ជនជាតិដើមភាគតិច​ប្ដឹង​ក្រុមហ៊ុន​មួយ​ទៅ​ថ្នាក់​ជាតិ ពាក់ព័ន្ធ​ការ​ឈូសឆាយ​ដី​នៅ​តំបន់​ប្រវត្តិសាស្ត្រ​នៅ​ព្រះវិហារ

ទីតាំងដីមួយកន្លែងក្រោយរងការឈូសឆាយ ដោយពលរដ្ឋអះអាងថា ដីនោះជាដីតំបន់ប្រវត្តិសាស្ត្រ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចកួយជាង៣០គ្រួសារ បាន​ប្ដឹង​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ ពាក់​ព័ន្ធនឹង​ការ​ឈូស​ឆាយ​ដីធ្លី​របស់​ពួកគេ និង​ដីនៅ​តំបន់ប្រវត្តិ​សាស្ត្រមួយក​ន្លែង​ ស្ថិត​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ។

ជនជាតិដើមភាគតិចកួយ៦នាក់ តំណាង​ឱ្យ​ពលរដ្ឋ​៣២​គ្រួសារ បាននាំ​​គ្នាដាក់ញត្តិជាបន្តបន្ទាប់​ក្នុង​សប្ដាហ៍​នេះ ទៅក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ឱ្យជួយដោះស្រាយវិវាទដីធ្លី​ជាមួយក្រុម​ហ៊ុន «ហាក់ ប៊ុនថា» ក្រោយពីវិវាទនេះបានអូយបន្លាយជាង១ឆ្នាំ​គ្មានដំណោះស្រាយពីអាជ្ញាធរថ្នាក់ក្រោមជាតិ។

ក្នុងញ្ញត្តិ ពលរដ្ឋ​បាន​ចោទ​ថា បុគ្គល​២នាក់ប្ដីប្រពន្ធ​ឈ្មោះ «ហាក់ ប៊ុនថា» និង​ប្រពន្ធ​ឈ្មោះ «កែវ លក្ខិណា» ម្ចាស់​ក្រុម​ហ៊ុន ហាក់ ប៊ុនថា រស់នៅរាជធានី​ភ្នំពេញ បានដាក់គ្រឿងចក្រ​ឈូស​ឆាយ​ដី​ស្រែចម្ការ និង​កន្លែងស្ល​ដែក​បុរាណ​នៅ «​តំបន់​សន្លុង​ត្នោត»​ ដែល​ជាកន្លែង​សក្ការៈ​បូជា​តាម​បែបជំនឿរបស់ជនជាតិដើមភាគតិចកួយ និង​កន្លែងអាស្រ័យផល​តាម​លក្ខណៈ​ប្រពៃណី ដូចជា​ រកត្រី បន្លែ ​ផ្លែឈើ និង​កន្លែង​ឃ្វាល​គោ​ក្របី ជា​ដើម ​ស្ថិតក្នុង​ភូមិ​អូរពោធិ៍ ឃុំរមណីយ ស្រុក​រវៀង កាលពីចុងឆ្នាំ២០២០ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរឡើយ។

អ្នកស្រី ងួន ហៀង អាយុ៥៥ឆ្នាំ ជាជនជាតិកួយ ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះ​ថា​ អ្នក​ភូមិ​បាន​រក​កិច្ចអន្តរា​គមន៍​​ពីអាជ្ញាធរស្រុកនិងខេត្ត​ឱ្យ​​ជួយដោះស្រាយដែរ ប៉ុន្តែអាជ្ញាធរ​​ពុំមានវិធានការឬចំណាត់ណាមួយទៅលើក្រុម​ហ៊ុន​​​ឡើយ។ អ្នកស្រីថា មិនត្រឹមតែមិនបានដំណោះស្រាយនោះទេ ម្ចាស់ក្រុមហ៊ុនបានប្ដឹងពលរដ្ឋទៅតុលាការថែមទៀត។

អ្នកស្រី​​បន្តថា ក្រុមហ៊ុនបានឈូស​ឆាយ​បំផ្លាញដំណាំ​ស្រូវ ដំឡូង និងកន្លែងអាស្រ័យផលផ្សេងៗទៀតរបស់ជនជាតិដើមភាគតិច​កួយ​នៅតំបន់នោះ ដោយមិនបានដោះស្រាយសំណង​ជូន​ពួក​គាត់ឡើយ។

អ្នកស្រី ងួន ហៀង បន្ថែមថា៖ «ក្រុមហ៊ុនបានឈូសឆាយតាំងពីឆ្នាំ២០២០ ប៉ុន្តែរហូតមកដល់ពេលនេះ ដំណោះ​ស្រាយរបស់អាជ្ញាធរស្រុក ខេត្ត ឃុំ មិន​ទាន់​បានដោះស្រាយអីសម្រាប់ពួកខ្ញុំនៅឡើយទេ។ អ៊ីចឹង​ហើយ​បានជាពួកខ្ញុំមករកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិ។ សម្រាប់ផលប៉ះពាល់នោះ មានដីស្រែ ដីចម្ការ  បឹង ស្ទឹង កន្លែង​ឃ្វាលគោក្របី និងដីព្រៃសហគមន៍ ដែលពួកខ្ញុំធ្លាប់អាស្រ័យផល​បែបប្រពៃណីរបស់ពួកខ្ញុំតាំងពីយូរលង់ណាស់មកហើយ»

អ្នកស្រី អ៊ុត ឃីម អាយុ៥០ឆ្នាំ ជាជនជាតិដើមភាគតិចកួយម្នាក់ទៀត និយាយថា ចាប់តាំងពីក្រុមហ៊ុនឈូស​ឆាយ​យ​ក​ដីធ្លីពួកគាត់អស់មក បាន​ធ្វើ​ឱ្យ​​គ្រួសារ​អ្នកស្រី និងអ្នកភូមិផ្សេងទៀត គ្មានដីធ្លីគ្រប់គ្រាន់សម្រាប់​បង្ក​បង្កើនផលនិងអាស្រ័យផលទៀតឡើយ។

ជនជាតិដើមភាគតិចកួយរូបនេះបានអំពាវនាវដល់ប្រមុខរដ្ឋាភិបាល​ជួយអន្តរាគមន៍ដោយធ្វើយ៉ាងណា​ផ្ដល់​ដី​នោះទៅ​​ឱ្យពួកគាត់​វិញ និង​រក្សាទុកតំបន់ប្រវត្តិ​សាស្ត្រ​ដែលជាន្លែងស្លដែក​បុរាណ​សម្រាប់ជនជាតិដើម​ភាគតិចកួយបានគោរពបូជាបន្តទៀត។

អ្នកស្រីបន្ថែមថា៖ «ឥលូវនេះ ពួកខ្ញុំបានបាត់បង់មុខរបរស្រូវអង្ករ ដំណាំដាំដុះ កន្លែងជនជាតិគោរពបូជា កន្លែង​ជនជាតិដាំដុះ។ ខ្ញុំសំណូមពរដល់អាជ្ញាធរថ្នាក់ជាតិជួយដោះស្រាយដីធ្លីឱ្យជនជាតិបានដីសម្រាប់បង្ក​បង្កើន​ផល​ឡើង​វិញ»

រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យ​ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ធ្លាប់​ពន្យល់ប្រាប់​វីអូឌីថា​ កន្លែង​ស្លដែក​បុរាណ​នៅ​តំបន់​សន្លុង​ត្នោត​នោះ គឺជាទីតាំងដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតដែកកាលសម័យអង្គរ ហើយតំបន់នេះត្រូវបានការពារផងដែរ។

លោកបន្ថែមថា៖ «ស្ថានីយ​នោះ យើង​បាន​ចុះ​បញ្ជី​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​ក្រសួង​[វប្បធម៌]ជាតិ​យើង ហើយ​វា​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ ទីតាំងនោះជាទីតាំងសម្រាប់កែច្នៃដែក តាមការស្រាវជ្រាវ ហើយការកែច្នៃនោះគឺសម្រាប់ផលិតអាវុធសម្រាប់ស្ដេចអង្គរ»។

បើតាមតំណាងពលរដ្ឋ ខាង​មន្ត្រីក្រសួងនីមួយៗបានទទួលញត្តិពីពួកគាត់ហើយ​ ប៉ុន្តែមិនបានឆ្លើយតបអ្វីនោះ​ទេ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា លោកមិនទាន់អាចឆ្លើយតប​បាននៅឡើយ​ ដោយថា មិនទាន់ទទួលបានព័ត៌មាននេះ។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ព្រមទាំង​តំណាងក្រុមហ៊ុន ហាក់ ប៊ុនថា ដែលរងការចោទប្រកាន់ពីពលរដ្ឋនោះបាននៅឡើយទេ។

ចំណែកនាយករដ្ឋបាលខេត្តព្រះវិហារ លោក គឹម ហឿន មាន​ប្រសាសន៍យ៉ាងខ្លីថា អាជ្ញាធរ​ខេត្ត​កំពុង​ដោះ​ស្រាយ​វិវាទ​ដីធ្លីនេះ​ហើយ។

លោក សែ លីណា ដែលអ្នកភូមិអះអាងថាជាមេការរបស់ក្រុមហ៊ុន ហាក់ ប៊ុនថា ធ្លាប់ប្រាប់​វីអូឌីថា​ រូបគាត់ជាមេការមើលការខុសត្រូវលើការឈូសឆាយដីធ្លីនៅតំបន់នោះ​​ពិតមែន ប៉ុន្តែការឈូសឆាយរបស់​ក្រុម​ហ៊ុននេះមិនបានប៉ះពាល់ដីរបស់ប្រជាពលរដ្ឋនិងតំបន់ប្រវត្តិ​សាស្ត្រដូចការចោទប្រកាន់របស់ពលរដ្ឋ​នោះទេ។

បើតាមប្រជាពលរដ្ឋ​ ដីស្រែ​ចម្ការ​វិលជុំ និងដីព្រៃតំបន់បុរាណដែលកំពុងមានជម្លោះនោះ មានទំហំប្រ​ហែល​៦០​​ហិកតា ស្ថិត​ក្រោមការគ្រប់គ្រង​របស់ជនជាតិដើមភាគតិចកួយចំនួន៣២គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ