សហជីព​និង​អ្នក​នយោបាយ​នៅ​តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាប់​ខ្លួន​ជន​ល្មើស​បាញ់​សម្លាប់​លោក ជា វិជ្ជា

លោក រ៉ុង ឈុន អុជធូបគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជា នៅក្នុងពិធីរម្លឹកខួប ១៨ ឆ្នាំនៃឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

ក្រុម​សហជីព សាច់​ញត្តិ ​និង​អ្នក​នយោបាយ​នៅតែ​បន្តទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួនជនល្មើស​ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ដាក់​ទោស​តាមច្បាប់ ដោយ​ថា រយៈពេល​១៨ ឆ្នាំមក​នេះ ជនល្មើស​នៅតែ​មាន​សេរីភាព​នៅ​ឡើយ។

ក្រុមថ្នាក់​ដឹកនាំ​សហជីព និង​អ្នកនយោបាយ​មួយ​ចំនួន នៅ​ថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២នេះ  ​បាន​នាំ​គ្នា​បា្ររព្ធពិធី​រម្លឹក​ខួប​១៨​ឆ្នាំ​នៃការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ល្បី​ឈ្មោះ លោក ជា វិជ្ជា នៅ​មុខ​រូប​សំណាក​របស់​លោក ស្ថិត​នៅ​លើ​សួន​ច្បារច្រមុះ​ជ្រូក​វិមាន​ឯករាជ្យ ខាង​ជើង​វត្ត​លង្កា រាជធានី​ភ្នំពេញ។

ប្រធានសហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បានថ្លែងថា  អស់រយៈពេល ១៨ ឆ្នាំហើយដែលគ្រួសារ សហជីព រួមទាំង​ប្រជាពលរដ្ឋ​រង​ចាំ​ចម្លើយ​និងយុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងគ្រួសាររបស់គាត់។  លោកបន្តថា អាជ្ញាធរកម្ពុជាមិនមែនអសមត្ថភាពក្នុងការស្វែងរក ហើយ​ចាប់ខ្លួនឃាតករ និងអ្នកនៅពីក្រោយ​ខ្នងនៃការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ឡើយ ប៉ុន្តែមក​ពី​គ្មាន​ឆន្ទៈក្នុងការ​រក ទើបបាន​បន្តអូស​បន្លាយ​​ពេល​វេលារយៈពេល ១៨ ឆ្នាំ ហើយនៅតែរកឃាតករ និងអ្នកនៅពីក្រោយខ្នងមិនឃើញ ដែលធ្វើឱ្យជនល្មើសនៅមានសេរីភាព​រហូតដល់​បច្ចុប្បន្ន។

ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក រ៉ុង ឈុន ក៏បានទាមទារឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះលែងថ្នាក់ដឹកនាំសហជីពណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ  និងសកម្មជនដទៃទៀត រួមទាំងសកម្មជននយោបាយឱ្យមានសេរីភាព ដោយឥតលក្ខខ័ណ្ឌផងដែរ ដោយថា ពួកគាត់ទាំង​អស់​មិនបានប្រព្រឹត្តបទល្មើស «ញុះញង់ និងរួមគំនិតក្បត់» ដូចអាជ្ញាធរ និងតុលាការកម្ពុជាបានចោទប្រកាន់ឡើយ ដោយសារសកម្មភាព​ពួកគាត់ធ្វើនោះ ធានាដោយច្បាប់ជាតិ និងអន្តរជាតិ។

លោកថា៖ «ការដែលមិនមានឆន្ទៈហ្នឹងហើយ បានអូសបន្លាយរយៈពេលអស់១៨ ឆ្នាំ ពុំឃើញពន្លឺយុត្តិធម៌​ ទុកឱ្យជនដៃដល់ និងអ្នកនៅពី​ក្រោយ​ខ្នងជនដៃដល់​មានសេរីភាព១៨ ឆ្នាំ អំពើនិទណ្ឌភាពនៅតែបន្ត។ ខ្ញុំយល់ថា ​អាជ្ញាធរកម្ពុជាសមល្មមបញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា​ហើយ។ ការបាញ់សម្លាប់ ការចាប់ចង ចាប់ដាក់ពន្ធនាគារ មិនមែនជាដំណោះស្រាយសម្រាប់ពលរដ្ឋ និងកម្មករនៅកម្ពុជាទេ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានលើកឡើងដែរថា  ឃាតកម្មលើលោក ជា វិជ្ជា កាលពី ១៨ ឆ្នាំមុន មិនមែនជារឿង​ចៃដន្យ​ទេ ដោយថា ឃាតកម្មនេះ បណ្ដាលមកពីប៉ះពាល់ផលប្រយោជន៍​ក្រុមហ៊ុន ឬបុគ្គលណាមួយ ដែលធ្វើឱ្យគេមិនសប្បាយចិត្ត ខណៈ​លោក​ជាសហជីពម្នាក់ក្លាហ៊ានតស៊ូមតិ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍កម្មករ។

លោកបន្តថា ការបាញ់សម្លាប់មេដឹកនាំសហជីពទាំងកណ្ដាលថ្ងៃនៅចំកណ្តាលរាជធានីភ្នំពេញបែបនេះ វាបានឆ្លុះបញ្ចាំងពីគំរូអាក្រក់មួយ ដែលកម្ពុជាមិនគួរឱ្យកើតមានឡើងតទៅទៀតឡើយ ប៉ុន្តែរយៈពេល១៨ឆ្នាំ សមត្ថកិច្ចមិនទាន់រកឃើញឃាតករ និងអ្នកនៅពីក្រោយករណី​នេះឡើយ។ បន្ថែមពីនេះ លោកថា រដ្ឋធម្មនុញ្ញកម្ពុជាបានទទួលស្គាល់រាល់កតិកាសញ្ញាអន្តរជាតិផ្សេងៗ ដោយអាជ្ញាធររដ្ឋត្រូវការពារ​និង​ទប់ស្កាត់​រាល់អំពើទាំងឡាយណាដែលប្រឆាំងអង្គការ រួមទាំងសង្គមដែលធ្វើដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ​ ប៉ុន្តែសម្រាប់កម្ពុជាវិញ​ហាក់បាន​ដើរផ្ទុយទៅវិញ។

លោកថា៖ «បើសិនចាប់ជនល្មើសមិនបាន ទុកឱ្យជនល្មើសរួចខ្លួន​ អ៊ីចឹងវាបង្កើតវប្បធម៌និទណ្ឌភាព អ្នកប្រព្រឹត្តនៅក្រៅច្បាប់ អ្នកប្រព្រឹត្ត​រួច​ខ្លួន។ បើសិនជាអ្នកនេះ ដោយសារសមត្ថភាពរបស់រដ្ឋរកមិនឃើញ ​ឬអាជ្ញាធររកមិនឃើញ ឬដោយសារមានការលាក់កំបាំងណាមួយ វាកាន់​តែ​​​បង្កើតឱ្យមានវប្បធម៌និទណ្ឌភាពដែរ ហើយបង្កើតឱ្យមានការឈឺចាប់កាន់តែខ្លាំង មានន័យថា ជនដែលបង្កកាន់តែប្រព្រឹត្ត ហើយជា​តំណាង​សហជីព នយោជកដែលជាថៅកែ ឬអ្នកនៅពីក្រោយកាន់តែមានឱកាសកាន់តែប្រព្រឹត្ត ហើយទទួលបានប្រយោជន៍ទ្វេដង»

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ​ និយាយថា កម្មករ និយោជកទទួលបាន​ប្រាក់ខែឡើង​ជាបន្ត​បន្ទាប់មកដល់ពេលបច្ចុប្បន្ន គឺដោយសារការរួមចំណែករបស់លោក ជា វិជ្ជា។  លោកបន្តថា រដ្ឋាភិបាលដល់ពេលបង្ហាញពីស្នាដៃរបស់ខ្លួន ក្នុង​ការចាប់ឃាតករសម្លាប់ លោក ជា វិជា្ជ រួមទាំងអ្នកផ្សេងទៀត ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

លោកថា៖ «អ្នកខ្លះស្លាប់បាត់បង់ជីវិតនៅលើផ្លូវវេងស្រេង  អ្នកខ្លះត្រូវបានគេចាប់ដាក់ពន្ធនាគារ អ្នកខ្លះត្រូវបានបន្សល់ជំងឺមកដល់សព្វថ្ងៃ ដោយសារប្រាក់ខែកម្មករ។ ក្រឡែកមកមើលលោក ជា វិជ្ជា វិញ លះបង់រហូតមកដល់ស្លាប់បាត់បង់ជីវិត ដូច្នោះ ក្នុងថ្ងៃនេះ ខ្ញុំសូមអំពាវនាវ​ទាំងក្នុង និងក្រៅប្រទេស បើបងប្អូនមិនបានចូលរួមនៅទីនេះទេ សូមបងប្អូនដាក់រូបថត [ជា វិជ្ជា] បង្ហោះហ្វេសប៊ុករៀងរាល់ឆ្នាំនៅថ្ងៃទី២២ ខែមករានេះ»

ចំណែកប្រធានស្តីទី និងជាអ្នកនាំពាក្យ​គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក៏បានលើកឡើង​អំឡុងពេលទៅប្រារព្ធពិធីនោះដែរថា ការ​យឺត​យ៉ាវ​ក្នុងការស្វែងរកយុត្តិធម៌ នឹងបង្កើតឱ្យមានការឈឺចាប់សម្រាប់គ្រួសារ រួមទាំងប្រជាព​លរដ្ឋខ្មែរ ខណៈឃាតកម្មលើអ្នកមាន​កេរ្តិ៍​ឈ្មោះ​ល្បី​នា​ពេល​កន្លង​មក ក៏មិនទាន់មានពន្លឺយុត្តិធម៌ដែរ។

ក្រុមសហជីព និងអ្នកនយោបាយទាំងនោះ បានអំពាវនាវឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនឹងទាំងអស់ ឱ្យចាប់ផ្ដើមស្រាវជ្រាវ និងស៊ើប​អង្កេត​ឡើងវិញ ដើម្បីចាប់ខ្លួនអ្នកប្រព្រឹត្តនិងអ្នកនៅពីក្រោយខ្នង ដោយផ្ដល់យុត្តិធម៌ ហើយសំណងជូនគ្រួសារ ក៏ដូចជាជនរងគ្រោះ សង្គម​ជាតិ​​ផង​ដែរ។ បន្ថែមពីនេះ ត្រូវដោះលែងថ្នាក់ដឹកនាំសហជីពណាហ្គា វើលដ៍ សកម្មជនសង្គម រួមទាំងអ្នកនយោបាយជាដើម ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​ជាប់ពន្ធនាគារ ដោយសារការចោទប្រកាន់របស់អាជ្ញាធរនិងតុលាការ បើទោះបីពួកគេតស៊ូមតិ ដោយអហិង្សា និងធានា​ដោយ​ច្បាប់​​ជាតិ និង​អន្តរជាតិក៏ដោយ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវសំណុំរឿងនេះដដែល ប៉ុន្តែ​ទាមទារ​ឱ្យ​មានការចូលរួមពីប្រជាពលរដ្ឋផងដែរ។

លោកថា៖ «រាជរដ្ឋាភិបាលបានអំពាវនាវបើសិនជាជនរូបណាដែលលោកបានដឹងតម្រុយប្លែកដែលអាចនាំឱ្យយើងចាត់វិធានការបាន សូម​មេត្តា​យក​មកដាក់កន្លែងព្រះរាជអាជ្ញារឬ​អយ្យការ​ ដើម្បី​បន្តការងារនឹងតទៅទៀត។ ភារកិច្ចហ្នឹងមិនមែនចង្អុលអ្នកណាម្នាក់ត្រូវតែធ្វើណា ភារកិច្ចហ្នឹងត្រូវតែធ្វើទាំងអស់គ្នា   ព្រោះជនដៃដល់គេចខ្លួន យើងវាមិនបានដឹង ហើយ សមត្ថកិច្ចពេលនោះក៏ចំហរចន្លោះដែរ វាអត់មាន​បាន​ដាក់​មនុស្សឈរតាមការពារគាត់រហូតណា»

លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤ នៅ​តូប​លក់​កាសែត​ក្រោយ​វត្ត​លង្កា រាជធានីភ្នំពេញ។ រយៈពេល១៨ឆ្នាំ​មកនេះ អាជ្ញាធរនៅ​មិនទាន់បាន​នាំ​ខ្លួន​ឃាតករ​ពិតប្រាកដ និង​អ្នកបញ្ជា​នៅ​ពី​ក្រោយខ្នង​យក​មក​ផ្តន្ទាទោស​នោះ​ទេ ក្រៅតែ​ពី​ឃាតករ​សិប្បនិម្មិត​ពីរ​រូប គឺលោក ប៊ន សំណាង និង សុខ សំអឿន។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយភ្ជាប់នូវរូបថតរបស់លោក ជា វិជ្ជា​ ថា នៅថ្ងៃទី​២២ ខែមករា ឆ្នាំ២០២២ យើង​ចងចាំ​ពីការ​ស្លាប់​របស់លោក ជា វិជ្ជា មេដឹកនាំ​សហជីពដ៏​ល្បី​ឈ្មោះ ដែល​ត្រូវបាន​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃត្រង់ នៅទីក្រុង​ភ្នំពេញ កាលពីឆ្នាំ២០០៤។ រយៈពេល ១៨ឆ្នាំ ក្រោយមក ពុំទាន់មានជនណាត្រូវបានចាប់ខ្លួនដើម្បីទទួល​ខុសត្រូវ​ចំពោះការស្លាប់របស់លោកនៅឡើយទេ។

ក្រៅពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ក៏បានចេញសេចក្តីថ្លែងការណ៍​ដោយ​បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ វែកមុខរកឃាតករពិត និងអ្នកនៅពីក្រោយខ្នងក្នុងអំពើឃាតកម្មលើលោក ជា វិជ្ជា ដើម្បីយកមកផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។​ បន្ថែមលើនេះ គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយនេះ ក៏អំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេស​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីសឆ្នាំ១៩៩១ ដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជាឱ្យរៀបចំ​ការស៊ើបអង្កេត​ជាថ្មី​ឡើង​វិញ ប្រកប​ដោយឯករាជ្យ តម្លាភាព និងការទទួលខុសត្រូវពិតប្រាកដ ក្នុងការស្វែងរកយុត្តិធម៌ជូនលោក ជា វិជ្ជា និងក្រុមគ្រួសារព្រមទាំង​ជន​រងគ្រោះ​ទាំងឡាយដែលត្រូវបានសម្លាប់ក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា។

ចំណែកក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២១ មករា ដោយ​អំពាវនាវឱ្យ​រកយុត្តិធម៌​ជូន​ក្រុម​គ្រួសារ​លោក ជា វិជ្ជា ក្នុង​ខួប១៨​ឆ្នាំនេះ។ សេចក្តីថ្លែងការណ៍បានចោទជាសំណួរថា តើពន្លឺយុត្តិធម៌នៅឯណា សម្រាប់លោក ជា វិជ្ជា រយៈពេល ១៨ ឆ្នាំមកនេះ?៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ