តុលាការ​ដាក់​ឱ្យ​អ្នក​ភូមិ​ឡពាង​២​នាក់​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ ខណៈ​​​​ពលរដ្ឋ​ម្នាក់​​ទៀត​​ឃុំ​ខ្លួន​ពាក់ព័ន្ធជម្លោះ​ដីធ្លី

អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង លើកបង្ហាញដីកាតុលាការពាក់ព័ន្ធវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង (រូបពីហ្វេសប៊ុក សហគមន៍ ឡពាង)

សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឱ្យអ្នកភូមិឡពាង ២នាក់ នៅក្រៅឃុំ ប៉ុន្តែស្ថិតក្រោមការតាមដានតាមផ្លូវតុលាការដោយមិនកំណត់ពេលវេលាឡើយ ខណៈពលរដ្ឋម្នាក់ទៀតតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធរឿងជម្លោះដីធ្លីមួយកន្លែង។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ អ្នកភូមិឡពាង២នាក់មានអ្នកស្រី អ៊ុំ សុភី ជាតំណាងពលរដ្ឋ លោក ស្ងួន ញឿនត្រូវជាស្វាមី និងអ្នកស្រី​ ទួន សេង ត្រូនបានសមត្ថកិច្ចស្រុកជល់គិរីចាប់ខ្លួន និងបញ្ជូនទៅតុលាការពាក់ព័ន្ធជម្លោះដីធ្លីមួយកន្លែង​ស្ថិតនៅឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។

មេធាវីការពារក្តីឱ្យពលរដ្ឋទាំង៣នាក់ គឺលោក ជួង ជូងឺ ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា តំណាងពលរដ្ឋភូមិឡពាងអ្នកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿន ត្រូវបានចៅក្រុមស៊ើបសួរសម្រេចដោះលែងវិញ ប៉ុន្តែដាក់ឱ្យស្ថិតក្រោមតាមដានតាមផ្លូវតុលាការដោយមិនកំណត់ពេលឡើយ ក្រោយសមត្ថកិច្ចឃុំខ្លួនរយៈពេល ៣យប់។

មេធាវីរូបនេះបន្តថា អ្នកស្រី អ៊ុំ សុភី និងស្វាមី ត្រូវបានតុលាការចោទប្រកាន់ពីបទ«សមគំនិតធ្វើឱ្យខូចខាតដោយចេតនា» ស្របពេលអ្នកស្រី ទួន សេង ចោទពីបទ«ធ្វើឱ្យខូចខាតដោយចេតនា»។

លោកមេធាវី ជួង ជូងី បានចាត់ទុកការដាក់ឱ្យកូនក្តីរបស់លោកស្ថិតក្រោមការតាមដាន និងការចោទប្រកាន់ទាំងនេះ​ជារឿងមិនត្រឹមត្រូវឡើយ ដោយថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ។ លោកបន្ថែមថា ​កូនក្តីរបស់លោកគួរតែត្រូវបានរួចផុតពីការចោទប្រកាន់ទាំងស្រុង។

លោកបន្ថែមថា«ពីព្រោះដើមបណ្តឹងក្តីសាក្សីក្តី ពេលដែលនៅសមត្ថកិច្ចអត់មានពាក់ព័ន្ធទៅនឹងអ៊ុំ សុភី ទៅនឹងស្ងួន ញឿន ទាល់តែសោះ ប៉ុន្តែសមត្ថកិច្ចបែរជាចាប់ខ្លួនពួកគាត់បញ្ជូនទៅតុលាការ ហើយដេកនៅកន្លែងសមត្ថកិច្ចអស់ ៣យប់ទៀត។ ហើយមកដល់តុលាការបែរជាតំណាងអយ្យការចោទប្រកាន់ហើយសុំឱ្យឃុំខ្លួន ប៉ុន្តែចៅក្រមស៊ើបគាត់មើលឃើញថា ២នាក់នោះអត់មានជាប់ពាក់ព័ន្ធ ប៉ុន្តែគាត់អត់លើកលែងចោទប្រកាន់បែរជាគាត់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតទៀត»។

លោកមេធាវី ជួង ជូងី បន្ថែមថា រឿងក្តីនេះជារឿងរដ្ឋប្បវេណីពាក់ព័ន្ធការដណ្តើមដីធ្លីគ្នារវាងអ្នកស្រី ទួន សេង និងភាគីម្ខាងទៀត ដោយមិនជាប់ពាក់ជាមួយអ្នកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿន ឡើយ។

លោកបន្ថែមថា«​ អាហ្នឹងបញ្ជាក់ថា មានភាពមិនប្រក្រដីរបស់មន្ត្រីអនុវត្តច្បាប់ដែលគាត់ធ្វើអញ្ចឹងហើយ គាត់អត់មានការទទួលខុសត្រូវ។ ហើយចៅហ្វាយនាយឬប្រធានស្ថានប័នរបស់គាត់អត់មានមើលកូនចៅរបស់ខ្លួនធ្វើការទេ។ ចេះតែពួយតែម្តង។ ចាប់ប្រជាពលរដ្ឋទាំងបំពាន គេអត់មានខុសអីផង ហើយក៏ដាក់ឱ្យមានការទទួលខុសត្រូវទៀត។ នេះហើយជាការអនុវត្តច្បាប់នៅស្រុកយើងបច្ចុប្បន្ន»។

ពលរដ្ឋនៅភូមិឡពាង លោក ស្ងួន ញឿន និយាយថា ករណីសមត្ថកិច្ចចាប់ខ្លួនលោក និងតំណាងសហគមន៍ឡពាងអ្នកស្រី អ៊ុំ សុភី ជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងគុំគួនពួកគាត់តែប៉ុណ្ណោះ ដោយ​រូបលោក និងភរិយាមិនបានធ្វើអ្វីខុសច្បាប់ឡើយ។ លោកថា រូបលោក និងប្រពន្ធគ្រាន់តែទៅថត​សកម្មភាពអ្នកភូមិមានជម្លោះដីធ្លី និងទីតាំងដីទំនាស់តែប៉ុណ្ណោះ។

អ្នកភូមិឡពាងរូបនេះបន្តថា សមត្ថកិច្ចនៅស្រុកជល់គិរីបាន​គំរាមកំហែង និងបានបង្ខិតបង្ខំឱ្យរូបលោកនិងភរិយាផ្តិតមេដៃទទួលកំហុសទាំងមិនបានប្រព្រឹត្តទៀតផង។

លោកបន្ថែមថា«ពេលដែលខ្ញុំមិនផ្តិតមេដៃលើកំណត់ហេតុដែលសសេរដោយសមត្ថកិច្ចនោះ ប៉ូលិសមួយនោះស្ទុះមកវៃខ្ញុំ គាត់និយាយថា អាហែងអត់ព្រមផ្តិតមេដៃ អាហែងចង់ម៉ិច។ អាហែងចង់មើលងាយសមត្ថកិច្ច។ ខ្ញុំថា ខ្ញុំអត់មើលងាយបងទេ តែបងសសេរសំណុំរឿងមិនត្រឹមត្រូវ ព្រោះបងមិនបានអានសំណុំរឿងនោះឱ្យខ្ញុំស្តាប់ផង។ គាត់ថា ខ្ញុំជាអ្នករួមគំនិត បើខ្ញុំអត់មានរួមគំនិតផងឱ្យខ្ញុំផ្តិតមេដៃយ៉ាងម៉ិច»។

អធិការនគរបាលស្រុកជល់គិរីលោក ហ៊ឹម យុង ប្រាប់វីអូឌីថា សមត្ថកិច្ចពិត​ជាចាប់ខ្លួនប្រជាពលរដ្ឋទាំង៣នាក់មែន ប៉ុន្តែមិនមែនដោយសាររឿងថតសកម្មភាពពលរដ្ឋឈ្លោះគ្នាផ្សាយនៅលើបណ្តាញសង្គមនោះទេ គឺពាក់ព័ន្ធរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គារ បានចាត់ទុកការចាប់ខ្លួនតំណាងសហគមន៍ឡពាង និងអ្នកមានជម្លោះដីធ្លីនោះថា ជាការគំរាមកំហែង និងជាការរំលោភលើសិទ្ធិសេរីភាពប្រជាពលរដ្ឋ ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ