សង្គមស៊ីវិលបារម្ភពីផលប៉ះពាល់សិទ្ធិឌីជីថលនិងសេរីភាពអ៊ីនធឺណិត

បុរសម្នាក់កំពុងចុចទូរសព្ទបើកមើលព័ត៌មាន។ រូបភាព៖ ហេង វិចិត្រ

ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសិទ្ធិមនុស្ស បានបង្ហាញក្ដីបារម្ភពីផលប៉ះពាល់សិទ្ធិឌីជីថលនិងសេរីភាពអ៊ីនធឺណិតនៅកម្ពុជា ខណៈរដ្ឋាភិបាលបានបង្កើតច្បាប់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង។

កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ និងក្រោយមកបានធ្វើសេចក្ដីព្រាងច្បាប់ស្ដីឧក្រិដ្ឋកម្មបច្ចេកវិទ្យា និង​សុវត្ថិភាពអ៊ិនធឺណិត ជាដើម ដោយការបង្កើតច្បាប់ទាំងនេះបានធ្វើឱ្យក្រុមសង្គមស៊ីវិលបារម្ភពីផលប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។

អង្គការសង្គមស៊ីវិលចំនួន១៤ស្ថាប័ន រួមមាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM), សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA), អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC), វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), មជ្ឈមណ្ឌលសម័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និងអង្គការមួយចំនួនទៀត បានរួមគ្នាធ្វើសន្និសីទថ្នាក់ជាតិមួយនៅថ្ងៃទី២៦ ខែមករានេះ ស្ដីពីសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតនៅកម្ពុជា ដើម្បីលើកកម្ពស់ការពារសិទ្ធិឌីជីថលនិងសេរីភាពអ៊ីនធឺណិត។

ថ្លែងក្នុងសន្និសីទនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង មានប្រសាសន៍ថា គោលបំណងដែលរដ្ឋាភិបាលបានផ្ដល់ក្នុងអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារ​អ៊ីនធឺណិតជាតិ គឺមានភាពទូលំទូលាយ។ លើសពីនេះ អនុក្រឹត្យនេះបានផ្ដល់អំណាចដល់រដ្ឋាភិបាលហួសព្រំដែន ដោយអាចបកស្រាយ និងអាចបិទក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតស្រេចតែចិត្ត ហើយចំណុចនេះ លោកថា វាបានគំរាមកំហែងដល់ដំណើរការនៃការផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជាថែមទៀតផង។

ចំណុចមួយទៀតនោះ លោកថា អនុក្រឹត្យនេះអាចផ្ដល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការឃ្លាំមើលតាមដានអំពីការទំនាក់ទំនងគ្នាក្នុងប្រព័ន្ធសង្គម ដែលធ្វើឱ្យប៉ះពាល់សិទ្ធិឯកជនភាពរបស់ពលរដ្ឋ។

លោកបន្ថែមថា៖ «ខ្ញុំថារដ្ឋាភិបាលគួរតែកៀរគរធនធាន គួរតែព្យាយាមសហការជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការសង្គមស៊ីវិល និងអ្នកវិនិយោគទុនដទៃទៀត ដើម្បីពង្រឹងវិស័យនេះ។ ហើយការពង្រឹងវិស័យនេះ ចំពោះខ្ញុំ គឺត្រូវធានាពីសេរីភាពដោយបង្កើននូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងក្នុងការប្រើប្រាស់អ៊ីនធឺណិតតាមបណ្ដាញសង្គម ជាជាងប្រើមធ្យោបាយ ឬការតាក់តែងអនុក្រឹត្យ ឬក៏ច្បាប់ណាមួយទៅជាយន្តការនៃការរឹតត្បិត នៃការកៀបសង្កត់ នៃការគំរាមកំហែងទៅទៅលើពលរដ្ឋវិញ»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី មានប្រសាសន៍ថា សង្គមស៊ីវិលបារម្ភថា អនុក្រឹត្យនិងសេចក្ដីព្រាងច្បាប់ទាំងនោះ វាអាចប៉ះពាល់ទៅដល់សិទ្ធិជាមូលដ្ឋានមួយចំនួនរបស់ពលរដ្ឋ ដូចជា សិទ្ធិបញ្ចេញមតិ សិទ្ធិឯកជនភាព និងការប្រើប្រាស់បណ្ដាញសង្គម ឬអ៊ីនធឺណិត ត្រូវបានគ្រប់គ្រងនិងតាមដានដោយរដ្ឋាភិបាល។

បន្ថែមពីនេះ លោកថា ការតាក់តែងច្បាប់ទាំងនោះមិនត្រូវបានចូលរួមផ្ដល់យោបល់ពីសង្គមស៊ីវិល ហើយច្បាប់បានផ្ដល់អំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងលើប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតថែមទៀតផង។

លោក ណុប វី បន្តថា មាត្រាមួយចំនួននៃអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ ចាប់ពីមាត្រា៦ ដល់មាត្រា១៦ គឺមានចរិតរឹតត្បិតដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលជាសិទ្ធិត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ ជាដើម។

លោកបន្ថែមថា៖ «ក្នុងអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិហ្នឹង ក៏មានចំណុចដែលយើងមានការព្រួយបារម្ភដែរថានឹងប៉ះពាល់ទៅដល់សិទ្ធិឯកជនភាពរបស់ប្រជាពលរដ្ឋដែរ។ ខ្ញុំលើកឧទាហរណ៍ដូចជានៅក្នុងខ្លឹមសារនៃអនុក្រឹត្យនេះមានចែងពីការរក្សាទុកទិន្នន័យឯកជនភាពនៃការប្រើប្រាស់ នៃការឆ្លើយឆ្លងរបស់យើងរហូតទៅដល់រយៈពេល១ឆ្នាំ។ ហើយនៅក្នុងអនុក្រឹត្យហ្នឹងក៏លើកឡើងដែរថា ក្រុមហ៊ុនដែលប្រតិបត្តិការអ៊ីនធឺណិត ប្រតិបត្តិករហ្នឹងត្រូវតែសហការផ្ដល់សមត្ថកិច្ច ពេលដែលពួកគាត់ត្រូវការទិន្នន័យរបស់បុគ្គលណាម្នាក់»។

នាយិកាប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) លោកស្រី ស៊ិន ពុទ្ធារី មានប្រសាសន៍ថា ក្រុមការងារនៃអង្គការមិនមែនរដ្ឋាភិបាលដែលទាក់ទងនឹងសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតនៅកម្ពុជា នឹងស្នើឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពន្យល់បន្ថែមពីការអនុវត្តអនុក្រឹត្យស្ដីពីការបង្កើតច្រកអ៊ីនធឺណិតជាតិ ត្រង់មាត្រា៦ មាត្រា១២ មាត្រា១៤ និងមាត្រា១៦។

លោកស្រី ស៊ិន ពុទ្ធារី បន្តថា ក្រុមការងារក៏នឹងស្នើទៅក្រសួងសុំឱ្យក្រុមអង្គការសង្គមស៊ីវិលចូលផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងសេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតផងដែរ។

លោកស្រីបន្ថែមថា៖ «ចំណុចទី៣ដែលក្រុមការងារយើងបានស្នើដែរនោះ គឺថាបទដ្ឋានគតិយុត្តឌីជីថល និងអ៊ីនធឺណិតនៅលើប្រព័ន្ធអនឡាញហ្នឹងត្រូវបានការពារ ជាពិសេសលើកកម្ពស់ជាមូលដ្ឋាន សេរីភាពបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន ជាពិសេសនោះ សិទ្ធិឯកជនភាពដែលជាសិទ្ធិបុគ្គល ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា៣១ និងមាត្រា៣២»។

អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ សុំមិនធ្វើអធិប្បាយលើរឿងនេះទេ ដោយបង្វែរឱ្យទៅសួររដ្ឋលេខាធិការក្រសួង លោក សូ វិសុទ្ធី វិញ ប៉ុន្តែវីអូឌីមិនអាចសុំការឆ្លើយពីលោក សូ វីសុទ្ធី បានទេ នៅថ្ងៃទី២៦ ខែមករានេះ។

មាត្រា៦ នៃអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ បានកំណត់ឱ្យក្រុមហ៊ុនឬប្រតិបត្តិករត្រូវផ្ដល់អំពីស្ថានភាព គុណភាព និងក្រាហ្វិច នៃការតភ្ជាប់បណ្ដាញជូនទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយត្រូវសហការជាមួយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតក្នុងការចាត់វិធានការទប់ស្កាត់ និងការកាត់ផ្ដាច់ចោលរាល់ការតភ្ជាប់បណ្ដាញទាំងឡាយណាដែលប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ និងទំនៀមទម្លាប់ ជាដើម។

មាត្រា១៤ នៃច្បាប់ដដែលនេះបានចែងថា ក្រសួងមានសិទ្ធិត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញ រួមទាំងគ្រឿងសម្ភារបរិក្ខារនៃច្រកទ្វារអ៊ីនធឺណិតក្នុងករណីចាំបាច់ និងត្រូវផ្ដល់ព័ត៌មានផ្សេងទៀត។ លើសពីនេះ ​ប្រតិបត្តិករត្រូវរក្សាទុកកំណត់ត្រាបច្ចេកទេស និងតារាងបែងចែកការផ្ដល់អាសយដ្ឋាន និងកំណត់ផ្លូវនៃក្រាហ្វិកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិរយៈពេល១២ខែចុងក្រោយ។

​យ៉ាងណា អនុក្រឹត្យនេះបានបញ្ជាក់ថា ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិមានគោលបំណងសម្របសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពនិងការកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ និងទំនៀមទម្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ