ក្រសួងសុខាភិបាលឱ្យដឹងថា កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ជាង៤០នាក់បន្ថែមទៀត ក្នុងនោះ ករណីឆ្លងចូលក្នុងសហគមន៍មានចំនួន ១៦ នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ឱ្យដឹងថា យោងតាមលទ្ធផលដែលបញ្ជាក់ដោយ PCR test នោះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ចំនួន៤៤នាក់ ក្នុងនោះ មានករណីនាំចូលពីក្រៅប្រទេសចំនួន២៨នាក់ និងឆ្លងក្នុងសហគមន៍១៦នាក់។
ទោះបីជាកម្ពុជាបានរកឃើញអ្នកឆ្លងជាបន្តបន្ទាប់ ប៉ុន្តែអ្នកស្លាប់វិញ ក្រសួងថា មិនមានឡើយ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន ១៥ នាក់ កាលពីថ្ងៃម្សិលមិញ។
ក្រសួងបញ្ជាក់ថា មកដល់ពេលនេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ឆ្លងចូលសហគមន៍ចំនួន ១៦៨ នាក់ហើយ។
គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២១ ០០០នាក់ ក្នុងនោះ ករណីនាំចូលចំនួន ២០ ២៤៨ នាក់ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយសរុប ១១៧ ១៩៥ នាក់ និង ស្លាប់ចំនួន៣ ០១៥ នាក់។
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីយប់មិញនេះ ដោយសម្រេចអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង អាចសម្រាកព្យាបាលជំងឺនៅតាមផ្ទះរៀងៗខ្លួនវិញ ។ សេចក្តីសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីក្រសួងបានសង្កេតឃើញថា ស្ថានភាពជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងនេះ មិនមានសភាពធ្ងន់ធ្ងរ និងបន្ទាប់ពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់មិញនេះ៕












