កម្មការិនី​ក្នុង​វិស័យ​សំណង់​ចង់​បាន​ការ​ការពារ​និង​អត្ថប្រយោជន៍​ដូច​វិស័យ​រោងចក្រ

ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង កាលពីពេលកន្លងទៅ។

កម្មការិនីដែលបម្រើការ​នៅក្នុង​វិស័យ​សំណង់ ត្អូញត្អែរពីការប្រឈមគ្រោះថ្នាក់ការងារទាំង​នៅ​ក្នុង​ការ​ដ្ឋាន​​​សំ​​ណង់ និង​កង្វះយន្តការការពារដោយច្បាប់ ស្របពេលវិស័យដទៃទៀត ដូច​​​ជា វិស័យរោង​ចក្រ​​​កាត់ដេរ ជាដើម អាច​​ទទួល​បានការយកចិត្តទុកដាក់ទាំងផ្នែកហិរញ្ញវត្ថុ និងសេវាគាំពារសង្គម។

ជាមួយនឹងការងើបឡើងវិញខ្លះៗផ្នែកធុរកិច្ច ជាពិសេសវិស័យសំណង់ ក្រោយពេល​​រដ្ឋា​​​ភិបាល​ប្រ​​កាស​​បើក​ប្រទេស​នៅបន្ទាប់ពីជំងឺ​កូវីដ-១៩ វាយ​លុកប្រមាណជិត២ឆ្នាំនោះ កម្មការិនីនៅក្នុងវិស័យ​សំ​​ណង់នៅ​​​​តែអះអាងថា វិស័យមួយនេះក៏មិន​​រំពឹងទទួលបានការយកចិត្តទុកដាក់និងការការ​​ពារ​​ដោយ​​ច្បាប់​​ប៉ុន្មាននោះដែរ។

អ្នកស្រី ញឹក រ៉ា ជាកម្មការិនីដែលកំពុងបម្រើការនៅ «បុរីអ័រគីដេ» ដែលស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានី​​ភ្នំ​​ពេញ ​ឱ្យដឹងថា អ្នកស្រី​​ប្រឡូក​​ក្នុងវិស័យសំណង់នេះអស់រយៈពេលជិត៣ឆ្នាំមកហើយ។

បើតាមអ្នកស្រី ញឹក រ៉ា ថ្វីត្បិតធ្វើការនៅក្នុងវិស័យមួយនេះអស់ពេលជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែ​អ្នក​​ស្រី​​​​​​មិនដែល​ឮពាក្យថាអ្វីទៅជាសេវាគាំពារសង្គមទេ ហើយ​​អ្នកស្រីក៏មិនដែល​បាន​ដឹង​​ដែរ​ថា រដ្ឋាភិបាល​ផ្ដល់​​​សេវា​​ដ៏ចាំបាច់មួយនេះទៅលើវិស័យដែលងាយរងគ្រោះ​មួយនេះវិស័យ​​រោង​​ចក្រកាត់ដេរ និងវិស័យ​​ទេស​​ចរណ៍​ជាដើមនោះដែរ។

ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង
ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង កាលពីពេលកន្លងទៅ។

ប្រភពដដែល​បន្តថា អំឡុងពេលមានវិបត្តិការងារនៅចំពេលជំងឺ​​​​កូវីដ-១៩​​​វាយ​​​លុក​​​ អ្នកស្រីមិនដែលបានទទួល​​អំណោយឬប្រាក់ឧបត្ថម្ភ​ពីរដ្ឋាភិបាលម្ដងណាទេ។ ផ្ទុយទៅវិញ អ្វីដែល​​អ្នក​​ស្រី​​ធ្លាប់​​​ទទួល​បាន គឺបានពីខាង​​ក្រុម​ហ៊ុនទៅវិញ ខ​ណៈ​​​អ្នកស្រីមិនមានការងារ ហើយត្រូវ​ប្រឈមមុខ​ខ្វះ​​ខាត​​​ស្បៀង​អាហារប្រចាំថ្ងៃ។

អ្នកស្រីបន្តថា៖ «ខ្ញុំសុំគាត់ថា ខ្ញុំអត់មានអីហូបទេក្នុងអំឡុងពេលកូវីដអ៊ីចឹង ហើយអត់មាន​​ការ​​ងារ​​​ធ្វើអ៊ីចឹង ហើយ​​ទៅគាត់ជួយ ខាងក្រុមហ៊ុនគាត់ជួយជាអង្ករ ទឹកស៊ីអ៊ីវ និងមីអី​​ជាដើម។​​ អំ​ណោ​​យ​​​​ដែលបានមក​នេះ​​ មិន​មែនបានមកពីរដ្ឋាភិបាលទេ ខាង​ក្រុមហ៊ុន​​​ជួយទេ។ ពីខាងរដ្ឋាភិ​​បាល​មិនដែលបានទេ»។

ស្ថិតក្នុងវ័យ​៤​១​ឆ្នាំ មកពី​ខេត្តព្រៃវែង អ្នកស្រី ញឹក រ៉ា បញ្ជាក់ថា ការងារអ្នកស្រីសព្វថ្ងៃមិនមែនជាប្រភេទការងារម៉ៅការដូចកម្មករដទៃទៀតទេ ពោលអ្នកស្រីទទួលបានបៀវត្សប្រចាំខែ​។ អ្នកស្រី​ហាក់​​​​​មាន​​​​សំ​​ណាង​បន្ដិច បើធៀបនឹង​កម្មករ​​​ដទៃ​​​​​ទៀត​​​ដែលទទួល​​បានកម្រៃកម្លាំង​​ពល​​កម្មតាមថ្ងៃ​​ដែល​​​​​​​​ធ្វើការប៉ុណ្ណោះ។

ដោយមានសមាជិកគ្រួសារក្នុងបន្ទុកចំនួន៥នាក់ កម្មការិនីរូបនេះថា បើគិត​ពីចំណូលដែល​​រកបាន​​​​នេះស្ទើ​រ​​ទប់ការ​​ចំ​ណាយទៅ​វិញសឹងមិនចង់​​គ្រាន់ផង។​ ថ្វីត្បិត​​ចំ​​ណូល​​​បានមកជិត២០០ដុល្លារអា​​មេ​រិក​​ក្នុងមួយខែ​មែន តែការចំ​ណាយ​ទៅ​វិញ ​រួមទាំងថ្លៃទឹក ភ្លើង ជួលផ្ទះ និងការ​​ហូប​​​ចុកប្រចាំថ្ងៃក្នុងមួយខែ គឺសល់តិច​​តួច​​ណាស់​​​។ ការ​​ចំ​​ណាយ​​ទាំង​​នេះ អ្នកស្រី ញឹក រ៉ា ថានៅមិនទាន់គិត​​ដល់ការ​​ឈឺថ្កាត់​​នៅ​ឡើយ​ផង។


ពលរដ្ឋធ្វើចរាចរណ៍លើស្ពានអាកាសក្បែរទីកម្សាន្តមួយកន្លែងក្នុងក្រុងភ្នំពេញ។
ពលរដ្ឋធ្វើចរាចរណ៍លើស្ពានអាកាសក្បែរទីកម្សាន្តមួយកន្លែងក្នុងក្រុងភ្នំពេញ។

ជាមួយ​សេដ្ឋកិច្ច​បើក​ឡើង​វិញ អ្នក​​បម្រើការ​ក្នុង​សេវា​កម្សាន្ត​ចង់​បាន​ការគាំពារ​សង្គម​ដូច​គេ​ដែរ

មានការប៉ាន់ប្រមាណថា ស្ត្រីដែលបម្រើនៅក្នុងវិស័យសេវាកម្សាន្តប្រមាណ៨០ភាគរយបានក្លាយជាជន​​រងគ្រោះ តាមរយៈការធ្លាក់ចុះ​​ចំណូលនិងវិបត្តិការងារនៅអំឡុងពេលជំងឺ​កូវីដ-​១៩រីករាលដាលនៅដើម​​ឆ្នាំ​​២០២០។


មិនមែនមានតែអ្នកស្រី ញឹក រ៉ា ម្នាក់ទេដែលមិនធ្លាប់បានដឹង ស្គាល់ និងឮ ឬទទួលបានជំនួយគាំ​​ពារ​​សង្គម​ពី​រដ្ឋា​ភិបាលអំឡុងជួបហានិភ័យការងារនោះ​ នៅមាន​​កម្មកា​រិនីវិស័យសំ​ណង់​​ផ្សេង​ទៀតក៏ពុំដែល​បាន​​ទទួលព័ត៌មាន​​​ទាំង​នេះ​ដែរ។

អ្នកស្រី យស់ សារ៉ាន មកពីខេត្តព្រៃវែងដែរ ឱ្យដឹងថា អ្នកស្រីពិតជាមិនដែលធ្លាប់បានដឹងពី​​គោល​​ការណ៍​នៃ​​សេវា​គាំពារសង្គមដែលរដ្ឋាភិបាលផ្ដល់ឱ្យទេ ជាពិសេសការផ្ដល់ជូន​សម្រាប់វិស័យ​​​ដែល​​​​ងាយ​​រងគ្រោះមួយនេះតែម្ដង ពេ​​ល​​​​​​មាន​​​ហានិភ័យការងារកើតឡើង។ អ្នកស្រីបន្តថា នៅ​ពេលមានកា​រ​​វាយ​​​លុយ​​ដោយ​​ជំងឺកូវីដ-១៩កន្លង​​ទៅនេះ អ្នកស្រីនិងកម្មករនៅក្នុងវិស័យផ្សេងទៀតក៏ជួបវិបត្តិផ្នែក​​ហិ​​រញ្ញវត្ថុដែរ ដោយ​​​សារគ្មានការងារធ្វើ។

អ្នកស្រីបន្តថា៖ «កន្លែងហ្នឹង បើយើងដាច់ការងារអ៊ីចឹង អត់មានទេ! បើយើងដាច់ការងារអ៊ីចឹង យើងដើររកការងារ អា​នេះ​​គេអត់មានជួយយើងអីទេ។ ពិតជាចង់បាន ដូចថាយើងខ្លាចគេអ៊ីចឹងទៅណា ដូចគេថាអ៊ីចឹង ចង្អឹះ​​មួយ​គេ​កាច់​បាក់ ដល់ចង្កឹះមួយបាច់ គេកាច់មិនបាក់។ បើយើងទៅ១០នាក់ ២០នាក់ ឬ៣០នាក់​អ៊ីចឹងទៅណា​​។ ពួកគាត់​សុទ្ធតែអ្នកខ្លាច មិនហ៊ានស្នើសុំអីទេ ការងារសំណង់នេះមិនសូវជាជឿនលឿនអីទេ ថ្វីបើខ្ញុំអត់ចេះអក្សរ តែខ្ញុំ​ក៏​យល់ខ្លះដែរ»។

ភាពខុសគ្នានៃប្រាក់ចំណូលរវាងកម្មករបុរសនិងស្ត្រីនៅក្នុងវិស័យសំណង់

បើទោះជានៅក្នុងច្បាប់ស្ដីពីការងារ មិនបានបែងចែកពីគម្លាតនៃប្រាក់ឈ្នួលរវាងបុរសនិងស្ត្រីក៏​ពិត​មែន​ ប៉ុន្តែ​​​​​ភាព​​​ជាក់​​ស្ដែង កម្មករនិយោជិតនៅក្នុងវិស័យសំណង់​នៅតែត្រូវបានគេ​រើសអើង​​នៅ​ឡើ​យ​​​​​​។ កម្លាំង​ពល​​កម្ម​​ប្រ​​ចាំ​ថ្ងៃដែលពួកគេទទួលបាន គឺមិនដូចគ្នាទេ។ កម្មករសំណង់​​ជាបុរស​​នៅ​ក្នុង​​វិ​​ស័យនេះតែងមានប្រៀបនិងថ្លៃ​​ឈ្នួល​​ខ្ពស់ជាងកម្មការិនី បើទោះជាកម្មការិនីមាន​​ជំនាញ​​ប្រ​ហាក់​​ប្រហែលឬដូចគ្នាយ៉ាងណាក្ដី។

កញ្ញា ឈី ស្រីមុំ ដែលមកពីស្រុកមេសាង ខេត្តព្រៃវែង ឱ្យដឹងថា រូបនាងអាច​ទទួលបានចំណូល​ត្រឹម​​តែ៣​​៥ ​​០០០​រៀលប៉ុណ្ណោះ​ក្នុងមួយថ្ងៃ។ ការងារដែលគាត់​ធ្វើ គឺជាអ្នកបោសសម្អាតអាគារ បៀក​រ៉ង​​​ឥដ្ឋ​​ការ៉ូក្រោយ​​អាគារសាងសង់រួច ហើយការងារបន្ថែមទៀតជាអ្នកជួយ​​ជញ្ជូន​​​​​កំ​បោរនិង​​ស៊ី​ម៉ង​​ត៍ ជាដើម។

ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង
ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង កាលពីពេលកន្លងទៅ។

​​ស្ថិត​​ក្នុងវ័យប្រមាណ៣០ឆ្នាំ កញ្ញា ឈី ស្រីមុំ បន្តថា ការងារ​​ដែលខ្លួន​ធ្វើ​រាល់​ថ្ងៃ​នេះ ក៏មិនខុស​​គ្នា​​ពីការងាររបស់បុរសប៉ុន្មានដែរ ប៉ុន្តែ​​ជាទូទៅតម្លៃប្រាក់ឈ្នួល​ហាក់ខុស​គ្នា​​ឆ្ងាយ​ពី​​កម្មករជា​បុរស​​។

អ្នកស្រីនិយាយថា៖ «ប្រុសៗ ពួកគាត់បានលើសយើងជាស្រីៗ។ កម្មករប្រុសៗទទួលបាន៤៥ ០០០​រៀល។​ មេជាងណា​ចេះ​រៀបឥដ្ឋ និងចាប់ជ្រី គឺបានលើសហ្នឹងទៀតក្នុងម្នាក់។ នេះមេជាងគេឱ្យតម្លៃទៅតាមអ្នកចេះឬមិនសូវចេះ។​ ជា​មធ្យម អ្នកចេះបូក ចេះរៀបឥដ្ឋអីហ្នឹង បាន៥០ ០០០រៀល​ ហើយអ្នកចេះចាប់ជ្រី និងវាយការ៉ូអីទៅក៏បាន៦​ម៉ឺន។ បើខ្ញុំ​មិន​ដែល​បានទេ ព្រោះគេថាស្រីៗអត់ចេះរៀបឥដ្ឋ ដូច្នេះតម្លៃខ្លួនគឺអត់បានទេ»។

តាមពិតទៅ ​តម្លៃប្រាក់ឈ្នួលទាបនេះមិនមែនមានតែ ស្រីមុំ ម្នាក់ទេ​ដែលជួបបញ្ហា។ អ្នកស្រី ហម ខឺន ក៏បានអះអាងដូចគ្នាដែរថា ប្រាក់ឈ្នួលដែលខ្លួនទទួលបាន​ គឺមានតម្លៃប្រ​ហែលជាង៣០ ០០០រៀល​​​​​​​ប៉ុណ្ណោះ ខណៈស្វាមីរបស់អ្នកស្រីអាចរកចំណូលបានជិត៦០ ០ ០០រៀល​​ក្នុងមួយថ្ងៃ។ អ្នកស្រីបន្តថា គេ​មិន​​ដឹង​​ពីមូលហេតុអ្វីឱ្យពិតប្រាកដបានជាកម្រៃពលកម្ម​​រវាង​ក​ម្មក​របុរសនិងស្រ្តីមានភាពខុសឆ្ងាញពីគ្នាបែបនេះ ក្នុងពេលដែលការ​ងារគឺមិនលើស​ខ្វះគ្នា​​ប៉ុន្មាន​ផង​​នោះ។

អ្នកស្រីបន្តថា៖ «ការងារខ្ញុំរៀបឥដ្ឋរៀបអី និងជញ្ជូនកំបោរអីហ្នឹងឯង។ បើមេការគាត់យកការងារខាងដេគ័រ។ ហើយ​​បើ​​យើង​​ខាងលាយកំបោរលាយអីហ្នឹង។ តាមពិតទៅ វាជាប្រភេទការងារធ្ងន់ៗដែរទេ ខាងស្រីៗនោះ​។ គេគិតថា​​បុរស​គេជាមេជាង យើងស្រីតិចតួចទេ។ កម្មករផ្នែកបុរសបានមួយថ្ងៃជាង៤០ ០០០​រៀល ការងារដូចគ្នា នៅតែលើស​​ស្រីៗ។ ប្រាក់ឈ្នួល​កម្លាំងពលកម្មស្ត្រី មិនដែលបានស្មើប្រាក់ឈ្នួលផ្នែកបុរសទេ ដោយសារគេគិតថា​ប្រុសៗ​​មាន​​​​កម្លាំងខ្លាំង»។

របាយការណ៍សិក្សាពីប្រាក់ចំណូលរបស់កម្មករនៅក្នុងវិស័យសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ២០១៩ បានចេញរបាយការណ៍សិក្សាស្រាវជ្រាវ​ទៅលើ​​ប្រាក់​​​ចំណូល​​របស់​​កម្មករនៅក្នុងវិស័យសំណង់ ដោយ​បាន​បញ្ជាក់ថា​ តម្លៃពលកម្ម​សម្រាប់កម្មករគ្មានជំនាញ ទទួលបានពី៣០ ០០០រៀល​ ទៅ៤០ ០០០រៀល​ក្នុង​​មួយ​​ថ្ងៃ​​។ ​​ចំណែក​​​កម្មករមានជំនាញ និងមេជាង ទទួលបានពី៤០ ០០០រៀល ទៅ៦០ ០០០​​រៀលក្នុងមួយថ្ងៃ។ ក្រៅពីនេះ ចំ​​ពោះ​​វិស្វករ ស្ថាបត្យ​​ករ និងអ្នកជំនាញផ្សេងទៀត អាចទទួលបានប្រាក់បៀវត្សពី៤០០ដុល្លារ ទៅ២​ ៥០០​​ដុល្លារ​​អាមេរិក​ក្នុង​​​​មួយ​​ខែ​​។ ប៉ុន្តែតម្លៃប្រាក់ឈ្នួលសម្រាប់កម្មករនៅក្នុងវិស័យ​សំណង់ បើធៀបតួលេខឆ្នាំ២០២០ ដែលចេញដោ​​យ​​​​​ក្រសួងដែនដី​ដដែល គឺមានការប្រែប្រួលខុសគ្នាតិចប៉ុណ្ណោះ។

ការប្រែប្រួលតម្លៃពលកម្ម​សម្រាប់តែកម្មករដែលមានជំនាញតែប៉ុណ្ណោះ ក្រៅពីនេះគឺតម្លៃពលកម្មនៅដដែល។ បើយោងតាមរបាយការណ៍របស់ក្រសួងដែនដីដែលចេញកាលពីខែមីនា ឆ្នាំ២០២១ បង្ហាញថា សម្រាប់កម្មករដែលមានជំនាញ​ដូចជាមេជាង គឺពួកគេអាចទទួលបានចាប់ពី៦០ ០០០រៀល​ ទៅ១០០ ០០០រៀល​ក្នុងមួយថ្ងៃ។

កម្លាំងពលកម្មនៅក្នុងវិស័យសំណង់ថយចុះ ព្រោះតែទីផ្សារការងារត្រូវកាត់បន្ថយ

សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ឱ្យដឹងកាលពីដើមខែធ្នូ ឆ្នាំ២០២១ ថាកម្មករសំណង់​​មាន​​ប្រមាណ២០ម៉ឺននាក់នៅទូទាំងប្រទេស ក្នុងនោះ ៣០ភាគរយជាស្រ្តីដែលកំពុងបម្រើការ​នៅ​​ក្នុងវិស័យ​​ឧស្សា​​ហ​​​​កម្ម​មួយនេះ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានឯកភាពដែរថា កម្មការិនីផ្នែកសំណង់មានប្រមាណ៣០ភាគរយ បើធៀបនឹងកម្មករសរុប​​ជាបុរសនៅ​​ទូ​​ទាំង​ប្រ​​ទេស​​។

ដោយឡែក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញរបាយការណ៍កាលពីដើម​​​ឆ្នាំ​​​​២​០​​២០ ​បង្ហាញ​ថា វិស័យសំណង់​បានរួមចំណែកបង្កើតការងារឱ្យកម្មករបានជាង ១៧ម៉ឺននាក់ ទូទាំងប្រទេស​ក្នុង​​មួយ​​ថ្ងៃ។ ដោយឡែក សម្រាប់តែរាជធានីភ្នំពេញ វិស័យឧស្សាហកម្មធុនធ្ងន់មួយនេះក៏បានដើរតួនាទី​​ក្នុងការផ្ដល់​​ការ​ងារដល់កម្មករប្រមាណ ​២ម៉ឺន៥ពាន់នាក់ ក្នុងមួយថ្ងៃដែរ។ ប៉ុន្តែរបាយការណ៍ដដែលនេះ ក៏បានកត់​​សម្គាល់ដែរថា ដោយសារបញ្ហាជំងឺកូវីដ-១៩ បានរុញឱ្យវិស័យដ៏សំខាន់មួយនេះត្រូវរអិលចុះបន្តិច គិតត្រឹម​​ឆ​មាស​​ទី១ ក្នុងឆ្នាំ២០២០កន្លងទៅ​។ បើយោងលើរបាយការណ៍ដដែលបង្ហាញថា កម្លាំងពលកម្មផ្នែក​​វិស័យ​សំ​ណង់បានថយចុះប្រមាណ​១០ភាគរយ មានន័យថា​​ ត្រូវ​​ថយ​​ចុះពី​ជិត១២ម៉ឺននាក់ក្នុងមួយថ្ងៃ មក​​នៅត្រឹម​​ជាង១០ម៉ឺននាក់​ ហើយការថយចុះនេះគឺកើតឡើងទូទាំងប្រទេស។

ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង
ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង កាលពីពេលកន្លងទៅ។

អ្នកធ្វើការនៅក្នុងវិស័យសំណង់ក៏ស្ថិតនៅក្រោមច្បាប់ស្ដីពីការងារ តែមិនទទួល​​បានអត្ថប្រយោជន៍​​ដូច​វិស័យ​ដទៃទៀត ​

ដូចនៅក្នុងខ្លឹមសារនៃ​ច្បាប់ស្ដីពីការងារ គឺគេមិនបានបែងចែក​ឬរើសអើងថា លុះត្រាតែបុរសទើប​​អាច​ទទួល​​បាន​​​កម្រៃពលកម្មច្រើនជាងស្ត្រី ឬលុះត្រាតែស្ត្រីមានជំនាញខ្ពស់ជាងឬខ្លាំងជាងបុរស ទើបអាច​​ទទួល​​បាន​ប្រាក់​​ឈ្នួលស្មើទៅនឹងបុរសនោះដែរ។

មាត្រា១០៦ នៃច្បាប់ស្ដីពីការងារ​ បានកំណត់និយមន័យថា ​ចំពោះលក្ខខណ្ឌ​ការងារ​​​ប្រហាក់​​ប្រ​ហែល​គ្នាឬ​ស្មើ​គ្នា ភាពប៉ិនប្រសប់ខាងវិជ្ជាជីវៈ និងលទ្ធផលដែលធ្វើបានស្មើគ្នា ដូច្នេះប្រាក់​​ឈ្នួល​​ក៏ត្រូវតែទទួលបាន​ស្មើ​គ្នា​ទៅ​តាម​នោះដែរ បើទោះបីមានភាពខុសគ្នារវាងភេទឬអាយុយ៉ាងណាក្ដី។

ម្យ៉ាងវិញទៀត កម្មករដែលស្ថិតនៅក្នុងវិស័យសំណង់ទាំងអស់ មិនថាជាកិច្ចសន្យាផ្ទាល់មាត់ ឬ​​កិច្ច​​​​សន្យា​ការ​ងារដែលមានជាលាយលក្ខណ៍អក្សរយ៉ាងណាក្ដី ក៏កិច្ចសន្យាទាំងពីរប្រភេទនេះនៅតែ​​ស្ថិត​​ក្រោមយុត្តាធិការនៃ​​ច្បាប់​​ស្ដីពីការងារដូចគ្នា ហើយពួកគេត្រូវតែទទួលបាន​​អត្ថ​ប្រយោជន៍​​ដូច​គ្នា មិនថាពួកគេស្ថិតនៅ​​ក្នុង​​កិច្ច​​សន្យា​ការ​ងារមួយណាឡើយ។

មាត្រា៦៥ នៃច្បាប់ស្ដីពីការងារកំណត់ថា កិច្ចសន្យាជាលាយលក្ខណ៍អក្សរ ជាប្រភេទនៃកិច្ច​​សន្យា​​កំណត់​​​​ថេរ​​វេ​​លា និងកិច្ចសន្យាផ្ទាល់មាត់ ឬហៅថាជាកិច្ចសន្យាមិនកំណត់ថេរវេលា។ តែកិច្ចសន្យា​​ទាំង​​​​ពីរប្រភេទនេះ កម្មករ​​នៅ​តែត្រូវទទួលបានអត្ថប្រយោជន៍ស្មើៗគ្នាដដែល។

ខ្លឹមសារនៃច្បាប់មានតែការអនុវត្ត មិនមានប្រសិទ្ធភាព

សហជីពខាងវិស័យសំណង់ ឱ្យដឹងថា តាមពិតទៅ​ ស្មា​​​រតីនៃច្បាប់​​​គឺ​បានចែងឬត្រួសត្រាយផ្លូវ​​បាន​​យ៉ាង​ល្អ ដែល​​​​អាចជួយឱ្យភាគីពាក់ព័ន្ធ ទទួលយក​​​គោលការណ៍នៃច្បាប់ដោយ​​​​​ស្ម័គ្រចិត្ត។ ប៉ុន្តែភាព​​ជាក់ស្ដែងនៃ​ការ​​អនុ​វត្តវិញ ផ្ទុយគ្នា​ស្រឡះ​​ពីអ្វី​​ដែល​​​មាន​ចែងឬកំណត់នៅក្នុងច្បាប់។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) លើកឡើងថា ការ​​ងារ​នៅក្នុងវិស័យសំណង់ នៅតែត្រូវបានបែងចែកប្រាក់ឈ្នួលខុសៗគ្នារវាងបុរសនិងស្រ្តី។ លោកបន្តថា បើទោះជា​​ការ​​ងារផ្នែកបុរសត្រូវគេមើលឃើញមិនសូវជាមមាញឹកខ្លាំងជាងស្ត្រី ក៏ប្រាក់​ឈ្នួលរ​បស់ស្រ្តីនៅតែគេផ្ដល់​​ជូន​​ក្នុង​​កម្រិត​​មួយនៅ​​​​​តិច​​​ជាង​​បុរស​​ដដែល។

បើតាមលោក សុខ គីន ក្រុមស្រ្តី​ក្នុងវិស័យសំណង់ដែលលោក​​​​​ធ្លាប់​​​​​​ជួប តែង​ត្អូញ​​ត្អែរពីផលលំបាកនៃតម្លៃពលកម្មដែលពួកគេត្រូវទទួលបាន មិនស័ក្តិសមទៅនឹងការងារ។

លោកបន្តថា៖ «ពេលនិយាយពីរឿងហ្នឹងឡើង គាត់ឈឺចាប់។ ពេលខ្លះគាត់យំ ដោយសារនិយាយថាគាត់ធ្វើការ៨ម៉ោងដូចគ្នា ហេតុអីប្រាក់ឈ្នួលគាត់ទទួលបានតិច។ នៅពេល​ខ្លះ បុរសគាត់មានឱកាសក្នុងការឈប់​សម្រាកនៅ​ក្នុង​ម៉ោងការងារហ្នឹងខ្លីៗ ប៉ុន្តែស្រ្តីពេលដែលគាត់ទំនេរពីការងារមួយ គេប្រើឱ្យទៅធ្វើការងារមួយផ្សេងទៀត ពីមួយទៅមួយ អត់មានពេលទំនេរ តែប្រាក់ឈ្នួលនៅតែគេ​​ឱ្យគាត់ទាប។ នេះ​បានន័យថា ទី១ ទាក់ទិននឹង​ផ្នត់គំ​និត​​​​នៅតែ​មានសម្រាប់​ស្រ្តី និងទី២ ខ្ញុំគិតថានៅតែមានការរើសអើង»។

លោក សុខ គីន លើកឡើងទៀតថា នៅមានបញ្ហាជាច្រើនទៀតដែលកើតឡើងចំពោះស្រ្តីនៅក្នុងវិស័យ​​សំណង់​ ហើយ​​​ត្រូវ​​​គេ​​ផ្ដល់​​តម្លៃទាបចំពោះពួកគាត់។ រាល់​​ការ​​ជ្រើសរើសការងារនៅក្នុងវិស័យសំណង់ ភាគច្រើនគេរើសយកតែបុរស ហើយស្រ្តីកម្រ​ក្នុង​​​​​ការ​​ផ្ដល់​ឱកាស​​ឱ្យ​​​ពួកគាត់​​បាន​​​សាក​ល្បង ឬបញ្ចេញសមត្ថភាពណាស់។

ក្រៅពីនេះ បើទោះជាស្រ្តីមានសមត្ថភាពប្រហាក់ប្រហែលនឹងបុរស ឬមានសមត្ថភាពដូចគ្នាយ៉ាងណាក៏ដោយ ការដំឡើងតួនាទីជាមេការឬជាអ្នកគ្រប់គ្រង ស្ទើរតែ៩៩ភាគរយហើយ ស្រ្តីមិនសូវមានឱកាសចូលរួម​ក្នុងតួ​នា​​ទី​​​​​​បែប​​នេះឡើយ។

ការដ្ឋានសាងសង់មួយកន្លែង អំឡុងពេលដំណើរការសាងសង់ កាលពីពេលកន្លងទៅ។

ផ្ទុយពីការយល់ឃើញនេះ ប្រធាននាយកដ្ឋានស្រាវជ្រាវ បច្ចេកទេសសំណង់ នៃក្រសួងរៀបចំដែន និង​​ជា​ប្រធានគ្រប់​​គ្រង​​​​​ទូទៅ នៃ​​សមាគម​​អ្នកសាងសង់​កម្ពុជា លោក ជីវ ស៊ីវផេង ឱ្យដឹង​ថា បច្ចុប្បន្ននេះ ស្រ្តីក៏មានសិទ្ធិស្មើនឹងបុរសដែរ ទាំងនៅក្នុងវិស័យការងារ និងការសិក្សា​​។ ​​លោក​​បន្ត​ថា បើនិយាយពីការងារនៅក្នុងវិស័យសំណង់វិញ ស្រ្តី​មានស្នាដៃល្អជាង​​បុរស​​ទៀតផង​​ ហើយ​​​មិន​តែ​ប៉ុណ្ណោះ ប្រាក់ឈ្នួលពលកម្មរបស់កម្មការិនីសំណង់ មានពេលខ្លះហាក់ទទួលបានកម្រៃខ្ពស់ជាងបុរសក៏មានដែរ។

លោកបន្តថា៖ «ស្រ្តីចូលធ្វើការឥលូវហ្នឹងមានសិទ្ធិស្មើគ្នាជាមួយនឹងបុរសដែរហ្នឹង ហើយប្រាក់ខែក៏ស្មើគ្នាដែរហ្នឹង។ ឥលូវ​នេះ ​ស្រ្តីគាត់ក៏មានសមត្ថភាពអាចធ្វើដល់មេជាងបានផង គាត់ឈរបូក គាត់ឈរ​​រៀប​​ឥដ្ឋ​​បាន​ដូចគ្នា ជួនកាលល្អជាងខាង​ប្រុសៗទៅទៀត។ ងាកមកខាងបញ្ញវន្តវិញ មានវិស្វករ និងស្ថាបត្យករ​​ជាស្រ្តី​​ច្រើន​​»។

ភាពប្រឈមរបស់កម្មករផ្នែកសំណង់ក្រៅពីនីតិវិធីច្បាប់ និងលក្ខខណ្ឌស្ដីពីការងារ

គេសង្កេតឃើញមានកត្តាមួយចំនួនដែលកម្មករនៅក្នុងវិស័យសំណង់នៅតែជួបបញ្ហា។ ភាពប្រឈមនិងលក្ខ​​ខណ្ឌ​ចាំបាច់ទាំងនោះ ពួកគេនៅមិនទាន់ទទួលបានការកែលម្អ ឬធ្វើទំនើបកម្មឱ្យមានភាពប្រសើរ​​នៅឡើយ។​​ នៅ​ពេល​ចុះពិនិត្យដោយផ្ទាល់ គេរកឃើញថា កម្មករផ្នែកសំណង់ត្រូវបង្កើន​ការយកចិត្តទុកនិងកែលម្អឱ្យបាន​ច្រើន​​​​​បន្ថែមទៀត ដូចជា ប្រាក់ឈ្នួលប្រចាំថ្ងៃ កន្លែងស្នាក់នៅ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ដទៃទៀតដែល​​ពួក​គេត្រូវទទួលបានដូចទៅនឹងវិស័យរោងចក្រកាត់ដេរ និងវិស័យទេសចរណ៍ ជាដើម។

បើពិនិត្យទៅលើប្រាក់ឈ្នួល មើលមួយភ្លែតឃើញថា កម្មករ​​ផ្នែកសំណង់ហាក់​​ទទួលបានច្រើន​​គួរសម​​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​មែនទែនទៅ ពួកគេអាចទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃចន្លោះពី៣០ ០០០​រៀល ទៅ១០០ ០០០រៀល អាស្រ័យ​ទៅ​​តាម​​​ជំ​​នាញនិងប្រភេទការងារ ហើយចំណុចនេះមើលទៅចំណូលហាក់ច្រើនជាង បើធៀប​ទៅនឹង​កម្មករ​​រោង​​ចក្រ​។

ប៉ុន្តែបើគេគិតជាមធ្យមភាគប្រចាំខែវិញ កម្មករផ្នែកសំណង់ទទួលបានប្រាក់ឈ្នួលតិចជាង​កម្មករ​​រោង​​​ចក្រ​​ទៅវិញ។ ភាពខុសគ្នានេះនៅត្រង់កម្មករផ្នែកសំណង់ធ្វើការមិនពេញខែ ហើយស៊ីប្រាក់ឈ្នួល​ប្រចាំថ្ងៃ ដោយ​​​​​ពឹង​​ផ្អែកទៅលើការងារម៉ៅការ។ ដោយឡែក កម្មករ​រោងចក្រនៅក្នុងវិស័យ​កាត់​​ដេរ​វិញ ពួកគេធ្វើកា​រពេញពីមួយ​​ខែ​​ទៅ​​​​​មួយ​​ខែ ដោយមានប្រាក់ខែគោលថេរ បូករួមទាំងប្រាក់ថែម​ម៉ោង និងអត្ថប្រយោជន៍ដទៃទៀត។

ចំពោះស្ថានភាពលក្ខខណ្ឌការងារ​រវាងកម្មករផ្នែកសំណង់ និងរោងចក្រកាត់ដេរ​​ ក៏ខុសគ្នាដែរ។ ​​កម្មករ​សំ​ណង់​​​ត្រូវ​​​​ធ្វើការនៅក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ ក្នុងប្រភេទការងារ ដូចជា ត្រូវលីសែង ជញ្ជូន​ឥដ្ឋ ស៊ីម៉ង់ត៍ ថ្ម និ​​ង​​ដែក​​​ ជា​​ដើម ហើយពេលខ្លះទៀតត្រូវឡើងលើអាគារខ្ពស់ៗដែលងាយនឹងប្រឈមមុខ​​ទៅនឹងគ្រោះ​​ថ្នាក់​​ការ​​​ងារ​​​​គ្រប់​​​ពេល​​​​វេលា។

ជាងនេះទៀតទៅ អ្វីដែលកាន់តែពិបាកនោះ គឺកន្លែងស្នាក់នៅរបស់កម្មករផ្នែកវិស័យសំណង់ ដែល​មានពេលខ្លះ ពួក​​​គេ​ត្រូវបង្ខំចិត្តស្នាក់នៅនឹងការដ្ឋានផ្ទាល់ ក្រោមតង់កៅស៊ូ ក្រោមអាគារ ឬក្បែរការ​ដ្ឋាន​សាង​សង់ ជាដើម​​​​​។ ការស្នាក់នៅ បាយទឹក និងបន្ទប់ទឹក គឺនៅជាមួយគ្នា ហើយ​ជួនកាលពួកគេ​ត្រូវ​បម្លាស់ទីរហូត ព្រោះជាការងារ​​ប្រ​​ភេទ​​​ម៉ៅការ លើកលែងតែការដ្ឋានខ្នាតធំៗដែលអាចឈរ​ជើង​បានយូរខែនិងយូរឆ្នាំ។​ បញ្ហាប្រឈម​​ទាំង​នេះនៅ​មិនទាន់គិតដល់​ប្រាក់អត្ថប្រយោជន៍ លក្ខខណ្ឌការងារ ប្រាក់លើកទឹកចិត្ត និងប្រាក់រង្វាន់ជាដើមនៅ​​ឡើយ​​ផង។ ក្រៅពីនេះ កម្មករផ្នែកសំណង់ ធ្វើការមិនមានថ្ងៃសៅរ៍ឬអាទិត្យទេ ប៉ុន្តែពេលជួបហានិភ័យការងារដូច​​ករណី​ជំងឺកូវីដ-១៩ ពួកគេនៅតែមិនអាចទទួលបានសេវាគាំពារសង្គមនិងប្រាក់ឧបត្ថម្ភ​ ដូចទៅនឹងវិស័យរោង​​ចក្រ​​កាត់​ដេរ និង​​វិស័យ​​ទេសចរណ៍ឡើយ។

សហព័ន្ធសហជីពផ្នែកវិស័យសំណង់ បង្ហាញថា មូលហេតុសំខាន់មួយទៀតដែលនាំឱ្យកម្មករក្នុង​​វិស័យ​​សំ​​ណ​ង់មិនទទួលបានអត្ថប្រយោជន៍ដែរនោះ គឺក្រុមហ៊ុនម៉ៅការសំណង់ព្យាយាមមិនចុះបញ្ជី។ ការមិន​​ចុះបញ្ជី​​នេះនាំឱ្យក្រុមហ៊ុនម៉ៅការសំណង់ទាំងនោះរួចផុតពីកាតព្វកិច្ចបង់ពន្ធដូចមាន​កំណត់នៅក្នុងច្បាប់ស្ដីពី​​ការងារ។ ​បើ​ចុះ​​​​បញ្ជីត្រឹមត្រូវ មានន័យថា ក្រុមហ៊ុនទាំងនោះត្រូវបង់លុយជាប្រចាំខែទៅបេឡាជាតិរបបសន្តិ​​សុខ​​​សង្គម​​​​ ដូច្នេះ​កម្មករវិស័យសំណង់ដែល​ធ្វើការនៅក្រោម​បង្គាប់​នៃក្រុមហ៊ុនទាំងនោះ នឹងទទួលបានប្រាក់អត្ថប្រយោជន៍ ព្រមទាំងមូលនិធិសមធម៌សុខាភិបាល​ពីរដ្ឋ ក្នុងពេលជួបហានិភ័យការងារឬឧបសគ្គផ្សេងៗ។

ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង
ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង កាលពីពេលកន្លងទៅ។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ឱ្យដឹងទៀតថា បើពិនិត្យ​​​នៅក្នុង​​​របា​​យ​កា​​រ​ណ៍ដែលចេញដោយក្រសួងដែនដី កាលពីខែមីនា ឆ្នាំ២០២១ គិតចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២០ មាន​​​ក្រុម​​​ហ៊ុន​ជិត​​៣ ​​០០០ ​ត្រូវបានរកឃើញថា បានចុះបញ្ជីជាក្រុមហ៊ុនសម្រាប់ធ្វើប្រតិបត្តិការនៅ​​ក្នុងវិស័យ​​​សំណង់​​។ ប៉ុន្តែគិតមក​​​ដល់​​​ពេល​​នេះ លោក សុខ គីន លើកឡើងថា មានតែក្រុមហ៊ុនជាង១​ ៣០០​ប៉ុណ្ណោះដែលមានសុពលភាព ក្រៅពីនេះមានជាងពាក់កណ្ដាលទៀត​មិនមានសុពលភាព ​​ប៉ុន្តែនៅតែអាច​​ធ្វើសកម្មភាព​​បាន​​។

លោកបន្តថា៖ «នេះគឺជាបញ្ហាដែលយើងជួបប្រទះ ទី១ វានាំឱ្យខាតទាំងអស់ បានន័យថា រដ្ឋាភិបាលក៏ខាត ហើយ​​កម្មករក៏ខាត។ ចំណុចពិសេសមួយទៀត គឺទាក់ទងបេឡាជាតិរបបសន្តិសុខសង្គមក៏ខាត។ តើមានមូលហេតុអ្វីបានជាខ្ញុំថាខាត? ធម្មតា! ឱ្យតែមិនបានចុះបញ្ជី និងផុតសុពលភាព គឺលែងបង់ពន្ធចូលរដ្ឋហើយ ត្រង់នេះរដ្ឋ​​ខាត​​​ចំណុច១។ ចំណុច១ផ្សេងទៀត កម្មករខាត វាទាក់ទងរបបបេឡាជាតិ​សន្តិសុខសង្គម ធម្មតា! ឱ្យតែ​មិនបានចុះ​​បញ្ជី​ឱ្យបានត្រឹមត្រូវ បេឡាជាតិរបបសន្តិសុខសង្គមអត់អាចឱ្យចូលជាសមាជិក ប.ស.ស បានទេ»។

ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់ នៃក្រសួងរៀបចំដែនដី និងជាប្រធាន​​គ្រប់​​គ្រង​​​​​​​ទូទៅនៃ​​សមាគម​​អ្នកសាងសង់​កម្ពុជា លោក ជីវ ស៊ីវផេង ទទួលស្គាល់ថា បញ្ហាគ្រប់គ្រងក្រុម​ហ៊ុននេះ រដ្ឋាភិបាល ជាពិសេសក្រសួងសាម៉ី ពិតជាមិន​​មាន​​លទ្ធ​​​ភាពតាមដានមែន។ លោក​​ថា ការខ្វះមធ្យោបាយត្រួតពិនិត្យក្រុមហ៊ុនផុតសុពលភាព ​ប៉ុន្តែនៅតែ​​អាច​​ដំណើរការបានឬមិនបាននេះ ក្រសួងនៅតែមិនទាន់អាចដោះស្រាយបានទេ។

លោកបន្តថា៖ «ប៉ុន្តែមិនដឹងថាមានក្រុមហ៊ុនប៉ុន្មានមានដំណើរការទេ! មានពេលខ្លះ គេមកបើកចោល ឬមិ​ន​​ដឹង​ជាយ៉ាងម៉េចទេ! យើងមិនបានតាមអាហ្នឹង! គេមកសុំច្បាប់យើងឱ្យ​ហើយ បើគេរកស៊ីបានឬមិន​​បាន ទាំង​ខាងវិស័យរដ្ឋ និងវិស័យឯកជន ក៏អត់ដឹងដែរ! គេអត់ប្រាប់យើង។ គេថាមានគម្រោងនៅឯណាៗ គេ​​មិន​​ដែល​ប្រាប់យើងផង»។

ការឆ្លើយតបពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែមិនចំទិសដៅដែលកម្មករចង់បាន

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ឆ្លើយតបកាលពីថ្ងៃទី​១៣ ខែមករា ឆ្នាំ​​២​០​២២ ថាបើគិតពីគោលនយោបាយរបស់​រដ្ឋាភិបាល គឺផ្ដោតការជួយឧបត្ថម្ភ​​​នៃសេវាគាំ​​ពារ​​សង្គម​លើវិស័យដែលរង​​គ្រោះខ្លាំងប៉ុណ្ណោះ ហើយ​​ការអន្តរាគមន៍កន្លងទៅរបស់រដ្ឋាភិបាល គឺអ្នកដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺ​កូវីដ-១៩ ហើយ​​ពួក​គេ​​ស្ថិត​​នៅ​​ក្នុងស្ថានភាពប្រភេទ «ក្រ១» និង «ក្រ២»។ ដោយឡែក កម្មករនៅក្នុងវិស័យសំណង់វិញ លោកថា ភាគច្រើនជា​​ប្រ​ភេទ​​​ការ​ងារ​ម៉ៅការបន្ត។​​ លោក​​ ហេង សួរ បន្តថា បើពិនិត្យមើលទៅ នៅពេលកម្មករ​​​ក្នុងវិស័យ​​សំ​​ណង់ជួបហានិភ័យការងារ ពេលខ្លះសង្កេត​​ឃើញ​ពួកគេបានវិលត្រលប់ទៅស្រុកកំណើតវិញ។

ធនាគារពិភពលោកព្យាករ​ពីភាពងើបឡើងយឺតសេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោក (World Bank) បានចាប់អារម្មណ៍ពីការរៀនរស់នៅរបស់ពលរដ្ឋកម្ពុជាជាមួយជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ន ក្រោយ​​ពេលរដ្ឋា​​ភិបាល​​ចាប់​​បន្ធូរបន្ថយវិធានការរឹតបន្តឹង ការធ្វើដំណើរ និងប្រកបអាជីវកម្ម។ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ២០២១​មក រដ្ឋា​ភិបាល​សម្រេច​បើក​ប្រទេសឱ្យដំណើរការ​​​​ពេញលេញឡើងវិញ អមដោយ​ការ​បន្ត​អនុវត្ត​វិធានការ​ការ​ពារ​សុខភាព​ដែលមាន​ស្រាប់។

ប្រភពដដែលបន្តទៀតថា ជាក់ស្ដែង កំណើននៃផលិតផលសរុប​ក្នុងស្រុក (ផ.ស.ស) របស់​កម្ពុជា​​នៅ​ក្នុង​ឆ្នាំនេះ ​ត្រូវ​បាន​ព្យាករ​ថានឹងមានកំណើនត្រឹមតែ​ ២,២% ប៉ុណ្ណោះ។ ការបន្តធ្លាក់ចុះនេះ ដោយសារមានការ​​វាយ​​លុក​​ដោយករណីឆ្លងវីរុសកូវីដ-១៩​។

ការព្យាករដោយ​ធនាគារពិភពលោកនេះ ក៏​​មិន​​ខុសគ្នាពីអ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ពីការថយចុះនូវ​​ទំហំ​វិនិយោគដូចនៅ​​​ក្នុង​ឆ្នាំ២០​​២១ដែរ។

​លោក ជីវ ស៊ីវផេង ឱ្យដឹង​ថា សកម្មភាព​​នៃ​​ការ​​សាងសង់ក្នុងឆ្នាំ២០២១កន្លងទៅនេះ ត្រូវបានកាត់បន្ថយច្រើន បើធៀបរយៈពេល​ដូច​​គ្នាកាល​​​ពីឆ្នាំ​​២០​២០។ ការថយចុះនៃសំណើ​សុំវិនិយោគរបស់ក្រុមវិនិយោគិននេះ បានធ្វើឱ្យទំហំទុន​​វិ​​និ​​​​យោ​​គ​​​​ក៏​​ត្រូវ​ធ្លាក់​​ចុះទៅតាមនោះដែរ ពោល​គឺធ្លាក់ចុះពីប្រមាណ៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២០ មកនៅត្រឹមប្រមាណ៥​​ពាន់​​​​លាន​​ដុល្លារអា​​មេរិក ​ក្នុង​ឆ្នាំ២០២១។

លោកបន្តថា៖ «សំណង់ខ្ពស់ៗមានច្រើនតាំងពីឆ្នាំ២០១៧មកម៉្លេះ អ៊ីចឹងវាអាចធ្លាក់ចុះមកបន្តិច វាធ្លាក់ចុះមកបន្តិច! តែធ្លាក់ចុះនេះ ប្រហែល១៥ភាគរយអីហ្នឹងទេ។ តែដល់មកឆ្នាំ២០១៩ អីបុក[កើន]ឡើងវិញហើយ។ សំ​​ណង់​​បុកឡើងវិញហើយ បុកឡើងរហូតដល់១១ប៊ីលានដុល្លារអាមេរិក។ ដល់ចូលមកកូវីដ ធ្លាក់ចុះអស់៤ប៊ីលាន​​បាត់ហើយ។ នៅឆ្នាំ២០២១ ចុះអស់ពី២ប៊ីលានថែមទៀតហើយ ដូច្នេះអាហ្នឹងយើងនិយាយត្រឹមតែតួលេខ​​គត់ៗទេណា»។

របាយការណ៍ពីសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បង្ហាញថា ចំនួនកម្មករផ្នែកសំណង់​​សព្វថ្ងៃ​​មាន​​តែជាង១ម៉ឺននាក់ បើធៀបទៅនឹងវិស័យរោងចក្រកាត់ដេរមាន​ជាង៣៥ម៉ឺននាក់។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា​ ថ្លែងថា ដើម្បីអាច​​ជួយ​​វិស័យ​​សំណង់នេះឱ្យមានសំឡេងកាន់តែខ្លាំងដូច​វិស័យផ្សេងទៀត គឺត្រូវកៀរគរនិង​ចងក្រងសមាជិក​​បណ្ដាញនៅក្នុ​​ង​​វិស័យ​​សំណង់នេះឱ្យបានច្រើន។ ក្រៅពីច្បាប់ស្ដីពីការងារដែលមានស្រាប់​​ហើយ ធ្វើ​​​យ៉ាង​​​ណាជំរុញ​​ឱ្យ​​ស្ថា​ប័ន​ពាក់ព័ន្ធចូលរួមពង្រឹងនិងអនុវត្តឱ្យមានប្រសិទ្ធភាព។ លោកបន្តថា ការបង្កើនលទ្ធភាព​​​បែប​​នេះទើបអាចធានាថា​ កម្មករនៅក្នុងវិស័យសំណង់នឹងលែងបាត់បង់អត្ថប្រយោជន៍ ហើយលក្ខខណ្ឌ​​ការ​​ងារកាន់តែប្រសើរជាងមុន។

លោកបន្តថា៖ «ជាទូទៅនៅក្នុងវិស័យសំណង់ ខ្ញុំគិតថា សហជីពនៅក្នុងវិស័យសំណង់មានប្រហែលជា៤សហព័ន្ធ។ ប៉ុន្តៃសកម្មភាពហាក់បីដូចជាមិនលេចធ្លោ បានន័យថា ការផ្សព្វផ្សាយក៏ដូចជាការចងក្រងបង្កើនសមាជិកហ្នឹងមួយៗហាក់ដូចជាមិនបានទូលំទូលាយដូចទៅនឹងវិស័យកាត់ដេរ និងវិស័យផ្សេងៗ ដូច្នេះ​ធ្វើឱ្យព័ត៌មាន​​ពីសហ​ជីព​​ទៅគាត់ទទួលបានតិចតួចនៅឡើយ »។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ