បក្សនយោបាយ​៦​ដាក់ញត្តិ​រួមគ្នា​បដិសេធ​ការ​បកស្រាយ​របស់ គ.ជ.ប. ពាក់ព័ន្ធ​ការ​កែ​នីតិវិធី​លើ​ទម្រង់​១១០២

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គណបក្សនយោបាយចំនួន៦ បានដាក់ញត្តិរួមគ្នាដោយបដិសេធនូវការបកស្រាយរបស់គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) អំពីមូលហេតុនៃការកែប្រែនីតិវិធីដែលលុបបំបាត់ព័ត៌មានសំខាន់លើកំណត់ហេតុនៃការរាប់សន្លឹក​ឆ្នោត ឬ «ទម្រង់១១០២»។

ញត្តិរួមគ្នានេះធ្វើឡើងក្រោយពីមានការបំភ្លឺពី គ.ជ.ប តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនមួយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ដោយការពារនូវការសម្រេចលើនីតិវិធីកែប្រែចំណុចនៃទម្រង់១១០២ ដែលបក្សនយោបាយកំពុងទាមទាររក្សាទុក។

គ.ជ.ប ថាការសម្រេចនោះ ដោយសារកម្ពុជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងសេដ្ឋកិច្ច ហើយរដ្ឋាភិបាលក៏បានផ្ដល់ថវិកាមួយចំនួនដល់ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ ដើម្បីទិញកុំព្យូទ័រ និងម៉ាស៊ីនស្កេន (Scanner) សម្រាប់ផ្ដល់ជូនគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដើម្បីបំពេញការងាររបស់ខ្លួននាពេលខាងមុខ។

តាមរយៈញត្តិនេះ ដែលមានគណបក្សនយោបាយទាំង៦ រួមមាន ប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សបំណងពលរដ្ឋ គណបក្សភ្លើងទៀន គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សកែទម្រង់កម្ពុជា។

បក្សក្រៅរដ្ឋាភិបាលទាំងនេះបានទាមទារ គ.ជ.ប ឱ្យរក្សាទុកទម្រង់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ​១១០២​ នៅដដែល ដោយរក្សាខ្ទង់ព័ត៌មានអំពីតួលេខសំខាន់ៗ ដូចជា ចំនួនសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតដែលមិនបានប្រើ សន្លឹកឆ្នោតខូច និងឱ្យគណៈកម្មការ​ការិយាល័យរៀបចំការបោះឆ្នោត (គ.ក.រ) មានភារកិច្ចចាត់ចែងចែកកំណត់​ហេតុនៃការរាប់សន្លឹកឆ្នោតជូនភ្នាក់ងារគណបក្សនយោបាយ​ដែលមានវត្តមាននៅការិយាល័យរាប់សន្លឹកឆ្នោត ដូចការបោះឆ្នោតមុនៗ។

គណបក្សទាំង៦ អះអាងថា ការទាមទារនេះគឺដើម្បីឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីទទួលបានការទុកចិត្តពីសំណាក់គណបក្សនយោបាយនិងអ្នកបោះឆ្នោត ព្រមទាំងបញ្ចៀស​នូវជម្លោះនយោបាយនៅពេលក្រោយបោះឆ្នោត។

គណបក្សក្រៅរដ្ឋាភិបាលទាំង៦ ចាត់ទុកមូលហេតុរបស់ គ.ជ.ប ដែលអះអាងថា «ក្នុងថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតធ្វើការលើស១២ម៉ោង ហួសកម្លាំង មន្ត្រីការិយាល័យបោះឆ្នោតអាចនឹងមានការថ្លោះធ្លោយនៅក្នុងការសរសេរចម្លងលទ្ធផលនៃការបោះឆ្នោតដោយដៃ» ថាជារឿងមិនអាច​ទទួល​យក​បាន និងមិនសមហេតុផល។

គណបក្សនយោបាយខាងលើថា៖ «គ.ជ.ប ត្រូវបង្កើនសមត្ថភាពរបស់មន្ត្រីរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ឱ្យមានសមត្ថភាព អាចបំពញភារកិច្ច [ការសរសេរចម្លងលទ្ធផលនៃការបោះឆ្នោតដោយដៃ] នេះបាន និងរក្សានូវអព្យាក្រឹតភាព តម្លាភាព ដើម្បីធានាឱ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។

អ្នកនាំពាក្យ​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធា ថ្លែងថា បើ គ.ជ.ប ជា​អាជ្ញា​កណ្ដាល ជាអ្នកសម្របសម្រួលការបោះឆ្នោតដោយយុត្តិធម៌ គួរតែពិចារណា​ទៅលើការទាមទាររបស់​គណបក្ស​នយោបាយ​ទាំង៦ ខណៈការចម្លងទម្រង់១១០២នេះធ្លាប់បានអនុវត្តកាលពីឆ្នាំមុនៗមកហើយ។

លោក ឡឹក សុធា បន្តថា៖ «ការសម្រេច​ចិត្តថា​​យ៉ាងណានោះ មកទល់ពេលនេះ ថ្នាក់ដឹកនាំ​គណបក្ស​ក៏មិនទាន់បានជជែក​គ្នានៅឡើយទេ ថាតើ​យើង​នឹងមានវិធានការឬក៏យ៉ាងម៉េច! ប៉ុន្តែបើ​ស្ថានភាព​តឹងតែង ហើយយុត្តិធម៌​របស់ពួកយើង ឬក៏ភាពត្រឹមត្រូវនៃការបោះឆ្នោតហ្នឹងមិនត្រូវបានធានា វាពិបាក​ណាស់​សម្រាប់​ពួកយើង​ក្នុងការចូលរួមការបោះឆ្នោតដែរ»។

អ្នកនាំពាក្យគណបក្សកែទម្រង់កម្ពុជា លោក នី សោភ័ណ្ឌ យល់ថា ការរក្សាទុកទម្រង់១១០២ ដែលហៅថា «កំណត់ហេតុនៃការរាប់សន្លឹកឆ្នោត» ជារូបភាពមួយល្អសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ ពោលគឺភ្នាក់ងារគណបក្សនីមួយៗមានទិន្នន័យបក្សរបស់ខ្លួនដើម្បីផ្ទៀងផ្ទាត់ ក្នុងករណីមានបញ្ហាកើតឡើងដោយចៃដន្យណាមួយ។

លោកថា៖ «ប៉ុន្តែបើសិនជាករណី១១០២ហ្នឹងចេញ តំណាងភ្នាក់ងារគណបក្សនយោបាយដែលចូលរួមសង្កេតការបោះឆ្នោតហ្នឹង គាត់អត់មានអីមួយដើម្បីយកទៅវាស់វែងឬក៏យកទៅបង្ហាញក្នុងអំឡុងពេលនៃការប្រកាសលទ្ធផលបោះឆ្នោតហ្នឹងជាដើម អ៊ីចឹងវាធ្វើឱ្យគណបក្សនយោបាយកើតទុក្ខមិនសុខចិត្តទេ រឿងអស់ហ្នឹង»។

អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា នីតិវិធីនៃទម្រង់១១០២ ត្រូវ​បាន​អនុម័ត ហើយក៏កំពុង​ត្រូវបានអនុវត្តជាធរមាន ខណៈ គ.ជ.ប មិនមានអ្វីកែប្រែ ហើយ​ក៏មិន​បាន​​លុប​ចោល​ទម្រង់១១០២ដែរ។

លោក ហង្ស ពុទ្ធា ថា៖ «ទម្រង់១១០២ គឺនៅរក្សាដដែលទេ គ្រាន់តែពីមុនចែកផ្សាយនៅតាម​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ពេល​រាប់ចប។ ហើយឥលូវហ្នឹង ទៅទទួល​យកនៅគណៈកម្មការឃុំ​សង្កាត់រៀបចំការបោះឆ្នោត ដោយ​សារ​នៅទីនោះមានម៉ាស៊ីនស្កេន គឺស្កេនយករូបភាព១០០%​តែម្ដង។ ហើយគណៈកម្មការ​រៀបចំ​​ការបោះឆ្នោតឃុំសង្កាត់ហ្នឹងឯង លោក​នឹងធ្វើការប្រថាប់​ត្រា​ទៅលើអ្វីដែលស្កេន និងព្រីនចេញ»។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ធ្លាប់មានប្រសាសន៍ថា ការរក្សាទុកទម្រង់១១០២នេះ ជាមធ្យោបាយដ៏ល្អដែលអាចជួយឱ្យគ្រប់ភាគីពាក់ព័ន្ធអស់ចិត្តអំពីលទ្ធផលឆ្នោត ហើយការអនុវត្តដូច្នេះ លោកថា មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះទេ។

កាលបរិច្ឆេទនៃការរបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ