ការ​ទម្លាក់​បទចោទ​ឧកញ៉ា ថោង សារ៉ាត់ ជំរុញ​ឱ្យ​មាន​ការ​លើកឡើង​ពី​ទំនួល​ខុសត្រូវ​សង្គម

លោក ថោង សារ៉ាត់។ រូបភាព៖ អគ្គស្នងការនគរបាលជាតិ

ក្រុមអ្នកឃ្លាំមើលមួយចំនួនចង់ឃើញរដ្ឋាភិបាលមានទំនួលខុសត្រូវក្នុងការផ្ដល់សេវាយុត្តិធម៌ជូនជនរងគ្រោះ ក្នុងករណីដែលពួកគេរងគ្រោះពីការរំលោភបំពានសិទ្ធិពីអាជ្ញាធររដ្ឋ។

ការជំរុញ​នេះ ក្រោយតុលាការកំពូលបានបើកសវនាការជំនុំជម្រះលើបណ្ដឹងសារទុក្ខ​របស់មេធាវីការ​ពា​រ​ជន​រង​គ្រោះ ដែល​ទាមទារសំណង៥០លានដុល្លារពីជនជាប់ចោទ ឧកញ៉ា ថោង សារ៉ាត់ ដែល​សា​លា​ឧទ្ធ​រ​ណ៍​ទម្លាក់​បទ​ចោទ ក្នុងចំណោមជនជាប់ចោទមួយចំនួនទៀត។

នាយករង​អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលជាអ្នកតាមដាន​ដំណើររឿង​នេះ បាន​លើកឡើងថា ការទម្លាក់ចោលបទចោទ​លើមនុស្សមួយចំនួនក្នុងសំណុំរឿងឃាតក​​ម្មនេះ បាន​បង្កើត​ឱ្យមានចម្ងល់​ជាច្រើនរវាងភស្តុតាងដាក់បន្ទុក​របស់មន្ត្រីនគរបាលយុត្តិធម៌ មុនឈានទៅចាប់ខ្លួន​ជន​សង្ស័យ និងការសម្អាងហេតុរបស់សាលាឧទ្ធរណ៍។

លោកកត់សម្គាល់ថា វិធានការស្រាវជ្រាវដើម្បីចាប់ខ្លួនជនសង្ស័យក្នុងករណី​ឃាតកម្មបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ បានដំណើរកា​​រលឿនជាង​ករណីឃាតកម្មផ្សេងៗទៀត ដូចជា ករណីបាញ់សម្លា​ប់​​មេ​ដឹកនាំសហជីព លោក ជា វិជ្ជា ការបាញ់សម្លាប់សកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី រួមទាំងក​រណីឃាតកម្មលើលោក កែម ឡី ជាដើម។

ជាទស្សនៈ លោកមើលឃើញថា ដើម្បីធានាយុត្តិធម៌ដល់អ្នកពាក់ព័ន្ធ ក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលគួរបង្ហាញទំនួល​ខុស​​ត្រូវ ដោយ​​​ជំរុញ​​​ឱ្យមាន​​​ការ​​​ស៊ើប​​អង្កេត​​ករណី​ឃាតកម្មនេះ​ឡើង​​វិញ ដើម្បី​ស្វែង​​រកជនដៃដល់ពិតប្រាកដ ដើម្បីផ្ដល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ។

លោកថា៖ «យើងឃើញហើយ ទាំងអង្គការសង្គមស៊ីវិល ទាំងអង្គការសហប្រជាជាតិ ពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិហ្នឹង គេបានសុំឱ្យកម្ពុជាយើងហ្នឹង​ធ្វើកំណែទម្រង់ទៅលើប្រព័ន្ធច្បាប់និងប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើនជំនឿទុកចិត្ត ហើយនិងនីតិរដ្ឋនៅក​ម្ពុជា»។

អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួល​បានការជំនុំជម្រះយុត្តិធម៌ នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន សាងហាក់ មើល​ឃើញ​ថា ចំណាត់ការ​ឃុំខ្លួន​មនុស្សបានប៉ះពាល់ធ្ងន់ធ្ងរ​ដល់​កិត្តិយសនិ​ងសេដ្ឋកិច្ចគ្រួសារ ដែលការណ៍នេះ ក្រសួងពាក់ព័ន្ធគួរមានទំនួល​ខុសត្រូវក្នុងការធានាយុត្តិធម៌សង្គម។

លោកថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលឬក្រសួងយុត្តិធម៌ហ្នឹងគួរខំធ្វើការយ៉ាងណា គឺដើម្បីកសាងទំនុកចិត្តពីសាធារណជនទៅលើប្រព័ន្ធយុត្តិធម៌ហ្នឹង។ អ៊ីចឹង​យើងជាសង្គមស៊ីវិល ជារួមមក យើងចង់ឱ្យតុលាការលោកផ្ដល់យុត្តិធម៌គ្រប់ភាគីទាំងអស់»។

អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្ស​រូប​នេះបានរម្លឹកថា លោក ប៊ន សំណាង និង សុខ សំអឿន ត្រូវបានគេចាប់ដាក់ពន្ធនាគារច្រើនឆ្នាំ ចោទថា ជាជនដៃដល់សម្លាប់មេដឹកនាំសហជីព លោក ជា វិជ្ជា អំឡុងឆ្នាំ២០០៤នោះ តែទីបំផុតតុលាការកំពូលរកមិនឃើញកំហុស ហើយដោះលែងពួកគេឱ្យមានសេរីភាពវិញ តែរដ្ឋាភិបាលមិនបានផ្ដល់សំណងខូចខាតដល់អ្នកជាប់ពន្ធនាគារទាំងអយុត្តិធម៌ទាំងនោះទេ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងដែរថា ការទម្លាក់បទចោទប្រកាន់ជ​ន​ជាប់ចោទក្នុងសំណុំរឿងឃាតកម្មកក្រើក​ក្នុងរាជធានីភ្នំពេញ កាលពីជិត៨ឆ្នាំនោះ បានបង្កើតជា​មន្ទិល​ពីការ​ទទួលបានផលប្រយោជន៍ណាមួយ បើក្រសួងពាក់ព័ន្ធមិនចេញបកស្រាយឱ្យបានច្បា​ស់លាស់ទេនោះ។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានី​ភ្នំពេញ លោកស្រី ស្រេង សូយ៉េត បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយលោកស្រីថាកំពុងជាប់ប្រជុំ។

ក៏ប៉ុ​ន្តែ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើ​ល​ទាំង​នោះ ដោយសម្អាង​ថា ដំណើរការនីតិវិធីរបស់តុលាការបានផ្អែកទៅលើទិដ្ឋភាពច្បាប់និងនី​តិ​វិ​ធីច្បាប់​ដែល​ឈរលើគោលការណ៍យុត្តិធម៌។

លោកថា៖ «ធម្មតា បើតុលាការគេរកឃើញអត់មានបទល្មើស គេធ្វើការដោះលែង អាហ្នឹងជាការស្វែងរកយុត្តិធម៌។ ហើយបើសិនភាគីជនរងគ្រោះអត់សុខចិត្ត អាហ្នឹងធ្វើការប្ដឹងបន្តទៅទៀតតាមនីតិវិធីច្បាប់ដែលមានជាធរមាន។ វាមិនមែនទាក់ទងរកអត់ឃើញបទចោទ តុលាការសម្រេចដោះលែង ហើយក្រសួងត្រូវទទួល​ខុស​ត្រូវ គោលការណ៍យុត្តិធម៌វាអត់មានអាហ្នឹង»។

កាលពីឆ្នាំ២០១៤ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៥នាក់ រួម​មាន​ ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្សរបស់គាត់​៤នាក់​ទៀត គឺ​លោក សៀង វាសនា លោក មាស សម្បត្តិ លោក គួយ ចាន់ថុល និង​លោក ឈុំ ចិត្រា។

អំឡុងឆ្នាំ២០១៩ ចៅក្រមសាលាដំបូង បាន​ផ្ដន្ទាទោស​អ្នកទាំងនោះឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗអស់​មួយជីវិត ដោយ​ចោទ​ពី​បទ ​«ឃាតកម្ម​គិតទុក​ជាមុន» និង​បទ «​សមគំនិត» ​ក្នុង​សំណុំរឿង​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​ជា​ថៅកែ​ស៊ីម៉ង់ត៍​ត្បូងពេជ្រ​ កាលពី​ឆ្នាំ២០១៤។

តែយ៉ាងណា ជនជាប់ចោទ៤នាក់ រួមទាំង​លោក ថោង សារ៉ាត់ ផង ​ត្រូវ​បាន​​សាលាឧ​ទ្ធរណ៍​​ទម្លាក់​ចោលបទ​ចោទ​ប្រកាន់ និងដោះលែងឱ្យមានសេរីភាព កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយឡែក ជនជាប់ចោទ​ឈ្មោះ សៀង វាសនា ​ត្រូវ​តុលាការ​រក្សាបទ​ចោទប្រកាន់​ និងបន្តឃុំខ្លួននៅពន្ធនាគារដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ