អង្គការ​អន្តរជាតិ​៖​ ព្រៃឈើ​ជាង​៦​ពាន់​ហិកតា​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​តំបន់ការពារ​២​នៅ​ឆ្នាំ​មុន ក្រោម​អំពើ​ពុករលួយ​

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

របាយការណ៍របស់អង្គការអន្តរជាតិមួយ បាន​បង្ហាញ​​​ថា ក្នុ​ង​ឆ្នាំ​២០២១ ព្រៃឈើ​​​លើ​​ផ្ទៃដី​​ជាង ៦ ០០០​​ហិកតា ​បាន​រង​នូវ​ការ​​កាប់​​បំផ្លាញ​នៅ​តំបន់​ការពារ​ព្រៃឡង់ និង​​ព្រៃ​ព្រះ​រកា​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុករលួយ​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​នេះ​បាន​ចេញ​របាយការណ៍មួយ​មាន​ចំណង​ជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់​សិទ្ធិ និងវប្បធម៌​របស់ជនជាតិដើមភាគតិច»។

តាមរយៈរបាយការណ៍ Amnesty International អះអាងថា ខ្លួន​បានសម្ភាសន៍ជាមួយ​​សមាជិកសហគមន៍ការពារព្រៃឈើចំនួន ២០​រូប ដែលបានចូលរួមក្នុងសកម្មភាពការពារព្រៃឈើនៅតំបន់ព្រៃឡង់ និងព្រៃ​ព្រះ​រកា ក្នុងចន្លោះខែមិថុនា ដល់ខែតុលា ឆ្នាំ២០២១ ខណៈដែលពួកគេទាំងនោះ​ភាគច្រើនជាជនជាតិដើមភាគតិចគួយ ដែលមកពីសហគមន៍នានា​នៅក្នុង ឬជុំវិញតំបន់ព្រៃការពារទាំងនេះ។

Amnesty International បន្តថា សកម្មជនសហគមន៍​ការពារព្រៃឈើដែលត្រូវបានសម្ភាសន៍ទាំងអស់​បាន​និយាយស្រដៀងៗគ្នា​ថា ពួកគេបានឃើញសមត្ថកិច្ចក្នុងតំបន់ទទួល​យកលុយ​ពីអ្នកកាប់ឈើដោយឥតលាក់លៀម ជាថ្នូរ​នឹងការអនុញ្ញាតឱ្យ​ជនល្មើសដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ចេញពីតំបន់ការពារ ខណៈដែល​ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើន ត្រូវបានបង្កើតឡើងដើម្បីតែទារលុយពីអ្នកកាប់ឈើប៉ុណ្ណោះ។

របាយការណ៍កម្រាស់ប្រមាណជាង ៣ទំព័រ​ជាភាសាអង់គ្លេសនេះ បាន​ចោទប្រកាន់ចំៗថា អាជ្ញាធរ និងមន្ត្រីក្រសួងបរិស្ថាន បានទាមទារ និងទទួលសំណូក ជាថ្នូរនឹងការមិនអើពើនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ទាំងឡាយ។

អង្គការ​អន្តរជាតិមួយនេះ បន្តទៀត​ថា ការបាត់បង់ព្រៃឈើនៅ​តំបន់​ការពារ​រាប់​ពាន់​ហិកតា​នេះ បាន​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​មនុស្ស និង​​ទំនៀម​ទម្លាប់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។

Amnesty International សរសេរថា៖ «យោងតាមការវិភាគមួយដោយប្រើប្រាស់ប្រភពទិន្នន័យ​ចាប់រូបភាព​ពីចម្ងាយ​បាន​ប៉ាន់​ប្រមាណ​ថា យ៉ាងហោចណាស់ព្រៃឈើចំនួនប្រមាណជា ៦ ២៧១​ហិកតា (ដែល​ស្មើនឹងទីលានបាល់ទាត់ចំនួន ៨ ៧៨៤ ទីតាំង) ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ កាលពីឆ្នាំ​២០២១ កន្លងទៅ ខណៈដែលទំហំនៃការកាប់​បំផ្លាញ​ព្រៃឈើ​បន្ថែម​ទៀត​ក៏​ទំនង​ជានឹង​ត្រូវបានបង្ហាញផងដែរ នៅពេលដែលសំណុំ​ទិន្នន័យទាំងឡាយត្រូវបានផ្ដល់ជូនបន្តបន្ទាប់ទៀត»

ប្រធានផ្នែកកិច្ចការ «វិបត្តិនិងបរិស្ថាន» នៃអង្គការលើកលែងទោសអន្តរជាតិ លោក Richard Pearshouse បានលើកឡើង​​ក្នុងរបាយការណ៍នោះថា ការកាប់ឈើខុសច្បាប់​ដ៏ច្រើនសន្ធឹកសន្ធាប់​នៅកម្ពុជា​ កំពុងបង្កការគំរាមកំហែងដល់ព្រៃឈើសំខាន់ៗ ដែលនៅសេសសល់ និងប៉ះពាល់ដល់វប្បធម៌ និងជីវភាពរបស់ជនជាតិដើមភាគតិច។

លោកថា៖ «ម្តងហើយម្តងទៀត មន្ត្រីរដ្ឋាភិបាលនានាដែលមានកិច្ចការត្រូវការពារព្រៃឈើដ៏មានតម្លៃទាំងនេះ បែរជាព្យាយាមស្វែងរកផល​ចំណេញ​ពីការកាប់បំផ្លាញព្រៃឈើទាំងនោះទៅវិញ តាមរយៈការអនុញ្ញាតឱ្យសកម្មភាពជួញដូរឈើខុសច្បាប់​មានការកើនឡើងកាន់តែ​ច្រើន»

លោកបន្តថា៖ «អាជ្ញាធរកម្ពុជាត្រូវតែបញ្ឈប់សកម្មភាព​កាប់ឈើខុសច្បាប់ទាំងនោះ ដោយទប់ស្កាត់ជាបន្ទាន់នូវអំពើពុករលួយ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នេះ។ សិទ្ធិ​របស់​ជនជាតិ​គួយ​ត្រូវ​តែទទួលបានការការពារ ​គ្រប់រូបភាពនៃ​ការ​ខិតខំ​ប្រឹងប្រែង​អភិរក្សរបស់ពួកគេ»

វីអូឌី មិនអាចសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានទេនៅ​ថ្ងៃ​សុក្រ​នេះ​ ខណៈ​មន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ចាន់សុជាតិ បដិសេធតបដោយ​ថាមិន​ទាន់​បាន​ឃើញ​របាយការណ៍នោះនៅឡើយ។

នាយកអង្គការលើកស្ទួយវប្បធម៌គួយ លោក ហ៊ីង ប៊ុនណាត លើកឡើងថា លោក​តែង​តែ​ទទួល​​​បាន​​ការរាយការណ៍ពីប្រជាសហគមន៍ អំពី​ការ​សូក​ប៉ាន់​ដោះ​ដូរ​នឹង​ការ​ចរាចរណ៍​ឈើ​នៅ​​តំបន់​ការ​ពារ​ព្រៃ​ព្រះ​រកា​ប្រាកដមែន ខណៈពួកគាត់ថែមទាំងមានភស្តុតាងទៀតផង។ យ៉ាងណា លោកថា ប្រជា​សហគម​ន៍​​​ហ៊ាន​ជជែក​រឿងអំពើពុករលួយនេះ បានតែ​ជាមួយ​មនុស្ស​ជិត​ស្និទ្ធ​ប៉ុណ្ណោះ ដោយ​បារម្ភ​ពី​សុវត្ថិ​ភាព។

លោក ហ៊ីង ប៊ុនណាត បន្តថា៖ «ខ្ញុំបានឮផ្ទាល់ពី​ពួកគាត់​ដោយ​សារ​តែ​ខ្ញុំ​ឧស្សាហ៍​ចុះ​ទៅ​ជួប​ពួក​គាត់ លក្ខណៈ​បែប​ជា​បង​ប្អូន ជាសាច់​ញាតិ គាត់និយាយប្រាប់ត្រង់ហ្នឹងហើយ។ បើសិន​ជា​អ្នក​ខាង​ក្រៅ​ទៅ គឺគាត់ពិបាកក្នុងការ​និយាយ​ណាស់ ដោយ​សារ​តែ​ការ​ទំនាក់​ទំនង​មិន​សូវ​ស្និទ្ធ ប៉ុន្តែស​ម្រាប់​​ខ្ញុំ​ពេល​​ខ្ញុំ​ជួប​គាត់ គាត់និយាយ​ត្អូញត្អែរ​ប្រាប់ខ្ញុំចឹងដែរ។ តែគ្រាន់​ថា​ការ​តាម​ដាន ការ​យក​ភស្តុតាង ឬ​យក​រូបភាព​ណាមួយថាមា​ន​ការសូកប៉ាន់ ឬក៏ការ​បង់​ថវិកា​ដើម្បី​ចរាចរណ៍​ឈើនៅ​ក្នុង​ព្រៃ គឺ​ត្រូវមានភស្តុតាង​ដែលជាក់លាក់ណាស់»

រដ្ឋាភិបាល បាន​​ដាក់បញ្ចូល​ព្រៃ​ព្រះ​រកា​​ ​នៅខេត្តព្រះវិហារ ដែលមានទំហំប្រមាណ ៩៦ ០០០​ហិកតា ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ឆ្នាំ២០១៦។ ចំណែក ដែនជម្រក​សត្វព្រៃ​​ព្រៃ​ឡង់​មាន​ផ្ទៃ​​​ដី​​ប្រមាណ ៥០០ ០០០ហិកតា (៥០ម៉ឺនហិកតា) គ្របដណ្តប់​ខេត្តចំនួន ៤ រួមមាន ខេត្ត​ព្រះ​វិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង ត្រូវបានដាក់​ជាតំបន់ការពារ​កាលពីអំឡុង​ឆ្នាំ​២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ