កម្មករក្នុងវិស័យផ្សេងៗគាំទ្រដល់ការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៏

ការបង្ហាញពីការគាំទ្រដល់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារត្រូវបានមើលឃើញថាកើនឡើង ដែលក្នុងនោះរួមមានបុគ្គលិក​បម្រើការនៅរោងចក្រ​ផលិត​ស្រាបៀរ​អង្គរក្នុងខេត្តព្រះសីហនុ រោងចក្រ​ផលិត​ភេសជ្ជៈកូកា-​កូឡា ក្នុងរាជធានីភ្នំពេញ ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចចំនួន ២៧ទីតាំង និងសហជីពមួយចំនួនក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

ដោយចាត់ទុកការ​រំលោភ​សិទ្ធិ​ការងារ​ថា​ជា​ជំងឺ​សង្គមមួយ ក្រុម​អ្នក​គាំទ្រ​ដល់ការធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទាំងឡាយបានលើកឡើងថា ពួកគេបច្ចុប្បន្ន​កំពុងតែធ្វើសកម្មភាពមួយចំនួន​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ ដែលរួមមាន​ការ​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម ផ្ដល់ជំនួយជា​ទឹកសុទ្ធដល់កូដករ និងការ​ដាក់​លិខិត​ទៅ​កាន់ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ក្រុង​កូឡាឡាំពួរ។

គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេលប្រមាណ​​ ៤០ថ្ងៃហើយដែលបុគ្គលិកកម្មករ ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានចាប់ផ្តើមការប្រមូលផ្តុំស្ទើរតែរៀងរាល់ថ្ងៃក្នុងរាជធានីភ្នំពេញ ដើម្បីតវ៉ាប្រឆាំងនឹងការបញ្ឈប់ពីការងារ ដែលក្នុងនោះតំណាងសហជីពមួយចំនួនក៏ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារផងដែរ។

យោងតាមអ្នកតស៊ូមតិក្នុងវិស័យការងារបានឱ្យដឹងថា កម្មករ​ជាង ១ ៣០០ នាក់ត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុន ស្របពេលដែលមានការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ហើយក្នុងនោះមាន ១ ១០០ នាក់ជាសមាជិកសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំសហជីព​ណាហ្គាវើលដ៍​​ចំនួន​ ៩រូប​ក៏ត្រូវ​បាន​ចាប់​ឃាត់ខ្លួននៅក្នុងការ​តវ៉ា ដែល​តុលាការ​ចាត់​ទុក​ថាជាសកម្មភាព​ខុសច្បាប់ផងដែរ។

លោក យឿន រ៉េត ជាប្រធាន​សហជីព​មូលដ្ឋាន​ប្រចាំក្រុមហ៊ុន Chevron បានឱ្យដឹងថាសមាជិកនៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចចំនួន ២៧ទីតាំងក្នុងរាជធានីភ្នំពេញក៏បានចូលរួមក្នុងយុទ្ធនាការមួយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទាមទារឱ្យ​ដោះលែងសហជីពណាហ្គាវើលដ៍ទាំងឡាយដែលកំពុងជាប់ពន្ធនាគារផងដែរ។

ប្រធាន​សហជីព​ដដែលបន្តថា សមាជិក​របស់​លោកបានព្យាយាមនាំ​យក​ទឹកសុទ្ធដើម្បីផ្ដល់ជូនដល់កូដករទាំងឡាយ​ បើ​ទោះ​បីជា​មានការរារាំងពីសំណាក់អាជ្ញាធរយ៉ាងណាក៏​ដោយ។

លោកបន្ថែមទៀតថា ពួកគេទាំងនោះក៏ត្រូវបានរារាំងមិនឱ្យចូលរួមក្នុងការតវ៉ាបន្ទាប់ពីអាជ្ញាធរបានពិនិត្យប័ណ្ណសម្គាល់ខ្លួនរបស់ពួកគេ ដោយលើកឡើងពីហេតុផលនៃជំងឺកូវីដ-១៩។

លោក​ក៏បានបញ្ជាក់ឱ្យដឹងដែរថា ការ​គាំទ្រ​របស់​ពួក​គេ​នេះគឺដោយសារតែបញ្ហា​​​កម្មករ​ប្រឈម​មុខដែល​មិនមែនកើតឡើង​តែ​ករណីណាហ្គាវើលដ៍មួយប៉ុណ្ណោះទេ ប៉ុន្តែ​​នៅ​ទូទាំង​កន្លែង​ធ្វើការមួយចំនួនផងដែរ។

លោកថ្លែង​ថា​«​នេះគឺ​ជា​ជំងឺ​សង្គមមួយ ហើយ​វា​រាលដាលចូល​ដល់​ប្រព័ន្ធ​របស់​យើង ដែល​ត្រូវ​ការ​ព្យាបាលជាចាំបាច់​»

បើនិយាយអំពី​ការ​តវ៉ា​ប្រឆាំង​នឹង​និយោជក បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចហាក់មានភាពធម្មតាទៅនឹងសកម្មភាពនេះទៅហើយ ខណៈដែល​​ក្នុង​ឆ្នាំ ២០១៤ ពួកគេក៏ធ្លាប់បានតវ៉ាស្នើសុំឱ្យ​ក្រុមហ៊ុន​យក្សមួយនេះ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​ពួកគេផងដែរ។

លោក​ ខែម ម៉ៅ ដែលជាប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ប្រចាំ​រោងចក្រ​ផលិត​ស្រាបៀរ​អង្គរ​​ ក្នុងក្រុង​ព្រះសីហនុ​ក៏បាន​ថ្លែងឱ្យដឹងផងដែរ​ថា ​ក្នុង​ចំណោម​សមាជិក ១៦០ នាក់​របស់​លោក ក្នុងនោះមានមួយចំនួនក៏​បាន​បង្ហោះ​រូបភាព​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​បង្ហាញការគាំទ្រដល់​កូដកម្មណាហ្គាវើលដ៍ ដោយលោកលើកឡើងថាពួកលោកក៏​ជា​បុគ្គលិក និង​ជា​ជនរងគ្រោះ​ផងដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មកររូបនេះបន្តថា៖ «ខ្ញុំមិនអាចដឹងច្បាស់ថាតើនៅថ្ងៃខាងមុខ សាច់ញាតិរបស់ខ្ញុំអាចនឹងទៅធ្វើការនៅទីនោះ ហើយក្លាយជាជនរងគ្រោះដូចពួកគេដែរ ឬយ៉ាងណានោះទេ។ ដូច្នេះហើយ ខ្ញុំគួរតែធ្វើអ្វីមួយដើម្បីជួយជ្រោមជ្រែងដល់ពួកគេ»។

លោកថា៖ «វាគឺ​ជាករណីដ៏គួរឱ្យសោកស្ដាយមួយ។ បើសិនជាយើងក្រឡេកមើលទៅកាន់ក្រុមហ៊ុនណាហ្គាវើលដ៍ ពួកគេបច្ចុប្បន្នមានអគារខ្ពស់ៗកប់ពពកចំនួនពីរ ប៉ុន្តែបែរជាធ្វើទុក្ខបុកម្នេញលើបុគ្គលិករបស់ខ្លួនឯងទៅវិញ។ ខ្ញុំមិនអាចរកពាក្យអ្វីយកមកពិពណ៌នាអំពីអារម្មណ៍នេះបានទេ»។

លោក​ ខែម ម៉ៅ បន្ថែមថា សហជីពរបស់លោកក៏ធ្លាប់បានប្រឈមនឹងសម្ពាធក្នុងការរំលាយចោលក្នុងឆ្នាំ ២០១៦ ផងដែរ។ ទោះជាយ៉ាងណា លក្ខខណ្ឌទាំងឡាយមានភាពប្រសើរឡើងចាប់តាំងពីកម្មសិទ្ធិបានផ្លាស់ប្តូរទៅកាន់ក្រុមហ៊ុនស្រាបៀរ Carlsberg របស់ប្រទេសដាណឺម៉ាក។

លោក​បន្ត​ថា​៖ «​ការ​ចាប់​ខ្លួន​សមាជិក​សហជីពទាំងឡាយ​គឺជាករណីដ៏​ធ្ងន់ធ្ងរ»​។

ជាមួយគ្នានេះ ប្រធានសហជីពប្រចាំរោងចក្រ​ផលិត​ភេសជ្ជៈកូកា-​កូឡា លោក កែ ចាន់រិទ្ធី បានលើកឡើងថា រូបលោកក៏បានជួបជាមួយសមាជិករបស់លោកទាំងឡាយទាក់ទងទៅនឹងស្ថានភាពនៅណាហ្គាវើលដ៍ផងដែរកាលពីថ្ងៃសុក្រសប្តាហ៍មុន។ លោកថា ក្នុងនោះសមាជិកមួយចំនួនតូចក៏ បានចូលរួមក្នុងការប្រមូលផ្ដុំតវ៉ាកាលពីចុងសប្តាហ៍កន្លងទៅ និងបាន​បង្ហោះ​រូបភាពតាមប្រព័ន្ធ​អន​ឡាញ​ជាមួយនឹង​ផ្ទាំង​បដាផងដែរ​។

ដោយលើកឡើងពីកម្មករ​គួរ​តែ​ហ៊ានក្នុងការទាមទារ​សិទ្ធិ​ការងារ ប្រធានសហជីពរូបនេះបន្ថែមថា៖ «យើងបានស្នើសុំចូលរួមយុទ្ធនាការជាមួយពួកគេ [បុគ្គលិកណាហ្គាវើលដ៍] បន្ទាប់ពីយើងបានណែនាំខ្លួន។ ពួកគេ​បាន​អនុញ្ញាត​ឱ្យ​យើង​ចូល​រួម»

លោកថា«យើងក៏​មាន​គម្រោង​ទៅកាន់​ទីនោះសារជាថ្មី​ម្ដង​ទៀតផងដែរ បន្ទាប់​ពី​យើង​មាន​កិច្ច​ប្រជុំ​ជាមួយ​សហជីព​មូលដ្ឋាននានា»

នៅក្នុងប្រទេសម៉ាឡេស៊ីវិញ ដែលជាទឹកដីកំណើតរបស់ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនណាហ្គាវើលដ៏ លោក Chen Lip Keong។  

សហប្រធានសម្ព័ន្ធកំណែទម្រង់ច្បាប់ការងារ (Labor Law Reform Coalition) ក្នុងប្រទេសម៉ាឡេស៊ី លោក Gopal Kishanam បានថ្លែងថាសហជីពទាំងឡាយបានទៅកាន់ស្ថានទូតកម្ពុជាកាលពីសប្តាហ៍មុន ដើម្បីដាក់លិខិតមួយគាំទ្រដល់ការទាមទាររបស់កម្មករណាហ្គាវើលដ៏។

ទោះជាយ៉ាង លោកថានៅពេលនោះ ក្រុមមន្ត្រីមិនបានទទួលយកលិខិតនេះនោះទេ។

លោក Gopal Kishanam ក៏រំពឹង​ដែរថា ​​នឹងមាន​ការ​គាំទ្រ​ជា​សាកល​បន្ថែម​ទៀត ប្រសិន​បើ​កូដកម្ម​នៅ​តែ​បន្ត ខណៈដែលលោកលើកឡើងថា៖ «យើង​គាំទ្រ​នូវការ​តស៊ូ​របស់​ពួកគេក្នុងការធ្វើ​សកម្មភាពនេះឡើង។ វាគឺ​ជា​សិទ្ធិ​របស់​កម្មករ និង​ជា​សិទ្ធិ​មនុស្សមួយផងដែរ»

សកម្មជន​សហជីពណាហ្គាវើលដ៏មួយរូប កញ្ញា មៀច ស្រីអូន បានលើកឡើងថា ការ​ចូល​រួមក្នុងការ​ជួប​ជុំតវ៉ាជា​ប្រចាំ​ថ្ងៃនេះ គឺជាទំនួលខុសត្រូវមួយរបស់ខ្លួន។

កញ្ញាថា​«សកម្មភាពនេះ​គឺ​ដូច​គ្នាទៅ​នឹង​ការ​ទៅ​ធ្វើការផងដែរ»​។

កញ្ញា មៀច ស្រីអូន បន្ថែមថា អ្នកតវ៉ាប្រចាំថ្ងៃស្ថិតក្នុងចំនួនដដែល ខណៈ​ចំនួននេះអាចនឹងថមថយបន្តិចបន្តួចតែប៉ុណ្ណោះនៅចុងសប្តាហ៍ ដោយសារតែសមាជិកមួយចំនួនត្រូវការពេលវេលាដើម្បីជួបជុំគ្រួសាររបស់ពួកគេ។

កញ្ញាបន្តថា កម្មករ​មិន​សូវ​មាន​អារម្មណ៍​ឯកានោះ​ទេ ដោយសារពួកគេមើលឃើញការគាំទ្រពី​កម្មករ​ផ្សេងៗ​ទៀត។

សកម្មជន​រូបនេះ​ថ្លែង​ថា​៖ «​ការ​គាំទ្រ​របស់​ពួកគេ ​គឺ​ជា​ការ​លើក​ទឹកចិត្ត​សម្រាប់​ការ​តស៊ូ​របស់​យើង​ដើម្បី​បន្ត​ទៅ​មុខ​ទៀត​»

គួរបញ្ជាក់ថា ក្រុមហ៊ុន​ណាហ្គាខប (NagaCorp) នៅក្នុងសប្តាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារសារព័ត៌មាន​អនឡាញ Fresh News ដោយធ្វើការបដិសេធថាខ្លួនមិនបានកំណត់គោលដៅលើសហជីពនៅក្នុងការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំរបស់ខ្លួននោះទេ ខណៈដែលពួកគេលើកឡើងថាសមាជិកសហជីពបានធ្លាក់ចុះពី ៤៧ ទៅ ៤២ ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងសប្តាហ៍នេះក៏បានជំរុញឱ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ និងមិនត្រូវបែរខ្នងដាក់គ្នាឡើយ ដោយលោកមិនបានលើកឡើងទាក់ទងនឹងការចាប់ខ្លួនសហជីពនោះទេ។

ទាក់ទិន​ករណីនេះ កម្មករ​ណាហ្គាវើលដ៏​បាន​លើក​ឡើង​ថា ​មេដឹកនាំ​សហជីព​ទាំងឡាយដែល​ជាប់​ពន្ធនាគារ​គួរ​តែ​ត្រូវ​បាន​ដោះលែង​ដើម្បី​ដឹកនាំ​ការ​ចរចានានា។

ចំណែកឯលោក Premji Jikla ដែលជាមន្ត្រីប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃស្ថាប័ន IUF ជាសហព័ន្ធសហជីពអន្តរជាតិមួយសម្រាប់កម្មករ និងចំណីអាហារបានមានប្រសាសន៍ថា កម្មករណាហ្គាវើលដ៍បានបង្ហាញឱ្យឃើញពីភាពរឹងមាំក្នុងសកម្មភាពការងារដោយសន្តិវិធីរបស់ពួកគេ។

លោកបន្តថា៖ «យើង​បាន​សង្កេត​ឃើញ​ថាមជ្ឈដ្ឋាន​ខាង​ក្រៅ ដែលរួម​ទាំង​អាជ្ញាធរផងដែរនោះ មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​សហជីព»

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម បានថ្លែងឱ្យដឹង​ថា សម្រាប់ពេលបច្ចុប្បន្ននេះ កម្មករនៅទូទាំងប្រទេសមិនចូលរួមដោយផ្ទាល់ក្នុងការជួបជុំទាមទារបញ្ហាវិវាទការងារនៅណាហ្គាវើលដ៍ក្នុងចំនួនច្រើននោះទេ ដើម្បីការពារកុំឱ្យមានករណីអ្វីមួយកើតឡើង ដោយពួកគេសម្រេចផ្ដល់ការគាំទ្រតាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមជំនួសវិញ។

អ្នកស្រីបន្ថែមថា៖ «យើងនៅតែចូលរួមគាំទ្រ​ដល់​បង​ប្អូន​យើង​ដែល​ឈរ​នៅ​មុខទីតាំង​កាស៊ីណូណាហ្គា បើ​ទោះ​ជា​យើង​មិន​អាច​បង្ហាញ​ខ្លួន​នៅ​ទីនោះ​ជាមួយ​គ្នា​ក៏​ដោយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ