ប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ មានព្រះរាជបន្ទូលប្រកាសស្វាគមន៍ចំពោះអតីតថ្នាក់ដឹកនាំបក្ស ឬអ្នកនយោបាយគណបក្សផ្សេងដែលចង់មករួមរស់ក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីនាំមកនូវសុខសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជា។
ក្នុងឱកាសដែលទ្រង់បានយាងក្នុងពិធីសំណេះសំណាលជួបជុំជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងរចនាសម្ព័ន្ធគណបក្សក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ មានព្រះរាជបន្ទូលណែនាំដល់សមាជិកសមាជិកាគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃ្មុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងគោលនយាយរបស់គណបក្ សជាដើម។
បន្ថែមពីនេះ ព្រះអង្គម្ចាស់បានប្រកាសស្វាមគមន៍អតីតថ្នាក់ដឹកនាំបក្សដែលធ្លាប់ខ្វែងគំនិតគ្នា ឬអ្នកនយោបាយគណបក្សផ្សេងដែលចង់ចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន មានប្រសាសន៍បន្ថែមថា ការប្រកាសរបស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ធ្វើឡើងដើម្បីឱ្យគណបក្សនេះកាន់តែមានភាពរឹងមាំ សាមគ្គីភាពគ្នាជាធ្លុងមួយ ក្នុងការជួយដោះស្រាយបញ្ហាវិបត្តិនយោបាយដែលកើតមានឡើងឬដែលនៅសេសល់ ឱ្យទទួលបានផលវិជ្ជមានខ្ពស់ជាដើម។
លោកបន្ថែមថា បើសិនជាអ្នកនយោបាយដែលមកពីគណបក្សផ្សេងៗទៀត ហើយមករួមរស់ក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិច មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះ លោកមានជំនឿថា គណបក្សនេះនឹងទទួលបានអាសនៈ រួមទាំងសំឡេងគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតភ្លូកទឹកភ្លូកដី ហើយអាចឈ្នះឆ្នោតដូចកាលពីឆ្នាំ១៩៩៣ផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕