តុលាការកំពូលបើកសវនាការលើបណ្ដឹងសារទុក្ខមេធាវីការពារក្ដីឱ្យលោក អ៊ឹង ម៉េងជឺ

លោក ថោង សារ៉ាត់។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

តុលាការកំពូលនៅថ្ងៃពុធនេះ បានបើកសវនាការជំនុំជម្រះបណ្ដឹងសារទុក្ខមេធាវីការពារក្ដីឱ្យឧកញ៉ា អ៊ឹង ម៉េងជឺ ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានទម្លាក់ចោទបទចោទប្រកាន់ និងដោះលែងឧកញ៉ា ថោង សារ៉ាត់ រួមទាំងបក្ខពួក៣នាក់ឱ្យមានសេរីភាពវិញ។

ឧកញ៉ា ថោង សារ៉ាត់  និង​អង្គរក្ស៣​នាក់ ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាត់​ទោស​ឱ្យជាប់ពន្ធនាគារអស់មួយជីវិតនោះ ត្រូវបាន​សាលាឧទ្ធរណ៍​​ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាព កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ខណៈ​អង្គរក្សម្នាក់ទៀត​ត្រូវ​តុលាការ​រក្សាបទ​ចោទប្រកាន់​ និងបន្តឃុំខ្លួននៅពន្ធនាគារដដែល។

លោក ថោង សារ៉ាត់ និង​អង្គរក្ស៤​នាក់ ត្រូវ​បាន​​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗអស់​មួយជីវិត ដោយ​ចោទ​ពី​បទ ​«ឃាតកម្ម​គិតទុក​ជាមុន» និង​បទ «​សមគំនិត» ​ក្នុង​សំណុំរឿង​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​ជា​ថៅកែ​ស៊ីម៉ងត៍​ត្បូងពេជ្រ​កាលពី​ឆ្នាំ២០១៤។

ប៉ុន្តែក្នុងចំណោមមនុស្សទាំង៥នាក់នោះ  គឺមាន៤នាក់ត្រូវបានតុលាការទម្លាក់ចោលបទចោទ និង​ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈម្នាក់ទៀតឈ្មោះ សៀង វាសនា ត្រូវបានតុលាការបន្តរក្សាបទចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារដដែល។

មេធាវីការពារក្ដីឱ្យឧកញ៉ា អ៊ឹង ម៉េងជឺ​ គឺលោក តេង បូរ៉ា បានប្រាប់ចៅក្រមអំឡុងសវនាការថា សាលាដំបូងរាជធានីភ្នំពេញបានរកឃើញឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក៣នាក់ពិតជាបានជាប់ពាក់ព័ន្ធសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីឆ្នាំ២០១៤មែន។

មេធាវីរូបនេះថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឱ្យឧកញ៉ា ថោង សារ៉ាត់, ឈ្មោះ ហួយ ចាន់ថុល, ឈ្មោះ មាស សម្បត្តិ ហៅ ទូច, ឈ្មោះ ឃុន ចិត្រា និងឈ្មោះ សៀង វាសនា ជាប់ពន្ធនាគារអស់មួយជីវិតដែរ ប៉ុន្តែចៅក្រមសាលាឧទ្ធរណ៍​បែរជាសម្រេចទម្លាក់ចោល​បទចោទប្រកាន់ និងដោះលែងឧកញ៉ា ថោង សារ៉ាត់ និងបក្ខពួក៣នាក់ឱ្យមានសេរីភាពទៅវិញ។

​លោក តេង បូរ៉ា ចាត់ទុកការសម្រេចនោះថា ជារឿងអយុត្តិធម៌សម្រាប់គ្រួសារ​និងកូនក្ដីរបស់លោក។ លោកស្នើទៅ​តុលាការកំពូលឱ្យ​បង្ខំ​លោក ថោង សារ៉ាត់ និងបក្ខពួក៤នាក់ផ្សេងទៀត​ សង​ជំងឺ​ចិត្ត​ដល់គ្រួសារឧកញ៉ា អ៊ឹង ម៉េងជឺ ផងដែរ។

លោក​ថា​៖ «​នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​កូន​ក្ដីខ្ញុំ​។ បើ​គ្មាន អ៊ឹង ម៉េងជឺ គ្រួសារ​នោះ​នឹង​ក្លាយ​ជា​ជំពាក់​បំណុល​គេ ហើយ​រស់​នៅ​ដោយ​គ្មាន​សុភមង្គល និង​អស់សង្ឃឹម»។

ក្នុងបន្ទប់សវនាការនា​ថ្ងៃពុធនេះ ជនជាប់ចោទ លោក សៀង វាសនា បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល ឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងខ្លួនឱ្យមានសេរីភាពវិញ។ លោកអះអាងថា ខ្លួនមិនបានជាប់ពាក់ព័ន្ធអំពើឃាតកម្ម​សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នោះឡើយ។

លោកថា៖ «ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ ហើយ​ខ្ញុំ​មាន​សាក្សី ហើយថ្ងៃ​នោះ ​ខ្ញុំ​នៅ​ខេត្ត​កំពង់ឆ្នាំង។ ខ្ញុំ​មិន​ដែល​ស្គាល់ ​អ៊ឹង ម៉េងជឺ​ ទេ។ ហើយ​ខ្ញុំ​ក្រីក្រ​ណាស់ តើ​ខ្ញុំ​អាច​រកស៊ី​ជាមួយ​គាត់​បាន​យ៉ាង​ម៉េច? ខ្ញុំមិនមានអ្វីពាក់ព័ន្ធជាមួយគាត់ទេ។ ខ្ញុំ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់ និង​របាយការណ៍​របស់​ប៉ូលិស។ […] ខ្ញុំ​មិន​មាន​កាំភ្លើង​ទេ»។

អ្នកស្រី ស៊ិន សុវ៉ន ដែលជាមេធាវីការពារក្ដីឱ្យឈ្មោះ សៀង វាសនា បានបដិសេធរាល់របាយការណ៍និងការចោទប្រកាន់លើកូនក្ដី ដោយ​​និយាយថា របាយការណ៍នេះ ប៉ូលិសបានធ្វើទារុណ​កម្ម​កូនក្ដីរបស់ខ្លួនរហូតដល់សន្លប់ និងបានឱ្យផ្ដិតមេដៃជាដើម។

អ្នកស្រីបង្ហាញការសោកស្ដាយនៅពេលឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានឃាតករបាញ់សម្លាប់ និងស្នើឱ្យ​តុលាការ​ស្វែង​រក​ឃាតករពិតប្រាកដមកដាក់ទោស ខណៈកូនក្ដីរបស់អ្នកស្រីមិនបានប្រព្រឹត្ត និងមិនបានជាប់ពាក់ព័ន្ធជាមួយ អ៊ឹង ម៉េងជឺ ឡើយ។

អ្នកស្រីចាត់ទុកការរក្សាបទចោទប្រកាន់ និងការបន្តឃុំខ្លួនកូនក្ដីថាជារឿងអយុត្តិធម៌ ខណៈ​អ្នក​ផ្សេង​ទៀតបែរជាសាលាឧទ្ធរណ៍​រក​មិន​ឃើញ​ថាមាន​ទោសទៅវិញ។

អ្នកស្រីថា៖ «គាត់​មិន​បាន​ប្រព្រឹត្ត​ទេ​ ព្រោះ​គាត់​នៅ​ខេត្ត។ ប៉ុន្តែ​នៅ​ទី​បំផុត​ សាលា​ឧទ្ធរណ៍​បាន​រក​ឃើញ​ថា​កូនក្ដីនាងខ្ញុំ​មាន​ទោស ខណៈ​មនុស្ស៥នាក់​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស ​ត្រូវ​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ហើយ​ពិបាក​នឹង​ទទួល​យក​រឿង​នេះ​ណាស់»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការទម្លាក់ចោលបទចោទរបស់សាលាឧទ្ធរណ៍ បង្ហាញឱ្យឃើញថា សមត្ថកិច្ចដែលធ្វើរឿងនេះ គ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចាប់និងចោទប្រកាន់ឧកញ៉ា ថោង សារ៉ាត់ និងមនុស្សមួយចំនួនទៀត។ ​

លោកបន្តថា ប្រសិនតុលាការបន្តរក្សាសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែលនោះ សមត្ថកិច្ចត្រូវបើកការស៊ើបអង្កេតឡើងវិញ ដោយស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដើម្បីផ្ដល់យុត្តិធម៌ជូនគ្រួសាររបស់គាត់។

លោកថា៖«​ អ៊ីចឹងបង្ហាញពីការខ្វះចន្លោះឬក៏ខ្វះខាតនៃការស៊ើបអង្កេត។ អ៊ីចឹងវាត្រូវតែពាក់ព័ន្ធហើយថាតើនរណាជាឃាតករក្នុងការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ។ ត្រូវតែមានការស៊ើបអង្កេតឡើងវិញ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ»។

លោក អំ សំអាត កត់សម្គាល់ឃើញថា សំណុំរឿងឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានសមត្ថកិច្ចហាក់ដុតដៃដុតជើងធ្វើកិច្ចការងារនេះ ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធបានភ្លាមៗ  ប៉ុន្តែសម្រាប់សំណុំរឿងឃាតកម្មលើជនល្បីៗមួយចំនួន ដូចជា អតីតប្រធាន​សហជីពសេរីកម្មករខ្មែរ លោក ជា វិជ្ជា, អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត កែម ឡី និងអ្នកផ្សេងទៀត តុលាការហាក់បានអូសបន្លាយពេលវេលាយូរ។

យ៉ាងណា ក្រោយពីបើកសវនាការដេញដោលនៅពេញមួយព្រឹកនាថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាតុលាការកំពូល លោក យូរ ឧត្ដមរា បានសម្រេចលើកពេលប្រកាសសាលដីកានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

ឧកញ៉ា អ៊ឹង ម៉េង ជឺ ត្រូវបានឃាតករបាញ់សម្លាប់កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅពេល​រូបលោកចុះពីរថយន្តឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើមួយកន្លែង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ