កូដករ​ណាហ្គាវើលដ៍​បដិសេធ​ការ​អះអាង​របស់​ក្រុមហ៊ុន​ដែលថា​តែងតែ​លើក​ទឹកចិត្ត​សហជីព

ក្រុមកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយការងារនៅក្រុមហ៊ុនល្បែងមួយនេះ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ (គួយ ឡង់ឌី)

បុគ្គលិកតវ៉ានៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ចាត់ទុកខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ដែល​អះអាង​ថា «តែងតែលើកទឹកចិត្តសហជីព» ថាជារឿងមិនពិត​ ខណៈ​ថ្នាក់ដឹក​នាំនិង​សហជីពជិត១០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។

ក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២​ ដោយ​​អះ​អាង​​​ពី​ការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះសុខុមាលភាពបុគ្គលិកដោយ​មិនគិតពីឋានៈ និង​បង្ហាញពីឥរិយាបថមិនលម្អៀង ​ហើយបើកទូលាយ​ចំពោះ​បុគ្គលិក​​ដែលជាសមាជិកសហជីពថែមទៀតផង។

សេចក្ដីថ្លែងការណ៍នោះបន្តថា ក្រុមហ៊ុន​មិន​​បាន​​យក​ហេតុផលសមាជិក​ភាព​សហជីព​ជាលក្ខ​ខណ្ឌ​​ក្នុង​ការ​​សម្រេច​កាត់បុគ្គលិកដូចការចោទ​ប្រកាន់​របស់​​សហជីពឡើយ។

ក្រុមហ៊ុនណាហ្គាវើលដ៍សរសេរថា៖ «ក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្លាំង​លើការការពារប្រយោជន៍និងសិទ្ធិ ចំពោះសុខុមាល​ភាព​​បុគ្គលិក ក្រុមហ៊ុនតែងតែលើកទឹកចិត្តនិងសង្កត់ធ្ងន់ឱ្យបុគ្គលិកបង្កើតសហជីព ចាប់តាំងពីពេលក្រុមហ៊ុនចាប់កំណើតក្នុងឆ្នាំ​១៩៩៥មកម្ល៉េះ»។

សកម្មជនសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ អ្នកស្រី គឹម ពិសី លើក​ឡើង​​ថា នៅថ្ងៃទី​២៤ ខែមករា​នេះ គឺជាថ្ងៃទី៣៧ហើយដែលបុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​​​​​​បានធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ ខណៈថ្ងៃដដែលនេះ​ជាថ្ងៃទី​​២៥​​​ ដែលថ្នាក់ដឹកនាំសហជីពត្រូវបានចាប់និងឃុំខ្លួន។

អ្នកស្រីបន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍មិនបានលើកទឹកចិត្តសហជីពដូចសេចក្ដីថ្លែងការណ៍របស់​ខ្លួន​​ឡើយ។

អ្នកស្រី គឹម ពិសី និយាយថា៖ «អត់បានលើកទឹកចិត្តផង! ធម្មតាបងអើយ! គេមិនដែលនិយាយ​ឱ្យខ្លួនគេអាក្រក់ទេ គេនិយាយឱ្យតែខ្លួនគេល្អ ខ្លួនគេត្រឹមត្រូវតែប៉ុណ្ណឹង! បើលើកទឹកចិត្តបុគ្គលិក គ្មាន​នរណា​ចេញមកតវ៉ា​រាប់ពាន់នាក់អ៊ីចឹងទេ បងឯងដឹងតែប៉ុណ្ណឹងទៅ! មនុស្សណាសុខចិត្តចេញមក​ហាល​ក្ដៅ ហាលភ្លៀង អត់ងងុយស្អុយភ្នែកខ្លួនឯង អស់សាំងអស់អីខ្លួនឯង។»

ចំណែកអ្នកស្រី កង ផារី ដែលជាអ្នកតវ៉ាក្នុងចំណោមបុគ្គលិក​ជាង១ ០០០នាក់​ផ្សេងទៀត និយាយ​ស្រដៀង​គ្នាដែ​រ​ថា ក្រុមហ៊ុនមិនបានការពារបុគ្គលិកដែលជាសមាជិកសហជីព និងមិន​បានលើកទឹកចិត្តបុគ្គលិក​​ដូចអ្វីដែល​អះអាង​ឡើយ។

អ្នកស្រីថា៖ «និយាយទៅ ​ធ្វើឱ្យតែល្អមើល តែមិនល្អស៊ី។ បើនិយាយភាសាសាមញ្ញ ធ្វើឱ្យគេខាងក្រៅមើល​​ទៅគិត​ថា​គាត់​ស្រឡាញ់កូនចៅ ស្រឡាញ់បុគ្គលិកណាស់ មើលថែគ្រប់យ៉ាង ប៉ុន្តែការពិតគឺវាផ្ទុយ»។

អ្នកតវ៉ាមួយរូបទៀត គឺលោក ប៉េង សោភា លើកឡើងថា លោកបានឮខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍របស់​ក្រុម​ហ៊ុននេះ​ច្រើនលើកច្រើនសារមកហើយ។

លោកអះអាងថា៖ «ក្រុមហ៊ុនតែងតែថាខ្លួនឯងមិនដែលរំលោភសិទ្ធិសហជីព តែធាតុពិតក្នុងគម្រោងកាត់បន្ថយបុគ្គលិកនេះ គឺដើម្បីតែរំលាយសហជីពទាំងស្រុង ដោយសារតែក្នុងគម្រោងនេះ អ្នកដែលមានឈ្មោះកាត់ គឺថ្នាក់ដឹកនាំសហជីពទាំងអស់ និងអ្នកសកម្មការងារជាមួយសហជីព»។

លោក ប៉េង សោភា បន្តថា បើទោះក្រុមហ៊ុន​ណាហ្គាវើលដ៍ចេញសេចក្ដីថ្លែងការណ៍បែបនេះក៏ដោយ ក្រុមកូដករនៅតែបន្តតវ៉ាទាមទារឱ្យក្រុមហ៊ុនចូលតុចរចា ដើម្បីដោះស្រាយនូវសំណើទាំង៩ចំណុច ហើយត្រូវដោះលែងថ្នាក់ដឹកនាំសហជីពដែលជាតំណាងចរចារបស់ពួកគាត់ដែលកំពុងតែជាប់​ឃុំនៅគុកព្រៃស។

តំណាង​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ លោក Mike Ngai បដិសេធឆ្លើយតបជាមួយវីអូឌីនៅថ្ងៃចន្ទនេះ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍​ថា ក្រសួងការងារនៅតែបន្តបំពេញតួនាទីជាអ្នកសម្របសម្រួលសម្រាប់បុគ្គលិកដែលមានបំណង​ចង់បានការសម្របសម្រួល។

លោកបន្តថា៖ «នោះគឺការយល់ឃើញរបស់គាត់ គ្មានអ្នកណាមួយដែលអាចបង្ខំការយល់ឃើញរបស់គាត់បានទេ។ អ្វីដែលយើងនិយាយ គឺមានតែផ្អែកទៅលើការពិត ហើយនិងការប្រៀបធៀប ហើយនិងចរិតលក្ខណៈនៃអាជីវកម្មនីមួយៗ ក៏ដូចជាសកម្មភាពសេដ្ឋកិច្ចនីមួយៗអ៊ីចឹង»។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងថា ខ្លឹមសារដែលក្រុមហ៊ុនលើកឡើង គឺផ្ទុយពីការអនុវត្តជាក់ស្ដែង។ លោកថា ចាប់តាំងពីឆ្នាំ​២០០៩ រហូតដល់ឆ្នាំ​២០១៣ ក្រុមហ៊ុនធ្លាប់បានធ្វើទុក្ខបុកម្នេញ​សហជីព ដោយ​បញ្ឈប់ថ្នាក់ដឹកនាំសហជីព ប្រតិភូសហជីពជាលក្ខណៈទ្រង់ទ្រាយធំ រហូតមានការ​ប្ដឹងទៅ​អង្គការអន្តរជាតិ និងប្ដឹង​តុលាការជាដើម។

លោក ឃុន ថារ៉ូ បន្តថា មកដល់ឆ្នាំ២០២០ ក្រុមហ៊ុនល្បែងមួយនេះ​នៅតែ​​បន្តគំរាមកំហែងថ្នាក់​ដឹក​នាំនិងសមាជិកសហជីព នៅពេលដែលអ្នកទាំងនោះជំរុញឱ្យក្រុមហ៊ុន​មានការដំឡើងប្រាក់ឈ្នួលសមរម្យ និង​ទាមទារ​ឱ្យ​មាន​សុវត្ថិភាពនៅកន្លែងការងារ។

លោកបានគូសបញ្ជាក់ថា៖ «​អ៊ីចឹង​វិធានការចុងក្រោយនេះ វាបង្ហាញជាក់ស្ដែងហើយថា ការ​បញ្ឈប់មេដឹកនាំ​សហជីព សកម្មជនសហជីព ដែលជាង៨០ភាគរយ​ ភាគច្រើនពួកគាត់ជាសមាជិក ថ្នាក់ដឹកនាំ សកម្មជន​សហជីព។ អ៊ីចឹងអាហ្នឹងគឺវាច្បាស់លាស់ហើយ រឿងដែលក្រុមហ៊ុន​ថាគាត់មិនរើស​អើង​សហជីពហ្នឹង។ ខ្ញុំគិតថាវាផ្ទុយពីការអនុវត្តជាក់ស្ដែង»។

លោ​ក ឃុន ថារ៉ូ មើលឃើញថា វិវាទការងារក្រុមហ៊ុនល្បែងមួយនេះអាចដោះស្រាយបាន លុះត្រាដោះលែងថ្នាក់ដឹកនាំសហជីព និងដោះស្រាយ​ជាកញ្ចប់​ដើម្បី​បញ្ចប់រឿង ទើបអាចទៅរួច។

សហព័ន្ធសហជីពអន្តរជាតិ បានផ្ញើលិខិតមួយកាលពីថ្ងៃទី១៨ ខែមករា ​ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងថា វិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ គឺកើតចេញពីការបរាជ័យជាយូរណាស់មកហើយពីសំណាក់ភាគី​ក្រុមហ៊ុន​ ក្នុងការគោរពសិទ្ធិកម្មករនិងសហ​ជីព​ ចំពោះកិច្ចចរចា​ដោយស​មូហភាព​ ដើម្បីទទួលបានប្រាក់ឈ្នួលនិងលក្ខខណ្ឌការ​ងារ​កាន់​តែ​ប្រសើរ​។

លិខិតនោះបន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាល​លើ​​ការ​ងារ សុវត្ថិភាព និងការការពារសុខភាពក្នុងអំឡុងពេលមាន​ជំងឺ​​កូវីដ-១៩នោះទេ។​

ផ្ទុយទៅវិញ​ បុគ្គលិកនិយោជិតចំនួន១ ៣២៩នាក់ត្រូវ​បាន​​បញ្ឈប់​ពី​ការងារ ដោយ​មិន​បានពិគ្រោះ​​យោបល់​ក្រោម​ច្បាប់​ការងារ​កម្ពុជា​ ខណៈក្នុងចំណោមនោះមានចំនួន១ ១០០នាក់គឺ​ជា​សមាជិក​សហជីពផងដែរ។

​​កាលពីថ្ងៃទី៥ ខែមករា​ ថ្នាក់ដឹកនាំនិង​សកម្មជន​សហជីព​ចំនួន​៨នាក់ ក្នុងនោះ​មាន​ប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុន​​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផង ត្រូវ​បាន​​តុលាការសម្រេច​​ឃុំខ្លួនបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ​ក្រោយពីពួកគេធ្វើកូដកម្មអហិង្សាទាម​ទារគោរពសិទ្ធិសហជីព និងលក្ខខណ្ឌការ​ងារ​​​​ប្រសើរ​ក្នុងក្រុមហ៊ុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ