ក្រុមកូដករកាស៊ីណូណាហ្គាវើលដ៍ (Naga World) ចោទប្រកាន់ថៅកែរបស់ក្រុមហ៊ុនល្បែងមួយនេះ ថាបានព្យាយាមចេញព័ត៌មានបំភ្លៃការពិត ដើម្បីគេចវេសពីការទទួលខុសត្រូវ ខណៈពួកគេធ្វើកូដកម្មតវ៉ាជាងមួយខែគ្មានដំណោះស្រាយ។
ការលើកឡើងនេះ បានធ្វើក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារសាន់វេភ្នំពេញ នាថ្ងៃទី២៨ ខែមករានេះ ក្រោយពីក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ជុំវិញបញ្ហាកូដកម្ម និងបញ្ហារបស់ក្រុមហ៊ុន។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីថ្លែងការណ៍៨ចំណុចដោយលើកឡើងថា ក្នុងឆមាសទី១នៃឆ្នាំ២០២១ ក្រុមហ៊ុនបានខាត់បង់ប្រាក់សុទ្ធជាង ៧៧លានដុល្លារ និងក្រុមហ៊ុនកាត់បន្ថយតែបុគ្គលិកណាដែលលើសតម្រូវការ និងបុគ្គលិកគ្មានផលិតភាពប៉ុណ្ណោះ ហើយថា ក្រុមហ៊ុនយកចិត្តទុកដាក់ចំពោះសុខុមាលភាពបុគ្គលិកដោយមិនគិតពីឋានៈ និងមិនមានការរើសអើងចំពោះបុគ្គលិកដែលជាសមាជិកសហជីពជាដើម ប៉ុន្តែការលើកឡើងនេះ ត្រូវបានក្រុមកូដករច្រានចោល និងថា ជារឿងមិនពិត និងដើម្បីគេចវេសពីការទទួលខុសត្រូវតែប៉ុណ្ណោះ។
ថ្លៃងក្នុងសន្និសីទសារព័ត៌មាន កូដករណាហ្គាវើលដ៍ម្នាក់ កញ្ញា ជឹម រដ្ឋា មានប្រសាសន៍ថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍កើតឡើងដោយសារថៅកែរើសអើងសហជីព។ កញ្ញាបញ្ជាក់ថា ក្នុងគម្រោងបញ្ឈប់បុគ្គល១ ៣២៩នាក់ ពីសំណាក់ក្រុមហ៊ុន ក្នុងនោះជាង៨០ភាគរយជាសមាជិក សកម្មជនសហជីព និងថ្នាក់ដឹកនាំសហជីព។
កញ្ញា ជឹម រដ្ឋា បានបន្តទៀតថា ការបញ្ឈប់នេះទៀតសោត ធ្វើឡើងទាំងខុសច្បាប់ជាតិ និងច្បាប់អន្តរជាតិ ជាពិសេសស្តីពីការងារត្រង់មាត្រា៩៥ និងអនុសញ្ញាអន្តរជាតិលេខ៨៧ និង៩៨ និងពុំមានការអនុញ្ញាតពីក្រសួងការងារដែលកំណត់ក្នុងច្បាប់ស្តីពីការងារត្រង់មាត្រា២៩៣ និងច្បាប់សហជីពត្រង់មាត្រា៤៣ និងមាត្រា៦៧។
កញ្ញា ជឹម រដ្ឋា ដែលពុំមានឈ្មោះបញ្ឈប់ពីការងារ អះអាងថា ការតវ៉ារយៈពេល៤២ថ្ងៃមកនេះ ខាងអាជ្ញាធរ និងភាគីក្រុមហ៊ុន បានព្យាយាមចេញព័ត៌មានមិនពិត បង្កការរំខានផ្សេងៗ និងគំរាមកំហែងមកលើក្រុមកូដករ។
កញ្ញាបន្ថែមថា៖ «មានជនស៊ីវិល គាត់ព្យាយាមឃ្លាំមើលគ្រប់សកម្មភាពរបស់ក្រុមកូដករយើង ហើយមានរូបភាពគំរាមកំហែងផ្សេងៗទៀត ដោយមានការថតរូបក្រុមកូដករ និងជនស្លៀកពាក់ស៊ីវិលខ្លះគាត់ព្យាយាមមកបង្កចលាចលបើពាក្យសម្តីអសុរស និងព្យាយាមរករឿងយើងបង្កជាជម្លោះ ហើយយើងចង់បកស្រាយបំភ្លឺឱ្យសាធារណជនដឹងថា ក្រុមហ៊ុនណាហ្គាវើលដ៍នេះ អត់ព្យាយាមរកដំណោះស្រាយទេ ប៉ុន្តែព្យាយាមបំភ្លៃព័ត៌មានពិតដើម្បីគេចវេសពីការទទួលខុសត្រូវ»។
កូដករណាហ្គាវើលដ៍ម្នាក់ទៀត លោក សេង វណ្ណារិទ្ធ ដែលមានឈ្មោះបញ្ឈប់ពីការងារ និងបម្រើការងារនៅក្រុមហ៊ុនល្បែងមួយនេះអស់រយៈពេល២៥ឆ្នាំ និយាយថា ទោះមានគំរាមកំហែង និងមានការរំលោភផ្សេងៗពីអាជ្ញាធរក៏ដោយ ក៏ក្រុមកូដករនៅតែរក្សាជំហរ និងប្តេជ្ញាតវ៉ារហូតមានការដោះលែងតំណាងសហជីពទាំង៨នាក់ និងមានដំណោះស្រាយលើវិវាទការងារនេះ។
លោកថា៖ «ការតស៊ូធ្វើកូដកម្មរបស់ពួកយើង គឺនៅតែបន្ត ទោះបីជាគ្មានតំណាង[សហជីព]ក៏ដោយ គឺទាមទាររហូតមានការដោះលែងពួកគាត់ ដើម្បីឱ្យពួកគាត់បានចូលតុចរចា។ យើងមិនអាចទៅរកតំណាងណាផ្សេងពីថ្នាក់ដឹកនាំយើងបានទេ ពីព្រោះពួកគាត់ត្រូវបានបោះឆ្នោត និងផ្តល់សិទ្ធិដោយសមាជិកបុគ្គលនៅក្រុមហ៊ុនណាហ្គាវើលដ៍ស្របតាមច្បាប់នីតិវិធី និងទទួលស្គាល់ក្រសួងការងារផងដែរ»។
វីអូឌី មិនអាចសុំការឆ្លើយតំណាងក្រុមហ៊ុណាហ្គាវើលដ៍បាននៅថ្ងៃសុក្រនេះ។
ចំណែក អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មិនឆ្លើយតបពាក់ព័ន្ធករណីនេះទេ។ យ៉ាងណា លោកបានប្រាប់វីអូឌីកាលពីថ្ងៃទី២៤ខែមករាថា ក្រសួងការងារស្វាគមន៍ក្នុងក្នុងការសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ។
លោកបន្ថែមថា៖ «រឿងណាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ ដែលត្រូវដោះស្រាយនៅក្រសួង គឺសូមរកមេធាវីដែលយល់អំពីច្បាប់មកជជែកជាមួយក្រសួង។ ក្រសួងបើកទ្វាររងចាំស្វាគមន៍បងប្អូនជានិច្ចទោះបីជាថ្ងៃឈប់សម្រាក ឬបុណ្យទានក៏ដោយ។ ក្រសួងប្តេជ្ញាការពារប្រយោជន៍របស់បងប្អូនដែលមានចែងក្នុងច្បាប់ស្តីពីការងារជានិច្ច»។
នាយករងអង្គការលីកាដូដែលឃ្លាំមើលផ្នែកសិទ្ធិមនុស្ស លោក អំ សំអាត មានប្រសាសន៍ថា បញ្ហានៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាវិវាទការងារសុទ្ធសាត។ លោកថា វិវាទការងារដែលបន្តអូសបន្លាយ ដោយមិនទាន់មានដំណោះស្រាយនេះ គឺដោយសារភាគីក្រុមហ៊ុន និងក្រសួងការងារគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ចប់។
លោកបន្តថា ការធ្វើកូដកម្មរបស់កូដករណាហ្គាវើលដ៍ គឺធ្វើតាមទៅតាមនីតិវិធីច្បាប់ស្តីពីការងារ និងច្បាប់សហជីពត្រឹមត្រូវ។ លោកចាត់ករណីចាប់ឃុំខ្លួនថ្នាក់ដឹកនាំសហជីពជារឿងមិនត្រឹមត្រូវ ខុសច្បាប់ និងបានរំលោភសិទ្ធិមនុស្ស រួមទាំងសិទ្ធិការងារធ្ងន់ធ្ងរ។
លោកបន្ថែមថា៖«ឆន្ទៈនៃការដោះស្រាយវិវាទការងារអត់មាន បែរជាឆន្ទៈនៃការគំរាមកំហែង ការបំភិតបំភ័យ និងការចាប់ខ្លួនតំណាងសហជីពយកទៅចោទប្រកាន់និងឃុំខ្លួនទៅវិញ ដែលខ្ញុំមើលឃើញថា ដំណោះស្រាយនេះមិនងាយនឹងចប់ទេ។ ហើយវាក៏បង្កឱ្យមានបញ្ហាកាន់តែរីករាលដាលឡើង។ អីចឹងដំណោះស្រាយដែលល្អ ខ្ញុំគិតថា វិលទៅរកវិវាទការងារវិញទៅ ដោះលែងតំណាងកម្មករ ហើយបន្តចរចាដើម្បីបញ្ចប់វិវាទការងារហ្នឹងទៅ គឺបញ្ហានឹងអាចដោះស្រាយបានឆាប់»។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា ការអូសបន្លាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដោយមិនបានដោះស្រាយនេះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិពាក់ព័ន្ធការំលោភសិទ្ធិការងារ និងសិទ្ធិមនុស្ស ខណៈអន្តរជាតិកំពុងបង្ហាញការព្រួយបារម្ភអំពីបញ្ហានេះ និងការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពទាំង៨នាក់។
អ្នកស្រីបន្ថែមថា៖ «អីចឹងវិវាទការងារនៅណាហ្គាវើលដ៍គួរតែបញ្ចប់ទៅអត់ចំណេញទេ វាធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាខ្លាំងមែនទែនលើឆាកអន្តរជាតិ។ វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះពីដំបូងតូចទេ ប៉ុន្តែឥឡូវវារីករាល់ដាលកាន់តែធំ អ្នកណាក៏ដឹងដែររហូតសហគមន៍អុឺរ៉ុប ស្ថានទូតអាមេរិក និងសហគមន៍ផ្សេងៗទៀត គេដឹងទាំងអស់អីចឹងខ្ញុំគិតថា កេរ្តិ៍ឈ្មោះរបស់កម្ពុជានឹងកាន់តែអាក្រក់ បើមិនដោះស្រាយបញ្ហានៅណាហ្គាវើលដ៍ឱ្យបានឆាប់»។
កាលពីសប្តាហ៍មុន ក្រុមកូដករណាហ្គាវើលដ៍បានយកញត្តិទៅដាក់នៅតាមបណ្តាស្ថានទូតប្រទេសលោកសេរីចំនួន១៤ រួមមាន ស្ថានទូតអាមេរិក បារាំង សហភាពអុឺរ៉ុប អង់គ្លេស អាល្លឺម៉ង់ សិង្ហបុរី កាណាដា ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និងស្ថានទូតបរទេសប្រចាំនៅកម្ពុជាផ្សេងទៀត ដើម្បីសុំអន្តរាគមន៍ជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងតំណាងសហជីព៨នាក់ និងជំរុញឱ្យមានដំណោះស្រាយវិវាទការងារដល់ពួកគេផងដែរ។
ក្នុងពិធីមួយកាលពីថ្ងៃទី២៥ខែមករានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញទៅភាគីពាក់ព័ន្ធឱ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់ ដោយលោកចាត់ទុកការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ដោយសារវិវាទការងារ។ លោកថា ក្រសួងការងារ និងអាជ្ញាធរពាក់ព័ន្ធ ភាគីក្រុមហ៊ុន រួមទាំងកូដករដែលកំពុងតវ៉ាត្រូវរក្សាភាពអត់ធ្មត់ និងប្រកាន់ជំហរសម្របសម្រួល ដើម្បីដោះស្រាយវិវាទការងារនេះឱ្យបានឆាប់។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សហសហជីពអន្តរជាតិបានផ្ញើលិខិតមួយទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតចេញពីការបរាជ័យជាយូរណាស់មកហើយរបស់ភាគីក្រុមហ៊ុន ក្នុងការគោរពសិទ្ធិកម្មករ និងសហជីព ចំពោះកិច្ចចរចាដោយសមូហភាព ដើម្បីទទួលបានប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។
លិខិតនោះបន្តថា ក្រុមហ៊ុនណាហ្គាវើលដ៍ មិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាលលើការងារ សុវត្ថិភាព និងការការពារសុខភាពក្នុងអំឡុងពេលមានជំងឺកូវីដ-១៩នោះទេ។
ផ្ទុយទៅវិញ បុគ្គលិកនិយោជិតចំនួន១ ៣២៩នាក់ត្រូវបានបញ្ឈប់ពីការងារ ដោយមិនបានពិគ្រោះយោបល់ក្រោមច្បាប់ការងារកម្ពុជាឡើយ ដោយក្នុងចំណោមនោះ មានបុគ្គលិក១ ១០០នាក់ គឺជាសមាជិកសហជីព៕