វិភាគ៖ តើ​សង្គមស៊ីវិល​មាន​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម​ដែរឬទេ?

សង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជាច្រើនទៀត ចុះពិនិត្យនិងតាមដានសវនាការលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ជាង៤ឆ្នាំមកនេះ បទល្មើសទ្រង់ទ្រាយធំជាច្រើន​បាន​កើត​ឡើង រហូត​មេដឹកនាំកំពូលបាន​ចេញ​បញ្ជាជាសាធារណៈ​ឱ្យ​ទប់​ស្កាត់ ក្នុង​នោះមា​ន​ទាំង​ការ​រំលោភ​យ​​ក​ដី​ព្រៃលិចទឹករាប់ម៉ឺនហិកតានៅជុំវិញ​បឹងទន្លេ​សាប រួម​ទាំងលំហូរគ្រឿង​ញៀន ជាដើម។

ជាការកត់សម្គាល់ ការងើបឡើងនូវបទល្មើសទ្រង់ទា្រយធំក្នុងអាណត្តិទី៦ នៃក្បាលម៉ាស៊ីនដឹកនាំ​មានទម្រង់​​ឯកបក្ស​នេះ ​ក្រោយរបត់នយោបាយ​បានវាយបំបែកកញ្ចក់សង្គមជាច្រើន ដែលគេមើល​ឃើញ​ថា កញ្ចក់សង្គមទាំងនោះជាមូល​ដ្ឋាន​គ្រឹះ​នៃយន្តការពង្រឹងការអនុវត្តច្បាប់។

អំឡុងខែតុលា ឆ្នាំ២០១៧ អគ្គស្នងការនគរបាលជាតិ បានដាក់​អង្គ​ការ​ជាតិ និង​អន្តរ​ជាតិ រួម​ទាំ​​ងប្រ​ព័​ន្ធផ្សព្វផ្សាយឯករាជ្យ​មួយចំនួន សរុបជាង៣០០ស្ថាប័ន ថាកំពុងតែធ្វើស​កម្មភាពប្រឆាំ​​ងរដ្ឋាភិបាល​ ដែល​រុញ​ឱ្យ​​​​​មា​នចលនា​បដិវត្តពណ៌កើត​ឡើង ក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលផងដែរ។​ បន្ទាប់មកទៀត នៅថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ គណបក្សប្រឆាំងធំមួយដែលមានអាសនៈប្រហាក់ប្រ​ហែល​បក្សកាន់អំណាចដែរ ត្រូវបាន​រំលាយ​ផាត់ចេញពីឆាកនយោបាយរហូតបច្ចុប្បន្ន។

ចាប់ពីពេលនោះមក ក្រុមអង្គការសង្គមស៊ីវិលបានក្លាយជាខ្សែត្រៀមជួរមុខប្រឈមនឹង​រដ្ឋាភិបាល ដែលអ្នក​ខ្លះ​រងអំពើហិង្សា និងខ្លះទៀតត្រូវបានចាប់ឃុំខ្លួន ពេលពួកគេធ្វើសកម្មភាពតស៊ូមតិ​ដោយសន្តិវិធីជំរុញ​​ឱ្យរដ្ឋាភិបាល​មានទំនួលខុសត្រូវលើការបាត់បង់ធនធានធម្មជាតិ ការរំលោភសិទ្ធិមនុស្ស និងការ​ស្ដារស្ថានការ​នយោបាយឡើងវិញជាដើម។

អ្នកកាសែតនិងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (
អ្នកកាសែតនិងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ជាការកត់ស​ម្គាល់​មួយ​ទៀត ស្រប​ពេលដែលក្រុមអង្គការសង្គមស៊ីវិលត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីតាមដាន​ក្រុម​បដិវត្តពណ៌ ការតស៊ូមតិជំរុញតម្លាភាពសង្គម ហាក់បានថមថយ តែបានលេចឡើង​នូវ​បទ​ល្មើសធំៗ​ជាច្រើនក្នុងអាណត្តិទី៦នេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ ស ខេង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បាន​ទម្លាយ​ថា សារធាតុញៀនជាង១០០តោនត្រូវបាននាំចូលកម្ពុជាដោយស្របច្បាប់ ដែលការណ៍នេះ លោកចេញបញ្ជា​ឱ្យ​តាមរក​អ្នក​ទទួលខុសត្រូវ ដើម្បីទប់ស្កាត់ហានិភ័យសុខភាពសាធារណៈ។

លោកថា៖ «អ៊ីចឹងហើយ​សុំឱ្យក្រសួងដែលជាក្រសួងផ្ដល់អាជ្ញាបណ្ណ​ ខ្ញុំមិន​បាច់​ចេញឈ្មោះ​ក៏ដឹងដែរ ​ក្រ​សួង​អាជ្ញាបណ្ណ​ សុំ​ឯកឧត្ដម​រដ្ឋមន្ត្រីមើលរឿងហ្នឹង! បើមិនអ៊ីចឹងឯកឧត្ដម​ជាប់​ជំពាក់ចំពោះសង្គមកម្ពុជា ពា​ក់​​ព័ន្ធ​នឹងការបំផ្លាញសុខភាពសាធារណៈ»។

កន្លងទៅ លោក ស ខេង ក៏ធ្លាប់ទម្លាយដែរ​ពីមន្ត្រីខិលខូចចូលទៅទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់នៅខេ​ត្តមណ្ឌលគិរី រហូតធ្វើឱ្យពលរដ្ឋខ្លះនៅក្នុងខេត្តនេះបានបាត់បង់ដីធ្លាប់​អាស្រ័យ​​ផលទាំងគ្មាន​ដំ​ណោះស្រាយសមរម្យ។

មួយវិញទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបញ្ជាឱ្យ​ក្រសួង​ពាក់ព័ន្ធ​បើកយុទ្ធនាការបង្ក្រាបនិងរឹបអូសដីព្រៃលិចទឹកជា​ច្រើនម៉ឺនហិកតានៅ​ជុំវិញបឹងទន្លេសាបមកធ្វើជាសម្បត្តិរដ្ឋវិញ ដែលក្នុងនោះ លោកបង្ហើបថា អតីតអភិបាលខេត្តកំពង់ឆ្នាំង លោ​ក ឈួរ ចាន់ឌឿន ជាប់ពាក់ព័ន្ធនឹងការ​ទន្ទ្រានយកដីនៅតំបន់នោះជាង២ ០០០ហិកតា។

លោកបញ្ជាក់ថា៖ «​ខ្ញុំបានបញ្ជាក់ហើយថា មានតែផ្លូវច្បាប់ប៉ុណ្ណោះដែលអាចដោះស្រាយបាននូវបញ្ហាពួកអ្នកទាំងនេះ។ […] ខ្ញុំសូមឱ្យអ្នកទៅអនុវត្ត ចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្ដង សម្រាប់ផ្ដន្ទាទោសតាមច្បាប់»។

បញ្ហាទាំងនេះបង្កើតជាសំណួរថា តើសង្គមស៊ីវិលមានចំណែកដោះស្រាយបញ្ហាសង្គមដែរឬទេ?

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យជឿនលឿន គណបក្សប្រឆាំងជាតួអង្គសំខាន់មួយក្នុងការ​ទប់ស្កាត់ប្រព័ន្ធ​ត្រួតពិនិត្យ​អំណាច ដើ​​ម្បី​ជំរុញក្បាលម៉ាស៊ីនដឹកនាំរដ្ឋឱ្យ​ទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត តបតាមច្បាប់និងកាតព្វកិច្ចដែល​មានចែងក្នុងរដ្ឋធម្មនុញ្ញ។ មួយវិញទៀត លោកថា ស្ថាប័ន​ក្រុមអង្គការសង្គមស៊ីវិលក៏​ជាភាគីមួយ​មិនអាចខ្វះបាន ដែលបានជួយកិច្ចការងារសង្គម និង​ដើរតួនាទី​សំខាន់បំពេញចន្លោះប្រហោង​ក្នុង​វិស័យសាធារណៈ​​របស់រដ្ឋ និងវិស័យឯកជន។

បញ្ហានេះ លោកផ្ដល់ជាយោបល់ថា វាជាការខាតបង់មួយ បើអង្គការសង្គមស៊ីវិល​ដែលមានបេ​សកក​​ម្មច្បាស់​លាស់ជំរុញ​តម្លាភាពសង្គម តែពួកគេត្រូវបានលាបពណ៌ ហើយរងការគំរាមកំហែង​នោះ។

លោកថា៖ «អង្គការសង្គមស៊ីវិលក៏ជាផ្នែកមួយទាញយកប្រាក់រាប់លានដុល្លារយកមកក្នុងប្រទេស​​ក្នុ​​ង១​ឆ្នាំៗ។ ហើយអង្គការសង្គមស៊ីវិលជាច្រើនបានធ្វើការងារជាច្រើនវិស័យនៅក្នុងសង្គម ដើម្បីបំពេញតម្រូវការ ក៏ដូចជាចំនុចខ្វះខាតដែល​សង្គមយើងកំពុងតែត្រូវការនាពេលបច្ចុប្បន្ន»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក​ ឯម សុវណ្ណរ៉ា លើកឡើងថា ក្នុងសង្គមប្រជាធិបតេយ្យ ក្រុមអង្គការសង្គមស៊ីវិលបានដើរតួនាទីសំខាន់ជួយអ្នករងគ្រោះ និងជំរុញគោលការណ៍​ប្រជាធិបតេយ្យ ឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះម្ចាស់ឆ្នោតក្នុងអាណត្តិរបស់ខ្លួន។

លោក​កត់សម្គាល់ថា បើផ្អែកលើស្មារតីរដ្ឋធម្មនុញ្ញកម្ពុជាដែលប្រកាសទទួលស្គាល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ កម្ពុជាមានមូលដ្ឋានរឹងមាំក្នុងការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យ ប៉ុន្តែលោកថា​ បើអង្គការសង្គមស៊ីវិលមួយចំនួនត្រូវបានគេលាបពណ៌ថាជាក្រុមបដិវត្តពណ៌ ឬចោទពីបទញុះ​ញង់ ដោយសារការធ្វើសកម្មភាពសិទ្ធិមនុស្ស នោះដំណើរការប្រជាធិបតេយ្យនឹងមិនទៅមុខទេ ហើ​យកា​រជំរុញអភិបាលកិច្ចល្អក៏ជួបការលំបាកដែរ។

លោកថា៖ «អាបទញុះញង់នេះ គឺជារបៀបគ្រប់គ្រងមួយដើម្បីបំបាត់សិទ្ធិជាមូលដ្ឋានរបស់ប្រជាព​ល​រដ្ឋ​ទេ ការ​លើកឡើងពីការចោទប្រកាន់នេះជាការលាបពណ៌ ជានយោបាយបែបថ្មីរបស់អ្នកកាន់អំ​ណា​​ចរ​បស់អ្នកនយោ​បាយ​ទេ។ ក្នុងសង្គមប្រជាធិបតេយ្យមិនគួរមានទេ បើមានអាហ្នឹង វាមិនជំរុញឱ្យប្រជា​ពលរដ្ឋទទួលបានសិទ្ធិដូចសង្គមប្រជាធិបតេយ្យពិតប្រាកដទេ»។

ទោះ​យ៉ាងណា លោក ឯម សុវណ្ណរ៉ា យល់ថា បើរដ្ឋាភិបាលកម្ពុជាចង់កសាងសង្គមប្រជាធិបតេយ្យមួយពិតប្រា​កដ ទាល់តែឆ្លើយទៅនឹងគោលការណ៍រួមនៃ​ធម្មនុញ្ញរបស់អង្គការសហប្រជា​ជាតិ និងស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មើលឃើញថា បរិបទនយោ​បាយ​នាពេល​ប៉ុន្មានឆ្នាំមកនេះ ហាក់បានផាត់ពណ៌លើ​ក្រុមអង្គការសង្គមស៊ីវិលជាក្រុមប្រជែង​អំណាចដូចគណបក្សប្រឆាំងដែរ ដែលការណ៍នេះ លោកថា វានឹងជំរុញឱ្យមានបញ្ហាសង្គមកើតឡើង ហើយក៏ជាឱកាសរបស់មន្ត្រីខិលខូចបំផ្លិចបំផ្លាញធនធានធម្មជាតិ និងបង្កើតមុខរបរខុសច្បាប់បង្ក​ហានិភ័យសង្គម។

បើតាម​លោក សុជាតិ មានតែអ្នកនយោបាយងាកមក​អនុវត្តរដ្ឋធម្មនុញ្ញឱ្យបានពេញលេញ និង​​ជំរុញ​ដំណើរការប្រជាធិបតេយ្យទេ ទើបអាចដោះស្រាយបញ្ហាដែលកំពុងចាក់ស្រែះនេះបាន៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ