កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) គ្រោងធ្វើឡើងវិញ នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ខាងមុខនេះ បន្ទាប់ពីបានលើកពេលកាលពីថ្ងៃទី១៨-១៩ ខែមករា។
ដំណឹងនៃការកំណត់កាលបរិច្ឆេទជាថ្មីនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat)នេះ គឺតាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំចង្អៀតសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពី បញ្ហាមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។
ប៉ុន្តែសេចក្តីប្រកាសព័ត៌មាននេះ មិនទាន់បញ្ជាក់ឱ្យជាក់លាក់នៅឡើយទេថា តើកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat)នេះ នឹងរៀបចំផ្ទាល់នៅខេត្តសៀមរាប ឬ ប្រជុំតាមវីដេអូនៅឡើយទេ។
លោក កុយ គួង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានបង្វែសំណួររបស់ វីអូឌី ឱ្យទៅសួរលោក ជុំ សុន្ទរី អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក ដែលលោកអះអាងថា គឺជាអ្នកនាំពាក្យថ្មីរបស់ក្រសួងការបរទេសកម្ពុជា។ តែមិនមានប្រភពដើម្បីទាក់ទងបាននៅឡើយ។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា បានប្រកាសលើកពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដ៏គួរឱ្យភ្ញាក់ផ្អើល។ ការលើកពេលនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ដោយសាររដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ។ ក៏ប៉ុន្តែការលើកពេលកិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំចង្អៀតសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពី បញ្ហាមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន បានប្រាប់លោកស្រី Mona Juul ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែមករានេះថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខនេះ ដែលគ្រោងរៀបចំធ្វើជាថ្មីនៅថ្ងៃទី ១៦-១៧ ខែកុម្ភៈ ខាងមុខនេះ ជាកិច្ចប្រជុំត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីពាក់ព័ន្ធអំពីជំនួយមនុស្សធម៌ ដែលនឹងមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីលេខាធិការដ្ឋានអាស៊ាន (ASEC) និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ហើយនឹងប្រមូលនូវវិធីសាស្រ្ត មនុស្សធម៌ជាក់ស្តែងទាំងអស់ពីអ្នកជំនាញ និងទីភ្នាក់ងារមនុស្សធម៌ក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រទេសមីយ៉ាន់ម៉ាឱ្យបានឆាប់រហ័ស៕