តុលាការ​ចាក់​វីដេអូ​ដែល​មេធាវី​លោក កឹម សុខា ដាក់​ជា​ភស្ដុតាង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​កូនក្ដី

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចាក់បង្ហាញវីដេអូ៦ឃ្លីបដែលមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានដាក់ជាភស្តុតាងបញ្ជាក់ពីភាពស្អាតស្អំកូនក្ដីថា រាល់ការផ្លាស់ប្ដូរមេដឹកនាំ គឺតាមរយៈការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា មិនមែនជាការផ្លាស់ប្ដូរតាមការផ្ដួលរំលំ ឬបង្កហិង្សា និងធ្វើបដិវត្តន៍ពណ៌ឡើយ។

ក្នុងសវនាការនៅថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានឱ្យចាក់វីដេអូចំនួន៦ក្នុងចំណោម២៨ ដែលក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានដាក់កាលពីឆ្នាំ២០២០។

វីដេអូទាំង៦ឃ្លីបដែលចាក់បង្ហាញនោះជាសកម្មភាពដែលបានធ្វើឡើងអំឡុងខែកក្កដា ឆ្នាំ២០១២ ដែលមិនទាន់ចូលគ្នាជាមួយ​គណបក្សភ្លើងទៀន ហើយជាវីដេអូក្នុងវេទិកាសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តតាកែវ កាលពីឆ្នាំ២០១៣ និងនៅខេត្តកំពតកាលពីខែកក្កដា ឆ្នាំ២០១៣។

បន្ថែមពីនេះ ជាវីដេអូនៃការថ្លែងរបស់លោក ប៉ុល ហំម នៅអំឡុងពេលធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ឆ្នាំ២០១៣ ខណៈកាថ្លែងការណ៍របស់លោក កឹម សុខា អំឡុងពេលកម្មករតវ៉ាទាមទារប្រាក់ឈ្នួលនៅរង្វង់មូលស្ពានគីហ្សូណា កាលពីឆ្នាំ២០១៣ និងវីដេអូទី​៦ នៅខែសីហា ឆ្នាំ២០១៧ ដែលលោក កឹម សុខា បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះដើម្បីបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខនេះ។

បើតាមវីដេអូឃ្លីបទាំង៦នោះ លោក កឹម សុខា បាននិយាយថា ទោះបីជាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ក៏មិនមានការសងសឹកទៅគណបក្សដែលចាញ់ឆ្នោតនោះដែរ។ មួយវិញទៀត បើគណបក្សសង្គ្រោះជាតិឈ្នះ ត្រូវកសាងប្រទេសជាតិរួមគ្នា ទាំងអ្នកឈ្នះ និងអ្នកចាញ់។ លើសពីនេះ លោកថា បើគណបក្សសង្គ្រោះជាតិឈ្នះ គណបក្សកាន់អំណាចក៏ឈ្នះ និងគណបក្សហ្វ៊ុនស៊ិនប៉ិចក៏ឈ្នះ ដោយមិនយកខ្មែរណាជាសត្រូវទេ ដោយឈ្នះទាំងអស់គ្នា។ ចំពោះការផ្លាស់ប្ដូរមេដឹកនាំ ធ្វើតាមរយៈការបោះឆ្នោត មិនមែនតាមការផ្ដួលរំលំរដ្ឋាភិបាលដោយអំពើហិង្សាដោយខុសច្បាប់ណាមួយឡើយ។

ក្រៅពីការចាក់ពីវីដេអូនោះ មេធាវីការពារក្ដីលោក កឹម សុខា គឺលោកស្រី ម៉េង សុភារី បានឡើងបញ្ជាក់អំពីខ្លឹមសារនិងគោលបំណងកូនក្ដីធ្វើការផ្លាស់មេដឹកនាំតាមរយៈការបោះឆ្នោតដោយអហិង្សា មិនសងសឹក និងមិនយកខ្មែរណាជាសត្រូវ ជាដើម។

លោកស្រីថា គ្រប់សាររបស់កូនក្ដីខ្លួនមិនមានគោលបំណងចង់ផ្លាស់ប្ដូរមេដឹកនាំដោយការផ្ដួលរំលំ ការប្រើប្រាស់ហិង្សា និងធ្វើបដិវត្តន៍ពណ៌ណាមួយដូចការចោទប្រកាន់ឡើយ។  

លោកថា៖ «កូនក្ដីនាងខ្ញុំមិនដែលចង់ឱ្យប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌ ផ្ដួលរំលំ និងប្រើហិង្សាទេ។ បើកូនក្ដីខ្ញុំចង់ធ្វើបដិវត្តន៍ពណ៌ មិនចាំបាច់ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតទេ»។

អំឡុងពេលសវនាការក៏មានការប៉ះទង្គិចគ្នានូវពាក្យសម្ដីរវាងមេធាវីការពារក្ដីលោក កឹម សុខា ជាមួយតំណាងអយ្យការ ពាក់ព័ន្ធនឹងការចូលហួសនីតិវិធីនៃការដាក់បង្ហាញភស្តុតាង និងការចោទប្រកាន់គ្នាទៅវិញមក ខណៈលោក កឹម សុខា ក៏បានប្រតិកម្មនឹងពាក្យពេចន៍តំណាងអយ្យការ​ លោក ប្លង់ សុផល ផងដែរ។ 

តំណាងអយ្យការ លោក ប្លង់ សុផល បានចោទប្រកាន់លោក កឹម សុខា ថាបានដឹកនាំបាតុកម្មនៅរង្វង់មូលស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម ដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សេដ្ឋកិច្ចថែមទៀតផង។

ប៉ុន្តែការចោទប្រកាន់នេះត្រូវបានមេធាវីការពារក្ដី លោកស្រី ម៉េង សុភារី ឡើងជំទាស់ ដោយថា កូនក្ដីលោកស្រីមិនបានដឹកនាំបាតុកម្មនោះទេ ហើយក៏មិនបានបង្កការកកស្ទះចរាចរណ៍ប៉ះពាល់សេដ្ឋកិច្ចដែរ។

លោកស្រីបន្តថា ត្បិតកូនក្ដីទៅចូលរួមអំឡុងពេលបាតុកម្មនោះក៏ពិតមែន ប៉ុន្តែទៅក្នុងនាមជាតំណាងរាស្ត្រ ដើម្បីស្ដាប់កង្វល់និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ រួចយកកង្វល់ទាំងនោះមកដោះស្រាយ។

លោកថា៖ «វត្តមាននោះ គឺការទៅចូលរួមស្ដាប់កង្វល់ មិនមែនដឹកនាំទេ។ ក្នុងនាមជាតំណាងស្ដាប់កង្វល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាកនិងជួបបញ្ហា មិនមែនអង្គុយក្នុងម៉ាស៊ីនត្រជាក់ទេ។ គាត់ស្ដាប់ ដើម្បីយកមកដោះស្រាយ ហើយមិនមានការបិទផ្លូវទេ។ ការធ្វើដំណើរធម្មតា ផ្ទុយពីវីដេអូតំណាងអយ្យការថាបិទផ្លូវ។ ការធ្វើបាតុកម្មបិទផ្លូវប៉ះពាល់សេដ្ឋកិច្ច តើមានរបាយការណ៍ទេ? តំណាងអយ្យការលើកឡើងដាក់បន្ទុកមកកូនក្ដីខ្ញុំ»។

អង្គុយក្នុងរង្វង់ក្រចកសេះ លោក កឹម សុខា ដែលជាជនជាប់ចោទ ក៏បានឡើងបញ្ជាក់ចំពោះខ្លឹមសារនៅក្នុងវីដេអូឃ្លីបមួយចំនួនដែរ ក្រោយពីតំណាងអយ្យការ លោក ប្លង់ សុផល បានចោទថា លោកជាអ្នកដឹកនាំធ្វើបាតុកម្មនៅរង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ដោយ​ចាត់ទុកការចោទប្រកាន់របស់តំណាងអយ្យការថាប៉ះពាល់ដល់រូបលោក។

លោក កឹម សុខា ក៏បានបញ្ជាក់ទៅតំណាងអយ្យការទៀតថា ពាក្យដឹកនាំនិងពាក្យចូលរួមខុសគ្នា នៅក្នុងប្រទេសប្រជាធិបតេយ្យ តំណាងរាស្ត្រចូលរួមស្ដាប់ការទាមទារនិងកង្វល់របស់បាតុករ។ ​  

លោក កឹម សុខា៖ «មកចោទប្រកាន់ខ្ញុំថាដឹកនាំ ខ្ញុំមិនចង់បកស្រាយដែរ។ ខ្ញុំមកទីនេះ ព្រោះខ្ញុំដឹងថា ខ្ញុំមិនខុស ប៉ុន្តែកុំប្រើពាក្យលើស។ ខ្ញុំអត់បានដឹកនាំ ប៉ុន្តែមិនមែនខ្ញុំមិនបានចូលរួមទេ។ តួនាទីជាអ្នកតំណាងរាស្ត្រត្រូវបង្ហាញឆន្ទៈខ្លួនឯងថា ត្រូវដោះស្រាយ និងគិតម៉េច»។

​សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ចាត់ទុកសវនាការលើសំណុំរឿងលោក កឹម សុខា នេះថា គ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ។ បើសិនជាដំណើការសវនាការនេះយូរ ក្រោយការបោះឆ្នោត ដល់ឆ្នាំ២០២៤មែន កម្ពុជានឹងរងសម្ពាធពីសហគមន៍អន្តរជាតិបន្ថែមទៀត ដោយសារបង្ហាញថា សិទ្ធិសេរីភាពកាន់តែរួមតូចនៅកម្ពុជា។

លោកថា៖ «គ្រាន់តែជានីតិវិធី ប៉ុន្តែយន្តការឱ្យសម្រេច ប្រហែលមិនទាន់ដល់ដំណាក់កាលនេះ​ លុះត្រាតែមានដំណើរការចរចានយោបាយរវាងគណបក្សកាន់អំណាចជាមួយសហគមន៍អន្តរជាតិ មិនមែនជាមួយគណបក្សប្រឆាំងទេ មែនជាមួយអ្នកនយោបាយគណបក្សប្រឆាំងទេ ព្រោះក្នុងបរិបទនេះ តម្លៃនយោបាយគណបក្សប្រឆាំងធ្លាក់ចុះមិនអាចទៅចរចាជាមួយគណបក្សកាន់អំណាចទេ។ ទាល់តែមានចរន្តគាំពារពីសហគមន៍អន្តរជាតិ ទើបដំណើរការ​កាត់ក្ដី អាចដំណើរទៅបាន បាទ»។

នៅក្នុងបន្ទប់សវនាការករណីប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា លើកទី២៩នេះដែរ គេសង្កេតឃើញមានអង្គការ​មិន​មែន​រដ្ឋាភិ​បាល និងតំណាងអង្គទូតមក​​ពីបណ្ដាប្រ​ទេស​​លោកសេរីមួយចំនួនបានចូលស្ដាប់និងអង្កេត ដូចជា ​​តំណាងសហរដ្ឋ​​អាមេ​រិក អាល្លឺម៉ង់ សហ​​ភា​​ព​​​​​​​អឺរ៉ុប និងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាដើម។

បន្ទាប់សវនាការបង្ហាញភស្តុតាងពេញមួយព្រឹក​ថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ សម្រេចលើកពេលបន្តសវនាការ​ក្នុងរឿងក្ដីព្រហ្ម​​ទណ្ឌមួយ​​​នេះទៅធ្វើនៅព្រឹកថ្ងៃទី​៩ ខែកុម្ភៈ​ បន្ត​ទៀត៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ