សន្ទស្សន៍​អំពើ​ពុករលួយ​កម្ពុជា​ឆ្នាំ២០២១​មាន​ភាព​ប្រសើរ​តិចតួច​បើ​ធៀប​ឆ្នាំមុន

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

​កម្ពុជាទទួលបាន ២៣ពិន្ទុ នៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ​ប្រចាំឆ្នាំ២០២១ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ លើ១៨០ប្រទេសនិងដែនដី ខណៈពិន្ទុ​នេះបង្ហាញថាកម្រិតអំពើពុករលួយ​ក្នុងប្រទេសក្រីក្រមួយនេះមានភាពប្រសើរតិចតួចប៉ុណ្ណោះ បើធៀបឆ្នាំមុន។​

កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានពិន្ទុ២១ ដោយជាប់ចំណាត់ថ្នាក់ទី១៦០ លើ១៨០ប្រទេសនិងដែនដី។

ទោះជាយ៉ាងនេះក្ដី កម្ពុជានៅតែគេមើលឃើញថា ជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ ដោយជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ និងចំណាត់ថ្នាក់ទាបបំផុតទី៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (TI) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនៅថ្ងៃទី២៥ ខែមករានេះ បានឱ្យដឹងថា វិស័យសំខាន់ពីរដែលបានជួយបន្ថែមពិន្ទុឱ្យកម្ពុជានៅឆ្នាំនេះ គឺបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាមានភាពល្អប្រសើរជាងមុន ខណៈវិស័យយុត្តិធម៌សង្គមនៅតែស្ថិតនៅក្នុងស្ថានភាពអាក្រក់ដដែល។

យោងតាមរបាយការណ៍ដដែលបានដាក់ពិន្ទុឱ្យប្រទេសចំនួន១០ជាប្រទេសដែលស្អាតស្អំ ឬស្ទើរតែគ្មានអំពើពុករលួយនោះ រួមមាន ប្រទេសដាណឺម៉ាក ហ្វាំងឡង់ នូវែលសេឡង់ ន័រវេស សិង្ហបុរី ស៊ុយអែត ស្វីស ហូឡង់ លុចសំបួរ និងប្រទេសអាល្លឺម៉ង់។

ចំណែកឯប្រទេសដែលមានសន្ទស្សន៍អំពើពុករលួយធ្ងន់ធ្ងរដែលមានពិន្ទុក្រោម២០ រួមមាន ប្រទេសប៊ូរុនឌី សាធារណរដ្ឋកុងហ្គោ តួកម៉េនីស្ថាន ហ្គីណេអេក្វាទ័រ លីប៊ី អាហ្វហ្គានីស្ថាន កូរ៉េខាងជើង យេម៉ែន វ៉េណេស៊ុយអេឡា សូម៉ាលី ស៊ីរី និងប្រទេសស៊ូដង់ខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ