មន្ត្រី​រដ្ឋាភិបាល​ថា​របាយការណ៍​អំពើពុករលួយ​របស់​អង្គការ​តម្លាភាពអន្តរជាតិ​ជា​របាយការណ៍ «ប្រតិដ្ឋ»

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​​ចាត់​ទុក​របាយ​ការណ៍​វាយតម្លៃស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅកម្ពុជា​ឆ្នាំ​២០២១ ថា​ជា​របាយ​ការណ៍ «ប្រតិដ្ឋ» និង «បោកប្រាស់» ខណៈតំណាងអង្គការតម្លាភាពអន្តរជាតិប្រចាំកម្ពុជាមិនធ្វើអត្ថាធិប្បាយតបតទៅនឹងប្រតិកម្មនេះទេ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងនៅក្នុងពិធីបើកសន្និសីទកាសែតប្រចាំសប្ដាហ៍​របស់ទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជានឹងមិនឱ្យតម្លៃទៅលើរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (TI) ស្ដីពីសន្ទស្សន៍យល់ឃើញពីអំពើពុករលួយនៅកម្ពុជាដែលធ្វើឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះឡើយ។

លោកបានហៅរបាយការណ៍នេះ ថាជារបាយការណ៍ «ប្រតិដ្ឋ» និង «បោកប្រាស់» និងថាមិនតំណាងឱ្យការខិតខំប្រឹងប្រែងរបស់កម្ពុជានោះឡើយ។

លោកថា៖ «គេផ្សព្វផ្សាយដែរ ខ្ញុំបានតាមដាន គឺផ្សព្វផ្សាយពីចំណាត់ថ្នាក់របស់កម្ពុជាហ្នឹង គឺមានតួលេខប៉ុណ្ណេះ [ចំណាត់ថ្នាក់ទី១៥៧ ក្នុងចំណោម១៨០ប្រទេស] គឺនៅក្រោមចំណាត់​ថ្នាក់​ភូមាទៅ​ទៀត។ ដូច្នេះ គួរឱ្យអាម៉ាស់ណាស់ ដែលខ្ញុំ​អាច​វាយ​តម្លៃថា​ អង្គការតម្លាភាពនៅកម្ពុជាដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ គ្រាន់តែជាអាយ៉ងរបស់បរទេស កាន់អាននូវរបាយការណ៍ប្រតិដ្ឋសុទ្ធសាធ ដែលមាននិន្នាការមិនមែនជាតំណាងការប្រឹងប្រែងរបស់កម្ពុជា»។

ក្រៅពីប្រតិកម្មនេះ លោក ផៃ ស៊ីផាន ក៏បានបង្គាប់ឱ្យមន្ត្រីរបស់លោកចាក់ផ្សាយបទសម្ភាសន៍​មួយកាលពីឆ្នាំ១០១៦ របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្ដីពី «កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ» និងការវាយបករបស់លោកទៅលើនីតិវិធីនៃការដាក់ពិន្ទុ (CPI) របស់អង្គការតម្លាភាពអន្តរជាតិ (TI) ថាមិនមែនជាយន្តការដែលស្ថិតនៅក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិនោះទេ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TI) លោក ប៉ិច ពិសី សុំមិនធ្វើអត្ថាធិប្បាយឡើយទៅលើប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនេះ។ ក៏ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយ​ក្រោយ​​ការ​ចេញ​ផ្សាយ​របាយការណ៍នេះ ​កាលពីថ្ងៃទី២៥ ខែមករា លោកបានមានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលបដិសេធជាសាធារណៈទៅលើការរកឃើញនៅក្នុងរបាយការណ៍នេះក្ដី តែលោកសង្ឃឹមថា រដ្ឋាភិបាលនឹងប្រើប្រាស់ព័ត៌មាននៅក្នុងរបាយការណ៍នេះ ដើម្បីជាប្រយោជន៍សម្រាប់រដ្ឋាភិបាល។

លោកថា៖ «បើអ៊ីចឹង ខ្ញុំគិតថា ទោះបីជារដ្ឋាភិបាលបដិសេធ ក៏ប៉ុន្តែខ្ញុំគិតថា ប្រហែលគាត់ចូលទៅមើលព័ត៌មានហ្នឹងតាមវិធីណាមួយទៅ យើងដាក់នៅលើអនឡាញទេ។ អ៊ីចឹងគាត់អាចមើល! ហើយអាច​ជាជំនួយស្មារតី ជាជំនួយដល់បច្ចេកទេសក្នុងការដោះស្រាយអំពើពុករលួយដែរ ជាពិសេសស្ថាប័នដែលដឹកនាំហ្នឹង ដែលគាត់អាចប្រើប្រាស់ទិន្នន័យទាំងអស់នោះ»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា អ្នកស្រីមិន​មានអ្វីចម្លែកនោះទេ ដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាតែងតែបដិសេធរបាយការណ៍ ឬការរកឃើញណាមួយរបស់អង្គការសង្គមស៊ីវិល។ អ្នកស្រីថា នេះគឺជាឧបសគ្គមួយដែលធ្វើឱ្យបញ្ហាមិនត្រូវបានដោះស្រាយនោះទេ។

អ្នកស្រីថា៖ «ដូចជាមិនមានអ្វីចម្លែកនោះទេ ដោយសារតែកន្លងមកយើងឃើញហើយ ឱ្យតែមានការចេញរបាយការណ៍ពីអង្គការសង្គមស៊ីវិលហ្នឹង យើងឃើញថា រដ្ឋាភិបាលលោកតែងតែប្រកាន់ជំហរថារបាយការណ៍ទាំងអស់នោះ ជាពិសេសនៅពេលរបាយការណ៍ហ្នឹងបង្ហាញអំពីកង្វះខាត ឬក៏បញ្ហាដែលកម្ពុជាកំពុងប្រឈមពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស ឬក៏ស្ថានភាពនយោបាយ ដូចជាការវាយតម្លៃអំពីប្រព័ន្ធយុត្តិធម៌ ឬការលុបបំបាត់អំពើពុករលួយ​អីជាដើមហ្នឹង យើងឃើញថា មានការឆ្លើយតបដដែលៗបែបនេះ ដូចជាមិនដែលមានពេលណាដែលរដ្ឋាភិបាលលោកស្វាគមន៍ចំពោះការឆ្លុះបញ្ចាំងអំពីទិដ្ឋភាពដែលកើតឡើងជាក់ស្ដែងទេ»។

កាលពីថ្ងៃអង្គារ អង្គការតម្លាភាពអន្តរជាតិ (TI) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្ររទេសអាល្លឺម៉ង់ បានបង្ហាញថា ពិន្ទុលើសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយនៅកម្ពុជាឆ្នាំ២០២១ បានប្រសើរជាងឆ្នាំ២០២០ ចំនួន២ពិន្ទុ ពោលគឺកើនពីពិន្ទុ២១ នៅឆ្នាំ២០២០ ដល់២៣ នៅឆ្នាំ២០២១ (ក្នុងពិន្ទុខ្ពស់បំផុត១០០) ហើយស្ថិតនៅចំណាត់ថ្នាក់​ទី​១៥៧ លើ១៨០ប្រទេស។

តែទោះជាកើន២ពិន្ទុក្ដី របាយការណ៍នេះបានរកឃើញថា កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ាន ដែលទាបជាងប្រទេសមីយ៉ាន់ម៉ាដែលមាន២៨ពិន្ទុ។ តែលោក ប៉ិច ពិសី ថាការ​វាយ​តម្លៃ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​នេះត្រូវបានធ្វើឡើងនៅ​មុន​ពេល​មាន​រដ្ឋប្រហារ​យោធាកើតឡើង។ រីឯនៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកវិញ កម្ពុជា​ឈរ​នៅ​លេខ​៣​ពី​បាត​តារាង ពោល​គឺនៅ​ពី​លើ​តែប្រទេស​អាហ្វហ្គានីស្ថាន និងប្រទេស​កូរ៉េ​ខាង​ជើងតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ