«ជំហរខ្ញុំគឺនៅតែបន្តឈឺឆ្អាលបញ្ហាសង្គមជាតិដដែល ព្រោះខ្ញុំឃើញថា បើយើងមិនខ្វល់ពីបញ្ហាជាតិខ្លួនទេនោះ គឺមានតែទុកជាតិឱ្យសាសន៍គេខ្វល់ជំនួសយើងហើយ»។
នេះជាសម្ដីរបស់យុវតី ឈឿន ដារ៉ាវី ទោះជាខ្លួននៅមានរឿងក្ដីជាប់នឹងតុលាការ ហើយរវល់នឹងអាជីពលក់អីវ៉ាន់តាមអនឡាញក៏ដោយ ក៏គាត់ថាមិនដែលគិតបោះបង់ជំហរដើម្បីស្វែងរកយុត្តិធម៌សង្គមដែលស្របទៅតាមច្បាប់ជាតិនិងអន្តរជាតិនោះទេ។
ក្រោយចេញពីពន្ធនាគារក្នុងរយៈពេល២ខែមកនេះ កញ្ញា ឈឿន ដារ៉ាវី មិនសូវមានពេលវេលាច្រើនក្នុងការតាមដានព្រឹត្តិការណ៍សង្គមប៉ុន្មាននោះទេ ព្រោះរវល់លក់អីវ៉ាន់តាមអនឡាញ ដើម្បីរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារបានខ្លះ និងមួយចំណែកដើម្បីជួយសង្គមតាមលទ្ធភាពដែលអាចជួយបាន។
យុវតី ឈឿន ដារ៉ាវី និយាយថា៖ «ខ្ញុំត្រូវខំប្រឹងរកស៊ីដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារ អត់សូវមានពេលវេលាគ្រប់គ្រាន់ក្នុងការតាមដានមើលព្រឹត្តិការណ៍អីដែលកើតឡើងក្នុងស្រុក ថាវាកើតឡើងនិងវិវត្តអីយ៉ាងម៉េចទេ! ប៉ុន្តែថ្ងៃខ្លះអីទៅ មានពេលអាចចូលឆែកមើលព្រឹត្តិការណ៍សង្គមអីខ្លះដែរ មិនអត់ពេកនោះទេ»។
មានស្រុកកំណើតរស់នៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កញ្ញា ឈឿន ដារ៉ាវី រៀបរាប់ថា ការងារលក់តាមអនឡាញនេះមិនមែនទើបតែលក់នោះទេ ដោយគាត់ចាប់ផ្ដើមលក់តាំងពីមុនចូលប្រឡូកការងារសង្គមមកម្ល៉េះ។
ជាអតីតគ្រូបង្រៀនផ្នែកគំនូរនៅសាកលវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង និងធ្លាប់ធ្វើការនៅគ្លីនិកមួយអស់រយៈពេលជិត៦ឆ្នាំ កញ្ញា ឈឿន ដារ៉ាវី មើលឃើញថា ការបម្រើការងារទាំងពីរនោះធ្វើឱ្យកញ្ញាអត់មានឱកាសជួយការងារសង្គមតាមដែលខ្លួនស្រឡាញ់នោះទេ ទើបកញ្ញាសម្រេចចិត្តឈប់ពីការងារទាំងនោះ ហើយងាកមកលក់អនឡាញវិញ ដោយសង្ឃឹមថា មានពេលវេលាជួយសង្គម។
កញ្ញា ឈឿន ដារ៉ាវី មានអាយុ៣២ឆ្នាំ រៀនចប់ផ្នែកគំនូរនៅសាលាហ្វារពន្លឺសិល្បៈ និងមានជំនាញផ្នែកពេទ្យដែលបានរៀនពីអ្នកម្ដាយរបស់ខ្លួនដែលជាពេទ្យទាហាន ខណៈឪពុករបស់កញ្ញាជាប៉ូលិស។ យុវតីមានសម្បុរស និយាយស្ដីសំឡេងលះច្បាស់ៗរូបនេះ ធ្លាប់ចូលរួមនៅក្នុងការងារមនុស្សធម៌ជាច្រើននៅតាមបណ្ដាខេត្តនានា ចូលរួមការការពារព្រៃឈើ ការពារបឹងធម្មជាតិ រហូតទៅដល់ការចូលរួមនៅក្នុងការទាមទារឱ្យមានការគោរពសិទ្ធិមនុស្សដែលប្រឈមមុខជាមួយអាជ្ញាធរញឹកញាប់ថែមទៀត។
បច្ចុប្បន្ន កញ្ញា ដារ៉ាវី លក់ត្រីងៀតនៅតាមអនឡាញទទួលបានការគាំទ្រមួយចំនួនពីអតិថិជនដែលតែងតែគោរពស្រឡាញ់កន្លងមក។
កញ្ញាបន្ថែមថា៖ «ចំណូលខ្ញុំក្នុងមួយថ្ងៃអាចទទួលបានបួនដប់ម៉ឺនអីដែរ ប៉ុន្តែវាមិនជាប់លាប់អីទេ ថ្ងៃណាទៅមានការកម្ម៉ង់ច្រើន ពេលខ្លះក៏តិចតួច តែមិនអត់ពេកនោះទេ ព្រោះអតិថិជនភាគច្រើនស្រឡាញ់និងគាំទ្រខ្ញុំដែរ»។
យុវតីរូបនេះឱ្យដឹងថា ស្របពេលដែលគាត់ទទួលបានការគាំទ្រនិងជួយទិញអីវ៉ាន់ក៏ដោយ ក៏ពេលខ្លះមានការប៉ះពាល់ដល់អារម្មណ៍របស់គាត់ដែរ ដោយសារតែមានអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះរិះគន់ថា រូបគាត់យកកេរ្តិ៍ឈ្មោះល្អពីការធ្វើសកម្មជនការពារបរិស្ថាននិងការពារសិទ្ធិមនុស្សមកប្រកបរបរលក់ដូរតាមអនឡាញ។
និយាយដល់ចំណុចនេះ ដារ៉ាវី ហាក់មានភាពស្ទាក់ស្ទើរក្នុងការនិយាយបន្តិច ប៉ុន្តែកញ្ញានិយាយដោយភាពជឿជាក់ប្រាប់ទៅអ្នករិះគន់វិញថា របរគាត់ជារបរសុចរិត ហើយរូបគាត់ក៏មិនបោះបង់ការងារដើម្បីយុត្តិធម៌សង្គមដែរ។
ចំណែកយុវតីម្នាក់ទៀតដែលជាក្រុមការងារជាមួយកញ្ញា ឈឿន ដារ៉ាវី គឺកញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែលពួកគេទាំងពីរបំពេញការងារសង្គមប្រហាក់ប្រហែលគ្នា ហើយត្រូវបានចាប់ខ្លួននិងដោះលែងវិញក្នុងពេលជាមួយគ្នាដែរនោះ បានបញ្ជាក់ថា ដោយសារតែបញ្ហាជីវភាព រូបគាត់ត្រូវប្រឹងប្រែងលក់អីវ៉ាន់ និងនៅតែឆ្លៀតចូលរួមសកម្មភាពផ្សេងៗដើម្បីបរិស្ថាននិងយុត្តិធម៌សង្គមដដែល។
កញ្ញា សូ មេត្តា មិនបានលក់ម្ហូបអាហារដូចកញ្ញា ឈឿន ដារ៉ាវី ទេ គឺគាត់ជ្រើសរើសលក់វត្ថុអនុស្សាវរីយ៍វិញ។
កញ្ញានិយាយថា៖ «ចាប់តាំងពីចេញពីពន្ធនាគារមក ខ្ញុំក៏ដូចជាក្រុមការងារបាននាំគ្នាប្រកាសលក់អនឡាញជារបស់អនុស្សាវរីយ៍លោកបណ្ឌិត [កែម ឡី] មានដូចជា បន្តោងខ្សែកលោកបណ្ឌិត [មួយតម្លៃ២៦ ០០០រៀល] អាវលោកបណ្ឌិត [អាវមួយ៣០ ០០០រៀល] ជាដើម ដើម្បីសម្រួលជីវភាព ក៏ដូចជាទុកសម្រាប់បន្តការងារសង្គមយើងផងដែរ»។
យុវតីវ័យ៣៣ឆ្នាំរូបនេះឱ្យដឹងទៀតថា រូបគាត់និងក្រុមការងារផ្សេងទៀតរងការរើសអើងពីមហាជនមួយចំនួនទាំងការទំនាក់ទំនងការងារនិងលក់ដូរ ដោយសារតែពួកគាត់ធ្លាប់ជាប់ពន្ធនាគារ។ ប៉ុន្តែកញ្ញាថា ការរើសអើងទាំងនេះមិនប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់ទេ។
កញ្ញា សូ មេត្តា បន្តថា៖ «ក្នុងនាមយើងជាអតីតអ្នកជាប់ឃុំអ៊ីចឹង ចៀសមិនផុតពីការរើសអើង និងការមិនពេញចិត្តពីសំណាក់មហាជនមួយចំនួននោះទេ ប៉ុន្តែយើងត្រូវតែតស៊ូ ហើយការងារដែលយើងធ្វើសព្វថ្ងៃនេះអត់មានអីខុសច្បាប់ផង»។
មិនត្រឹមតែមិនបោះបង់ការតស៊ូបន្តដោយសារតែមានការរើសអើងនោះទេ កញ្ញា សូ មេត្តា ថែមទាំងជំរុញឱ្យមហាជនចូលរួមថែមទៀត ដើម្បីយុត្តិធម៌សង្គមសម្រាប់បច្ចុប្បន្ននិងសម្រាប់មនុស្សជំនាន់ក្រោយ។
កញ្ញាថា៖ «សង្គមដែលអយុត្តិធម៌ គឺមិនអាចខ្វះបានទេនូវការតស៊ូនិងការលះបង់ ពិសេសគឺការរួបរួមសាមគ្គីជាកម្លាំងក្នុងការជំរុញឱ្យមានភាពយុត្តិធម៌ទៅបាន។ យុត្តិធម៌ក្នុងសង្គមនេះមិនអាចនៅស្ងៀមៗគេផ្ដល់ឱ្យយើងនោះទេ គឺមានតែការទាមទារទើបបានវាមក»។
ខុសពីអ្នកលក់ផលិតនៅលើបណ្ដាញសង្គមផ្សេងទៀត ដែលពួកគេផ្ដោតតែលើការផ្សព្វផ្សាយផលិតផលរបស់ពួកគេតាមរូបភាពផ្សេងៗ ប៉ុន្តែ កញ្ញា ដារ៉ាវី និងកញ្ញា មេត្តា តែងតែចែករំលែកព័ត៌មានជាព្រឹត្តិការណ៍ផ្សេងៗនៅក្នុងសង្គមលើបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេ។
លើសពីនេះ ពួកគេក៏តែងតែប្រើប្រាស់ហ្វេសប៊ុកពួកគេក្នុងការធ្វើយុទ្ធនាការផ្សេងៗដែរ ដូចជា ទាមទាររកយុត្តិធម៌ដល់ករណីឃាតកម្មលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ិន ខុន និងការទាមទារឱ្យមានការគោរពសិទ្ធិតាមផ្លូវច្បាប់ដល់អ្នកធ្វើការងារនៅកាស៊ីណូណាហ្គាវើលដ៍ ជាដើម។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព កោតសរសើរពីសកម្មភាពយុវតីទាំងនេះ ដែលលះបង់ពេលវេលាដើម្បីផលប្រយោជន៍រួម បើទោះជាការងារទាំងនេះប្រឈមដល់សុវត្ថិភាពពួកគេក៏ដោយ។
លោកស្រីថា៖ «បើយើងមើលទៅសកម្មភាព [ដែលសកម្មជនធ្វើ] មិនមែនផលប្រយោជន៍សម្រាប់តែគាត់ទេ គឺជាញឹកញយគឺដើម្បីប្រយោជន៍សហគមន៍ ដើម្បីប្រយោជន៍សង្គមជាតិទាំងមូល។ តួយ៉ាង បើយើងនិយាយពីសកម្មជនបរិស្ថាន គឺគាត់ធ្វើលើការការពារទឹកលូស្អុយ បញ្ហាចាក់ខ្យាច់ បញ្ហាលុបបឹង អីជាដើម។ សួរថាប្រយោជន៍ហ្នឹងទៅអ្នកណា? គឺយើងទាំងគ្នាហ្នឹងហើយ! […] ក្នុងតួនាទីរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចបង្កឱ្យមានភាពសុខដុមរមនាកម្មក្នុងសង្គម ធានាឱ្យបានការគោរពនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស»។
ចំពោះការប្រឹងប្រែងលក់ដូរដើម្បីបានចំណូលផ្គត់ផ្គង់ជីវភាពនេះ លោកស្រី ចក់ សុភាព កត់សម្គាល់ថា ជារឿងធម្មតាដែលក្រុមយុវតីទាំងនេះ មិនធ្វើការងារពេញម៉ោងឱ្យស្ថាប័នណាមួយ ដូច្នេះ ពួកគេអាចលក់ដូរឬធ្វើកិច្ចការងារផ្សេងដែលពួកគេចូលចិត្តហើយបានចំណូល។
កញ្ញា ស៊ឹម សុភា ជាអ្នកដែលតែងតែចូលរួមសកម្មភាពការពារបរិស្ថាន និងសកម្មភាពលើកកម្ពស់ការគោរពសិទ្ធិមនុស្សដែរនោះ ថ្លែងថា រូបគាត់បានដឹងពីសកម្មភាពរបស់កញ្ញា ដារ៉ាវី និងកញ្ញា មេត្តា ក៏ដូចជាសកម្មភាពយុវជនមួយចំនួនទៀតដែរ។ កញ្ញា សុភា បន្តថា ត្បិតគាត់មិនមែនជាមិត្តស្និទ្ធស្នាលជាមួយយុវតីទាំង២រូបនេះក៏ដោយ ក៏កញ្ញាកោតសរសើរលើសកម្មភាពរបស់អ្នកទាំងនេះដែរ។
កញ្ញានិយាយថា៖ «អ្វីដែលគាត់ធ្វើ គឺដើម្បីប្រយោជន៍រួម វាមិនខុសនោះទេ! ហើយថែមទាំងជាគំរូល្អដល់ពលរដ្ឋដទៃទៀត ឱ្យហ៊ានចូលរួមបញ្ចេញមតិ តវ៉ាតាមរូបភាពផ្សេងៗ [ដោយផ្ទាល់ឬប្រយោល)] ខ្ញុំគាំទ្រអ្វីដែលពួកគាត់បានធ្វើកន្លងមក និងកំពុងធ្វើពេលបច្ចុប្បន្ននេះ»។
កញ្ញា សូ មេត្តា និងកញ្ញា ឈឿន ដារ៉ាវី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធការធ្វើបាតុកម្មទាមទារឱ្យដោះលែងលោក រ៉ុង ឈុន។ ក្រោយមក តុលាការចោទប្រកាន់ពួកគេពីបទ «ញុះញ៉ងបង្កឱ្យមានភាពអសន្តិសុខដល់សង្គម» ដោយសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ និងពិន័យជាប្រាក់មួយចំនួនទៀត។ ប៉ុន្តែអ្នកទាំង២ត្រូវបានដោះលែងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយទោសនៅសល់ត្រូវព្យួរ ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
នៅក្នុងពន្ធនាគារ កញ្ញា ឈឿន ដារ៉ាវី ធ្លាប់កោរសក់ដើម្បីតវ៉ាឱ្យមានការគោរពសិទ្ធិអ្នកជាប់ឃុំ។ ចំណែកកញ្ញា សូ មេត្តា ធ្លាប់ដួលបាក់ជើងនៅក្នុងពន្ធនាគារ ដែលរបួសនៅតែបន្តឈឺដល់បច្ចុប្បន្ន ដោយកញ្ញាបញ្ជាក់ថា ពេលនោះមិនមានការព្យាបាលដិតដល់នោះទេ។
បើទោះជាពួកគេលើកឡើងពីស្ថានភាពលំបាកសព្វបែបយ៉ាង និងមិនមានការគោរពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារក៏ដោយ ក៏យុវតីទាំងនេះបញ្ជាក់ថា ពួកគេមិនភ័យខ្លាចក្នុងការបន្តធ្វើកិច្ចការលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់គ្នានៅក្នុងសង្គម៕