អ្នក​មាន​ជម្លោះ​ដីធ្លី​ជាមួយ​មន្ត្រី​ផ្កាយ២​ប្ដឹង​មន្ត្រី​តុលាការ​៤រូប​ទៅ​ក្រសួងយុត្តិធម៌

(កណ្ដាល) រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយ​ស្តី​ពី​«យុទ្ធនាការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ទូទាំង​ប្រទេស» នៅទីស្ដីការក្រសួងយុត្តិធម៌ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ចាងហ្វាងគេហទំព័រមួយដែលមានជម្លោះដីធ្លីជាមួយមន្ត្រីយោធាផ្កាយ២ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានប្ដឹងមន្ត្រីតុលាការចំនួន៤រូបទៅកាន់ក្រសួងយុត្តិធម៌ឱ្យជួយរកយុត្តិធម៌ ដោយថា មន្ត្រីតុលាការទាំងនោះបានកាត់ក្ដីឱ្យខ្លួនចាញ់ទាំង​មិនអស់ចិត្ត។

លោក ប៉ែន នួន ដែលអះអាងថាជាចាងហ្វាងគេហទំព័រស្រទាប់យុវវ័យ និងជាអ្នកមានជម្លោះដីធ្លីម្នាក់ក្នុងចំណោមពលរដ្ឋ៣គ្រួសារទៀត ​ជាមួយមន្រ្តីយោធាផ្កាយ២ម្នាក់ ឈ្មោះ អ៊ុក គឹមលី ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

លោក ប៉ែន នួន បានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ដើមចមដែលនាំឱ្យគាត់ដាក់ពាក្យប្ដឹងទៅក្រសួងយុត្តិធម៌ ដោយសារតែមន្ត្រីយោធាផ្កាយ២ បានរំលោភយកដីរបស់គាត់និងពលរដ្ឋ៣គ្រួសារទៀតសរុប​ជិត៦០០ហិកតា។ លោកបានចោទថា ក្រោយពីមន្ត្រីយោធាផ្កាយ២ បានគប់គិតជាមួយមន្ត្រីក្រោមឱវាទ ឈ្មោះ យឹម សេន រំលោភយកកាលពីឆ្នាំ២០១៩ នៅពេលនោះ គាត់បានឡាយវីដេអូនិយាយផ្សព្វផ្សាយក្នុងនាមជាអ្នកសារព័ត៌មានម្នាក់ ក៏ប៉ុន្តែត្រូវមន្ត្រីយោធានោះប្ដឹង​ពីបទ «បរិហារកេរ្ត៍» និងបទ «ញ៉ុះញង់ពលរដ្ឋ» ទៅវិញ។

ក្រោយមក លោក ស៊ឹម ពិចិត្រ អតីតចៅក្រមសាលាដំបូងខេត្តឧត្ដរមានជ័យ និងលោក គង់ រតនា អតីតព្រះរាជអាជ្ញារងសាលាដំបូងខេត្តឧត្ដរមានជ័យ រួមទាំងលោក អួង វុទ្ធា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និងលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្ដីឱ្យគាត់ចាញ់ក្ដីមន្ត្រីយោធាផ្កាយ២​។ ដោយមិនសុខចិត្ត លោកបានរកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌បន្តទៀត ដោយលោកចាត់ទុកការកាត់សេចក្ដីរបស់តុលាការកន្លងមកថា ជារឿងមិនអាចទទួលយកបាន។ ​

លោកអំពាវនាវដូច្នេះថា៖ «កាត់ក្ដីអយុត្តិធម៌ឱ្យយើង សូមឱ្យគាត់ជួយផ្ដល់ភាពយុត្តិធម៌ចំពោះអ្វីដែលចៅក្រមកាត់ក្ដីឱ្យយើងសងជំងឺចិត្ត [ជិត១០០លានរៀល] ទៅឱ្យផ្កាយ២ លើសលុប ដែលយើងមិនអាចទទួលយកបាន»។

វីអូឌី មិនអាចរកប្រភពទាក់ទងទៅមន្រ្តីយោធាផ្កាយ២ ឈ្មោះ អ៊ុក គឹមលី បានទេ នៅថ្ងៃពុធនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ប្រាប់ វីអូឌី តាមសារតេឡេក្រាមថា ក្រសួងនឹងពិនិត្យលើពាក្យបណ្ដឹងរបស់ចាងហ្វាងគេហទំព័រស្រទាប់យុវវ័យនោះ​។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា ជាទូទៅ តុលាការមុននឹងធ្វើការវិនិច្ឆយឬកាត់សេចក្ដីលើសំណុំរឿងណាមួយ គួរតែពិនិត្យមើលលើអង្គហេតុឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកុំឱ្យភាគីណាមួយទទួលរងនូវភាពអយុត្តិធម៌។

លោកជំរុញដូច្នេះថា៖ «ក្រសួងយុត្តិធម៌នៅពេលទទួលបានបណ្ដឹងពីគាត់ [ប៉ែន នួន] គប្បីចុះធ្វើការស្រាវជ្រវនិងពិនិត្យមើលករណីនេះនៅទីតាំងកើតហេតុឡើងវិញ តើវាមានស្ថានភាពបែបម៉េច! ហើយធ្វើការស្រាវជ្រាវសំណុំរឿងដែលពាក់ព័ន្ធទាំងអស់ ដើម្បីផ្ដល់យុត្តិធម៌ទៅដល់ភាគី»។

លោកបន្ថែមថា៖ «ហើយបើរកឃើញថា ភាគីណាបានប្រព្រឹត្តនូវបទល្មើសឬប្រព្រឹត្តផ្ទុយពីច្បាប់ គឺធ្វើការចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឱ្យអ្នកទាំងអស់ហ្នឹងចេះតែប្រើប្រាស់តួនាទីរបស់ខ្លួនរំលោភបំពានទៅលើជនទន់ខ្សោយ ឬរំលោភបំពានទៅលើផ្លូវច្បាប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ