លោក កឹម សុខា សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​បទ​ចោទ​ប្រកាន់​​ដើម្បី​បង្ហាញ​ពី​ការ​ផ្សះផ្សា​ជាតិ

លោក កឹម សុខា លើដៃពេលជិះរថយន្តត្រលប់ចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយលោក កឹម សុខា បានបង្ហាញសុទិដ្ឋិនិយម​នៅមុន​ពេល​សវនាការ​ចូលមក​ដល់ ដោយ​សង្ឃឹមថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់ទាំងឡាយលើរូបលោក ដើម្បីជាជំហានមួយទៅរក​ការផ្សះផ្សាជាតិពិតប្រាកដ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក មុនចេញទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃ​​ពុធ ទី​១៩ ខែមករានេះ លោក កឹម សុខា បានថ្លែងដោយ​ទឹកមុខញញឹម និងក្តីរំពឹង​​​​​ថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់លើរូបគាត់ នៅ​ក្នុង​សំណុំរឿង​​ដែល​តុលាការ​​លើក​​យក​មក​ជំនុំជម្រះបន្ត​ទៀត​នេះ។ លោកបន្ត​ថា សំណុំរឿងរបស់លោកល្មម​ដល់​ពេលបញ្ចប់ ដោយ​​​ការបញ្ចប់រឿងក្តី​នេះ ក៏ជាជំហានមួយទៅកាន់​ការ​ផ្សះផ្សា​ជាតិ និងឯកភាពជាតិពិតប្រាកដផងដែរ។

លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែដើមខែ​កញ្ញា ឆ្នាំ២០១៧ ហើយយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។  ប្រមាណមួយឆ្នាំក្រោយមក លោកត្រូវបានប្តូរមកឃុំខ្លួននៅគេហដ្ឋានរបស់លោកវិញ ក្នុង​រាជធានីភ្នំពេញ ក្រោមហេតុផលសុខភាពរបស់លោកផ្ទាល់។  

លោកឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេស ឬ​ត្រូវរ៉ូវជាមួយបរទេស ចង់​ផ្តួល​រំលំរដ្ឋាភិបាល ដែលភស្តុតាងនោះយកពីការថ្លែងរបស់លោកក្នុងវេទិកាមួយនៅក្រៅប្រទេស ជុំវិញការកសាងសមត្ថភាពរបស់ពលរដ្ឋនៅមូលដ្ឋានអំពីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ​​។

មកដល់ពេលបច្ចុប្បន្ន ​លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង ៤ឆ្នាំមក​ហើយ ​ទោះ​បីជា​នៅ​ចុង​ឆ្នាំ២០១៩ តុលាការបានផ្តល់សេរីភាពឱ្យលោកច្រើនបន្តិចក្តី ប៉ុន្តែមេបក្សប្រឆាំងដែលតុលាការរំលាយរូប​នេះ ត្រូវ​ដាក់ស្ថិតក្រោមការឃ្លាំមើល ដោយសិទ្ធិធ្វើនយោបាយ និងសិទ្ធិចេញទៅក្រៅប្រទេសត្រូវបានហាមឃាត់​ទាំងស្រុង។ ​

តុលាការរាជធានីភ្នំពេញ​ បានបន្តបើកសវនាការរឿងក្តីលោក កឹម សុខា ​នៅថ្ងៃទី១៩ ខែមករានេះឡើងវិញ   ​ បន្ទាប់ពីខកខានសវនាការអស់រយៈពេលជិត ២ឆ្នាំ ក្រោមហេតុផលវិបត្តិនៃជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ