ប្រធាន​អាស៊ាន​ប្តូរវេន​លោក ហ៊ុន សែន ​ស្នើ​ភាគី​ជម្លោះ​នៅ​មីយ៉ាន់ម៉ា​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយមេដឹកនាំរបបយោធាភូមាលោក មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូ នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានស្នើភាគីជម្លោះនៅប្រទេសមីយ៉ាន់ម៉ាឬភូមា ​ឱ្យបញ្ឈប់អំពើហិង្សា និងធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់​ពិតប្រាកដមួយនាពេលខាងមុខ។

សំណើនេះ ធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាង លោក ហ៊ុន សែន ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង (Min Aung Hlaing)ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ានៅ​រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២នេះ។

ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ បានស្នើ ៤ចំណុចទៅលោក មីន អ៊ុងឡាំង​។ ក្នុងនោះលោក ហ៊ុន សែន បានអំពាវនាវឱ្យលោក មេដឹកនាំរបបសឹករូបនេះ ខិតខំអនុវត្តនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទៈចំនួន ៥ចំណុច ដែលប្រមុខរដ្ឋាភិបាលអាស៊ានបានឯក​ភាពគ្នាដាក់ឱ្យមេដឹកនាំរបបយោធានៅភូមាគោរពតាមកាលពីខែមេសា ឆ្នាំ២០២១ កន្លង​​ទៅ។

បន្ថែមពីនោះ លោក ហ៊ុន សែន ស្នើទៅនាយឧត្តមសេនីយ៍លោក មីន អ៊ុងឡាំង ​ ត្រូវបង្កលក្ខណៈងាយស្រួលដោយធ្វើយ៉ាងណាឱ្យ​ប្រេសិត​​ពិសេសរបស់ប្រធានអាស៊ាន អាចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូងនាពេលខាងមុខនេះ។

លោក ហ៊ុន សែន បន្តថា«អំពាវនាវសុំឱ្យភាគីទាំងអស់ រួមទាំងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវតែបញ្ឈប់អំពើហិង្សា និងឈានឆ្ពោះធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់នាពេលខាងមុខនេះ»។

បន្ថែមពីនេះ ប្រធានអាស៊ានប្តូរវេនលោក ហ៊ុន សែន បានបង្ហាញការព្រួយបារម្ភចំពោះអំពើហិង្សា ក្រោយពីដំណើរទស្សនកិច្ចរបស់លោកទៅប្រទេសមីយ៉ាន់ម៉ា កាលពីពេលកន្លងទៅនេះ។ លោក ក៏ស្នើទៅភាគីជម្លោះនយោបាយនៅមីយ៉ាន់ម៉ា ធ្វើយ៉ាងណា​បង្ហាញនូវភាពអត់ធ្មត់ ដើម្បី​ឈានទៅដល់បទឈប់បាញ់ពិតប្រាកដមួយ។

លោកហ៊ុន សែន ក៏បានស្នើទៅកាន់មេរដ្ឋប្រហារភូមា ត្រូវចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ក្នុងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជន​មីយ៉ាម៉ាដែលត្រូវការជំនួយជាចាំបាច់ ដូចអ្វីដែលលោកធ្លាប់បានលើកឡើងជាមួយលោក មីន អ៊ុងឡាំង កាលពីពេលកន្លងទៅ​។

កាលពីថ្ងៃទី ៧-៨ ខែមករាឆ្នាំ​២០២២​ លោ​ក ហ៊ុន សែន បានដឹកនាំប្រតិភូទៅធ្វើទស្សនកិច្ចនៅ​មីយ៉ាន់ម៉ា ដោយអះអាងថា ​ដើម្បី​ជួយ​​សម្រប​​សម្រួល​​ស្ថានការណ៍​​នយោបាយ និង​​បញ្ចប់​អំពើ​ហិង្សា​ដែល​កំពុង​កើត​នៅ​ក្នុង​ប្រទេស​​​ជា​សមាជិក​អាស៊ាន​មួយនេះ។

ក្រោយជំនួបរវាងមេដឹកនាំកម្ពុជា ជាមួយមេរដ្ឋប្រហារយោធានៅភូមាលោក មីន អ៊ុងឡាំង ភាគីទាំងពីរបានចេញ​សេចក្តីប្រកាសព័ត៌មានរួម ដែលធ្វើឡើង​នៅរដ្ឋធានី ណៃពីដោរ ដោយលើកឡើងនូវចំណុច​សំខាន់​ធំពីរ។

ចំណុចទី១ មេដឹកនាំ​យោធា លោក​មីន អ៊ុងឡាំង បាន​​ប្រកាស​ថា កងទ័ព​នឹង​ពន្យារ​ការអនុវត្ត​បទឈប់បាញ់​ជាមួយ​ក្រុមប្រដាប់អាវុធជនជាតិភាគតិច​ទាំងអស់​រហូតដល់​ចុងឆ្នាំ ២០២២។ ចំណែកចំណុចទី២ មេដឹកនាំ​កម្ពុជា និង​ភូមា​បាន​ព្រមព្រៀងគ្នា​ ​ឲ្យ​មានកិច្ចប្រជុំ​រវាងភាគី​ពាក់ព័ន្ធ ដើម្បី​បើកផ្លូវនាំ​ជំនួយ​មនុស្សធម៌ដល់ប្រជាជន​ភូមា​។

ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់លោក ក៏បានប្រកាសភ្លាមៗថា ដំណើរទស្សនកិច្ចរបស់លោកទៅភូមា នោះ គឺជាជោគជ័យផងដែរ។

យ៉ាងណា​កម្ពុជា​ ក៏បានរងការរិះគន់ច្រើនជុំវិញដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅភូមា ​ពីសំណាក់មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងក្រុមអង្គការសង្គមស៊ីវិលនៅក្រៅប្រទេស ដោយថាមិនមានផ្លែផ្កាអ្វីនោះទេ។  

ជាក់ស្តែងសកម្មភាពហិង្សា និងការផ្ទុះអាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែកើតមានឡើង ហើយគោលការណ៍រួម ៥ចំណុចរបស់អាស៊ាន​ ក៏មេដឹកនាំយោធានៅពុំទាន់អនុវត្តបាននៅឡើយ។

កាលពីថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ២០២២ សេចក្តី​ថ្លែងការណ៍​របស់ក្រសួងការបរទេសកម្ពុជា បានសម្ដែង​​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​  ចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅ​រដ្ឋកាយ៉ាហ៍​ (Kayah State) រវាង​យោធា និងកងកម្លាំងប្រដាប់អាវុធម្ខាងទៀត។

សេចក្ដីថ្លែងការណ៍ដដែល​បានចាត់ទុកថា អំពើហិង្សាដែលនៅតែបន្តកើតមាននេះកំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ច​នាពេលថ្មីៗនេះ របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តែយ៉ាងណាក៏ដោយ ​​ក្នុងនាមប្រធានអាស៊ានប្តូរវេន កម្ពុជាចង់​ឃើញ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ទទួលយក​បទ​ឈប់​បាញ់ បញ្ចប់​រាល់​សកម្មភាព​​​ហិង្សា ​ដើម្បី​បង្កើត​នូវ​ស្ថានភាព​អំណោយផល​សម្រាប់​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ