សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពិចារណា​ធ្វើ​វិសោធនកម្ម​ឬ​លុបចោល​បទ«ញុះញង់»

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ថ្ងៃសវនាការសំណុំរឿងលោក កឹម សុខា សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ​ឱ្យពិចារណាធ្វើវិសោធនកម្ម ឬលុបចោលបទ «ញុះញង់» នៃក្រមព្រហ្មទណ្ឌ ដោយថា មាត្រានៃច្បាប់នេះបានរារាំងនិងកម្រិតសេរីភាពអ្នកធ្វើការងារសង្គម និងពលរដ្ឋដែលហ៊ាននិយាយពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល។

ការស្នើនេះធ្វើឡើងបន្ទាប់ពីសកម្មជនបរិស្ថាន​ តំណាងសហគមន៍ដីធ្លី សកម្មជនសិទ្ធិមនុស្ស សហជីព រួមទាំងសកម្មជននយោបាយបក្សសង្គ្រោះជាតិដែលតុលាការរំលាយ ភាគច្រើនដែលត្រូវបានអាជ្ញាធរចាប់ខ្លួន ​តែងរងការ​ចោទប្រកាន់ពីតុលាការ​​ពីបទ​​ «ញុះញង់​ឱ្យប្រព្រឹត្តបទល្មើស និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលមានចែង​ក្នុង​មាត្រា​៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព មានប្រសាសន៍​ថា មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ មានគោលដៅរារាំង​និងកម្រិតសេរីភាពអ្នកធ្វើការងារសង្គមដែលហ៊ាននិយាយពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល បើទោះ​បី​ជា​កិច្ច​ការងាររបស់ពួកគាត់បានធ្វើទាំងនោះមានការធានាដោយរដ្ឋធម្មនុញ្ញ និងលិខិតតូបករណ៍ស្ដីពីសិទ្ធិមនុស្ស នយោបាយ ដែល​កម្ពុជាបានទទួលស្គាល់ក៏ដោយ។

លោកស្រីបន្តថា មាត្រាទាំងពីរនេះ​មិនគួរ​យកមកចោទប្រកាន់លើ​សហគមន៍​ដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស បរិស្ថាន រួមទាំងសកម្មជននយោបាយ ដែលមានភាពសកម្មការងារ​សង្គមនិង​ជីវភាពនយោបាយឡើយ ខណៈការចោទប្រកាន់កន្លងមកក៏មិនមានភស្តុតាងដែរ។

លោកស្រី ចក់ សុភាព បន្តថា កន្លងមក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់តស៊ូមតិជាមួយស្ថាប័ន​ពាក់ព័ន្ធ​ឱ្យពិនិត្យមើលអំពីលក្ខខណ្ឌច្បាប់នេះឡើងវិញ ដើម្បីឱ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិ ជាពិសេសការបកស្រាយផងដែរ ប៉ុន្តែមិនទទួលលទ្ធផលទេ ដោយ​សារស្ថាប័នរដ្ឋនៅតែយល់ថាច្បាប់នេះមានភាពចាំបាច់។

លោកស្រីថា៖ «ការបន្តធ្វើបែបនេះ វាជាការកម្រិតទៅដល់ការចូលរួមរបស់ប្រជាពលរដ្ឋ វាបង្កឱ្យមានភាពភ័យខ្លាច​ ចាប់ពិរុទ្ធខ្លី​របស់ពលរដ្ឋក្នុងការចូលរួម ព្រោះយូរៗទៅ ​យើងនាំគ្នាយល់[ថា]តើ​ទង្វើរបស់ខ្លួនហ្នឹងអាចត្រូវបានគេយល់ថាការជា​ញុះញង់ដែរឬទេ! អ៊ីចឹងថានឹងធ្វើឱ្យរាំងស្ទះ​​ដល់ការចូលរួមពលរដ្ឋ។ អ៊ីចឹងចុងក្រោយ ផលជះវាប្រាកដដល់សង្គមយើងទាំងមូល​ ប៉ះពាល់ដល់អភិបាលកិច្ច។ អ៊ីចឹងធាតុផ្សំសំខាន់នៃអភិបាលកិច្ចល្អ គឺការចូលរួមរបស់ប្រជាពលរដ្ឋ»។​​

លោកស្រីបន្ថែម​ថា៖ «អ៊ីចឹងបើសិនជាប្រជាពលរដ្ឋមិនអាចចូលរួមដោយសេរី និង​​មិនមានការ​លើកទឹកចិត្តឱ្យចូលរួម ផ្ទុយទៅវិញ មានការរាំងខ្ទប់ដោយសារនីតិវិធីច្បាប់​ឬការបកស្រាយច្បាប់ដោយ​បំពានពី​អាជ្ញាធរពាក់ព័ន្ធអ៊ីចឹង​ វានឹងធ្វើឱ្យប៉ះពាល់ដល់អភិបាលកិច្ច​ ដែលវានឹងប៉ះពាល់ដល់ការអភិវឌ្ឍប្រកបដោយចីរភាពហ្នឹង»។

នាយករង​អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត កត់សម្គាល់ថា បើអត្ថន័យនៃច្បាប់ល្អ ប៉ុន្តែអ្វីដែលអាក្រក់នោះ គឺការបកស្រាយច្បាប់។ លោកថា ការ​ប្រើមាត្រានៃច្បាប់មកចោទប្រកាន់​ដោយមិនសមហេតុផល ខណៈមាត្រានៃច្បាប់នេះមិនទាន់មានភាពច្បាស់លាស់។

លោក អំ សំអាត បានជំរុញ​ដល់​​រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរតែពិនិត្យមាត្រា៤៩៤ និងមាត្រា​៤៩៥ នៃក្រមព្រហ្មទណ្ឌឡើងវិញ ឬអាចធ្វើវិសោធនកម្មតែម្ដង ហើយបកស្រាយឱ្យ​ស្រប​​ទៅ​តាម​ច្បាប់ ដើម្បីបញ្ចៀសការរិះគន់។ ​

លោកថា៖ «មាត្រាហ្នឹង [៤៩៤ និង ៤៩៥] អាចនឹងរងហានិភ័យសម្រាប់ការចោទប្រកាន់លើសកម្មជនការពារសិទ្ធិ សកម្មជនបរិស្ថាន និងសកម្មជនផ្សេងៗទៀត។ អ៊ីចឹងគួរតែពិនិត្យពិចារណាមាត្រាទាំងអស់​ទៅលើការបកស្រាយកន្លងមកហ្នឹង។ វាអាចនឹងប៉ះពាល់ទៅដល់សេរីភាព​​ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ឬ​ដល់សកម្មភាពអ្នកការពារសិទ្ធិមនុស្សអត់? ឬបរិស្ថានឬអត់? និងសង្គមកម្រិតណា?​ និងបកស្រាយឱ្យបានច្បាស់លាស់ ​នឹងអាចធ្វើវិសោធនកម្ម»។

លោក អំ សំអាត សង្កេតឃើញថា មិនមែនតែអង្គការសង្គមស៊ីវិលជាតិទេ សូម្បីតែ​អង្គការអន្តរជាតិក៏ធ្លាប់ស្នើឱ្យធ្វើវិសោធនកម្ម និងលុបចោលបទចោទ «ញុះ​ញង់» នេះផងដែរ។

ក្រមព្រហ្មទណ្ឌត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១០ ដែល​មានចំនួន៦៧២​មាត្រា។ ប៉ុន្តែក្នុងចំណោមមាត្រា​ទាំងនោះ គេ​សង្កេត​ឃើញអាជ្ញា​ធរនិង​តុលាការបាន​យក​មាត្រា​ចំនួន​២ គឺមាត្រា៤៩៤ និង​៤៩៥ ពាក់ព័ន្ធនឹង​បទចោទ ​«ញុះញង់ឱ្យប្រព្រឹត្តបទល្មើស និងបទញុះ​ញង់​ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» យកមកចោទប្រកាន់​លើ​​សហគមន៍ដីធ្លី សកម្មជនការ​ពារ​សិទ្ធិមនុស្ស អ្នកការពារបរិស្ថាន រួមទាំងសកម្មជននយោបាយ​ដែលរងការចាប់ខ្លួនជារឿយ​ៗ ចាប់តាំងពីឆ្នាំ២០១៧​មកដល់បច្ចុប្បន្ន ពោលគឺក្រោយគណបក្សសង្រ្គោះជាតិត្រូវបានតុលាការ​កំពូល​រំលាយ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ប្រទេសប្រជាធិបតេយ្យមិនគួរមានច្បាប់ចោទប្រកាន់ពីបទ«ញុះញង់»ទេ ដោយសារ​យន្តការ​នេះបានលើកកម្ពស់សិទ្ធិ​បញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលកម្ពុជាបានចុះហត្ថលេខាទទួលស្គាល់។

លោកថា៖ «បទញុះញង់​ គឺជារបៀបនៃការគ្រប់គ្រងមួយបំបាត់សំឡេងប្រជាពលរដ្ឋ បំបាត់សេរីភាព សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋទេ។ ការចោទប្រកាន់នេះ ជាការលាបពណ៌ ជានយោ​បាយបែបថ្មីរបស់អ្នកកាន់អំណាច អ្នកនយោបាយ ក្នុងសង្គមប្រជាធិបតេយ្យមិនគួរមាន។ វាមិនជំរុញឱ្យប្រជាពលរដ្ឋឆ្លើយតប ទទួលបានសិទ្ធិប្រជាធិបតេយ្យ ដូចសង្គមប្រជាធិបតេយ្យពិតប្រាកដទេ»។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនធ្វើអត្ថាធិប្បាយ ដោយបង្វែរសំណួរនេះឱ្យសួរទៅរដ្ឋសភា និងក្រសួងយុត្តិធម៌។

លោកថា៖ «រឿងទី២ ដែលលើកឡើងសុំឱ្យលុបនិងធ្វើវិសោធនកម្មមាត្រានេះចោល អ៊ុំសុំមិនឆ្លើយតបអីទេ ដោយឱ្យសួរទៅក្រសួងយុត្តិធម៌ ដែលគេមានសមត្ថកិច្ចក្នុងការឆ្លើយ។ ប៉ុន្តែសង្គមដែលជាប្រជាពលរដ្ឋ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាលអាចមានច្រកទៅខាងរដ្ឋសភា ជាតំណាងរាស្ត្ររបស់ខ្លួន សុំប្រាប់ហេតុផលត្រឹមត្រូវ តើហេតុដូចម្ដេចមិនចង់ឃើញមាត្រាហ្នឹងកើតឡើង? តើវាអធម្មនុញ្ញភាពឬយ៉ាងម៉េច? ត្រូវមានការជជែកគ្នា»។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ចាត់ទុកការលើកឡើងរបស់សង្គមស៊ីវិលគ្រាន់តែជាសិទ្ធិសេរីភាពបញ្ចេញមតិមួយប៉ុណ្ណោះ ដោយមុនធ្វើច្បាប់នេះក៏មានការចូលរួមពីអង្គការសង្គមស៊ីវិលដែរ។

លោកថា៖ «បើមាននរណាចាប់អារម្មណ៍ មានខាងរដ្ឋាភិបាល ឬមានសាធារណជនចាប់អារម្មណ៍ មានផ្លូវដែលលើកសំណើនេះទៅរដ្ឋសភា រកផ្លូវណាស្នើទៅរដ្ឋសភាទៅ បើមានអ្នកណាចាប់អារម្មណ៍។ បាទៗ! បើសិនជាមានការស្នើពីរដ្ឋាភិបាល សភានឹងពិនិត្យហើយ។ ខ្ញុំចង់និយាយថា ច្បាប់នីមួយៗមានខុសពីរដ្ឋធម្មនុញ្ញ យើងអាចស្នើទៅក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយថែមទៀតផងដែរ»។

ទោះបីយ៉ាងណា បទចោទញុះញង់នេះត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងលិខិត​តូបករណ៍ស្ដីសិទ្ធិមនុស្ស នយោបាយដែលតម្កល់នៅអង្គការសហប្រជាជាតិផងដែរ។

ជាក់ស្ដែង ​រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដីស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ។ ដោយឡែក មាត្រា៤១ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។

កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៥ស្ថាប័ន​នៅ​កម្ពុជា​បាន​ចេញ​សេច​ក្ដីថ្លែងការណ៍​មួយ​​​ ដោយ​​បង្ហាញ​ការ​សោកស្ដាយ​ និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ប្រើប្រាស់​បទល្មើស​ «ញុះញង់» ដោយ​អាជ្ញាធរ​ ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និងការ​ចូលរួម​​​ដោះស្រាយ​បញ្ហា​សង្គមនានា​នៅ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ