សកម្មជន​ព្រៃឈើ​ម្នាក់​នៅ​ព្រះវិហារ​ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ឆ្លើយបំភ្លឺ​ក្រោមបទ​ញុះញង់

លោក ហែត ណៃ ជា​តំណាងបណ្ដាញ​សហគមន៍ព្រៃឈើ​ព្រៃព្រះរការ ខេត្តព្រះវិហារ។ (ផ្ដល់ឱ្យ)

តុលាការខេត្តព្រះវិហារ បានកោះហៅ​សកម្មជនព្រៃឈើម្នាក់ឱ្យចូល​បំភ្លឺពាក់ព័ន្ធ​បទញុះញង់ នៅចុងខែនេះ ក្រោយរងបណ្ដឹង ខណៈសកម្មជនរូបនោះសកម្មក្នុងការកៀរគរប្រជាពលរដ្ឋចុះល្បាតនិងទប់ស្កាត់បទល្មើសព្រៃឈើ​ក្នុង​សហគមន៍។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក ផេង កុសល បានចេញដីកាបង្គាប់ឱ្យលោក ហែត ណៃ ជា​តំណាងបណ្ដាញ​សហគមន៍ព្រៃឈើ​ព្រៃព្រះរការ ខេត្តព្រះវិហារ ចូល​ទៅ​សាលាដំបូងខេត្ត​ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈនេះ ដើម្បី​សួរ​ចម្លើយ​​ពាក់ព័ន្ធនឹង​បទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលបានរងបណ្ដឹងតាំងពីឆ្នាំ២០២០។

តំណាងបណ្ដាញសហគមន៍ព្រៃឈើព្រៃព្រះរការ លោក ហែត ណៃ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា លោកបាន​ត្រៀមខ្លួនដើម្បី​ចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការរួចហើយ បើទោះជាលោកពុំបានស្គាល់​អត្តសញ្ញាណដើមបណ្ដឹងក៏ដោយ។ ទោះយ៉ាងណា លោក​​​ថា​ លោក​​មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់​ឡើយ។

លោក ហែត ណៃ អះអាងថា ករណីរូបលោកជាប់បណ្ដឹងនៅតុលាការនេះ ក្រោយពីលោកសកម្មក្នុងការកៀរគរប្រជាពលរដ្ឋក្នុងសហគមន៍ រួមទាំងព្រះសង្ឃផង ឱ្យចុះល្បាតនិងទប់ស្កាត់បទល្មើសព្រៃឈើសហគមន៍ក្នុងដែនព្រៃព្រះរការកន្លងមក។

សកម្មជនព្រៃឈើរូបនេះបានអំពាវនាវដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់ និងកុំចាត់ការលើបណ្ដឹង​ប្រឆាំង​រូបគាត់តទៅទៀត ដោយថា អ្វីដែលគាត់ធ្វើនោះគឺ​ដើម្បីការពារព្រៃឈើតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ការចោទប្រកាន់ខ្ញុំនេះ គឺដោយសារមានអ្នកស្អប់ពួកយើង។ ស្អប់ពួកយើងខាងអ្នកការ​ពារ​ព្រៃឈើ ​ដែ​ល​យើង​បាន​រារាំង​មិន​ឱ្យគេកាប់ឈើ មិនឱ្យគេអារឈើ។ អ្នកបំផ្លាញព្រៃឈើហ្នឹង គេមានគ្នាច្រើន គេបក្ខពួកច្រើន គេបានរកវិធីណាដើម្បីបង្អាក់ឬរារាំងពួកខ្ញុំហ្នឹងចូលការពារព្រៃ និងការពារដើមឈើចំបក់ខ្លួនឯងជាដើមហ្នឹង»

សកម្មជនព្រៃឈើរូបនេះបន្ថែមថា កាលពីអំឡុងឆ្នាំ២០២០ រូបលោកតែងតែចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យយល់ដឹងពីសារៈប្រយោជន៍ព្រៃឈើ និងកៀរគរឱ្យពួកគេចូលរួមចុះល្បាតនិងទប់ស្កាត់បទល្មើសនានានៅក្នុងព្រៃព្រះរការ។ លោកថា អាជ្ញាធរពាក់ព័ន្ធនៅឃុំនិងស្រុកមិនពេញចិត្តនឹង​សកម្មភាពរបស់លោកនេះទេ ហើយ​តែងតែរារាំងមិនឱ្យពួក​គាត់ជួបប្រជុំ​ពិភាក្សា​​ការងាររឿង​​ព្រៃឈើនោះដែរ។

ជាជនជាតិដើមភាគតិចកួយ និងជាសមាជិកសហគន៍ព្រៃព្រះរការ នៅស្រុកឆែប លោក ពាន សុផាត និយាយ​ថា ការដែលតុលាការកោះហៅលោក ហែត ណៃ ឱ្យឆ្លើយបំភ្លឺនេះ ជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌។ លោកចាត់ទុកករណីនេះថា ជាការគំរាមកំហែងបំបាក់ស្មារតីមិនឱ្យប្រជាសហគមន៍ហ៊ានចេញចុះល្បាតនិងការពារព្រៃឈើទៀតតែប៉ុណ្ណោះ ខណៈបទល្មើសក្នុងព្រៃព្រះរការនៅតែបន្តកើតមាន។

លោកអះអាងថា លោក ហែត ណៃ ជាមនុស្សដែលស្រឡាញ់ព្រៃឈើនិងធនធានធម្មជាតិ ហើយរូបលោកតែងតែចូលរួមធ្វើសកម្មភាពចុះល្បាតនិងការពារព្រៃឈើជាមួយគ្នា។

លោកបន្ថែមថា៖ «វាអយុត្តិធម៌ណាស់ចំពោះការចោទប្រកាន់គាត់ហ្នឹង វាមិនសមទេ ពីព្រោះគាត់មិនបានធ្វើអីខុសទេ។ គាត់មិនបានញុះញង់អីទេ គាត់គ្រាន់តែសម្របសម្រួលឱ្យមានការចូលរួមការពារព្រៃឈើ ដើម្បី​ការពារធម្មជាតិដែលជាផលប្រយោជន៍ទាំងអស់គ្នា»

អភិបាលស្រុកឆែប លោក សុខ សាន្តតារ៉ា មានប្រសាសន៍​ថា លោក​បានស្គាល់លោក ហែត ណៃ ប៉ុន្តែលោក​មិន​បាន​ដឹង​ថា លោក ហែត ណៃ ជាប់​បណ្ដឹង ឬត្រូវតុលាការកោះហៅនោះទេ។ អភិបាលស្រុករូបនេះអះអាងថា កន្លងមក សកម្មជនព្រៃឈើរូបនេះចូលចិត្តធ្វើអ្វីមួយនៅក្នុងសហគមន៍ ដោយ​​មិនគោរពនិង​សហការជាមួយអាជ្ញាធរមូលដ្ឋានឡើយ ទាំងការចូលល្បាតព្រៃ និងការទាមទារដីសហគមន៍ពីក្រុមហ៊ុន​ចិន​នៅតំបន់ពួកគេ។

លោកបន្ថែមថា៖ «តាណៃហ្នឹង មាននិន្នាការមួយ គាត់ចាត់ទុកព្រៃព្រះរការហ្នឹងជាព្រៃរបស់គាត់​ ដោយគ្មានក្រសួងណាទទួលស្គាល់ទេ។ ដីសហគមន៍ក៏ដូចជាដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់ហ្នឹង គាត់តែងតែទាមទារថាដីគាត់។ គាត់ធ្វើការអីអត់សហការជាមួយអាជ្ញាធរភូមិឃុំស្រុកខេត្តទេ។ គាត់ដូចថាមានគំនិតផ្សេងពីយើង»។

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍​ថា ករណីលោក ហែត ណៃ ជាប់បណ្ដឹងនៅតុលាការនេះ គឺជាចេតនាគំរាមកំហែងនិងបំបាក់ស្មារតីទៅលើសកម្មជនព្រៃឈើនិងសិទ្ធិមនុស្ស។

មន្ត្រីសិទ្ធិមនុស្សរូបនេះមើលឃើញថា កន្លងមក លោក ហែត ណៃ មានភាព​សកម្មក្នុងកិច្ចការការពារព្រៃឈើ និងតស៊ូមតិដើម្បីការពារសិទ្ធិមនុស្ស ហើយ​លោកក៏ធ្លាប់​បាន​ចូលរួមតស៊ូមតិទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជនសង្គមផ្សេងៗទៀតផងដែរ។

លោកបន្ថែមថា៖ «នៅពេលសាកសួរហើយ តុលាការគួរណាពិចារណាឱ្យបានម៉ត់ចត់ថា ឥលូវគាត់ត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ អ៊ីចឹង​ទាល់តែរកឱ្យឃើញថា អ្នកណាខ្លះដែលគាត់បានទៅញុះញង់? តើបទល្មើសដែលកើតឡើងហ្នឹង តើវាស្ដែងឡើងនៅបទល្មើសណាមួយនៅ? ផ្លូវច្បាប់ វាទាល់តែមានបទល្មើស! ហើយបើសិនអត់ទាន់មានបទល្មើសផង ឱ្យគាត់ទៅញុះញង់យ៉ាង​ម៉េច»។

បើតាមលោក​ ឡោ ចាន់ ករណីលោក ហែត ណៃ ជាប់បណ្ដឹងនៅតុលាការនេះមាន​​ភាពមិនប្រក្រតី​ច្រើន ដោយ​លោកថា កាលពីសំណុំរឿង​ស្ថិតក្នុងដៃអយ្យការ គឺដីកាបាន​ចោទ​គាត់​ប្រកាន់ពីបទ​​ «ឆបោក» ប៉ុន្តែពេល​ដំណាក់​កាល​ចៅក្រម​ស៊ើប​ បែរជាប្ដូរបទចោទមក​បទ​ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ