស់ពួកគេ។
ជាមួយគ្នានេះ ITUC រំពឹងថា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន រដ្ឋាភិបាលកម្ពុជាអាចលើកកម្ពស់មុខមាត់ក្នុងប្រទេសរបស់ខ្លួន និងក្នុងកម្រិតអាស៊ាន ដោយគោរព និងអនុលោមតាមសន្ធិសញ្ញាស្តីពីពលកម្មអន្តរជាតិ និងសិទ្ធិមនុស្ស ជាពិសេសអនុសញ្ញា ILO លេខ ៨៧ ៩៨ និង កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។
ជាចុងក្រោយ សហព័ន្ធសហជីព ស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសមាជិកសហជីពដែលកំពុងជាប់ឃុំជាបន្ទាន់ ហើយទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើពួកគេដោយឥតលក្ខខណ្ឌ។ លើសពីនេះពួកគេ ទាមទារឱ្យសមត្ថកិច្ចបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជេរប្រមាថ បំភិតបំភ័យ ប្រឆាំងថ្នាក់ដឹកនាំសហជីព និងកូដករដែលធ្វើកូដកម្មដោយសន្តិវិធី៕