មន្ត្រី​ថ្នាក់ជាតិ​នឹង​ប្រគល់​ភារកិច្ច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ការប្រមូល​សំរាម​របស់​ពលរដ្ឋ​នៅជនបទ

សន្និសីទសារព័ត៌មានស្ដីពីការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា នៅទីស្ដីការក្រសួងបរិស្ថាន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថា នឹងប្រគល់ភារកិច្ចឱ្យអាជ្ញាធរមូលដ្ឋាន​ដើម្បីរៀបចំឱ្យមានការប្រមូលសំរាមរបស់ពលរដ្ឋ​នៅទី​ជនបទ​ទុកដាក់ឱ្យបានត្រឹមត្រូវ ខណៈបញ្ហាសំរាមនេះនៅតែជារឿងស្មុគស្មាញ និងមិនទាន់អាចដោះស្រាយបាននៅឡើយ។

ការលើកឡើងនេះ ស្របពេលមន្ត្រីជំនាញអះអាងថា ការដុតសំរាមបង្កឱ្យខូចគុណភាពខ្យល់ និងបង្កើតបានជាខ្យល់ពុល​ដែល​ប៉ះពាល់ដល់សុខភាព ស្របពេលបញ្ហាសំរាមនៅតាមជនបទពុំទាន់មានការវិនិយោគ​ពីស្ថាប័ន​ណាមួយ​នៅឡើយ។

តបនឹងសំណួររបស់វីអូឌីក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា» នៅថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ អនុរដ្ឋលេខាធិការក្រសួង​បរិស្ថាន លោក ជា ស៊ីណា អះអាងថា ចាប់ពីឆ្នាំ​២០១៥ ក្រសួង​ពាក់ព័ន្ធ​បានគិតគូរពង្រឹង​ការគ្រប់គ្រង​សំរាមនៅតាមតំបន់​ទីប្រជុំជន នៅតាមក្រុង-ស្រុក ដែលជា​ជំហានទី១ ដើម្បី​កាត់បន្ថយការ​ចោល​សំរាម​រាយប៉ាយ និងការដុតសំរាម។

លោកបន្តថា ជំហានបន្ទាប់អាជ្ញាធរថ្នាក់ជាតិ ​នឹងពិនិត្យប្រគល់ការងារគ្រប់គ្រង​សំរាមរបស់ពលរដ្ឋនៅ​ជនបទ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដូចជា ថ្នាក់ឃុំ និង​ស្រុក​បន្តទៀត។

លោក ជា ស៊ីណា បន្តថា៖ «យើងនឹងពិនិត្យមួយជំហានបន្ថែមទៀត​ទៅលើការគ្រប់គ្រងសំណល់នៅ​តាមជនបទ ប៉ុន្តែអ្វីដែល​ក្រសួង​បរិស្ថាន មហាផ្ទៃ បានធ្វើសម្រាប់ការគ្រប់គ្រងសំរាមនៅតាមជនបទ​មួយជំហាន​មុនហើយ មុន​នឹងការពិនិត្យ វាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តអនុក្រឹត្យ១១៣ គឺការដាក់បញ្ចូលនូវចំណុច​អនាម័យ​បរិស្ថានទៅក្នុងគោលនយោបាយភូមិឃុំមាន​សុវត្ថិភាព»។

យ៉ាងណា លោកថា វិធានការនៅក្នុងការគ្រប់គ្រងសំរាមនេះ គឺផ្ដោតសម្រាប់តែទីប្រជុំជន​នៅជនបទ​ប៉ុណ្ណោះ ខណៈ​គោល​នយោបាយគឺសំដៅលើភូមិ ឃុំ-សង្កាត់។ លោកថា គោលនយោបាយនេះ​ គឺមាន​ការ​គ្រប់គ្រង​សំណល់រឹង ដោយរៀបចំឱ្យមានសហគមន៍គ្រប់គ្រង​សំរាមដូចជាមាន​នៅ​ស្រុក​បន្ទាយ​ស្រី​ជា​ដើម។

លោក ជា ស៊ីណា បន្ថែមថា៖ «អ៊ីចឹងយើងមានរៀបចំជាអ្នកទទួលខុសត្រូវទាំងអស់គ្នាហ្នឹង គឺភូមិអប់រំ​ប្រជាពលរដ្ឋ។ ហើយ​ឃុំទទួល​ខុសត្រូវនៅក្នុងសេវាប្រមូល។ យើងមានរៀបចំជារ៉ឺម៉កៗដឹកសំរាម​ដើម្បី​ប្រមូល ហើយស្រុកគាត់​ទទួល​ខុស​ត្រូវនូវកន្លែងសម្រាប់ដាក់»។

ពលរដ្ឋរស់នៅខេត្តពោធិ៍សាត់ លោក ថេង ថន មានប្រសាសន៍ថា នៅតំបន់ដែលលោករស់នៅ ​ពលរដ្ឋ​ចោលសំរាមមានពីររបៀប ពោលគឺអ្នករស់នៅលើទឹកបោះសំរាមក្នុងទឹក ខណៈអ្នករស់​នៅលើគោក ដុត​​សំរាម ដោយលោកចាត់ទុក​សកម្មភាពទាំងនោះថា​ជារឿងមិនល្អ។

លោក​ថា៖ «សំណល់សំរាមដែលបោះក្នុងទឹក ​ពិសេសអាខោទឹកនោមកូនអីក៏បោះចូលក្នុងទឹកព្រែកហ្នឹង មុជក្នុង[ទឹក]ហ្នឹង អីក្នុងហ្នឹង អាទឹកព្រែកហ្នឹងហើយ»។

ពលរដ្ឋរស់នៅខេត្តសៀមរាប លោក រិន សុខរឿង និយាយថា បច្ចុប្បន្ន ប្រជាជនមានការយល់ដឹងថា ការ​ដុត​សំរាមប៉ះពាល់ដល់បរិស្ថាន និងសុខភាព ប៉ុន្តែពួកគាត់នៅតែធ្វើ ព្រោះពុំដឹងថាគួរ​យកទៅចោល​នៅទីណា។

លោកថា៖ «ការពិតគាត់ដឹងដែរ ប៉ុន្តែគាត់អត់មានជម្រើសក្នុងការបញ្ចេញ។ សំខាន់ជាងគេ ប្លាស្ទិកហ្នឹង វាអត់រលួយដូចក្រដាសទេ អ៊ីចឹងទោះបីគាត់ដឹងយ៉ាងណា ក៏គាត់មិនចោលដែរ»។

ទីប្រឹក្សាឯករាជ្យផ្នែកធនធានធម្មជាតិនិងបរិស្ថាន លោក ហែម ឧត្ដម យល់ថា តាមពិតការចាត់​ចែ​ងទុកដាក់សំរាម​ឱ្យមាន​សុវត្ថិភាពនៅតាមភូមិ​ឃុំ ពិតជាត្រូវការអនុវត្តពីថ្នាក់​ក្រោមឡើងលើ ដើម្បីឱ្យមាន​ភាព​ល្អិត​ល្អន់ ហើយមានប្រសិទ្ធភាពទាន់ពេលវេលា ជាងការដែលរង់ចាំឱ្យថ្នាក់លើតាមដាន។ លោកថា ​​មិន​​ត្រឹមតែអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធនោះទេ ប៉ុន្តែ​ពលរដ្ឋក៏ត្រូវមានការចូលរួមចំណែកផងដែរ។

លោក ហែម ឧត្ដម បន្ត​ថា៖ «យ៉ាងណាមិញ វាគួរតែមានឱ្យលើសពីការបង្គាប់បញ្ជាឬក៏គោលការណ៍ មានន័យថា ​ផ្ដល់ទាំង​ការគាំទ្រផង ធនធានហើយនិងហិរញ្ញវត្ថុ។ អ៊ីចឹងបើកាលណាយើងផ្ដល់តែការ​បង្គាប់ពីខាងលើមក ហើយនៅខាងក្រោមអត់មានកញ្ចប់ថវិកាឬក៏ធនធាន ឬក៏មានតិចតួច អ៊ីចឹងអា​ប្រសិទ្ធភាព​ហ្នឹង​ក៏មានតិចតួចទៅតាមហ្នឹងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ