សង្ខេបព្រឹត្តិការណ៍៖ ក្រុមហ៊ុនស្ករសមួយរងការចោទប្រកាន់ថាបានរំលោភសិទ្ធិប្រជាពលរដ្ឋ

អ្នកភូមិឈរមើលរោងចាំចម្ការដែលកំពុងលេបត្របាក់ដោយអគ្គិភ័យ នៅខេត្តឧត្ដរមានជ័យ កាលពីឆ្នាំ២០០៩។ (លីកាដូ)

ចក្រភព​អង់គ្លេស៖ ការដាក់បញ្ចូលក្រុមហ៊ុន​ស្ករ​ស​ថៃ​ ​មិត្រផុល ដោយស្ថាប័ន​បញ្ជាក់​និរន្តរភាព​សម្រាប់​វិស័យ​ស្ករ​អំពៅ ខ្វះការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ

ស្ថាប័ន​រដ្ឋាភិបាលមួយរបស់​ចក្រភព​អង់គ្លេស​បាន​ឱ្យដឹង​ថា​ ក្រុមហ៊ុន​ស្ករ​ស​ថៃ​ ​មិត្រផុល (Mitr Phol) ដែលស្ថិតនៅក្នុងភាពចម្រូងចម្រាស មិនគួរត្រូវបានចាត់ទុកថាជាវេទិកាឧស្សាហកម្មអំពៅប្រកបដោយនិរន្តរភាព តាមរយៈការគ្មានដំណោះស្រាយចំពោះការរំលោភសិទ្ធិមនុស្សទាក់ទងនឹងបញ្ហាចម្ការអំពៅក្នុងខេត្តឧត្ដរមានជ័យនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន​ មិត្រផុល ត្រូវ​បានរដ្ឋាភិបាល​ផ្ដល់ដី​សម្បទាន​ចំនួន៣លើកនៅ​ខេត្ត​ឧត្ដរមានជ័យ ក្នុង​ឆ្នាំ២០០៨ សម្រាប់​ការ​ដាំដំណាំ​អំពៅ។

ទោះជាយ៉ាងណា គម្រោងនេះបានបណ្ដាលឱ្យមានការបណ្ដេញអ្នកស្រុកចេញដោយបង្ខំ និងការបំផ្លិចបំផ្លាញភូមិចាប់ផ្ដើមពីឆ្នាំ២០០៩ ដែលនាំឱ្យមានការប្ដឹងតវ៉ាក្នុងឆ្នាំ២០១៨ ប្រឆាំងនឹងក្រុមហ៊ុន​ស្ករ​សមួយនេះផងដែរ។

ទាក់ទិននឹងករណីនេះ National Contact Point (NCP) របស់ចក្រភពអង់គ្លេស ជាស្ថាប័នមួយដែលមានភារកិច្ចតាមដានសកម្មភាពសាជីវកម្ម បានលើកឡើងថា ស្ថាប័ន​បញ្ជាក់​និរន្តរភាព​សម្រាប់​វិស័យ​ស្ករ​អំពៅ​ ហៅ​ថា ​បុនស៊ូក្រូ (Bonsucro) ហាក់មានកំហុសក្នុងការជួយជ្រោមជ្រែងដល់ក្រុមហ៊ុនស្ករសថៃនៅលើវេទិកាតស៊ូមតិរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយដែលចេញដោយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដែលធ្វើការជាមួយសហគមន៍រងផលប៉ះពាល់។

ស្ថាប័ន NCP ដដែលបន្តថា បុនស៊ូក្រូ ពុំបានអនុវត្តកម្រិតនៃការត្រួតពិនិត្យឱ្យបានសមស្របនោះទេ មុនពេលដាក់ក្រុមហ៊ុន​ មិត្រផុល ទៅក្នុងបញ្ជីសមាជិកភាពរបស់ខ្លួនឡើងវិញក្នុងឆ្នាំ២០១៥។

ជាមួយគ្នានេះ ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី បានឱ្យដឹងថា៖ «ការសម្រេចនេះ គឺជាការបញ្ជាក់ឱ្យឃើញពីការតស៊ូដ៏យូររបស់យើង ក្នុងការទាមទារឱ្យស្ថាប័ន បុនស៊ូក្រូ ទទួលខុសត្រូវចំពោះការធ្វើឱ្យកើតមានឡើងនូវករណីរំលោភបំពានរបស់ក្រុមហ៊ុន​ មិត្រផុល»។

សេចក្ដីថ្លែងការណ៍ខាងលើបន្ថែមថា តុលាការសហព័ន្ធមួយនៅក្នុងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ក៏បានបញ្ជាឱ្យក្រុមហ៊ុនកូកាកូឡា (Coca Cola) ដែលជាអតិថិជនមួយរបស់ក្រុមហ៊ុន​ មិត្រផុល បញ្ចេញការរកឃើញនានាពីការស៊ើបអង្កេតកាលពីពេលកន្លងទៅផងដែរ។

កម្ពុជាជួលក្រុមហ៊ុន​បញ្ចុះបញ្ចូលអាមេរិកក្នុងតម្លៃ ៧២០ ០០០ដុល្លារ

រដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ក្រុមហ៊ុន​ច្បាប់មួយ​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​បញ្ចុះបញ្ចូលរដ្ឋាភិបាល​អាមេរិក​​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​​តម្លៃ ៧២០ ០០០ដុល្លារ។ នេះ​បើ​តាម​ឯកសារមួយ​ដែល​ត្រូវបាន​លាតត្រដាងដោយ​ក្រសួង​យុត្តិធម៌​អាមេរិក

យោងតាមទីភ្នាក់ងារសារ​ព័ត៌មាន Reuters ក្រុមហ៊ុនច្បាប់ អាឃីន ហ្គាំ ​(Akin Gump Strauss Hauer & Feld) ដែល​រដ្ឋាភិបាលកម្ពុជាបាន​ជួល​ឱ្យ​ជួយ​បញ្ចុះបញ្ចូលនេះ ក៏រួមមានក្រុមការងារ​ដែល​​ជា​​អតីត​ទីប្រឹក្សា​វិមានប្រធានាធិបតីកាលពី​​សម័យ​រដ្ឋបាល​របស់​លោក​ បារ៉ាក់ អូបាម៉ា (Barak Obama) ផងដែរ។​

ក្រុមហ៊ុន​ច្បាប់​មួយនេះបានឱ្យដឹង​ក្នុង​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ជាមួយ​កម្ពុជាថា៖ «អាឃីន ហ្គាំ នឹងធ្វើកិច្ចការងារដើម្បីរក្សាទំនាក់ទំនងបើកចំហ ក្នុងការធានាឱ្យបាននូវសារដែលមានតុល្យភាពបន្ថែមទៀត ជុំវិញទំនាក់ទំនងកម្ពុជា-អាមេរិកដ៏សំខាន់»។

កិច្ចព្រមព្រៀង​នេះត្រូវបាន​ចុះហត្ថលេខា​​ដោយ​ភារធារី​ស្ថានទូត​កម្ពុជា​ប្រចាំសហរដ្ឋអាមេរិក លោក ខឹម រុយស៊ុន (Khem Ruyzun)។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី មិនបានឆ្លើយតបសំណួរទាំងឡាយដែលទាក់ទងនឹងករណីនេះ ក៏ដូចជាប្រធានបទនៃការបញ្ចុះបញ្ចូលនេះនឹងផ្ដោតសំខាន់នោះទេ។

គួរបញ្ជាក់ថា ការ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ចុងក្រោយមួយ​នេះ​ត្រូវបានធ្វើឡើង ​ខណៈ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ពាណិជ្ជកម្ម​របស់​កម្ពុជា។ ក្នុងចំណោមការនាំចេញរបស់កម្ពុជា ក្នុងនោះ មានប្រមាណ ​៤៣ភាគរយ គឺទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ ដែលកើនឡើងពីចំនួន ៣៧ភាគរយ ក្នុងឆ្នាំ២០២០ និងកើនឡើង ៣២ភាគរយ ក្នុងឆ្នាំ២០១៩។

ជាមួយគ្នានេះ កម្ពុជា​ក៏​បាន​ចំណាយ​ថវិកាជាង​១​លាន​ដុល្លារ​លើ​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​អាមេរិក​ ក្នុង​ឆ្នាំ​២០១៩កន្លងទៅផងដែរ។

កម្ពុជាទទួលបាន​ពិន្ទុ​ទាបក្នុង​​សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ

កម្ពុជាបន្តជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេស​ជាសមាជិកអាស៊ាន ក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយជា​សកល​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ខណៈដែលខ្លួនមានភាពប្រសើរជាងប្រទេសចំនួនតែ២ប៉ុណ្ណោះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ចំណាត់ថ្នាក់នេះត្រូវបានបង្ហាញឱ្យឃើញតាមរយៈការចេញផ្សាយសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំរបស់អង្គការតម្លាភាពអន្តរជាតិ (TI) កាលពីថ្ងៃអង្គារ ខណៈដែលកម្ពុជាស្ថិតនៅចំណាត់ថ្នាក់​ទី​១៥៧ លើ១៨០ប្រទេស ពោលមានភាពប្រសើរឡើងបន្តិចបន្តួចពីចំណាត់ថ្នាក់ទី១៦០ កាលពីឆ្នាំ២០២០កន្លងទៅ។

ទោះជាយ៉ាងនេះក្ដី កម្ពុជានៅតែត្រូវបានគេមើលឃើញថា ជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់។

ទាក់ទិននឹងករណីនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) លោក ប៉ិច ពិសី បានឱ្យដឹងថា អង្គការរបស់លោកសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការការពារសុខភាពសាធារណៈ និងការធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈ តាមរយៈការកាត់បន្ថយអំពើពុករលួយក្នុងចំនួនតិចតួច។

ទោះជាយ៉ាងណា លោកបន្តថា អំពើពុករលួយនៅតែត្រូវបានមើលឃើញថាកើតឡើងជាបន្តបន្ទាប់នៅក្នុងស្ថាប័នសាធារណៈ និងអភិបាលកិច្ច។

សម្រាប់ក្របខណ្ឌអាស៊ាន កម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ ដោយជាប់ចំណាត់ថ្នាក់ទាបបំផុតឬទាបជាងគេ ខណៈ​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ កម្ពុជាស្ថិតនៅពីលើតែប្រទេសអាហ្វហ្គានីស្ថាន និងកូរ៉េខាងជើងប៉ុណ្ណោះ៕

បកប្រែនិងសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសក្រោមចំណងជើង “Briefs: Sugar Firm Reprimanded, More US Lobbyists, Corruption Rankings” ដោយលោក ភុន ច័ន្ទឧសភា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ