ក្រសួង​រៀបចំ​ដែនដី​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ជាង​២០០​ករណី​កាលពី​ឆ្នាំមុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ លោក ជា សុផារ៉ា ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការងារសិក្សាគម្រោងប្លង់ និងសាងសង់អគារ ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

​ក្រសួងរៀ​បចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុង​ឆ្នាំ២០២១ ក្រសួងទទួល​បាន​​​​ពាក្យ​បណ្ដឹងពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជិត៤០០ករណី និងដោះស្រាយបញ្ចប់នីតិវិធី​បានចំនួនជាង២០០ករណី។

របាយការណ៍របស់ក្រសួងបានឱ្យដឹងកាលពីម្សិលមិញថា យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លីនៅកម្ពុជាមាន​ចំនួន​៣ រួម​មាន​ យន្តការគណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ, ការដោះស្រាយ​ដោយ​ក្រុម​ការងារក្រសួង​រៀបចំ​ដែនដី និង​ការ​ដោះស្រាយ​របស់អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី។

របាយការណ៍​ដដែលបញ្ជាក់​ថា កាលពីឆ្នាំ២០២១ យន្តការដោះស្រាយ​វិវាទដីធ្លីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបាន​ពាក្យ​បណ្ដឹងសរុប​៣៩២ករណី ដោយ​ដោះស្រាយ​បញ្ចប់នីតិវិធី​ចំនួន២០២ករណី។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី​ លោក សេង ឡូត បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

លោក សួង ពៅ រស់នៅបឹងខ្យាង ស្រុក​​កណ្ដាល​​ស្ទឹង ដែល​​អះអាង​​​ជា​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ក្រោម​​គម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្ដាល និយាយ​ថា គាត់​មាន​ជម្លោះដីធ្លី​​ជាមួយ​​ក្រុម​​ហ៊ុនប្រហែល​​ជា​៣ទៅ៤ឆ្នាំ​មក​​ហើយ។ ប៉ុន្តែ​​លោក​​ថា មិន​ឃើញ​​មន្ត្រីក្រសួង​​រៀបចំ​ដែន​ដី ​មក​​​ជួយ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​នោះទេ បើទោះបីជាពួកគេដាក់ញត្តិសុំកិច្ច​អន្តរាគមន៍​ជាច្រើនលើក​ក៏ដោយ។

ករណីនេះ លោកស្នើទៅក្រសួង​​​ចាត់​មន្ត្រីជំនាញ​ចុះសិក្សាដល់​កន្លែង​កើត​ហេតុ ដើម្បី​​ប្រមូល​ព័ត៌​មាន​​​ពី​ប្រជាពលរដ្ឋ​ផ្ទាល់ និង​​ជួយ​ពន្លឿន​ដោះស្រាយ​បញ្ហាដីធ្លីជូន​ពួកគាត់ស្របតាមតម្លៃទីផ្សារ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំស្នើសុំឱ្យក្រសួងស្ថាប័នដែលពាក់ព័ន្ធចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុមក តើពលរដ្ឋពេញចិត្តទទួលយក១ម៉ែត្រការ៉េ៨ដុល្លារពីក្រុមហ៊ុនដែរឬអត់? អាហ្នឹងបានយើងដឹងពីឫសគល់ កុំឱ្យ​ថាយើង​ចេះតែយកតួលេខ យកតែរបាយការណ៍ អត់ដឹងពីសុខទុក្ខ​​ប្រជាពលរដ្ឋជាក់ស្ដែង»។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា របាយការណ៍របស់ក្រសួងនៅ​មិន​ទាន់ឆ្លុះ​បញ្ចាំង​​ពីត​ម្លាភាពនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះនៅ​ឡើយ ជាក់ស្ដែង​ជម្លោះដី​ធ្លី​រវាងពលរដ្ឋជាមួយក្រុមហ៊ុន និងអ្នកមានអំណាច មិនឃើញមានដំណោះ​ស្រាយនៅឡើយ។

លោកមានប្រសាសន៍ថា៖ «សាលាកបត្ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញកាលពីខែតុលា ឆ្នាំ២០២១ យើងកត់សម្គាល់ថាមានការបណ្ដេញចេញទៅលើករណីទំនាស់ដីធ្លីចំនួន១៤ករណី ដូចជានៅខាង អូឌីស៊ី ជ្រោយចង្វារ ដូចជានៅខាងព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាល ដូចជានៅប៉ះពាល់ទង្គិចគ្នានៅអង្គស្នួល ខេត្តកណ្ដាល និងតាមបណ្ដាខេត្តមួយចំនួនទៀតនៅខេត្តស្វាយរៀង នៅកោះកុងជាដើម។ល។ រហូត​មកដល់បច្ចុប្បន្ននេះ​ មិនទាន់មានដំណោះស្រាយទេ»។

មន្ត្រីសិទ្ធិមនុស្សរូបនោះមានប្រសាសន៍បន្ថែមថា កន្លងមក អាជ្ញាធរពាក់ព័ន្ធមិនសូវសហការជាមួយសង្គមស៊ីវិល​ក្នុងការជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះរឿងដីធ្លីនោះទេ បែរជាចោទសង្គមស៊ីវិលថាបំប៉ោង​ព័ត៌មាន និងមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយទំនោរទៅរកបក្សប្រឆាំងទៅវិញ។

គិតចាប់ពីឆ្នាំ២០០៤ ដល់​ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការសុរិយោដី បាន​បញ្ចប់​វិវាទពាក់ព័ន្ធនឹងពលរដ្ឋចំនួន​២៣ ២៩៧គ្រួសារ ស្មើនឹងផ្ទៃដីទំហំជិត ៦ ៦០០ហិកតា។

ពី​ឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ក្រសួង​ទទួលបាន​ករណី​វិវាទជិត២ ៩០០ករណី ដោយដោះស្រាយ​បាន​៦០០ករណី (បញ្ចប់ស្ថាពរ​ជាង៣០០ករណី, ការធ្វើ​លិខិតឆ្លើយតបទៅម្ចាស់បណ្ដឹង និង​បង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធ​​ចំនួនជិត៣០០ករណី) និងកំពុង​ដោះស្រាយ​ជិត២ ៣០០ករណី។

និយាយជារួម របាយការណ៍ដដែលបញ្ជាក់ថា បើគិត​ពី​ការចាប់ផ្ដើម​ការអនុវត្តយន្តការ​ដល់​ដំណាច់ឆ្នាំ២០២១ បណ្ដឹង​សរុបមាន​ជិត១៤ ០០០ករណី ដោយដោះស្រាយបានជិត១១ ០០០ករណី និង​កំពុង​ដោះស្រាយជាង​៣ ២០០ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ