មេដឹកនាំបក្សកាន់អំណាច ប្រកាសជំហរថាគ្មានលទ្ធភាព ដើម្បីធ្វើឱ្យមានសន្តិភាពផ្លូវចិត្តសម្រាប់តួអង្គមនុស្សដែលមានចំណុចប្លែកៗពីគ្នានោះទេ ដោយធានាត្រឹមគ្មានមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម។
ប្រតិកម្មរបស់នាយករដ្ឋមន្ត្រីនេះ ជាការឆ្លើយតបទៅនឹងអ្នកវិភាគមួយចំនួន ដែលបានលើកឡើងតាមប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសកម្ពុជា មិនទាន់មានសន្តិភាពពេញលេញទេ ដោយសារនៅមានអយុត្តិធម៌សង្គម និងការរើសអើងនយោបាយជាដើម ដែលការណ៍នេះ ពួកគេថា ប្រទេសដែលមានសន្តិភាពពិតប្រាកដ ក្រៅពីគ្មានជម្លោះប្រដាប់អាវុធ ក៏ត្រូវមានសន្តិភាពផ្លូវចិត្តផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាធអាកាស នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទនេះ បានច្រានចោលការលើកឡើងនេះ ដោយសម្អាងថា សន្តិភាពរបស់កម្ពុជា ធានាបានត្រឹមគ្មានមនុស្សស្លាប់ និងរងរបួសដោយសារសង្គ្រាម ដូចពីអតីតកាលតែប៉ុណ្ណោះ។ តែយ៉ាងណា លោកពុំបានបញ្ចេញឈ្មោះអ្នកវិភាគណាមួយនោះទេ ដោយគ្រាន់តែអះអាងថាកិច្ចពិភាក្សានោះធ្វើឡើងនៅក្រៅប្រទេស។
លោកថា៖ «អីចឹងអ្នកឯងនៅតែអត់សន្តិភាពហ្នឹង បើអ្នកឯងលើកពីការទាមទារទាំងឡាយ យកមកធ្វើជាមូលហេតុនៃការកំណត់សន្តិភាព ឬមិនសន្តិភាព។ ខ្ញុំកំណត់និយមន័យរបស់ខ្ញុំនៅទីនេះ គឺប្រទេសធ្លាប់តែច្បាំងហែកហួរគ្នា ទៅជាប្រទេសអត់មានចម្បាំង អាហ្នឹងគឺខ្ញុំធានាបានតែប៉ុណ្ណឹងទេ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ការបញ្ជាក់ជំហររបស់រដ្ឋាភិបាលត្រូវមួយផ្នែក អំឡុងប្រទេសកម្ពុជានៅមានសង្គ្រាមហែកហួរគ្នាដូចពីអតីតកាល។ ប៉ុន្តែលោកថា ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារិស២៣តុលា១៩៩១ កម្ពុជា បានអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលការណ៍នេះ រដ្ឋាភិបាលមានតួនាទីលើកកម្ពស់សិទ្ធិនុស្ស និងនយោបាយ ព្រមទាំងធានាយុត្តិធម៌សង្គម។
បើតាម លោក នី សុខា បច្ចុប្បន្ន ពលរដ្ឋមួយចំនួន ត្រូវបានដកហូតកម្មសិទ្ធិទាំងមិនបានផ្តល់សំណងសមរម្យតាមច្បាប់ បង្កឱ្យមានការតវ៉ាដីធ្លី ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីបម្រើផលប្រយោជន៍នយោបាយជាដើម។ លោកផ្តល់ជាយោបល់ថា ក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលមានកាតព្វកិច្ចធានាការលើកកម្ពស់សិទ្ធិនុស្ស និងយុត្តិធម៌សង្គម តបតាមរដ្ឋធម្មនុញ្ញ ទើបអាចទប់ស្កាត់ភាពផុយស្រួយនៃសន្តិភាពប្រទេសបាន។
លោកថា៖ «ការរំលោភសិទ្ធិមនុស្សហ្នឹងហើយដែលធ្វើឱ្យមនុស្សមិនមានសន្តិភាពពេញលេញ មិនមែនទាល់តែចម្បាំងរាំងជុល ទាំងតែយើងរត់លូនទេ សំខាន់តើយើងគោរពបាននូវយន្តការសិទ្ធិមនុស្សពេលលេញហើយ ឬនៅ អាហ្នឹងដែលសំខាន់»។
មាត្រា៥១ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»៕












