ប្រព័ន្ធ​យុត្តិធម៌​បន្ត​ទាញទម្លាក់​សន្ទស្សន៍​អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅ​ឆ្នាំ២០២១

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

កម្ពុជាទទួលបាន២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ នៅក្នុងតារាងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ​ប្រចាំឆ្នាំ២០២១ របស់​​អង្គការតម្លាភាពអន្តរជាតិ ខណៈពិន្ទុ​នេះបង្ហាញថា កម្រិតអំពើពុករលួយ​ក្នុងប្រទេសក្រីក្រមួយនេះមានភាពប្រសើរតិចតួចប៉ុណ្ណោះ។​

នៅក្នុងរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (TI) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា បានឱ្យដឹងថា កម្ពុជាទទួលបាន ២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ នៅក្នុងតារាងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ​ប្រចាំឆ្នាំ២០២១ ដោយស្ថិតនៅចំណាត់ថ្នាក់​ទី​១៥៧ លើ១៨០ប្រទេស។ របាយ​ការណ៍​ដដែលបន្ត​ថា វិស័យសំខាន់២ដែលបានជួយបន្ថែមពិន្ទុឱ្យកម្ពុជានោះ គឺ​បរិយាកាសវិនិយោគ និ​ង​ធុរកិច្ច​​ ដែល​មានភាពល្អប្រសើរជាងមុន ខណៈវិស័យយុត្តិធម៌សង្គមបានបន្តធ្លាក់​ចុះជាង​មុន បើធៀបនឹងឆ្នាំ២០២០។

កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានពិន្ទុ២១ ដោយជាប់ចំណាត់ថ្នាក់ទី១៦០ លើ១៨០ប្រទេសឬដែនដី។

ទោះជាយ៉ាងនេះក្ដី កម្ពុជានៅតែត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ ដោយជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេស​ជាសមាជិកអាស៊ានចំនួន១០ និងជាប់ចំណាត់ថ្នាក់ទាបបំផុតទី៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) លោក ប៉ិច ពិសី បានថ្លែងថា ប្រព័ន្ធយុត្តិធម៌ គឺជាចំណុចស្នូលនៃការគ្រប់គ្រងប្រទេសដោយនីតិរដ្ឋ។ លោកបន្តថា ការអនុវត្តច្បាប់អាច​ធ្វើទៅបានទាល់តែប្រព័ន្ធយុត្តិធម៌ឯករាជ្យ ហើយអាចផ្ដល់យុត្តិធម៌ដល់គ្រប់ភាគីពាក់ព័ន្ធ ប៉ុន្តែបើប្រព័ន្ធយុត្តិធម៌ធ្លាក់ចុះ នឹងបង្កឱ្យមានការបែងចែកវណ្ណៈនិងសង្គមរវាងអ្នកមាននិងអ្នកក្រ។

លោកថា៖ «បើសិនជាយើងពិនិត្យទៅលើព័ត៌មានលម្អិត ហើយទិន្នន័យដែលយើងទទួលបានជាប្រភពព័ត៌មានដែលយើងសិក្សាហ្នឹង គឺយើងឃើញថាមានការកើនឡើងជាវិជ្ជមាននៅក្នុងដំណើរការ ឬក៏ការកែទម្រង់របស់រដ្ឋាភិបាល នៅក្នុងការជំរុញ​វិស័យធុរកិច្ចឱ្យមានភាពល្អប្រសើរជាងមុន។ នៅក្នុងនោះ យើងឃើញមានការកើនឡើងជាវិជ្ជមាននៅក្នុងវិស័យការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាពិសេសការអនុលោមនៅក្នុងវិស័យឯកជនហ្នឹង។ ហើយ​ខ្ញុំគិតថា ជាចំណុចវិជ្ជមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការធ្វើកិច្ចការហ្នឹង»។

លោក​បន្ថែមថា៖ «ទី២ គឺខ្ញុំអាចសន្និដ្ឋានជារួមថា មានការថយចុះនៃអំពើពុករលួយខ្នាតតូច ពិសេសពាក់ព័ន្ធការកាត់បន្ថយអំពើពុករលួយនៅក្នុងការផ្ដល់សេវាសាធារណៈ គឺល្អជាងមុន។ ប៉ុន្តែមិនមែនមានន័យថា យើងអត់មានអំពើពុករលួយទេ យើងនៅតែមាន ហើយត្រូវដោះស្រាយច្រើនទៀត គ្រាន់តែថាល្អជាងឆ្នាំទៅ»។

លោក ប៉ិច ពិសី បានបន្តទៀត​​ថា៖ «ព័ត៌មានបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅតែជាបញ្ហាហើយ​ជោកជាំដោយសារអំពើពុករលួយដែលត្រូវការយកចិត្តទុកដាក់។ ហើយជាថ្មីម្ដងទៀត ខ្ញុំ​សូមលើកទឹកចិត្ត ហើយជាពិសេសបានឮការតាំងចិត្តរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិ​ធម៌​​ហ្នឹង ដែលគាត់មានប្រសាសន៍ថា ជំរុញ​ប្រព័ន្ធយុត្តិធម៌ស្អាតស្អំ កុំឱ្យមានអំពើពុករលួយ ជាពិសេសការពាក់ព័ន្ធរបស់ព្រះរាជអាជ្ញានិងចៅក្រម​ផ្សេងៗនៅក្នុងបញ្ហាអំពើពុករលួយ ហើយនិងអ្នកអនុវត្តច្បាប់ផ្សេងៗទៀត»។

ពិន្ទុនិងចំណាត់ថ្នាក់អំពើពុករលួយកម្ពុជាឆ្នាំ២០២១ ដែលត្រូវបានវាយតម្លៃដោយអង្គការតម្លាភាពអន្តរជាតិនេះ បានផ្អែកលើសូចនាករ ឬ​លក្ខណៈវិនិច្ឆយចំនួន​៨ ក្នុងនោះ រួមមាន របាយការណ៍ស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ និងឆ្នាំ២០២០, របាយការណ៍ពីទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០២០ និងឆ្នាំ២០២១, ចំណាក់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកលឆ្នាំ២០១៩ និងឆ្នាំ២០២០, ចំណាត់ថ្នាក់ហានិភ័យប្រចាំឆ្នាំរបស់ទីភ្នាក់ងារសេដ្ឋវិទូ ឆ្នាំ២០២០ និងឆ្នាំ២០២១, គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ ឆ្នាំ២០២០ និងឆ្នាំ២០២១ និងសន្ទស្សន៍ស្តីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០២០ និងឆ្នាំ២០២១ ជាដើម។

របាយការណ៍បន្តថា ក្នុងនោះ ​​វិស័យយុត្តិធម៌ បានធ្លាក់ចុះ១ពិន្ទុ ពី១៤ពិន្ទុ នៅឆ្នាំ២០២០ មក១៣ពិន្ទុ នៅឆ្នាំ២០២១ ខណៈវិស័យធុរជនបានកើនពិន្ទុពី៣៥ នៅឆ្នាំ២០២០ ដល់ ៤២ពិន្ទុ នៅឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងប្រធានអង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនទាន់អាចសុំការ​ឆ្លើយតបចំពោះការលើកឡើងនៅក្នុងរបាយការណ៍វាយតម្លៃនេះទេ នៅថ្ងៃអង្គារនេះ។

យោងតាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិនេះ ក៏បានដាក់ពិន្ទុឱ្យប្រទេសចំនួន​១០ជាប្រទេសដែលស្អាតស្អំ ឬស្ទើរតែគ្មានអំពើពុករលួយនោះ រួមមាន ប្រទេសដាណឺម៉ាក ហ្វាំងឡង់ នូវែលសេឡង់ ន័រវេស សិង្ហបុរី ស៊ុយអែត ស្វីស ហូឡង់ លុចសំបួរ និងប្រទេសអាល្លឺម៉ង់។ ខណៈប្រទេសដែលមានកម្រិតអំពើពុករលួយធ្ងន់ធ្ងរ រួមមាន ប្រទេសប៊ូរុនឌី សាធារណរដ្ឋកុងហ្គោ តួកម៉េនីស្ថាន ហ្គីណេអេក្វាទ័រ លីប៊ី អាហ្វហ្គានីស្ថាន កូរ៉េខាងជើង យេម៉ែន វ៉េណេស៊ុយអេឡា សូម៉ាលី ស៊ីរី និងប្រទេសស៊ូដង់ខាងត្បូង។

របាយការណ៍អង្គការតម្លាភាពអន្តរជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពន្លឿនរបៀបវារៈកំណែទម្រង់មួយចំនួន ដើម្បីកាត់បន្ថយអំពើពុករលួយនៅកម្ពុជា តាមរយៈការគោរពសិទ្ធិ​មនុស្សជាចាំបាច់ ដើម្បីធ្វើឱ្យស្ថាប័នឬបុគ្គលដែលមានតួនាទីនិងអំណាចមានការទទួលខុសត្រូវ, ស្ដារនិងពង្រឹងយន្តការត្រួតពិនិត្យស្ថាប័នឬ​បុគ្គលដែលមានតួនាទីនិងអំណាច, ធ្វើវិសោធនកម្មអនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ និងធានាថាបទប្បញ្ញត្តិនោះស្របតាមបទដ្ឋាន និងការអនុវត្តតាមគោលការណ៍អន្តរជាតិ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជន រួមទាំងលើកកម្ពស់តម្លាភាព​លើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈ និងការគោរពច្បាប់ដោយស្មើភាពគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ