ក្រសួងសុខាភិបាលបានប្រកាសរកឃើញជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី «អូមីក្រុង» បានឆ្លងចូលក្នុងសហគមន៍សរុបមានចំនួនកើនឡើងជិត ៤០០ករណីហើយ បន្ទាប់ពីរកឃើញករណីឆ្លងជំងឺប្រភេទថ្មីនេះមានចំនួនជាង៥០ករណីបន្ថែមទៀតកាលពីម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»ដែលរកឃើញឆ្លងថ្មីកាលពីម្សិលមិញមានចំនួន ៥៧នាក់។ អ្នកជំងឺទាំងនោះ មាន ៤៤ករណី ជាការរកឃើញឆ្លងចូលក្នុងសហគមន៍ និង១៣ករណីទៀត ជាការនាំចូលពីក្រៅប្រទេស។ ដោយឡែក ករណីស្លាប់ថ្មីគ្មានឡើយ ដែលធ្វើឱ្យកម្ពុជាមិនមានករណីស្លាប់ដោយកូវីដ-១៩ រយៈពេលជិត១ខែមកហើយ។ ប្រភពដដែលក៏បានបញ្ជាក់ថា សម្រាប់អ្នកជំងឺព្យាបាលជាសះស្បើយថ្មីចំនួន ៦៥នាក់បន្ថែមទៀតផងដែរ។
ក្រសួងបញ្ជាក់ថា មកទល់ព្រឹកថ្ងៃអាទិត្យនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ៣៨៦ករណី ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់ពីករណីស្លាប់ដោយសារវីរុសបំប្លែងថ្មីមួយនេះឡើយ។
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន«អូមីក្រុង»ជាលើកដំបូង កាលពីថ្ងៃទី ១៤ខែធ្នូ លើស្ត្រីខ្មែរម្នាក់ ដែលធ្វើដំណើរពីប្រទេសហ្គាណា នៃតំបន់អាហ្វ្រិកខាងលិច មកកម្ពុជា។
គិតត្រឹមព្រឹកថ្ងៃដដែលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២១ ២៩៩នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៧ ៤២៨នាក់ អ្នកស្លាប់ចំនួន៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២០ ៣២៩នាក់៕