កូនៗរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមព្រមៗគ្នា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានត្រាស់បង្គាប់តែងតាំងមុខតំណែង លោកស្រី លឹម លីនដា ជារដ្ឋលេខាធិការ និងលោក លឹម កាន់បេរ៉ា ជាអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃនេះឡាយព្រះហស្តលេខានេះតទៅ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការតែងតាំង កូន និងសាច់ញាតិនៅក្នុងស្ថាប័នរដ្ឋមិនមានអីចម្លែកឡើយ ប៉ុន្តែអ្វីដែលសំខាន់នីតិវិធីនៃការតែងតាំងនោះ តើពិតជាបានធានានូវសុច្ចរិតភាព និងតម្លាភាព រួមទាំងត្រឹមត្រូវទៅតាមនីតិវិធី និងគោលការណ៍ជាធរមានដែលមានស្រាប់ឬអត់។
លោកបន្តថា ការតែងតាំងដោយការប្រកួតប្រជែកទៅតាមនីតិវិធី និងគោលការណ៍ជាធរមាននោះ វាជាការជួយដល់ប្រទេសជាតិ ដោយសាអ្នកទាំងនោះមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការបំពេញ ឬធ្វើការងារ មិនមែនជាការឡើងតាមខ្សែស្រឡាយរបស់ខ្លួនឡើយ។
លោកជំរុញឱ្យមានការបង្ហាញអំពីនីតិវិធីនៃការតែងតាំងកូន និងសាច់ញាតិនៅក្នុងស្ថាប័នរដ្ឋជាសាធារណៈ ដើម្បីបញ្ជៀសការរិះគន់ និងបង្ហាញថា អ្នកដែលត្រូវបានតែងតាំងនោះ ពិតជាមានសមត្ថភាពប្រាកដមែន។
លោកថា៖ «ប៉ុន្តែវាអាចជាចម្ងល់របស់សាធារណជនត្រង់ថា ដោយសារ គាត់ជាកូនអ្នកធំមានខ្សែ មានស្រឡាយអ៊ីចឹង ថាតើការរៀបចំតែងតាំងហ្នឹង អាចមានទំនាស់ផលប្រយោជន៍ដែរឬទេ? ដោយសារគាត់ជាកូនអ្នកធំឬគាត់មានសមត្ថភាព? បើសិនគាត់ជាកូនអ្នកធំ មិនជាបញ្ហាទេ យើងមិនខ្វល់ជាកូនអ្នកធំឬអ្នកតូចទេ សំខាន់នីតិវិធីរើសដោយផ្អែកលើសមត្ថភាព និងលើបទពិសោធន៍ គេហៅថា ការរើសផ្អែកលើគុណភាពនៃមនុស្សហ្នឹង អាហ្នឹងជារឿងចាំបាច់»។
ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា មានប្រសាសន៍ថា បើសិនជាការតែងតាំងនេះ ដោយការស្នើសុំ និងគ្មានការប្រកួតប្រជែងទេនោះ វានឹងធ្វើឱ្យយុវជនជំនាន់ក្រោយដែលមានសមត្ថភាព និងបទពិសោធន៍បាត់បង់ឱកាសក្នុងការជួយប្រទេស ឬសង្គមជាតិ។ លោកថា ករណីនេះ ឆ្លុះបញ្ចំាំពីអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ ខណៈការបង្ហាញព័ត៌មានសាធារណៈដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការតែងតាំង ឬប្រកួតប្រជែងដោយតម្លាភាព និងគុណធម៌ យុត្តិធម៌នោះ មិនត្រូវបានផ្សព្វផ្សាយឡើយ។
លោកស្រីថា៖ «យើងអត់បានដឹង ប៉ុន្តែស្ងាត់ៗឃើញឡើងជាឯកឧត្តម រដ្ឋមន្ត្រី ឬរដ្ឋលេខា ឬ អគ្គលេខាអ៊ីចឹងទៅ។ អ៊ីចឹងទៅជាទម្លាប់ធ្វើអីក៏បាន ព្រោះអំណាចនេះ ស្ថាប័ននេះ ជារបស់អញអ៊ីចឹងទៅ វាមិនមែនជារបស់ជាតិ វាទៅជារបស់ខ្លួន បើរបស់ខ្លួនចាត់ចែងអីស្រេចតែតាមការនឹកឃើញ។ អ៊ីចឹងពិបាកដែរពាក់ព័ន្ធផលប្រយោជន៍បែបហ្នឹង»។
វីអូឌីមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចំពោះការតែងតាំងកូនប្រុសស្រីលោក ឱ្យកាន់តំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅក្នុងក្រសួងរបស់លោកកាន់កាប់នេះបាននៅឡើយទេ នៅថ្ងៃសៅរ៍នេះ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ជាទូទៅមុននឹងមានការស្នើសុំឱ្យតែងតាំងបុគ្គលឬមន្ត្រីណាមួយ បន្ទាប់ពីបានប្រឡងប្រជែង ដោយមានការចូលរួមឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែករណីនេះ លោកមិនដឹងថា មានការឆ្លងកាត់ការប្រឡងប្រជែកឬអត់នោះទេ។
លោកថា៖ «បើគាត់តែងតាំងតាមខ្សែរយៈ កូនចៅខ្លួនឯងនៅក្នុងក្រសួងគាត់ អាហ្នឹង គាត់បំផ្លាញក្រសួងគាត់ទេ ពីព្រោះអ្នកនៅក្នុងក្រសួងហ្នឹងសុទ្ធតែអ្នកធ្វើការយូរៗ ដែលគេត្រូវទទួលបានរង្វាន់ក្នុងការឡើងឋានៈ ក្នុងការតែងតាំងឋានានុក្រម អាហ្នឹងជាក្រឹត្យក្រម»។
អង្គការតម្លាភាពអន្តរជាតិ (Transparency International) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ទើបបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយចាត់ចំណាត់ថ្នាក់អំពើពុករលួយកម្ពុជា នៅឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់ទី១៥៧ ក្នុងចំណោមប្រទេសចំនួន១៨០នៅទូទាំងពិភពលោក។
អង្គការតម្លាភាពអន្តរជាតិបញ្ជាក់ថា អំពើពុករលួយនៅកម្ពុជាឆ្នាំ២០២១ បានប្រសើរជាងឆ្នាំ២០២០ ចំនួន២ពិន្ទុ ប៉ុន្តែកម្ពុជានៅតែជាប្រទេសពុករលួយជាងគេបំផុត ក្នុងចំណោមប្រទេសទាំង១០នៅតំបន់អាស៊ាន ដែលមានអំពើពុករលួយចាក់ឫសទាំងនៅក្នុងវិស័យសាធារណៈនិងវិស័យឯកជន៕