លោក ស ខេង ជំរុញ​ឱ្យ​បញ្ចប់​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​ឱ្យ​បាន​ឆាប់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក​៖ អគ្គស្នងការដ្ឋាននគរបាលជាតិ)

មេដឹកនាំជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង បាន​ជំរុញទៅភាគីពាក់ព័ន្ធដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ខណៈជម្លោះនេះឈានទៅដល់ការចាប់ខ្លួនតំណាងសហជីព៨នាក់ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទ «ញុះញង់» ក្រោយពួកគេតវ៉ា​អហិង្សាទាមទារលក្ខខណ្ឌការងារប្រសើរ។

ក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ដោយសារវិវាទការងារ។ ករណីនេះ គណៈកម្មការដោះស្រាយវិវាទការងារនៃក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ ភាគីក្រុមហ៊ុន រួមទាំងកូដករដែលកំពុងតវ៉ា លោកថា ត្រូវ​អត់ធ្មត់ ហើយប្រកាន់ជំហរសម្របសម្រួល ដើម្បីដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។

លោកថា៖ «អ៊ីចឹងហើយសូមមេត្តាភាគីទាំង៣នេះ មេត្តា​​អត់ធ្មត់តទៅទៀត។ ទន្ទឹមនឹងខិតខំរកវិធីបញ្ចេប់ឱ្យបានឆាប់ល្អកាលណាល្អកាលហ្នឹង។​ បើសិនជាបែរខ្នងដាក់គ្នារហូត គឺដោះម៉េចក៏មិនចប់ដែរ បើអាចថាបន្តិចម្ដងៗ​ យើងងាកមុខរកគ្នា ប្រហែលជាអាចរកឃើញដំណោះស្រាយ តែបើមិនបែរមុខដាក់គ្នា អាហ្នឹងគឺមិនដឹងឆ្នាំណារកឃើញដំណោះស្រាយទេ។ អ៊ីចឹងហើយលើកទឹកចិត្ត»។

លោក ស ខេង បន្តថា​ កន្លងមក រូបគាត់តែងតែផ្ដល់យោបល់ទៅអាជ្ញាធរ និងរដ្ឋមន្ត្រីក្រសួងការងារ ​ត្រូវខិតខំសម្របសម្រួលឱ្យភាគីក្រុមហ៊ុន និងបុគ្គលិកដែលកំពុងធ្វើកូដកម្មបានជជែក​គ្នា ដើម្បីរកដំណោះស្រាយ។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ស្របពេលវិវាទការងាររវាងបុគ្គលិកជាមួយក្រុមហ៊ុនណាហ្គាវើលដ៍បានឈានទៅដល់ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព៨នាក់ដាក់ពន្ធនាគារព្រៃស ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ក្នុងចំណោមថ្នាក់ដឹកនាំសហជីពទាំង៨នាក់ ក៏មានប្រធាន​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​ការងារ​​បុគ្គលិក​កម្មករ​ខ្មែរនៃក្រុមហ៊ុន​​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ​ផងដែរ។

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី គឹម ពិសី ចាត់ទុកសារជំរុញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជារឿងល្អ ដោយថា ករណីនេះជារឿងវិវាទការងារ ប៉ុន្តែបែរជាអាជ្ញាធរចោទប្រកាន់តំណាងពួកគាត់ទាំង៨នាក់ថាញុះញង់ពួកគាត់ឱ្យតវ៉ាទៅវិញ។

អ្នកស្រី គឹម ពិសី បន្តថា ពួកគាត់តវ៉ានេះគ្មានអ្នកណាញុះញង់ទេ តែមកពីគាត់រងសម្ពាធកន្លែងការងារ ខណៈក្រុមហ៊ុនចង់បញ្ឈប់សហជីពដែលសកម្មក្នុងការតស៊ូមតិ ការពារសិទ្ធិ និងផលប្រយោជន៍បុគ្គលិក។

លោកថា៖ «បើគាត់ដោះលែងតំណាងពួកខ្ញុំទាំង៨រូបមក តំណាងខ្ញុំគាត់ចេញមក គាត់ចូលតុចរចាជាមួយក្រុមហ៊ុនទៅ ពួកខ្ញុំចាំស្ដាប់តាមតំណាងពួកខ្ញុំបន្តទៀតអ៊ីចឹង ព្រោះពេលនេះគាត់មិនទាន់ចេញមកដែរ ហើយពួកខ្ញុំមិនទាន់ដឹងស្ដាប់ខាងណាដែរ។ សំខាន់ជាងគេ ឱ្យពួកគាត់ចេញមកសិន! ធម្មតាទេ នៅគុកព្រៃស និងយើងនៅផ្ទះ វាខុសគ្នា! ខ្ញុំធ្លាប់ឃុំនៅស្នងការតែមួយថ្ងៃទេ ខ្ញុំចង់កើតរោគស្ត្រេសតែម្ដង ចុះល្មមតែយើង[ជាប់] ២៦ថ្ងៃ? ទាំងនេះហើយ អារម្មណ៍យើងក៏វាពិបាកដែរ»។ 

អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ចាត់ទុកប្រសាសន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែលោកយល់ថា ដើម្បីឱ្យពួកគាត់ស្ងប់ចិត្ត តុលាការគួរដោះលែងតំណាង៨នាក់ ដោយទុកឱកាសឱ្យពួកគាត់ចូលតុចរចា។

លោកថា៖ «ដើម្បីឱ្យក្នុងស្ថានភាពហ្នឹងមានភាពស្ងប់ស្ងាត់ ហើយអាចចរចានិងជឿទុកចិត្តបាន លុះត្រាតែមានការដោះលែងបុគ្គលិក កម្មករនិយោជិតគាត់អាចផ្អាកធ្វើកូដកម្មក្នុងថេរវេលាមួយទៅ ដើម្បីទុកឱកាសឱ្យភាគីទាំងសងខាងស្ងប់ចិត្ត ពួកគាត់អាចចូលតុចរចា»។

គិតចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃនេះ បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានធ្វើកូដកម្មដោយអហិង្សារយៈពេលជាង១ខែហើយ ដើម្បីស្នើដោះស្រាយលក្ខខណ្ឌការងារចំនួន៩ចំណុច​ និងទាមទារដោះលែងតំណាងពួកគេទាំង៨នាក់ឱ្យមានសេរីភាពឡើងវិញ មុននឹងមានកិច្ចចរចាបន្ថែមទៀត។

ស្របគ្នានេះដែរ ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា នៅថ្ងៃអង្គារនេះ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយបង្ហាញការសោកស្ដាយនិងបារម្ភជាខ្លាំងចំពោះសកម្មភាពបំពានសិទ្ធិចរចាសមូហភាពដែលមានចែងក្នុងច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ពីសំណាក់និយោជកក្រុមហ៊ុនណាហ្គាវើលដ៍។ ជាពិសេស ជុំវិញវិវាទសមូហភាពទាក់ទងការបញ្ចប់កិច្ចសន្យាការងារបុគ្គលិកយ៉ាងច្រើនរហូតជាង១​ ៣០០នាក់ ហើយចុងក្រោយឈានទៅចាប់ឃុំខ្លួនតំណាងសហជីពនិងកម្មករជិត១០នាក់ជាបន្តបន្ទាប់ ដោយសារពួកគេប្រើប្រាស់សិទ្ធិធ្វើកូដកម្មដោយសន្តិវិធីដើម្បីដោះស្រាយវិវាទការងារ។

ក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា មើលឃើញថា រហូតមកទល់ពេលនេះមិនមានមធ្យោបាយណាផ្សេងទៀត ដើម្បីជាផ្លែផ្កាក្នុងការដោះស្រាយបញ្ចប់វិវាទក្រុមហ៊ុនណាហ្គាវើលដ៍ឡើយ ក្រៅពីការផ្ដល់សេរីភាពដល់ថ្នាក់ដឹកនាំសហជីព៨នាក់ឱ្យបានឆាប់ ដើម្បីឱ្យពួកគេមានសិទ្ធិចូលរួមកិច្ចចរចាបញ្ចប់ជម្លោះការងារ និងចូលធ្វើការងារវិញដោយគ្មានការគុំកួនគ្នានោះឡើយ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ