ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យ​អ្នកជំងឺ​កូវីដ-១៩ អូមីក្រុង​ សម្រាក​ព្យាបាល​ជំងឺ​នៅ​តាម​ផ្ទះ​វិញ

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាល​បាន​សម្រេច​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ​អូមីក្រុង អាច​សម្រាក​ព្យាបាល​ជំងឺ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​វិញ បន្ទាប់​ពី​ក្រសួងបាន​សង្កេត​ឃើញ​ថា ស្ថានភាព​ជំងឺ​នេះមិន​មាន​សភាព​ធ្ងន់ធ្ងរ និង​បន្ទាប់ពី​មាន​បទបញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មក។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី ការកែប្រែ​លក្ខខណ្ឌព្យាបាល​អ្នក​ជំងឺកូវីដ-១៩ បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង (Omicron) របស់​ក្រសួងសុខាភិបាល​កាលពី​យប់​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បាន​បញ្ជាក់​ថា សម្រាប់​ជនជាតិ​ខ្មែរ ទាំង​អ្នក​ដែល​ទើប​មក​ពី​បរទេស និង​អ្នក​នៅក្នុង​ប្រទេស ត្រូវ​បាន​អនុញ្ញាត​ឱ្យស្នាក់​នៅ​ព្យាបាល​ជំងឺ​នៅតាម​ផ្ទះ ដូច​ករណី​អ្នក​ជំងឺ​កូវីដ-១៩ ប្រភេទ​អាល់ហ្វា ឬ ដែលតា ដែរ។ ប៉ុន្តែត្រូវ​គោរព​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺកូវីដ-១៩​ នៅតាមផ្ទះ។ បន្ថែមលើនេះ ក្រសួងក៏បានអនុញ្ញាត​ឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ទាំងជនបរទេស និងជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព​នានា អាចចេញទៅសម្រាកព្យាបាលជំងឺនៅតាមផ្ទះបាន ចាប់ពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ តទៅ ប្រសិនបើពួកគេមានបំណង។

ចំណែកជនបរទេសទាំងអស់ដែលមានចូលមកកម្ពុជា ក៍ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលជំងឺនៅតាមសណ្ឋាគារ ឬ​និវេសនដ្ឋាន​របស់​ស្ថានទូត​ ឬ​ទីកន្លែង​ដែល​​ពួកគេ​​ជ្រើសរើស​​បាន ប្រសិន​បើ​​ពួកគេ​​រកឃើញ​​មាន​​វិជ្ជមានកូវីដ-១៩​ប្រភេទ អូមីក្រុង។

សេចក្តីប្រកាសព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់មិញនេះ បានចេញសារសំឡេងពិសេសមួយ ដោយបញ្ជាឱ្យក្រសួងពាក់ព័ន្ធកែប្រែលក្ខខណ្ឌ​នៃការសម្រាកព្យាបាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនៅផ្ទះវិញ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ការអនុញ្ញាតឱ្យអ្នកជំងឺចេញពីមន្ទីរពេទ្យទៅ​សម្រាកព្យាបាលនៅតាមផ្ទះវិញនេះ មិនមែនមានន័យថា អនុញ្ញាតឱ្យអ្នកជំងឺដើរលេងតាមចិត្តនោះទេ គឺគ្រាន់តែផ្ទេរពីការព្យាបាលនៅក្នុង​មន្ទីរពេទ្យ ទៅផ្ទះវិញតែប៉ុណ្ណោះ។

លោកថា៖ «ថ្ងៃនេះបន្ទាប់ពីបានតាមដានមួយរយៈនៃមេរោគបំប្លែងថ្មី អូមីក្រុង ដែលមុននេះខ្ញុំព្រះករុណាខ្ញុំ បានបញ្ជាដាច់ណាត់ឱ្យអ្នកជំងឺ​បំប្លែងថ្មី អូមីក្រុង ចាំបាច់ត្រូវតែចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ [….]​ ប៉ុន្តែឥឡូវនេះយើងបានសង្កេតឃើញថា អូមីក្រុងទោះបីវាចម្លងលឿន ក៏ប៉ុន្តែវា​មិនមែន​ជាជំងឺ​ប្រភេទ​ដ៏គ្រោះថ្នាក់​នោះ​ទេ បើប្រៀបធៀបនឹងដែលតា ប្រៀបធៀបនឹងអាល់ហ្វា ដែលយើងបានអនុញ្ញាតឱ្យព្យាបាល​នៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែងដែលម្នាក់ៗប៉ុងនោះ ឃើញថា អូមីក្រុង គឺមានសភាពស្រាលជាង»។

កាលពីថ្ងៃម្សិលមិញ កម្ពុជាបាន​បន្ត​​រកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង​» ចំនួន៤២នាក់​ទៀត ដែលសុទ្ធតែជាប្រភេទ​អូមីក្រុងទាំងអស់។ ក្នុងនោះមានករណី​នាំចូល​​ពី​ក្រៅប្រទេស​ចំនួន១២នាក់ និង​ឆ្លងក្នុងសហគមន៍៣០នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​សុក្រម្សិលមិញនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៩៥៦ នាក់ ក្នុង​នោះ​ អ្នកជំងឺព្យាបាល​ជាសះស្បើយ​ចំនួន១១៧ ១៨០ នាក់ និងអ្នកស្លាប់​ចំនួន​៣ ០១៥ នាក់ រួមទាំង​​ករណីនាំចូលពីក្រៅប្រទេសចំនួន២០​ ២២០នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួងថា គិត​មកដល់​ពេលនេះ មានចំនួនសរុប ១៥២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ