ក្រសួង​កសិកម្ម៖​ តម្លៃ​ស្រូវ​នៅ​ឆ្នាំ២០២១​ ធ្លាក់ចុះ ដោយ​សារ​ការរាត​ត្បាត​ជំងឺ​កូវីដ-១៩​

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩ (រូបភាព៖ ហេង វិចិត្រ)

ក្រសួង​កសិកម្ម​អះអាង​ថា តម្លៃស្រូវ​នៅ​ចន្លោះ​ឆ្នាំ​២០២១-២០២២ ធ្លាក់​ចុះ​ដោយ​សារ​តែ​ការ​រីករាលដាល​ជាសកល​នៃ​ជំងឺកូវីដ-១៩ ប៉ុន្តែ​ទិន្នផល​ស្រូវ​ដែល​កម្ពុជា​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ឆ្នាំ២០២១ កើន​ឡើង​ជាង​៦០​ភាគ​រយ បើ​ធៀប​ទៅ​ឆ្នាំ​២០២០​កន្លង​ទៅ។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១១ ខែមករា បង្ហាញថា ការនាំចេញស្រូវ​ទៅប្រទេសជិតខាងនៅចន្លោះឆ្នាំ២០២១ ចូល២០២២ បានចំនួន ៣.៥៣ លានតោន មានការកើនឡើងចំនួន ៦១.១៦ ភាគរយ បើធៀប​ទៅ​ឆ្នាំ២០២០។ ដោយឡែក ចំពោះតម្លៃស្រូវដែលធ្លាក់ចុះ មានគម្លាតគ្នាចំនួន៥ភាគរយ បើប្រៀបធៀបទៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែល​ការធ្លាក់ចុះនេះមកពីបញ្ហាកូវីដ។​​

ក្រសួងកសិកម្មថា៖ «ការធ្លាក់ចុះតម្លៃស្រូវ ជាពិសេសស្រូវវស្សាក្នុងឆ្នាំ២០២១-២០២២នេះ គឺបណ្តាលមកពីការរាតត្បាតជាសកល​នៃជំងឺ​កូវីដ-១៩ ដែលនាំឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក ជាពិសេសអង្ករក្រអូបបានធ្លាក់ចុះពី ២០% ទៅ ២៥% ព្រមទាំងការ​កាត់​បន្ថយ​ទិញ​ស្រូវពីបណ្តារោងម៉ាស៊ីនកិនស្រូវមួយចំនួន ដែលរងគ្រោះដោយការខាតបង់ដោយសារ​តម្លៃអង្ករក្រអូបនៅទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ»

ប្រភពដដែលបាន​បញ្ជាក់​ថា ដើម្បី​កុំឱ្យ​ប្រជា​កសិករ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​តម្លៃ​ស្រូវ​ប្រាំង​ដែល​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះតម្លៃ ក្រសួង​បាន​ដាក់​​ចេញ​នូវគោលការណ៍​ឱ្យមន្ទីរកសិកម្ម​ត្រូវ​បន្​តចុះណែនាំ​ប្រជា​កសិករ​ក៏​ដូចជា​សហគមន៍​អំ​ពី​បច្ចេកទេស​ផលិតកម្ម​ដំណាំស្រូវ​ឱ្យ​​ទទួល​​​បាន​​ទិន្នផល​ខ្ពស់ និងប​ង្កើនដៃគូ​សហការជាមួយវិស័យឯកជន។​

ក្រសួងកសិកម្ម៖ «អាជ្ញាធរខេត្តត្រូវខិតខំទំនាក់ទំនង និងបង្កលក្ខណៈងាយស្រួល ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ វិស័យឯកជននានា​ក្នុងតំបន់ក្នុងការទទួលទិញស្រូវរបស់កសិករក្នុងតម្លៃសមរម្យ និងជួយសម្រួលឱ្យមានជម្រើសច្រើនដល់កសិករក្នុងការលក់ស្រូវ​ជាជាងលក់​ឱ្យតែ​ឈ្មួញដែលមានលក្ខណៈផ្តាច់មុខ»

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថា ចំណាត់ការដែលក្រសួងកសិកម្មដាក់ចេញនេះ គឺតម្រូវឱ្យមន្ទីរកសិកម្មគ្រប់ខេត្តក្រុងទាំងអស់ចុះណែនាំប្រជាកសិករពីបច្ចេកទេសផលិតកម្មដំណាំស្រូវឱ្យទទួលបានទិន្នផលខ្ពស់ តាមរយៈការប្រើប្រាស់ធាតុចូលកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កាត់បន្ថយការចំណាយ និងធានាបានគុណភាពស្តង់ដារ។ លោកបន្តថា បញ្ហាមួយទៀតដែលនាំឱ្យតម្លៃស្រូវថោកនោះ គឺឈ្មួញទិញច្រើនដំណាក់កាល។​

លោក វេង សាខុន៖ «និយាយរួមឱ្យតែមានបញ្ហាយើងណែនាំហើយ។ តាមពិតទៅតម្លៃ(ស្រូវ)ហ្នឹង ​គឺវាសមស្របទេ ប៉ុន្តែទិញហ្នឹងឈ្មួញ​បីបួនត ដល់ចឹងទៅវាបន្ថោកដល់អ្នកលក់ គ្រាន់តែណែនាំប៉ុណ្នឹងទេ តាមពិតស្រូវវាអត់ថោកអីទេ តម្លៃវាល្អប្រសើរ»

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងកសិកម្មមានគោលការណ៍កាត់បន្ថយការទិញរបស់ឈ្មួញតៗគ្នា​ច្រើនដំណាក់កាល​ដែលធ្វើឱ្យ​ផលិតផល​ស្រូវ​របស់​កសិករមានតម្លៃទាប។ មានន័យថាណែនាំឱ្យម្ចាស់ក្រុមហ៊ុន ឬរោងម៉ាស៊ីនចុះទិញផ្ទាល់ និងធ្វើកិច្ចសន្យាជាមួយកសិករ ដើម្បី​ការពារ​​កុំឱ្យមានបញ្ហាតម្លៃពេលដល់រដូវប្រមូលផល។

លោក វេង សាខុន៖ «អញ្ចឹងបានថា ឱ្យកាត់បន្ថយឈ្មួញទិញតគ្នាហ្នឹង ឱ្យគាត់រោងម៉ាស៊ីនទៅទិញផ្ទាល់ ឬធ្វើកិច្ចសន្យា ធ្វើកសិកម្ម​តាម​កិច្ចសន្យា ដល់ពេលប្រមូលផលបានតម្លៃហ្នឹងកុំឱ្យមានការគេចវេស ព្រោះយើងមានយន្តការរឿងធ្វើកសិកម្មតាមកិច្ចសន្យា ប៉ុន្តែសំខាន់អ្នកដាំ ហើយអ្នកប្រមូលទិញហ្នឹងអត់ទុកចិត្តគ្នា»

លោក វេង សាខុន គូសបញ្ជាក់ថា តំបន់មួយចំនួននៅតែជួបបញ្ហាតម្លៃស្រូវនេះដោយសារតែមិនមានការចុះកិច្ចសន្យាជាមុន ខណៈតំបន់ខ្លះ​ទៀតដែលបានចុះកិច្ចសន្យាទទួលទិញ និងលក់ត្រឹមត្រូវនោះ តម្លៃស្រូវមិនជាបញ្ហានោះទេ តួយ៉ាងដូចជា​ខេត្តព្រះវិហារ​ជាដើម។ ដោយឡែក ថ្មីៗនេះលោកបានចុះទៅខេត្តបាត់ដំបងដែលជាជង្រុកស្រូវដ៏ធំនៅកម្ពុជា ឃើញថានៅតែមានបញ្ហាជុំវិញតម្លៃស្រូវនេះ ដោយសារតែកសិករ និងអ្នកទិញមិនមានការចុះកិច្ចសន្យាជាមុននេះហើយ។

យ៉ាងណាមិញ បើទោះបីជាកានាំចេញស្រូវកាលពីឆ្នាំ២០២១កន្លងទៅ មានការកើនឡើង ប៉ុន្តែអ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា នេះជាសញ្ញាណមួយដែលមិនល្អនោះទេសម្រាប់កម្ពុជា ទោះបីជាចំនួននៃការនាំចេញទិន្នផលស្រូវ​មាន​ការ​កើន​ឡើង​ក៏ពិតមែន ប៉ុន្តែធាតុពិតកសិករបានខាតបង់ប្រាក់ជាច្រើន។ លោកបញ្ជាក់ថា កសិករខាតបង់ដោយសារ កសិករចំណាយខ្ពស់លើពូជ ជី ប្រេង និងថ្នាំពុល។​

លោក យ៉ង សាំងកុមារ៖ «បើយើងមើលឱ្យគ្រប់ជ្រុងជ្រោយទៅ ការកើនឡើងនៃផលិតផលស្រូវ និងការនាំស្រូវចេញហ្នឹង វាគ្រាន់តែរូបភាព​មើល​ទៅឃើញការកើនឡើង ក៏ប៉ុន្តែរូបភាពពិតប្រាកដ គឺកម្ពុជាខាតច្រើនជាងមុន។ បើបញ្ហា និងនិន្នាការហ្នឹងចេះតែបន្តទៀត អានឹងដូចថា យើងស៊ីឈ្នួលឱ្យគេលើដីខ្លួនឯងចឹង»

អ្នកជំនាញកសិកម្មរូបនេះបន្ថែមថា ដើម្បីអាចដោះស្រាយបញ្ហានេះបាន មន្ត្រី និងក្រសួងពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយ​នូវបច្ចេកទេស​ផ្សេងៗ​ជូន​ប្រជាកសិករដើម្បីកាត់បន្ថយការចំណាយ​ ប៉ុន្តែទទួលបានទិន្នផលខ្ពស់ រួមទាំងមានការរៀបចំប្រព័ន្ធធារាសាស្ត្របានឱ្យគ្រប់គ្រាន់ ជាពិសេសបង្កើននូវសមត្ថភាពសម្ងួត និងស្តុកទុកស្រូវនៅក្នុងមូលដ្ឋាន រួមទាំងកែច្នៃជាអង្ករដែលមានលក្ខណៈប្រកួតប្រជែង ជៀសវាងការ​លក់​ចេញស្រូវទាំងសើម ដែលអាចធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ។ ​

លោកថា៖ «ដើម្បីដោះស្រាយបញ្ហាហ្នឹង ទី១.ត្រូវបង្កើនសេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ ដើម្បីគាត់កាត់បន្ថយការ​ប្រើប្រាស់​ជីគីមី​នាំចូល បង្កើនការប្រើប្រាស់ផលិតជីធម្មជាតិក្នុងស្រុក កាត់បន្ថយការប្រើប្រាស់ពូជ រួមចំណែកកាត់បន្ថយថ្លៃដើម និងអាចបង្កើនផល»

គួរជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបញ្ជាក់ថា ការប្រមូលផលស្រូវនៅប្រទេសកម្ពុជានៅឆ្នាំ២០២១ ទទួលបាន​ទិន្នផល​សរុប​ប្រមាណជាង ១២.២១ លានតោន ដែល​មានការកើនឡើងប្រមាណ ១១.៦ ភាគរយ បើធៀបទៅឆ្នាំ២០២០ ក្នុងនោះ​ការ​នាំ​ចេញ​ស្រូវ​ទៅប្រទេសជិតខាងបានចំនួន ៣.៥៣លានតោន។ ដោយឡែក ចំពោះការនាំចេញអង្ករផ្លូវការសម្រេចបានចំនួន ០.៦១៧ លានតោន ថយចុះប្រមាណ ១០.៦៨ ភាគរយ បើធៀបទៅឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ