​​​​កូវីដ-១៩ ប្រភេទ​«អូមីក្រុង»​ឆ្លង​ចូល​សហគមន៍​កើនឡើង​ជាង​២០០​ករណី​  ​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ថ្មី «អូមីក្រុង» បានឆ្លងចូលក្នុងសហគមន៍សរុបមានចំនួនកើនឡើងជាង២០០ករណីហើយ បន្ទាប់ពីរកឃើញករណីឆ្លងជំងឺប្រភេទថ្មីនេះមានចំនួន៤០ករណីបន្ថែមទៀតកាលពីម្សិលមិញ។ ​

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ​អ្នក​ជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង» ដែលរកឃើញឆ្លងថ្មីកាលពីម្សិលមិញមានចំនួន ៤០​នាក់។ អ្នកជំងឺទាំងនោះ មាន២៥ករណីជាការរកឃើញឆ្លងចូល​ក្នុងសហគមន៍ និង១៥ករណីទៀតជាការនាំចូលពីក្រៅប្រទេស​។ ដោយឡែក ករណីស្លាប់ថ្មីគ្មានឡើយ ដែលធ្វើឱ្យកម្ពុជាមិនមានករណីស្លាប់ដោយកូវីដ-១៩ រយៈពេល២០ថ្ងៃជាប់ៗគ្នា។ ប្រភពដដែលក៏បានបញ្ជាក់ថា សម្រាប់អ្នកជំងឺព្យាបាលជាសះស្បើយថ្មី​​មានចំនួន១៩នាក់បន្ថែមទៀតផងដែរ​​។

ក្រសួងបញ្ជាក់ថា មកទល់ព្រឹកថ្ងៃចន្ទនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប២១៤ករណី ប៉ុន្តែមិនមានសេចក្ដីរាយការណ៍បញ្ជាក់ពីករណីស្លាប់ដោយសារវីរុសបំប្លែងថ្មីមួយនេះឡើយ​។

គិតត្រឹមព្រឹកថ្ងៃដដែលនេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២១ ០៦៦នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៧ ២៣២នាក់ អ្នកស្លាប់​​ចំនួន​៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន២០ ២៦៨នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ