លោក ប្រាក់ សុខុន ថា ដំណើរ​ទស្សនកិច្ច​របស់​កម្ពុជា​ទៅ​មីយ៉ាន់ម៉ា គឺ​ដើម្បី​ទម្លាយភាព​ជាប់គាំង​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពេលចូលរួមកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​តាមវីដេអូ កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ (រូប៖ ក្រសួងការបរទេសកម្ពុជា)

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប) កាល​ពី​យប់​មិញ​ថា ដំណើរ​ទស្សនកិច្ច​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ដើម្បី​ទម្លាយភាព​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ។

ការលើក​ឡើង​របស់​ប្រមុខ​ការទូត​កម្ពុជា​បែប​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ស្តីពី ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ប្រព្រឹត្តទៅ​តាមរយៈ​វីដេអូ កាល​ពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួ​ងការបរទេស​កម្ពុជា ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន បាន​ប្រាប់​លោកស្រី Mona Juul ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​សម្រាប់​ខែមករា​នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ជា​បេសកម្ម​ដើម្បី​ទម្លុះទម្លាយ​ភាព​ជាប់គាំង​នៅ​ក្នុង​ប្រទេស​នេះ។

លោកថា៖ «ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីខ្ញុំ ទៅកាន់ទីក្រុងណៃពិដោ គឺជាបេសកម្មដើម្បីទម្លុះទម្លាយភាពជាប់គាំង។ ទស្សនកិច្ចនេះ មានគោលបំណងដើម្បីកសាងទំនុកចិត្ត ការជឿជាក់ និងការយោគយល់គ្នា ហើយទស្សនកិច្ចនេះ ពិតជាអាចដើរតួនាទី​ជាការបោះជំហាន​ដ៏រឹងមាំ​មួយឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀត»។

លោកបន្តថា៖ «សម្តេចតេជោបានទៅទីនោះ គឺដើម្បីដាំដើមឈើ ជាដើមឈើសម្រាប់សន្តិភាព និងការផ្សះផ្សារជាតិ។ វាត្រូវការពេលវេលា ភាពអត់ធ្មត់ និងការអនុវត្តជាក់ស្តែង មុនពេលគេអាចប្រមូលផលពីដើមឈើនោះបាន»។

លោក ប្រាក់ សុខុន ក៏បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីគម្រោងដំណើរទស្សនកិច្ចលើកដំបូង​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ារបស់លោកក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាននៅពេលខាងមុខនេះ។

លោកថា ដំណើរទស្សនកិច្ចនេះ លោកនឹងលើកឡើងជាអាទិភាពក្នុងការជម្រុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ហើយដែលនឹង​ត្រូវលើកយកទៅពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងបើកធ្វើឡើងវិញនៅថ្ងៃទី១៦-១៧ ខែកុម្ភៈ​ខាង​មុខនេះ។

គួរជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំនះដឹកនាំគណៈប្រតិភូកម្ពុជាទៅធ្វើទស្សនកិច្ចជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ដើម្បីជួបមេដឹកនាំរដ្ឋប្រហារយោធាភូមា បើទោះបីជាមានការរិះគន់ក្តី។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា ជាជោគជ័យមួយ បន្ទាប់ពីមេដឹកនាំយោធាភូមា លោក មីន អ៊ុងលាំង បានសន្យាពន្យារ​ពេល​បទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ និងបើកឱ្យមានដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន​ទៅធ្វើទស្សនកិច្ច​នៅ​ភូមា​ផងដែរ។ ក៏ប៉ុន្តែ មិនបានប៉ុន្មានថ្ងៃក្រោយពីដំណើរទស្សនកិច្ចនេះផង មានសេចក្តីរាយការណ៍ថា របបសឹកភូមាបានបន្តបាញ់ផ្លោង​ទៅ​លើ​ភូមិឋានអ្នកស្រុក ថែមទាំងបានកាត់ទោសមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុង សានស៊ូជី ឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំបន្ថែមទៀត។

ទោះមានការរិះគន់ជុំទិសក្តី ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់ប្រាប់​សមាជិកក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​កាលពី​យប់​មិញ​ថា គ្រប់សកម្មភាពរបស់កម្ពុជាធ្វើ គឺផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន និង​ស្របតាមធម្មនុញ្ញរបស់អាស៊ានទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ