មន្ត្រីថា សារធាតុគីមីផ្សំជាគ្រឿងញៀនជាង១០០តោនដែលនាំចូលកម្ពុជាថ្មីៗនេះជារបស់ក្រុមហ៊ុនចិន

អាជ្ញាធរគ្រឿងញៀនកម្ពុជា បានអះអាងថា សារធាតុគីមីផ្សំជាគ្រឿងញៀនជាង ១០០តោនដែល​កម្ពុជា​ទើប​បង្ក្រាប​បាន​កាលពីពេលថ្មីៗនេះ នាំចូល​ដោយ​​ក្រុមហ៊ុនចិន​ដែលទទួលបាន​អាជ្ញាប័ណ្ណនាំចូលពីមុខទំនិញចំនួន ៤មុខ ប៉ុន្តែក្រុមហ៊ុននេះបាននាំចូលដល់ទៅ ៨មុខ។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បាន​ចេញ​បញ្ជាផ្ទាល់មាត់ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធស្វែង​រក​អ្នក​ទទួល​ខុសត្រូវចំពោះការអនុញ្ញាត​ឱ្យ​ក្រុមហ៊ុនមួយ​​នាំ​ចូល​សារធាតុផ្សំ​ជា​គ្រឿង​ញៀន​​ជាង ១០០តោន​​ចូល​មកកម្ពុជានេះ។ លោក ស ខេង​ ក៏បាន​ប្រាប់រដ្ឋមន្ត្រី​នៅ​​​ក្រសួង​ពាក់ព័ន្ធ​ ​ដែល​​ផ្តល់​អាជ្ញាប័ណ្ណ​នាំសារធាតុ​ផលិត​គ្រឿងញៀន​​ចូល​កម្ពុជា​ មិន​ត្រូវ​មើលស្រាល​លើបញ្ហានេះទេ។​ បើពុំដូច្នេះទេ ​លោកថា រដ្ឋមន្ត្រី​រូបនោះ​ នឹងជាប់​ជំពាក់​​នឹង​ការ​​បំផ្លាញ​​សុខភាព​សាធារណៈ​ និង​បំផ្លាញ​សេដ្ឋកិច្ច​ សង្គម​ ថែមទៀត។​

អគ្គស្នង​ការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ មានប្រសាសន៍​នៅ​ថ្ងៃសុក្រនេះ​​ថា ក្រុមហ៊ុនដែលនាំចូលសារធាតុគីមីជាង ១០០តោន​ដោយ​ស្រប​ច្បាប់​នេះមាន​ឈ្មោះ ស៊ិន​យីង​ហ្វេង ជារបស់ជន​ជាតិ​ចិន។ លោក​បន្ត​ថា ក្រុមហ៊ុននេះ បាននាំចូលសារធាតុគីមីចំនួន ៨មុខ ប៉ុន្តែទទួលបានអាជ្ញាបណ្ណពីក្រសួងតែ៤មុខប៉ុណ្ណោះ។

លោកថា៖ «ដំបូងយើងទើបរកឃើញក្រុមហ៊ុនទេ ដែលនាំចូលដោយមានអាជ្ញាប័ណ្ណ​ គាត់នាំចូល ក្រុមហ៊ុនហ្នឹង ៨មុខ ​តែមានអាជ្ញាប័ណ្ណ ៤មុខទេ ដោយឡែកនៅទីតាំងផ្សេងទៀត អត់មាន​អាជ្ញាបណ្ណ។ ក្រុមហ៊ុនហ្នឹង ក្រុមហ៊ុន ស៊ិនយីងហ្វេង ដែលយើងបង្ក្រាបបាននៅស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ»

លោក ម៉ក់ ជីតូ បន្តថា សារធាតុគីមីជាង ១០០​តោន ​ត្រូវ​បានរក្សាទុកនៅតាមទីតាំងនីមួយៗ ហើយបច្ចុប្បន្នអាជ្ញាធរទទួលផែនប្រឆាំងគ្រឿងញៀន កំពុងសហការជាមួយក្រុមបច្ចេកទេសសហរដ្ឋអាមេរិក និងអូស្ត្រាលី ដើម្បីសុំបច្ចេកទេសបន្សាប​គ្រឿងញៀន មុននឹង​បំផ្លាញ​ចោល។

នៅពេលសួរថា តើស្ថាប័នណាជាអ្នកទទួលខុសត្រូវចំពោះករណីនេះ? លោក ម៉ក់ ជីតូ នៅមិនទាន់អាចឆ្លើយបាននៅឡើយទេ ដោយ​កំពុងធ្វើការស៊ើបអង្កេតបន្ត។

លោកថា៖ «អាហ្នឹង អាស្រ័យលើការស៊ើបអង្កេតរបស់យើង តើការពាក់ព័ន្ធចេតនា ឬអចេតនា ​ឥឡូវឆ្លើយមិនទាន់បានទេ»

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ សុំមិនធ្វើអត្ថាធិប្បាយ នៅពេលសួរថា តើក្រុមហ៊ុន ស៊ិនយីងហ្វេង បានចុះបញ្ជីធ្វើអាជីវកម្មនៅក្រសួងពាណិជ្ជកម្មដែរឬទេ?

លោកថា៖ «ខ្ញុំសុំមិនធ្វើអត្ថាធិប្បាយបានទេ»

អគ្គនាយ​កនៃ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា លោក គុណ ញឹម ប្រាប់ថា លោកកំពុងជាប់រវល់ប្រជុំ ដោយមិនអាចឆ្លើយនឹងសំណួរថា តើហេតុអ្វីបានជាអគ្គនាយកដ្ឋានគយ និង​រដ្ឋាករអនុញ្ញាតឱ្យមានក្រុមហ៊ុន ស៊ិនយីងហ្វេង នាំមុខទំនិញលើសពីអាជ្ញាប័ណ្ណចូលកម្ពុជានោះ។ ប៉ុន្តែលោកធ្លាប់​លើកឡើងថា ​អគ្គនាយកដ្ឋានគយបាន​អនុញ្ញាតឱ្យនាំចូលទំនិញគីមីចូល​កម្ពុជា បន្ទាប់ពីក្រសួងជំនាញបានផ្ដល់អាជ្ញាប័ណ្ណឱ្យតែប៉ុណ្ណោះ។

វីអូឌី មិនទាន់អាចស្វែងរកការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាងក្រុមហ៊ុន ស៊ិនយីងហ្វេង បាន​នៅឡើយទេនៅថ្ងៃនេះ។

នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ករណីនេះ អាចជាប់ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ដោយមន្ត្រីប្រចាំការនៅតាមច្រកព្រំដែន។ លោកបាន​ជំរុញដល់​មន្ត្រីនៅ​​ស្ថាប័នពាក់ព័ន្ធទាំងអស់​ ត្រូវធ្វើយ៉ាងណាកុំឱ្យមានការនាំចូលសារធាតុគីមី ដែលអាចយកផ្សំធ្វើជាគ្រឿងញៀនចូលកម្ពុជា។

លោកថា៖ «យើងមិនអាចធ្វើសេចក្ដីសន្និដ្ឋានបានទេ ​ជាការយល់ឃើញឬជាការសង្ស័យហើយ​ពលរដ្ឋ ក៏អាចសង្ស័យដូចគ្នាដែរ បើសិនជាសារធាតុហ្នឹងនាំចូលដោយអត់មានអាជ្ញាបណ្ណ ហើយអាចយកចូលបានប្រហែលជាអាចមានការស៊ីសំណូកសូកប៉ាន់​ ការសូកលុយទ្រង់​ទ្រាយ​ធំ ហើយបានអាចអនុញ្ញាតឱ្យក្រុមហ៊ុននាំចូលបាន​។ នេះជាការសង្ស័យ ប៉ុន្តែកន្លែងនេះទាមទារឱ្យមានការស៊ើបអង្កេតជាក់លាក់ទៅលើបញ្ហាហ្នឹង។ យើងមានអាជ្ញាធរ​មានកាតព្វកិច្ចស៊ើបអង្កេតពុករលួយស្រាប់​ អ៊ីចឹងសម្រាប់យើងគ្រាន់តែគិតថា មានការពាក់ព័ន្ធអ៊ីចឹង ប៉ុន្តែមិន​​មែន​ជាព័ត៌មានជាក់លាក់ទេ ​អ៊ីចឹងទាមទារឱ្យអាជ្ញាធរត្រួតពិនិត្យ ហើយស៊ើបអង្កេតបន្ថែម»

ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ ដែលរៀប​ចំដោយអគ្គនាយកដ្ឋានកសិ​កម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានណែនាំ​ឱ្យមន្ត្រីក្រោមឱវាទ​យកចិត្តទុកដាក់ និង​ត្រូវ​សហការជាមួយ​អាជ្ញាធរគ្រឿងញៀន ត្រួត​ពិនិត្យ​ចំពោះសមាស​ភាព​ផ្សំ​ជី​គីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកលាយ​ផលិត​ជា​គ្រឿងញៀនបាន។

យោង​តាមរបាយការណ៍របស់អង្គការសហប្រជាជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយកាលពីខែមិថុនាឆ្នាំ២០២១ថា កម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋ​ជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរណ៍គ្រឿងញៀន ផលិត និងចែកចាយ។

របាយការណ៍ដែលមានចំណងជើងថា «ការវិវត្តន៍ចុងក្រោយនិងការប្រឈមលើបញ្ហាគ្រឿងញៀននៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍» នេះ បានឱ្យដឹងថា ការជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅតំបន់ត្រីកោនមាស មិនមានការថយចុះឡើយ បើទោះ​បីជា​មាន​ការ​ឆ្លង​រីក​រាល​ដាលនៃជំងឺកូវីដ-១៩ក្តី។

របាយការណ៍ដដែល បន្តថា ផ្ទុយទៅវិញ ការជួញដូរគ្រឿងញៀននៅឆ្នាំ២០២០​កន្លងទៅនេះមានចំនួន ១៧០​តោន ដែលចំនួននេះបានកើនឡើង១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាល​ពីឆ្នាំ២០១៩ ក្នុងនោះ រដ្ឋសាន (Shan) នៃប្រទេសភូមា គឺជាប្រភពរោងចក្រផលិតគ្រឿងញៀនដ៏ធំជាងគេ ខណៈប្រទេសកម្ពុជា គឺជាគោលដៅចំបងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់​ជាទីតាំង សម្រាប់ការចរាចរណ៍គ្រឿងញៀន ការផលិត កែច្នៃ និងចែកចាយបន្ត ហើយក្រុម​ឧក្រិដ្ឋជនគ្រឿងញៀនទាំ​ង​នោះ ភាគច្រើន គឺជាជនជាតិចិន និងចិនតៃវ៉ាន់។

ដោយឡែក​ បើតាមអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់វីអូឌីកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ថាការបង្ក្រាប​បទល្មើសគ្រឿងញៀនកាលពីឆ្នាំ២០២១ សមត្ថកិច្ចចាប់ជនល្មើសបាន ១២ ០០០នាក់ ក្នុងនោះ ៣០% ជាអ្នកប្រើប្រាស់ និង ៧០% ជាអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ដូចជា ជួញដូរ រក្សា​ទុក និងដាំដុះ ខណៈគ្រឿងញៀនសមត្ថកិច្ចរឹបអូសបានជាង​ ៤ តោន​។ ចំនួនគ្រឿងញៀនដែលបង្ក្រាបបាននៅឆ្នាំ២០២១ បើធៀបកាលពីឆ្នាំ២០២០ មានការកើនឡើងប្រហែល​ ៣០%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ