លោក ស ខេង បារម្ភ​ពី​ប្រសិទ្ធភាព​ទប់ស្កាត់​គ្រឿងញៀន​បើ​ខ្វះ​ការ​ចូលរួម

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និង មន្ត្រី ដុតគ្រឿងញៀន(រូបពីហ្វេសប៊ុក លោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហាញការព្រួយបារម្ភថា បញ្ហាគ្រឿងញៀននៅកម្ពុជានឹងគ្មា​​​​​​​ន​ថ្ងៃ​​បិទ​បញ្ចប់​បាន​ទេ បើភាគីពាក់ព័ន្ធមិនរួមគ្នាដោះស្រាយ ក្នុងនោះ លោកបានណែនាំទៅកងកម្លាំងអនុវត្ត​ច្បាប់​​មិនត្រូវធ្វើជាខ្នងប​ង្អែកឧ​ក្រិដ្ឋជន និងការរា​រាំងការអនុវត្តច្បាប់ជាដើម។

លោក ស ខេង បានលើកឡើងលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា លទ្ធផលការងារត្រួតពិនិត្យ​​គ្រឿង​ញៀនដែល​សម្រេច​បាន​ក្នុងរយៈពេលពេញមួយឆ្នាំ២០២១ បង្ហាញថា កម្ពុជា​នៅតែ​ទទួលរងឥទ្ធិពល​អាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមាន​ប្រកបដោយហានិភ័យខ្ពស់​ដែល​បណ្ដាលមកពីគ្រឿង​ញៀន។ លោកកត់សម្គាល់ថា ស្របគ្នាទៅនឹងការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀន នៅលើពិភពលោក​បាន​កើន​ឡើង នៅក្នុងប្រទេសកម្ពុជាក៏មានការកើនឡើងដូចគ្នាដែរ។

លោកគូសបញ្ជាក់ថា ផ្អែក​តាម​លទ្ធផលនេះ បើទោះបី​ការបង្ក្រាប​គ្រឿងញៀនមាន​ការ​ថយ​ចុះ ប៉ុន្តែករណី​បង្ក្រាប​បទ​ល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោនត្រូវ​បានរឹប​អូស រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុត​ធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅ​រាជធានីភ្នំពេញ និងបណ្ដាខេត្ត ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម។

លោក ស ខេង បង្ហាញក្ដីបារម្ភថា៖ «បញ្ហាកូវីដ-១៩ ថ្វីត្បិតថាពេលនេះមិនទាន់មានការថមថយ ប៉ុន្តែវា​ទំនងជាអាចដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយមិនខាន​ឡើយ។ ប៉ុន្តែ​បញ្ហាគ្រឿ​ង​ញៀន​នេះ វា​នឹង​មិន​ងា​យ​រក​ទី​បញ្ចប់​ឃើញ​នោះ​ទេ ដោយសារក្រុមឧក្រិដ្ឋជននៅតែបន្តរិះរកវិធី​សាស្ត្រថ្មីៗ ដើម្បី​ផលិតនិង​ចែ​ក​ចាយ»។

បញ្ហានេះ លោក​បន្ត​ក្រើន​រម្លឹកដល់​កងកម្លាំងអនុវត្តច្បាប់កុំធ្វើខ្នងបង្អែក និង​កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋ​ជន​គ្រឿង​ញៀន ទោះបីជាអ្នកនោះ​ជា​ក្រុមគ្រួសារឬសាច់ញាតិរបស់ខ្លួន​ក៏ដោយ។ មួយវិញទៀត លោកថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ស្វែងរក​មុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។

បើតាម​​លោក ស ខេង ពេញមួយឆ្នាំ២០២១ ក្រៅពីការ​រឹបអូសគ្រឿងញៀន សមត្ថកិច្ចក៏​បានឃាត់ខ្លួនជនស​ង្ស័យ​សរុប១៣ ៩៧៩​នាក់ ក្នុងនោះមានករណី​​ជួញ​ដូរនិងរក្សាទុកចំនួន៨ ៦៧២នាក់ អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៥ ២៦៤​នាក់ ដាំដុះចំនួន៩​នាក់ និង​កែច្នៃចំនួន៣៤នាក់។

អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ លោក​ មាស​ វីរិទ្ធ អះអាងថា ស្ថាប័នជំនាញនេះនឹង​ពិនិត្យឡើងវិញទៅលើគោលការណ៍ចាស់ និង​ធ្វើបច្ចុប្បន្នភាព បន្តទប់ស្កាត់ការគំរាមកំហែ​ងពីបញ្ហាគ្រឿង​ញៀន​នេះ។

លោកថា៖ «សារនយោបាយរបស់ថ្នាក់ដឹកនាំ សមត្ថកិច្ចដែលពាក់ព័ន្ធមានតួនាទីអនុវត្តទៅតាមសារនយោ​បាយស្របទៅតាមច្បាប់ ដើម្បីបង្កើនទំនុកចិត្ត និងតម្លាភាព »។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញថា សាររបស់មេដឹកនាំក្រសួងមហាផ្ទៃនេះ​អាចឆ្លុះបញ្ចាំងថា ការបង្ក្រាបគ្រឿងញៀននៅកម្ពុជាស្ថិតក្នុងភាពស្មុគស្មាញ ដែលក្រសួងនេះមិនទាន់​អាចវះកាត់​បាន។ តែយ៉ាងណា លោកកត់សម្គាល់ថា ប្រទេសមួយចំនួននៅលើពិភពលោកដែលមានអំពើពុករលួយខ្ពស់ បាន​បរាជ័យក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន។

លោកថា៖ «អំពើពុករលួយនោះ ត្រូវបានឧក្រិដ្ឋជនគ្រឿងញៀន​យកធ្វើជាមធ្យោបាយ​ប្រតិបត្តិការធ្វើអាជីវ​​កម្មគ្រឿង​ញៀន​ហ្នឹង។ អ៊ីចឹង​ស្មុគ​ស្មាញ​ណាស់! អ៊ីចឹង​ទាល់តែយើងអនុវត្តច្បាប់​ឱ្យត្រឹមត្រូវ ហើយលុបបំបាត់​អំពើពុករលួយ ទើបយើងអាចបញ្ហាទាំងនោះបាន»។

បើតាមលោក ប៉ិច ពិសី អំពើពុករលួយនិងបញ្ហាគ្រឿង​ញៀនជាឧបសគ្គ​ចម្បងរារាំងដល់ការអភិវឌ្ឍប្រទេស និងបង្កហានិភ័យដល់សង្គម ដែលការណ៍នេះ លោកថា រដ្ឋាភិបាលចាំបាច់ត្រូវ​​វះកាត់មន្ត្រី​ពុករលួយនិងអ្នកពាក់ព័ន្ធ ដើម្បីធានាភាពសុខសាន្តរបស់ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ