កម្ពុជា បន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» ជិត ៣០នាក់ បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ខណៈមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេនៅថ្ងៃម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨នាក់ទៀត ដែលសុទ្ធតែជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន ១៨នាក់ និងឆ្លងក្នុងសហគមន៍ ១០នាក់។ ចំណែក អ្នកជាសះស្បើយថ្មីវិញ ក្រសួងថា មានចំនួន ១៥នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២១ ០៩៤នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១១៧ ២៤៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់ រួមទាំងករណីនាំចូលពីក្រៅប្រទេសចំនួន ២០ ២៨៦នាក់។ ចំណែក ករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងថា គិតមកដល់ពេលនេះមានចំនួនសរុប ២២៤នាក់៕












