អ្នកឃ្លាំមើល​សវនាការ​លោក កឹម សុខា ចង់​ឃើញ​អ្នក​នយោបាយ​តម្កល់​ប្រយោជន៍​ជាធំ

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

អ្នកតាម​ដានសវនាការជំនុំជម្រះសំណុំរឿង​លោក កឹម សុខា បានបង្ហាញទស្សនៈ​ច​ង់​ឱ្យ​អ្នក​នយោ​បាយងាក​ទៅ​ប្រកួត​អំណាច​គ្នាតាមគន្លងប្រជាធិប​តេយ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ដើម្បីការពារប្រយោជន៍ជាតិ និងធ្វើជាគំរូដល់​យុវជន​ជំនាន់​ក្រោយ។

ការបង្ហាញ​ទស្សនៈ​នេះធ្វើឡើង​នៅព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា ​ឆ្នាំ​២០២២​នេះ ស្របពេល​ដែល​ពួក​គេ​មក​ឃ្លាំមើល​​​សវនាការ​ជំនុំជម្រះ​សំណុំរឿង​​ប្រធានគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានតុលាការ​រំលាយ​ លោក កឹម សុខា ឡើងវិញ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីតុលាការ​បាន​ផ្អាក​អស់​រយៈ​ពេល​ជិ​ត​២ឆ្នាំ ពាក់ព័ន្ធបទចោទ​​ «ក្បត់ជាតិ» ឬចង់​ផ្ដួលរំលំរដ្ឋាភិបាល។

មន្ត្រីជាន់ខ្ពស់​​​គណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះ​បន្ទូល​ថា សំណុំរឿងចោទ​ប្រកាន់​លោក កឹម សុខា ត្រូវបានគេមើលឃើញថាជារឿងនយោបាយ ហើយថាការណ៍​នេះ គឺ​ចាំបាច់ណាស់​ត្រូវរ​ក​ច្រកចេញតាមផ្លូវនយោបាយ ទើបអាចដោះស្រាយបញ្ហាបាន។ ព្រះអង្គគូស​បញ្ជាក់​ថា បើពុំមានដំណោះស្រាយនយោបាយណាមួយ​ឈានទៅរកការ​បង្រួប​បង្រួម​ជាតិ​ទេ នឹង​បន្ត​ឱ្យកម្ពុជា​ខាត​បង់ និង​ទម្លាក់​បន្ទុកនេះ​ទៅក្មេងជំនាន់ក្រោយ ពាក់ព័ន្ធទៅនឹងគម្រោងផ្ទេរ​អំណាចរបស់មេដឹក​នាំ។

មន្ត្រីជាន់ខ្ពស់​​​គណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ថ្ងៃសវនាការសំណុំរឿងលោក កឹម សុខា សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
មន្ត្រីជាន់ខ្ពស់​​​គណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ថ្ងៃសវនាការសំណុំរឿងលោក កឹម សុខា សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ព្រះអង្គមានបន្ទូលថា៖ «នេះហើយ​ជា​សំណួរមួយសំខាន់សម្រាប់សម្ដេចតេជោ ហ៊ុន សែន បើសិនជាគាត់មិនចង់ដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន បានន័យថា គាត់ចង់ផ្ទេរបញ្ហាហ្នឹងទៅជូនឯកឧត្ដម ហ៊ុន ម៉ាណែត។ អាហ្នឹងជាសំណួរមួយសំខាន់»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍​ថា ការចោទប្រកាន់​លោក កឹម សុខា ត្រូវបានគេមើលឃើញថា ជាវិវាទ​នយោបាយ ដោយ​លោកសម្អាងថា សារ​ទាមទារជាច្រើន​ឱ្យ​រដ្ឋាភិ​បាល​សម្របសម្រួល​ផ្នែកនយោបាយ ដើម្បីធានាឡើងវិញនូវ​ការបោះឆ្នោតមួយ​ដោយ​សេរី​ ត្រឹម​ត្រូវ និងយុត្តិ​ធម៌ ព្រមទាំង​​មា​ន​​គណបក្សប្រឆាំង​នេះចូលរួម។

មួយវិញទៀត លោក​កត់សម្គាល់ថា សំណុំរឿងនេះ​បានបន្តអូសបន្លាយច្រើនឆ្នាំ បង្កឱ្យមាន​ការរិះ​គន់​ជាបន្តបន្ទាប់​ពី​ការ​ប្រើប្រព័ន្ធតុលាការមិនឯករាជ្យ។ លោកបារម្ភ​ថា បើ​គ្មានដំណោះ​ស្រាយនយោ​បាយ​ណា​មួយ​កើត​ឡើងទេ នោះ​វិធាន​​ការ​ដាក់​​សម្ពាធ​ពី​សហគមន៍អន្តរជាតិ ដើម្បីជំរុញឱ្យកម្ពុជា​ស្ដារស្ថានភាព​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យឡើងវិញ​ នឹង​ក្លាយជា​វិបត្តិដល់ក្មេងជំនាន់ក្រោយ។

លោកថា៖ «បើសិនជាយើងមិនព្រមព្រៀងគ្នា ដើម្បីដោះស្រាយវិបត្តិនយោបាយទេ នៅពេលដែល​យើងអស់​ជីវិត​ទៅ​ អាហ្នឹងវាបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ​នៅបន្ត​ឈ្លោះគ្នាតទៅទៀត អានេះជាវិបត្តិ»។

សមាជិកក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មើលឃើញថា ការ​ប្រើប្រព័ន្ធ​យុត្តិធម៌ដើម្បី​កាត់​ទោសអ្នកមកពី​សំឡេង​ជំទាស់នាប៉ុន្មានឆ្នាំមកនេះ បាន​ជំរុញឱ្យ​កម្ពុជា​ខាត​បង់ ក្នុងនោះមាន​ដូចជា​ សហភាពអឺរ៉ុប​កាត់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ២០ភាគរយ មុន​ការ​កំណាត់ និង​មិនអាច​ទាក់​ទាញ​អ្នក​វិនិយោគធំៗឱ្យ​មក​បង្កើត​ការ​ងារ​នៅ​កម្ពុជា​បាន​ទេ។

តែយ៉ាងណា លោកគិតថា ដំណោះស្រាយបច្ចុប្បន្នមានតែការចរចា​នយោបាយទេ ទើបអាចដោះស្រាយបញ្ហាជាតិបាន ហើយ​បន្ទាប់​មក​ត្រូវ​រួម​គ្នាព​ង្រឹង​ប្រជាធិប​តេយ្យតបតាម​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ ដើម្បីធានាការ​បោះឆ្នោត​មួយ​ដោយ​​សេរី ត្រឹមត្រូវ និងយុត្តិធ​ម៌។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងនេះថាបានប្រាសចាកពីសង្គមប្រជាធិបតេយ្យនិងនីតិរដ្ឋ។

លោកថា៖ «រឿងអ្នកនយោបាយប្រព្រឹត្តល្មើសច្បាប់ វាត្រូវដោះស្រាយតាមប្រព័ន្ធច្បាប់ ប្រព័ន្ធ​​តុលាការនៅ​ក្នុង​​សង្គមប្រជាធិបតេយ្យ។ ហើយបើអ្នកនយោបាយប្រព្រឹត្តបទល្មើស​ ហើយដោះស្រាយតាមនយោ​បាយ អាហ្នឹង​ប្រព័ន្ធតុលាការ ប្រព័ន្ធច្បាប់​បង្កើតមកដើម្បីអ្វី? អាហ្នឹងវាលែងទៅជាប្រព័ន្ធប្រជាធិបតេយ្យនីតិ​រដ្ឋ​ហើយ»។

ប្រហាក់ប្រហែលគ្នានេះដែរ អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​សម្អាង​ថា ដើម្បី​រក្សាប្រ​យោជន៍​ជាតិ គ្មានជម្រើសអ្វីក្រៅពីប្រើប្រព័ន្ធច្បាប់នោះទេ។

លោកថា៖ «ប្រទេសដឹកនាំដោយមានច្បាប់ជាគោល ហើយបើមិនយកច្បាប់មកអនុវត្តជាគោល យកស្អីមកអនុវត្ត? យកតាមពាក្យគាត់ហ្នឹង គាត់ថានីតិមាត់ទៀតហើយ»។

ពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង លោក​ យូ ទន បាននិយាយនៅមុខតុលាការដែរថា ប៉ុន្មានឆ្នាំមកនេះ កសិផលដែលផលិតបានគ្មានទីផ្សារ ធ្វើឱ្យឈ្មួញ​ទម្លាក់​ថ្លៃ​តាម​ចិត្ត ខណៈ​តម្លៃ​ជី​នាំចូល​បន្ត​ឡើង​ថ្លៃ​រហូត​គុណ​នឹង៣ ដែល​ករណីនេះ លោក​​​​ចង់​ឱ្យអ្នកនយោបាយ​​ចេះរួមគ្នាដោះស្រាយ​បញ្ហារបស់​ពួកគាត់ ជាជាង​បណ្ដែត​បណ្ដោយ​ឱ្យបញ្ហានេះ​ប្រឈម​ធ្ងន់ទៅៗ​ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកថា៖ «ខេត្តខ្ញុំសព្វថ្ងៃ សឹងមិនធ្វើស្រែ ព្រោះវាអត់ចំណេញ។ បន្តិចទៀតចំណាកស្រុកអស់ហើយ ឱ្យតែជី ប្រេងប្រហែល​ហ្នឹង ជីឡើងជិត២០ម៉ឺនរៀល តែស្រូវនៅ៧០០ទៅ៨០០រៀលក្នុងមួយគីឡូ»។

ទោះយ៉ាងណា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាម​រយៈ​ស្ថាន​ទូតរបស់ខ្លួន​ប្រចាំ​នៅ​កម្ពុជា បាន​ចាត់​ទុក​​លោក កឹម សុខា ជាមនុស្សស្អាតស្អំ​ តែត្រូវបានគេចាប់ដាក់ពន្ធនាគារ​ទាំងអយុត្តិធម៌។

មួយវិញទៀត នៅ​ចុងខែ​កញ្ញា ​ឆ្នាំ២០២០ ​​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត បាន​ចាត់ទុក​សំណុំ​រឿង​ចោទប្រកាន់​លើ​លោក កឹម សុខា នេះ​ថា «​ជា​រឿង​នយោបាយ ដែលនេះ​ក្លាយទៅជា​គំរូ​អាក្រក់​​មួយ​​ឆ្លុះបញ្ចាំង​​ពី​​ការអនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ទៅលើ​គូប្រជែង​នយោបាយ»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ