កម្ពុជាថ្កោលទោសជាលើកដំបូងស្ដីពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅរដ្ឋកាយ៉ាហ៍ (Kayah State) ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធានិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។
សេចក្ដីថ្លែងការណ៍ដដែលបានចាត់ទុកថា អំពើហិង្សាដែលនៅតែបន្តកើតមាននេះកំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដីថ្លែងការណ៍របស់កម្ពុជាបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់នូវរាល់សកម្មភាពហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្ដើមកិច្ចសន្ទនា ដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញ នូវសន្តិភាពនៅក្នុងប្រទេស ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្នះរាល់ការរិះគន់នានា ដើម្បីធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយបានអះអាងថា ជាដំណើរទស្សនកិច្ចដ៏ជោគជ័យ តាមរយៈការសន្យារបស់របបសឹកយោធាភូមាថានឹងអនុវត្តបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២។ ប៉ុន្តែផ្ទុយទៅវិញ អំពើហិង្សានិងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងយោធានិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀតនៅតែបន្តកើតមាន។
យោងតាមប្រភពនានាបានចុះផ្សាយថា ការប៉ះទង្គិចគ្នានៅរដ្ឋកាយ៉ាហ៍ (Kayah State) នៃប្រទេសភូមា បានកើតឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ រវាងកងយោធានិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ដែលបណ្ដាលឱ្យជនស៊ីវិល៣នាក់ស្លាប់ ក្នុងនោះមានក្មេងម្នាក់ផងដែរ។ តាមសេចក្ដីរាយការណ៍ ក្នុងការវាយប្រហារនេះក៏បានបណ្ដាលឱ្យកងយោធារបបសឹកភូមា១៥នាក់ទៀតបានស្លាប់បាត់បង់ជីវិត៕