ក្រុម​មេដឹកនាំ​សហជីព​និង​អ្នក​នយោបាយ​ប្រារព្ធ​ខួប​១៨​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា​

ក្រុមមេដឹកនាំសហជីពនិងអ្នកនយោបាយប្រារព្ធខួប១៨ឆ្នាំនៃឃាតកម្មលើលោក ជា វិជ្ជា នៅមុខរូបសំណាករបស់លោក ជា វិជ្ជា លើសួនច្បារច្រមុះជ្រូកវិមានឯករាជ្យ ខាងជើងវត្តលង្កា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (រូប៖ VOD)

ក្រុម​​មេដឹកនាំ​សហជីព​និង​អ្នកនយោបាយ​ប្រារព្ធខួប​​១៨​​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ការ​ប្រារព្ធ​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​មុខ​រូបសំណាក​របស់​លោក ជា វិជ្ជា លើ​សួន​ច្បារច្រមុះ​ជ្រូក​វិមាន​ឯករាជ្យ ខាង​ជើង​វត្ត​លង្កា រាជធានី​ភ្នំពេញ។

នៅក្នុង​ពិធីនេះ គេឃើញ​មាន​ការចូលរួម និង​ដាក់​កម្រងផ្កា​មេដឹកនាំ​សហជីពធំៗ  សកម្មជនសង្គម និង​អ្នកនយោបាយ ដូចជា លោក រ៉ុង ឈុន លោក អាត់ ធន់ លោក ជា មុនី ប្អូនប្រុស​បង្កើត​របស់លោក ជា វិជ្ជា កញ្ញា សេង ធារី និង​អ្នកនយោបាយ​លោក ថាច់ សេដ្ឋា ជាដើម។ ក្រុមអ្នកចូលរួម​បានឡើង​ថ្លែងការណ៍​ម្តង​ម្នាក់ៗ ជុំវិញ​អនុស្សាវរីយ៍​របស់​ពួកគេ មាន​ចំពោះ​លោក ជា វិជ្ជា និង​វីរភាព​របស់​លោក ជា វិជ្ជា ក្នុង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​របស់​កម្មករ​នៅ​ក្នុងប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។

គួររម្លឹកជូនថា លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត​ក្រោយ​វត្ត​លង្កា រាជធានីភ្នំពេញ។ រយៈពេល១៨ឆ្នាំ​មកនេះ អាជ្ញាធរនៅ​មិនទាន់បាន​នាំ​ខ្លួន​ឃាតករ​ពិតប្រាកដ និង​អ្នកបញ្ជា​នៅ​ពី​ក្រោយខ្នង​យក​មក​ផ្តន្ទាទោស​នោះ​ទេ ក្រៅតែ​ពី​ឃាតករ​សិប្បនិម្មិត​ពីរ​រូប គឺ ប៊ន សំណាង និង សុខ សំអឿន។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយភ្ជាប់នូវរូបថតរបស់លោក ជា វិជ្ជា​ថា នៅថ្ងៃទី​២២ ខែមករា ឆ្នាំ២០២២ យើង​ចងចាំ​ពីការ​ស្លាប់​របស់លោក ជា វិជ្ជា មេដឹកនាំ​សហជីពដ៏​ល្បី​ឈ្មោះ ដែល​ត្រូវបាន​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃត្រង់ នៅទីក្រុង​ភ្នំពេញ កាលពីឆ្នាំ២០០៤។ រយៈពេល ១៨ឆ្នាំ ក្រោយមក ពុំទាន់មានជនណាត្រូវបានចាប់ខ្លួនដើម្បីទទួល​ខុសត្រូវ​ចំពោះការស្លាប់របស់លោកនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ